នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឡើងអានរបាយការណ៍ក្នុងឱកាសសន្និបាតបូកសរុបការងារប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤” និងទិសដៅប្រឡងប្រណាំង “រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អឆ្នាំ២០១៥-២០១៦” និងការប្រគល់រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ព្រមជាមួយពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៥នេះ។
នៅក្នុងរបាយការណ៍របស់ឯកឧត្តម ថោង ខុន បានឱ្យដឹងថា អង្គសន្និបាតបានធ្វើការពិភាក្សាលើប្រធាន បទមួយចំនួនដែលពាក់ព័ន្ធនឹងចំណុចគន្លឹះសំខាន់ៗដូចជា៖ ទី១. ស្តង់ដារង្វាន់សម្តេចតេជោនាយករដ្ឋ មន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ និងយន្តការទ្រទ្រង់ ទី២. ការងារគ្រប់គ្រងរមណីយដ្ឋាន ទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទី៣. ការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ទី៤. ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ ទី៥. យន្តកាទ្រទ្រង់ចលនាប្រឡងប្រណាំង រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ។
ក្រោយពី បានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរួចមក អង្គសន្និបាតក៏បានសម្រេចជា លទ្ធផលមួយចំនួនដូចតទៅ៖
ទី១. ឈរលើទស្សនទាន អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស អង្គសន្និបាតបានទទួលស្គាល់កាល្លានុវត្តភាពថ្មីៗដែល កម្ពុជាអាចចាប់យកក្នុងបរិបទនៃយុគសម័យបៃតង និងបានឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនានា ដែលកើតឡើងពីវិស័យទេសចរណ៍ដូចជាការប្រើប្រាស់ថាមពល ទឹក សំណល់ ជាដើម ។ល។ ទន្ទឹមនឹងនេះ អង្គសន្និបាតបានគាំទ្រទស្សនទាន និងយុទ្ធសាស្រ្តអភិវ ឌ្ឍកម្ពុជា កម្ពុជាស្អាត កម្ពុជាបៃតង ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ ក្តៅដល់ភ្ញៀវទេសចរ
ទី២. អង្គសន្និបាតបានគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំឱ្យមានការផ្តល់ នូវរង្វាន់ពិសេសជូនប្រតិបត្តិករទេសរចណ៍ ដែលមានស្នាដៃឆ្នើមតាមរយៈការចូលរួមប្រឡងប្រណាំង រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ជាលើកទី១ និងជាប្រវត្តិសាស្រ្តសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា
ទី៣. អំពីការគ្រប់គ្រងរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ដោយអង្គសន្និបាតបានគាំទ្រឱ្យរាល់គម្រោងវិនិយោគរមណីយដ្ឋានជាគម្រោងដែល គិតគូរ ខ្ពស់ចំពោះបរិស្ថាន-សង្គម និងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងស្នើឱ្យរាល់គម្រោងវិនិយោគ ទេសចរណ៍តំបន់ពិសេស តំបន់អភិរក្ស ឬការពារ
ទី៤. អំពីការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ អង្គ សន្និបាតសម្រេចរៀបចំប្រព័ន្ធចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធអនឡាញដែលជាការចូលរួម ដ៏មានសារៈសំខាន់ក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយ ក្រសួងនឹងរៀបចំឱ្យមានស្តង់ដាគុណភាពសេវាកម្មទេសចរណ៍របស់កម្ពុជា ស្របតាមស្តង់ដាអាស៊ាន ដោយឈរលើទស្សនទាន សេវាមួយ ស្តង់ដាមួយ
ទី៥. ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ អង្គសន្និបាតបានប្រមូលផ្តុំយកចិត្តទុកដាក់ដល់ការពិភាក្សា អំពីការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេស ចរណ៍ទាំងផ្នែកសាធារណៈ និងឯកជន។ អង្គសន្និបាត ក៏បានឯកភាពគ្នាដែរថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ ត្រូវការចំណាយខ្ពស់ដែលចាំបាច់ឱ្យមានសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ ទើបអាចបង្កលក្ខណៈឱ្យសិស្សដែលមានកម្រិតជីវភាពទាប និងមធ្យម អាចចូលរៀនបានក្នុងថ្លៃសិក្សាមួយ សមរម្យព្រោះថាឆ្នាំ២០២០ កំណើនទេសចរនឹងកើនឡើងដល់ ៧លាន៥សែននាក់ ដែលត្រូវការចាំបាច់ អ្នកជំនាញវិជ្ជាជីវៈ ទេសចរណ៍ដើម្បីបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ដល់ចំនួនជិត១លាននាក់
ទី៦. ការងារបដិសណ្ឋារកិច្ច អង្គសន្និបាតបានជម្រុញឱ្យមានចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ នៅគ្រប់មូលដ្ឋានអាជីវកម្ម និងគ្រប់ស្ថាប័នពាក់ព័ន្ធ និងសំណូមពរឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធកំលាំង សមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះប្រតិបត្តិ ករទេសចរណ៍រួមទាំងភ្នាក់ងារ និយោជិត និង អ្នកជាប់កិច្ចសន្យាទាំងអស់ដែលធ្វើឱ្យទេសចរ ឬអតិថិជនបាត់បង់ទំនុកចិត្តដូចជាការលក់វត្ថុអនុស្សាវរីយ៍ គ្រឿងអល្លង្កកាក្លែងក្លាយ និងការតម្លើងថ្លៃសេវាហួសហេតុពេកជាដើម
ទី៧. អំពីការពង្រឹងយន្តការទ្រទ្រង់ អង្គសន្និបាតយល់ឃើញថា ដើម្បីធានាការអនុវត្តចលនាប្រឡងប្រណាំង រមណីយដ្ឋានស្អាត សេវា ល្អ បដិសណ្ឋារកិច្ចល្អ ឱ្យបានទទួលជោគជ័យលុះត្រាតែមានការយកចិត្តទុកដាក់ថែមទៀតក្នុងការពង្រឹង អភិបាលកិច្ចល្អក្នុងវិស័យទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋ- ឯកជន ការចូលរួមរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងរៀបចំយន្តការសមស្របក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍
ទី៨. អង្គសន្និបាតបានគាំទ្រ និងអបអរសាទរចំពោះជ័យលាភីក្នុងចលនាប្រឡងប្រណាំង រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ទាំង៣០ មូលដ្ឋាន ដែលទទួលរង្វាន់ពិសេស ពីសម្តេចតេជោនាយករដ្ឋមន្រ្តីរួមមាន រមណីយដ្ឋាន០៣ សហគមន៍ទេសចរណ៍០៣ សណ្ឋាគារចំនួន១៥ ភោជនីយដ្ឋានចំនួន០១ កីឡាទេចរណ៍វាយកូនហ្គោលចំនួន០៥ ទីភ្នាក់ងារទេសចរណ៍ចំនួន០១ ផ្សារទំនើបចំនួន០១ សហគ្រាសធុនតូច-មធ្យមផលិតវត្ថុអនុស្សាវរីយ៍ចំនួន០១ និងជ័យលាភីទទួលរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ពីក្រសួងទេសចរណ៍មានចំនួន១៩មូលដ្ឋាន ក្នុងនោះរួមមាន៖ រមណីយ ដ្ឋានទេសចរណ៍ចំនួន០៣ សហគមន៍ទេសចរណ៍ចំនួន០៥ សណ្ឋាគារចំនួន០៥ ភោជនីយដ្ឋានចំនួន០៣ ទីភ្នាក់ងារទេសចរណ៍ចំនួន០១ និងសាលាទេសចរណ៍ចំនួន០២។
ជារួម អង្គសន្និបាតទាំងមូលសូមសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតី កំលាំងកាយចិត្ត មិនខ្លាចនឿយ ហត់ប្រកបដោយឆន្ទៈនយោបាយមោះមុត ដើម្បីបុព្វហេតុប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ដោយបាននាំមកនូវការបញ្ចប់សង្រ្គាម ការឯកភាពជាតិ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពជូនប្រទេសជាតិ និងប្រជាជន ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយបានធ្វើឱ្យ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនកក់ក្តៅ និងទុកចិត្តក្នុងការមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែ ច្រើន។
No comments:
Post a Comment