Wednesday, September 23, 2015

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អនុញ្ញាត​ឲ្យ​លោក​ស្រី រូណា ស្ម៊ីត អ្នក​រាយ​ការណ៍ ពិសេស​អង្គការ សហ​ប្រជា​ជាតិ ចូល​ជួប សំដែង​ការគួរ​សម

នៅព្រឹកថ្ងៃទី ​២៣ ខែកញ្ញា​ ឆ្នាំ២០១៥ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ បានអនុញ្ញាតឲ្យ​លោកស្រី ​រូណា ស្ម៊ីត ​ដែលត្រូវបាន​តែងតាំងជា​អ្នករាយការណ៍​ពិសេសថ្មី ​ពីស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​របស់​​អង្គការសហ​ប្រជាជាតិ ​ចូលពិភាក្សា ​និងសំដែង​ការគួរសម​។
ការចូល​ជួបឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន​ គឺ ​លោកស្រី ​រូណា ស្ម៊ីត ​មានគោល​បំណង២ ​ទីមួយ ​គឺដើម្បីណែនាំខ្លួន​ទៅកាន់សមាជិក​រាជរដ្ឋាភិបាល ​ស្ថាប័ន ​និងអង្គការ​សង្គមស៊ីវិល ​មួយចំនួនដែល​ លោកស្រី​ ត្រូវតែធ្វើការ ​ដើម្បីប្រមូល ​ព័ត៌មាន ​ពិតនៃកម្ពុជា​មុននឹង ​មុនពេល ដែលលោកស្រី​ ត្រូវរាយការណ៍ ​ទៅទីស្នាក់ការធំ ​ របស់អង្គការ សហប្រជាជាតិ ​ ទទួលបន្ទុក​ ផ្នែកសិទ្ធិមនុស្ស ​ យ៉េណូវ៉ា ​ នៅសប្តាហ៍​ ក្រោយ ​។​  គោល បំណងទី២ ​ លោកស្រី​ មកចង់សុំ ​ស្តាប់មតិ​ យោបល់ ​ពីឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី​ បណ្ឌិត សភាចារ្យ​ សុខ  អាន  ​អំពីដំណើរការ​នៃការបង្កើត​ច្បាប់នៅ​ប្រទេសកម្ពុជា។

ឆ្លើយតបនឹង ​ លោកស្រី ​រូណា ​ស្ម៊ីត​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន​ បានមាន​ប្រសាសន៍ថា​ រាជរដ្ឋា​ភិបាលកម្ពុជាបាន​នឹងកំពុងធ្វើការ​ទៅលើ​កំណែទម្រង់​គ្រប់​ វិស័យទាំងអស់ដើម្បីផល​ប្រយោជន៍ប្រជាជន​ នឹងប្រទេសកម្ពុជា​ ហើយក៏ស្រប​ទៅតាមនីតិ​វិធីនៃការ​គោរពសិទ្ធិមនុស្សផងដែរ។​ ដោយឡែក​អំពីនីតិ​វិធីក្នុង​ការធ្វើច្បាប់​នៅកម្ពុជាឯកឧត្តមបណ្ឌិតសភាចារ្យ ​សុខ អាន ​បានបញ្ជាក់ថា​ ជាទូទៅក្រសួងសាមី​ជាអ្នកធ្វើ​ពង្រាងច្បាប់ ​ហើយត្រូវឆ្លង​កាត់មក​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​ដែលមាន២ក្រុម ​ធ្វើការពិនិត្យទៅ​លើពង្រាងច្បាប់នីមួយៗ ថាតើវា​មានការប៉ះ​ពាល់​យ៉ាងណាខ្លះទៅ​លើការងារ​សង្គម។

ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​បានបន្តថា​ ក្នុងក្រុមទាំង២​ ដែលមានក្រុម​ប្រឹក្សាអ្នកច្បាប់ ​និងក្រុមប្រឹក្សា​សម្រាប់ទទួល​បន្ទុកផ្នែក​សេដ្ឋកិច្ច ​វប្បធម៌ ​និងសង្គម​ នឹងធ្វើការពិភាក្សាលក្ខណៈ​បច្ចេកទេសទៅ​លើច្បាប់នោះ ​បន្ទាប់មកឆ្លង​ទៅអន្តរក្រសួង​ ហើយ​ក្រោយពីមានការ​ប្រជុំអន្តរក្រសួងរួច​ នឹងមានការ​ពិនិត្យដោយ​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​មុនពេលដែល​បញ្ជូនទៅ​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ ដើម្បីធ្វើការ​ពិភាក្សា ​ហើយបើសិនជាត្រូវ​មានការអនុម័ត ​គឺសម្តេចតេជោ ​ហ៊ុន សែន​ ដែលជាប្រធាន​អង្គប្រជុំ ​នឹងអនុម័ត ​ក្នុងអង្គប្រជុំ ​មុននឹងបញ្ជូន​ទៅស្ថាប័ន​នីតិបញ្ញាត្តិ ​ដែលមាន ​រដ្ឋសភា​ និងព្រឹទ្ធសភា​ និង ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បីធ្វើឲ្យ​ច្បាប់នោះ​សមស្របទៅ​តាមគតិយុត្តិ​ និងដើម្បីកុំ​ឲ្យប៉ះពាល់​ទៅលើច្បាប់​ណាផ្សេង​ទៀត។

លោកស្រី ​រូណា ស្ម៊ីត​ បានថ្លែងអំណរ​គុណ​ដល់ការពន្យល់​ដ៏ក្បោះក្បាយ ​របស់ឯកឧត្តម​​បណ្ឌិតសភាចារ្យ ​សុខ ​អាន​ អំពីដំណើរការ​នីតិវិធី​នៃ​ការធ្វើច្បាប់នៅ​ប្រទេស​កម្ពុជា។​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន​ ក៏បានបង្ហាញ​យ៉ាងច្បាស់ថា​ ប្រទេសកម្ពុជា​ដែលបានធ្វើ​សច្ចាប័ន​ជាច្រើនទៅ​លើសទ្ធិសញ្ញា ​នឹងកិច្ចព្រមព្រៀង​ដែលទាក់ទង​ទៅនឹងការងារ​សិទ្ធិមនុស្ស។ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន បាន​លើកឡើងថា ​បើប្រៀបធៀប​នឹងប្រទេសនានាក្នុង​តំបន់អាស៊ី​ ​គឺប្រទេសកម្ពុជា​ បានធ្វើសច្ចាប័ន​ច្រើនណាស់​ ដែលទាក់ទង​ទៅនឹង​ការងារសិទ្ធិ​មនុស្សនេះ។​ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន ​បានគូសបញ្ជាក់ថា​ ការប្រតិបត្តិរបស់​កម្ពុជា​ គឺបង្ហាញពីសុឆន្ទៈ​ដ៏ល្អរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ ក្នុងការគោ​រពសិទ្ធិ​មនុស្សក៏ដូច​ជាការពារ ​និងដើម្បីបំរើផល​ប្រយោជន៍​ប្រជាជន ​និងគោរពសិទ្ធិ​មនុស្ស​ផងដែរ ដែលស្រប​ទៅតាមសទ្ធិសញ្ញា ​និងកិច្ចព្រមព្រៀង​អង្គការសហ​ប្រជាជាតិ ​ដែលរាជ​រដ្ឋាភិបាល​កម្ពុជា បានធ្វើ​សច្ចាប័នកន្លង​មកនោះ៕

No comments:

Post a Comment