Friday, September 18, 2015

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី Angelina Jolie តារាសម្តែងភាពយន្តហូលីវូដ ចូលជួបសម្តែង ការគួរសម និងពិភាក្សា

សម្តេចតេជោ ​ហ៊ុន សែន ​នៅថ្ងៃទី១៧​ ខែកញ្ញា ​ឆ្នាំ២០១៥ ​បានអនុញ្ញាត​ឱ្យលោកស្រី Angelina Jolie តារា​សម្តែងភាព​យន្តហូលីវូដ​ ចូលជួបសម្តែង ​ការគួរសម ​និងពិភាក្សា​លើការងារ​សង្គមមួយចំនួន។​

លោកស្រី ​Angelina Jolie ធ្លាប់បានម​កជួបសម្តេចតេជោ​នាយករដ្ឋមន្ត្រី ​នៅក្នុងឆ្នាំ​២០០៤ ដែលពេល​នោះលោកស្រី​បានសុំសម្តេចតេជោ ​ធ្វើការអភិរក្ស​តំបន់សំឡូត ​ខេត្តបាត់ដំបង កុំឲ្យ​មានការធ្វើវា​រីអគ្គីសនី ​នៅទីនោះ ​ហើយនៅពេល​សម្តេច ក៏បាន​សម្រេចមិន​ឲ្យវារីអគ្គីសនីនៅ​ទីនោះទេ ​ប៉ុន្តែអនុញ្ញាតឲ្យ​លោកស្រី ​ធ្វើការអភិរក្ស​នៅតំបន់នោះ។​

ក្នុងជំនួបនេះ ​លោកស្រីបាន​គោរពរាយការណ៍​ជូនសម្តេចតេ​ជោថា ​តំបន់អភិរក្សសំ​ឡូត គឺមានដំណើរការ​បានយ៉ាងល្អ ​បើមើលពី​លើទៅ គឺ​មានតំបន់ព្រៃឈើ​ខៀវស្រងាត់​តែម្តង ដែលនេះ​ជាការចូលរួ​មចំណែក ​អភិរក្សធនធាន​ធម្មជាតិ ​របស់កម្ពុជា។ ​ពាក់ព័ន្ធនឹង​ការថតកុននៅកម្ពុជា ​លោកស្រីបាន​គោរពជម្រាប​ជូនសម្តេច​តេជោថា កុ​នរបស់លោកស្រី ​គឺផ្នែកទៅលើ​សៀវភៅ ​ដែលនិយាយ​ពីក្មេងស្រីម្នាក់​ ដែលបានឆ្លង​កាត់ជីវិត​របស់នាង ​នៅក្នុងសង្គ្រាម នោះ​គឺជាខ្សែភាព​យន្តមួយ ​ដែលមិនមែន​ជាខ្សែភាពយន្ត​ឆ្លុះបញ្ចាំងអំពី​ភាពកាចសាហាវ​ ប៉ុន្តែជាការ​ឆ្លុះបញ្ចាំង​ពីប្រជាជន ​វប្បធម៌ ​ប្រពៃណី និ​ងក្រុមគ្រួសារ​របស់កម្ពុជា ​ជាពិសេសអំពីសន្តាន​ទឹកចិត្តរបស់ឪ​ពុកម្តាយកម្ពុជា ​ដែលបាន​ចំពោះកូន។ ​

ជាការ​ឆ្លើយតបសម្តេច​តេជោ ​នាយករដ្ឋមន្ត្រី ​បានសម្តែង​នូវការគាំទ្រ ​ដោយមានប្រសាសន៍ថា ​កុននេះគឺ​ដើម្បីឆ្លុះបញ្ចាំង​អំពីការពិត​ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា​យើង ហើយដើម្បី​ទុកសម្រាប់​ជូនអ្នក​ជំនាន់ក្រោយ ​ឲ្យបានយល់ ​និងបានដឹង​អំពីកម្ពុជា​ផងដែរ។

លោកស្រី ​Angelina Jolie ក៏បាន​បញ្ជាក់ផង​ដែរថា ​កុនដែលលោកស្រី​នឹងរៀបចំថតនេះ ​ក៏ដើម្បីឆ្លុះបញ្ចាំង​ទៅឲ្យពិភពលោក ​បានស្គាល់កាន់​តែច្បាស់អំពី​កម្ពុជាតែម្តង​៕




No comments:

Post a Comment