យោងតាមលិខិតរបស់ឯកឧត្តម ជុំ សុន្ទរី
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា
ឆ្នាំ២០១៥នេះ បានប្រកាសថា ពលការិនីខ្មែររងគ្រោះចំនួន ២រូប ដែលត្រូវបានមេខ្យល់
និងក្រុមហ៊ុននាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១
ខែកញ្ញា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹងបានឲ្យដឹងថា ការជួយអន្តរាគមន៍ឲ្យពលការរីនីវិលមកវិញនេះ
បានធ្វើឡើងតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដែលបានដឹងពីបញ្ហានេះ។
ពលការិនីខ្មែរទាំងពីរខាងលើមានឈ្មោះ ៖ ១-ទូច ស្រីពៅ រស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង បានមកស្ថានទូតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ សុំជួយអោយបានវិលត្រឡប់
មកកម្ពុជាវិញ។ ២-ប៉ាន ណាវី រស់នៅភូមិស្រែព្រៃ
ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
បានមកស្ថានទូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ សុំជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។
ក្នុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងបាយទឹក
និងបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្នអោយពលការិនីទាំងពីរនាក់នេះ។ អ្នកទាំងពីរ
នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ តាមជើងយន្តហោះ AK 536 វេលាម៉ោង៧:៣៥នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
។
ឯកឧត្តម ជុំ សុន្ទរី ក៏បានឲ្យដឹងដែរថា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សូមធ្វើការអំពាវនាវដោយទទូចដល់ ពលរដ្ឋខ្មែរ ពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះ
ត្រូវធ្វើការប្រុងប្រយ័ត្នចំពោះការឆបោក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់
ដែលមានគំនិតទុច្ចរិតបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុនប៉ងនាំបងប្អូនទៅធ្វើការនៅក្រៅប្រទេស
ដោយភូតកុហកថា នឹងទទួលបានប្រាក់ខែច្រើន។
No comments:
Post a Comment