មន្ត្រីអង្គការសហប្រជាជាតិបាននាំយកផែនទីដើម១៨ផ្ទាំង
ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិនោះ ដឹកតាមយន្តហោះ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ
នៅវេលាម៉ោង ១០ និង១២នាទីយប់ ថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០១៥ ដើម្បីប្រគល់ផែនទីជូនកម្ពុជាជាផ្លូវការ
ក្នុងការផ្ទៀងផ្ទាត់ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹកនៅវិមានសន្តិភាព។
មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន៣រូបតំណាងឲ្យក្រុមការងារគណៈកម្មការចំពោះកិច្ច
បានទៅរង់ចាំទទួលស្វាគមន៍មន្រ្តីអង្គការសហប្រជាជាតិនាឱកាសនោះ រួមមាន ឯកឧត្តម
ឡុង វិសាលោ រដ្ឋមន្រ្តីលេខាធិការ ក្រសួងការបរទេស, ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
និងលោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ។
មន្ត្រីទាំងពីររូបតំណាងរបស់ អ.ស.ប ដែលនាំយកផែនទីមកឱ្យកម្ពុជា
រួមមានលោកស្រី Mereani Keleti Vakasisikakala ប្រធានស្តីទីនៃបណ្ណាល័យអង្គការសហប្រជាជាតិ
និងលោក Keiichiro Okimoto មន្រ្តីផ្នែកច្បាប់នៃអង្គការសហប្រជាជាតិ។
មន្ត្រីទាំងពីររូបនេះ ត្រូវបានការពារសុវត្ថិភាព សន្តិសុខយ៉ាងតឹងរឹង ទាំងការធ្វើដំណើរ
និងពេលយូរផែនទីទាំងនោះ យកទៅសម្រាកនៅសណ្ឋាគារ អ៊ីនធើកុងទីណាងតាល់ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ
បន្ទាប់ពីផែនទីមកដល់ថា ផែនទីទាំង១៨ផ្ទាំងនេះ ត្រូវបានតម្កល់ទុកក្នុងបណ្ណាល័យ
ដាក់ ហាំម៉ាស្ក៍ហ្សូល របស់ អ.ស.ប ។ ឯកឧត្តម បានបញ្ជាក់ផែនទីដែលអង្គការសហប្រជាជាតិនាំមកនេះជាផែនទីដែលកម្ពុជាយើងបានប្តឹងទៅអង្គការសហប្រជាជាតិអំពីការឈ្លានពានរបស់កងទ័ពអាមេរិក
និងវៀតណាមខាងត្បូងមកលើទឹកដីកម្ពុជា ហើយផែនទីនេះមិនមែនជាផែនទីដែលយើងតម្តល់ទុកសំរាប់ទទួលស្គាល់នូវខ្សែព្រំដែនកម្ពុជាទេ។
តែទោះជាយ៉ាងណាផែនទីនេះក៏មានខ្សែផែនទី ដែលយើងអាចធ្វើការផ្ទៀងផ្ទាត់បាន។
ឆ្លើយទៅនឹងសំនួរអ្នកកាសែតអំពីការចាកចេញទៅក្រៅប្រទេសរបស់មេដឹកនាំគណបក្សប្រឆាំង
ថានឹងមានផលប៉ះពាល់យ៉ាងណាដល់ដំណើរពិនិត្យ ផ្ទៀងផ្ទាត់ផែនទីដែរឬទេ ?ឯកឧត្តម បានមានប្រសាសន៍ថា ខាងគណបក្សនោះ
ត្រូវបានទទួលការអញ្ជើញរួចហើយ និងដឹងថា គេចាត់អ្នកតំណាងឲ្យចូលរួម ដូច្នេះ ការផ្ទៀងផ្ទាត់ផែនទី
និងប្រព្រឹត្តិទៅជាធម្មតា។
ផែនទី១៨ផ្ទាំង ដែលបានមកពីអង្គការសហប្រជាជាតិនេះ
នឹងរៀបចំពិធីប្រគល់ និងទទួល ផ្ទៀងផ្ទាត់ នៅវិមានសន្តិភាព នាវេលាម៉ោង៩: ០០ព្រឹក
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ
ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមសេចក្តីជូនព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល
ក្នុងការសម្របសម្រួលទទួល ប្រគល់ ពិនិត្យផ្ទៀងផ្ទាត់ផែនទី បានឲ្យដឹងថា នៅក្នុងឱកាស
ទទួល ប្រគល់ ផ្ទៀងផ្ទាត់ផែននោះ ភាគីពាក់ព័ន្ធមួយចំនួន ត្រូវបានអញ្ជើញឲ្យចូលរួមសង្កេតការណ៍
ក្នុងនោះរួមមាន តំណាងគណបក្សនយោបាយ គឺគណបក្សប្រជាជនកម្ពុជា ចំនួន៥រូប គណបក្សសង្គ្រោះជាតិ៥រូប
និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប,
តំណាងរដ្ឋសភា គឺសមាជិករដ្ឋសភាគណបក្សដែលមានសំឡេងភាគច្រើនចំនួន៣រូប សមាជិករដ្ឋសភាសំឡេងភាគតិច៣រូប។
តំណាងស្ថាប័នព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ចំនួន៣រូប សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីចំនួន៣រូប។
បន្ថែមលើនេះ នឹងអញ្ជើញឱ្យចូលរូមផងដែរ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួនរូប២
លោកបណ្ឌិត សុខ ទូច និងសហការីនៃរាជបណ្ឌិតសភា
ចំនួន៣រូប ហើយនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន។
បន្ទាប់ពីបានជូនព័ត៌មាន តាមការរំពឹងទុក
នឹងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង២០០នាក់ មកពីប្រមាណ៧០អង្គភាព
ស្ថាប័ន នឹងចូលរួមយកព័ត៌មាន ដើម្បីការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ៕
No comments:
Post a Comment