នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នេះ កម្ពុជា បានចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយនឹងរដ្ឋាភិបាលនូវែលសេឡង់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយ ឯកឧត្តម Murray McCully រដ្ឋមន្ត្រី ក្រសួងការបរទេស នៃប្រទេសនូវែលសេឡង់។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពជូនក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ ធ្វើការគិតគូរពិចារណា និងចាប់ផ្តើមកសាងផែនការអាជីវកម្ម លើការតភា្ជប់ជើងហោះហើរ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនូវែលសេឡង់។
ឯកឧត្តមបានបន្តថា បន្ទាប់ពីការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ អ្នកធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាភ្ញៀវទេសចរណ៍ នឹងមានភាពងាយស្រួលក្នុងការរង់ចំាតជើងហោះហើរ ដោយប្រើរយៈពេលខ្លីបំផុត និងទិញសំបុត្រយន្តហោះយ៉ាងងាយស្រួល រវាងកម្ពុជា និងនូវែលសេឡង់ ព្រោះថា ក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ និងក្រុមហ៊ុនអាកាសចរអន្តរជាតិផ្សេងទៀត នឹងរៀបចំផែនការតភ្ជាប់ជើងហោះហើរជាមួយគ្នា និងដាក់ប្រព័ន្ធលក់សំបុត្រយន្តហោះដំណើរការជាមួយគ្នា។ លើសពីនេះទៀត សម្រាប់ចក្ខុវិស័យនៅរយៈពេលវែង យើងជឿជាក់ថា នឹងអាចមានការហោះហើរត្រង់រវាងកម្ពុជា និងនូវែសេឡង់។ កិច្ចព្រមព្រៀងនេះ ក៏នឹងចូលរួមចំណែកជួយជម្រុញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ រវាងប្រទេសទាំងពីរផងដែរ។
យោងតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានេះ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានព្រមព្រៀងលើខ្លឹមសារសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ដូចជា បែបបទអនុញ្ញាតផ្តល់សិទ្ធិហោះហើរ និងកិច្ចសហការជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ ការសហការរួមគ្នារបស់អាជ្ញាធរអាកាសចរស៊ីវិលដើម្បីធានាសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរតាមផ្លូវអាកាស និងការធានាឱ្យមាននូវតម្លាភាពនៃការប្រកួតប្រជែង។
បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាលក្ខណៈទ្វេភាគីចំនួន ២៣ ប្រទេស និងកិច្ចព្រមព្រៀងពហុភាគីក្រោមក្របខ័ណ្ឌអនុតំបន់ CLMV និងអាស៊ានផងដែរ។ ប្រទេសនូវែលសេឡង់ នឹងក្លាយជាប្រទេសទី២៤ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាលក្ខណៈទ្វេភាគី ជាមួយព្រះរាជាណាចក្រកម្ពុជា ហើយនឹងត្រៀមចុះហត្ថលេខាជាបន្តបន្ទាប់ ជាទ្វេភាគីចំនួន ១០ ប្រទេសទៀត ដោយបានឯកភាពគ្នារួចហើយលើកម្រិតថ្នាក់បច្ចេកទេស។
នាពេលបច្ចុប្បន្ននេះជើងហោះហើរ និងចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលចំនួនជើងហោះហើរកើនឡើងចំនួន ៩ ភាគរយ ប្រៀបធៀបរវាងឆ្នាំ២០១៤នឹង២០១៣ ហើយចំនួនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងចំនួន ១៣ ភាគរយ ប្រៀបធៀបរវាងឆ្នាំ២០១៤នឹង២០១៣ (កាលពីឆ្នាំ២០១៤ មានអ្នកដំណើរតាមផ្លូវអាកាសសរុប ៥,៤ លាន)។ លើសពីនេះទៀត សម្រាប់ដើមឆ្នាំ២០១៥ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងប្រមាណ ១១ ភាគរយ។
ក្រុមហ៊ុនអាកាសចរសរុបចំនួន ៣១ ក្រុមហ៊ុន ដែលកំពុងផ្តល់សេវាកម្មហោះហើរដឹកជញ្ជូនជាប្រក្រតី (Schedule Flights) ចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមនោះ មានក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន ០៤ ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរបរទេសចំនួន ២៧ ក្រុមហ៊ុន។
កាលពីឆ្នាំ២០១៤ កន្លងទៅ ចំនួនភ្ញៀវទេសចរណ៍ជនជាតិនូវែលសេឡង់ បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា ចំនួន ២១,២៥៩ នាក់ និងមកពីតំបន់អូសេអានី (នូវែលសេឡង់ អូស្រ្តាលី និងហ្វីជី) ចំនួន ១៥៥,៥៧៨ នាក់៕


No comments:
Post a Comment