ឯកឧត្តម ផៃ ស៊ីផាន
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៥នេះថា ទិសដៅរបស់ក្រុមប្រឆាំងដែលក្លែងបន្លំឯកសារស្តីពីព្រំដែន
គឺឆ្លើយតបនិងចលនាដែលពួកគេបានរៀបចំឲ្យដូចភ្លៀងរលឹម គឺធ្វើការតវ៉ាប្រឆាំងរាជរដ្ឋាភិបាល
ដូចជាទៅមើលព្រំដែន ដោយគ្មានអ្នកបច្ចេកទេសជំនាញព្រំដែនទៅជាមួយ និងបង្កអំពើហិង្សានៅតាមព្រំដែន
គឺជានយោបាយបោកប្រាស់ យកប្រជាប្រិយភាព។
ឯកឧត្តម ផៃ ស៊ីផាន
បានលើកឡើងថា ការក្លែងបន្លំឯកសាររបស់ សមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ លោក
ហុង សុខហួរ គឺជាធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិ គឺមានទោសក្បត់ជាតិ។ «ពួកគេទៅបង្ករឿងឲ្យប្រជាជនមើលឃើញថា
ពួកគេជាអ្នកស្នេហាជាតិ ជាវីរៈបុរស។ ទង្វើបង្កបញ្ហានៅតាមព្រំដែនរបស់ពួកគេ គឺបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងវៀតណាម ដែលកំពុងចរចារបោះបង្គោលព្រំដែន ដោយសន្តិវិធី តម្លាភាព និងឈានទៅសម្រេចបាននូវព្រំដែនដ៏រឹងមាំមួយរវាងប្រទេសទាំងពីរ»។
ឯកឧត្តម ផៃ ស៊ីផាន
បញ្ជាក់ថា «ការក្លែងបន្លំឯកសារសាធារណៈរបស់រដ្ឋនេះ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ គឺធ្វើឲ្យប្រជាពលរដ្ឋបះបោរ បង្កើតចលនាមហាជន
និងចោទរាជរដ្ឋាភិបាលថា បានចុះហត្ថលេខារំលាយព្រំដែន មានចេតនាប្រគល់ដីឲ្យវៀតណាម។
គោលបំណងមួយទៀតរបស់ក្រុមប្រឆាំង ក្នុងការក្លែងបន្លំឯកសារនេះគឺគេបង្កើតពាក្យរសើប
ឲ្យប្រជាពលរដ្ឋប្រឆាំង និងរាជរដ្ឋាភិបាល
ដូចជាចោទថាសម្តេចតេជោកាត់ដីឲ្យយួន រឺជាអាយ៉ងយួនជាដើម។ ការពិតពួកនោះគ្រាន់តែជាពួករត់ចោលស្រុកប៉ុណ្ណោះ
គឺពួកគេគ្មានអ្វីច្បាស់លាស់ និងពិតប្រាកដទេ»។
តាមប្រសាសន៍របស់ឯកឧត្តម
ផៃ ស៊ីផាន គឺនៅក្នុងលោកយើងនេះគ្មានប្រទេសណាធ្វើកិច្ចការព្រំដែនជាមួយអង្គការសង្គមស៊ីវិល និងគណបក្សក្រៅរាជរដ្ឋាភិបាលទេ។
រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគឺជាស្ថាប័នតែមួយគត់ ដែលតំណាងឲ្យជាតិទាំងមូល។
«បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំដើម្បីធានាសុខសន្តិភាព
និងសុវត្ថិភាពពិសេសដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ យើងធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមច្រើនសតវត្សមកហើយ
ទំរំាបានសន្តិភាពដូចសព្វថ្ងៃ យើងបាត់បង់មនុស្សច្រើនណាស់ ដូច្នេះខ្ញុំមិនយល់ថាហេតុអ្វីបានជាបក្សប្រឆាំងនៅតែចង់ឲ្យមានភាពប្រទូសរាយ
ការចលាចល ដើម្បីតែដណ្តើមអំណាចគេប្រើគ្រប់ល្បិចនយោបាយ»។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលស្វាគមន៍ការតិទៀនដើម្បីកែលំអរ
ប៉ុន្តែទង្វើតិទៀនរបស់គណបក្សប្រឆាំងបច្ចុប្បន្ន
គឺតិទៀនតាមចិញ្ចើមថ្នល់ តិទៀនដើម្បីបំផ្លាញ គឺរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេ៕

No comments:
Post a Comment