កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បណ្ឌិត សុខ
ទូច និងសហការីចំនួន៣រូបទៀត បានចូលរួមក្នុងការផ្ទៀងផ្ទាត់ផែនទីដែលខ្ចីមកពីអង្គការសហប្រជាជាតិ
និងផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្នក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម។
ក្រោយពីបានចូលរួមក្នុងដំណើរការផ្ទៀងផ្ទាត់នោះ ក្រុមស្រាវជ្រាវព្រំដែនកម្ពុជាបានធ្វើសេចក្តីបញ្ជាក់ថា
ការផ្ទៀតផ្ទាត់ផែនទីនោះ
គឺមិនមែនយកផែនទីរបស់រដ្ឋាភិបាលទៅផ្ទៀងផ្ទាត់ជាមួយផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិទេ
គឺយកផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្ន
ពីព្រោះផែនទីរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ មានគ្រប់ចំនួនទាំង ២៦ផ្ទាំង
និងមានមូលដ្ឋានគតិយុត្តិរឹងមាំដោយមានការអនុម័តយល់ព្រមពីស្ថាប័ននីតិប្រតិបត្តិ
និងទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន
ស្តីពីដំណើរការផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ
ចេញដោយប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
បណ្ឌិត សុខ ទូច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា
ផែនទីរបស់គណបក្សសង្គ្រោះជាតិបានប្រគល់ផែនទីជូនក្រុមស្រាវជ្រាវព្រំដែនកម្ពុជាចំនួន
២៦ផ្ទាំង ប៉ុន្តែយកជាការបានតែ២៤ផ្ទាំងតែប៉ុណ្ណោះ
និងផែនទីដែលខ្ចីមកពីអង្គការសហប្រជាជាតិមានតែ ១៨ផ្ទាំងទេ ដូច្នេះក្រុមស្រាវជា្រវយល់ឃើញថា
គឺមានតែផែនទីរបស់រាជរដ្ឋាភិបាលទេ
ទើបអាចយកប្រើប្រាស់សម្រាប់បោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាមបាន
ហើយសូមអ្នកពាក់ព័ន្ធគ្រប់និន្នាការនយោបាយ ឈប់ខ្វែងគំនិតគ្នាលើការប្រើប្រាស់ផែនទីតទៅទៀតទៅ៕
No comments:
Post a Comment