ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ នៅវិមានសន្ដិភាពនៃទីស្ដីការគណៈរដ្ឋមន្រ្ដី មានពិធីជាប្រវត្ដិសាស្រ្ដមួយ ដែលពិភពលោក និងកម្ពុជា បានឃើញយ៉ាងប្រត្សក្យ នូវការទទួល និងពិនិត្យផែនទីដែលបានខ្ចី ពី អង្គការសហប្រជាជាតិ (អ.ស.ប.) មកផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់ជាផ្លូវការ តំាងពីណាពីណីមក ដើម្បីជាសក្ខីភាពក្នុងការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងតស៊ូ ភាពយុត្ដិធម៌ និងការទទួលខុសត្រូវ មិនឲ្យជនទុច្ចរិតបណ្ដុះបង្អាប់ បំភាន់ភ្នែកប្រជាពលរដ្ឋកម្ពុជា បានទ្បើយ។ លទ្ធផលបានបង្ហាញភាព«ត្រឹមត្រូវឥតខ្ចោះ»។
ក្នុងស្មារតីមុះមុត ក្នុងការដឹកនំាប្រទេសជាតិ ដឹកនំារាជរដ្ឋាភិបាល ដើម្បី សន្ដិភាព សុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស សម្ដេច ហ៊ុន សែន មិនចង់ឃើញទង្វើដ៏ទុច្ចរិតរបស់បក្សប្រឆំាង មកបំផ្លាញនូវសមិទ្ធិផលនេះ ដោយគ្រាន់តែធ្វើអំពើទុច្ចរិត មួយប្រពិចភ្នែក នោះបានទ្បើយ។
ហេតុអ្វីបានជាមានដល់រឿងនេះ? ព្រោះថាបក្សប្រឆំាង ដោយគ្មានអ្វីអួតនឹងគេ ដើម្បីបិទបំាងនូវអសមត្ថភាពរបស់ខ្លួន នូវភាពអសកម្មរបស់ខ្លួន ក៏តំាងរៀបចំក្បួនដ៏ទុច្ចរិត ចោទប្រកាន់យ៉ាងស្មោកគ្រោកជាទីបំផុត ថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីគូសខ្សែបន្ទាត់ ព្រំដែន ជាមួយប្រទេសវៀតណាម ក៏តាំងបង្កើតចលនាអុជអាល បញ្ឆេះកំហឹងប្រជាជន ព្រះសង្ឃ និសិ្សត ដោយចុះទៅអុកទ្បុកនៅព្រំដែនរវាងកម្ពុជា-វៀតណាម កាលពី២ខែមុន ដែលញុំាងដល់មានការប្រទូស្ដរ៉ាយ បណ្ដាលឲ្យរបួសដល់ប្រជាពលរដ្ឋនៃប្រទេសទំាងពីរ។
ព្រឹត្ដិការណ៍ថ្ងៃទី២០ ខែសីហានេះ គឺជាព្រឹត្ដិការណ៍ដ៏មានខ្លឹមសារជាទីបំផុត សម្រាប់ប្រជាជនស្លូតត្រង់ សម្រាប់ថ្នាក់ដឹកនំាគ្រប់រូប សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានតំណាង អ.ស.ប. ពំានំានូវផែនទី ដែលជាកេរ្ដិ៍ដំណែលដ៏ថ្លៃថ្លារបស់ខ្មែរ មកផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ក្រោមក្រសែភ្នែករបស់តំណាងរាជរដ្ឋាភិបាល គណបក្សបី«គណបក្សប្រជាជនកម្ពុជាកម្ពុជា គណបក្សសង្រ្គោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច» ស្ថាប័នកំពូលៗមួយចំនួនទៀត និងអ្នកសារព័ត៌មាន បានឃើញពន្លឺច្បាស់ក្រទ្បែត ពីការបោកប្រាស់របស់បក្សប្រឆំាងមួយនេះ។
បរិការដ៏ច្បាស់ក្រទ្បែតនេះ បានធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូប ចោទសួរទៅវិញទោះមក ថា នរណាជាអ្នកស្នេហាជាតិ ពិត និងនរណាជាជនទុច្ចរិត? ជាក់ស្ដែងគេឃើញអ្នកដឹកនំា និងមន្រ្ដីជាន់ខ្ពស់ ជាច្រើនរូបនៃក្រុមបក្សប្រឆំាងបានរត់ចេញពីប្រទេស ទៅសំងំនៅបរទេសយ៉ាងរំភើយ គេចវះពីការពិត ខ្មាសគេនៅក្នុងប្រទេស ភ័យខ្លាចពីការចាប់ខ្លួន ដូចជាជនប្រព្រឹត្ដិបទល្មើស ឈ្មោះ ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី យ៉ាងនេះដែរ។
ទន្ទឹមនឹងនេះ គេកំពុងចោទសួរថា តើដល់ពេលណា ពួកជនទុច្ចរិតចាប់ផ្ដើមមានបេះដូងបរិសុទ្ធ ចាប់ផ្ដើមធ្វើសកម្មភាពរួមចំណែកអភិវឌ្ឈស្រុកទេសជាមួយរាជរដ្ឋាភិបាល។ តើដល់ពេលណាទើបពួកគេកំចាត់ចោលបេះដូងខ្មៅក្រខ្វក់ ដឹកនំាធ្វើបាតុកម្ម បំផ្លាញពេលវេលាប្រជាពលរដ្ឋ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម បញ្ឆេះកំហឹងពូជសាសន៍។ល។
យើងសួរទៀតថា តើពេលណាទៅ ទើបសមាជិកសភា និងសកម្មជនបក្សប្រឆំាងឈប់យកឱកាសពេលចុះមូលដ្ឋាន ធ្វើសកម្មភាពអកុសល និយាយបង្ខូចការដឹកនាំរបស់រដ្ឋាភិបាលហើយងាកមករួមចំណែកជាមួយប្រជាពលរដ្ឋ អ្នកស្រែចំការ នំាបច្ចេកទេសថ្មីៗមកជួយយុវជនឲ្យមានសមត្ថភាព ដើម្បីបម្រើប្រទេសជាតិ?
ជាសរុប នៅសង្គមណា ជាតិសាសន៍ណា សាសនាណាក៏ដោយ តែងតែអប់រំមនុស្សឲ្យប្រព្រឹត្ដិអំពើល្អ ជៀសវាងអំពើទុច្ចរិត ព្រោះថាអំពើទុច្ចរិត មិនយូរមិនឆាប់នឹងត្រូវលេចធ្លោ នឹងទទួលផលអវិជ្ជមានតាមផ្លូវច្បាប់ មានជាប់គុក ឬនៅប្រទេសជាច្រើនលើសកលលោកត្រូវទទួលទោសប្រហារជីវិត។
យើងយល់ថា ទង្វើទំាងអម្ប៉ាលម៉ានដែលបក្សប្រឆំាងបាន និងកំពុងធ្វើនោះ គឺបានជះផលអាក្រក់មកលើខ្លួនឯងវិញ គឺបានបង្ហាញច្បាស់ថា តើគេត្រូវជ្រើសរើសយកជនទុច្ចរិតមកដឹកនំាប្រទេស ដែរ ឬទេ»?!
No comments:
Post a Comment