យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ដែលចេញនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ឲ្យដឹងថា ក្រសួងបានទទួលព័ត៌មានថា
ថ្មីៗនេះ មានឈ្មួញខិលខូច រៀបចំវិធានការមិនស្របច្បាប់ និងខុសពីក្រឹត្យក្រមទីផ្សារសេរី
ដែលធ្វើឲ្យប្រជាជនបាត់ឱកាសក្នុងការលក់កសិផល ជាពិសេសស្រូវ ទៅតាមតម្លៃទីផ្សារពិតប្រាកដ
ហើយតម្រូវឲ្យលក់តាមតម្លៃថោក ដែលឈ្មួញទាំងនោះបានកំណត់។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់គ្រប់មន្ទីរកសិកម្មទាំងអស់
ត្រូវសហការបំពេញការងារនេះជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត
ត្រូវចុះត្រួតពិនិត្យ តាមដាន ស៊ើបអង្កេតដោយមនសិការទទួលខុសត្រូវខ្ពស់បំផុត
និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ស្របតាមនីតិវិធីជាធរមាន។
គួរបញ្ជាក់ថា យោងតាមគេហទំព័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ បានអោយដឹងថា ដើម្បីជួយដល់កសិករ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត
នៅក្នុងសង្វាក់ទីផ្សារកសិកម្ម ដែលជួយឲ្យគាត់អាចលក់កសិផលក្នុងតំម្លៃល្អមួយ
និងដើម្បីបង្កើតបណ្តាញទំនាក់ទំនងទីផ្សារកសិកម្ម ជៀសវាងការឆ្លៀតឱកាសរបស់ឈ្មួញខិលខូចដែលតែងបន្ទាបតំម្លៃកសិផលរបស់ពួកគាត់នោះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតនូវសេវាព័ត៌មានទីផ្សារកសិកម្ម
របស់ខ្លូន ដោយក្នុងនោះ មន្រ្តីទីផ្សារកសិកម្មនៅទីក្រុងភ្នំពេញ និងនៅតាមរាជធានី-ខេត្តចំនួន
១៣ ផ្សេងទៀត ប្រមូលព័ត៌មានតម្លៃលក់ដុំនៃកសិផល ចំនួន ៣ដង ក្នុង១សប្តាហ៍
និងព័ត៌មានតម្លៃលក់រាយ ចំនួន១ដង ក្នុង១សប្តាហ៍ពីផ្សារចំនួន ២២ ធំៗ និងចំនុចប្រមូលផ្សេងៗទៀត
នៅក្នុងរាជធានី-ខេត្តគោលដៅចំនួន១៤។
ព័ត៌មានតម្លៃនេះត្រូវបានផ្សាយជាប្រចាំថ្ងៃ តាមរយៈស្ថានីយ៍វិទ្យុ
FM និង AM តាមតំបន់ តាមរយៈគេហទំព័រ ព្រឹត្តិប័ត្រព័ត៌មាន
និងតាមរយៈសារជាអក្សរតាមទូរស័ព្ទ។ របាយការណ៍ដែលមានសេចក្តីពិស្តារ អំពីព័ត៌មានតម្លៃត្រូវបានបង្កើតឡើង
និងចែកជូន ទៅតាមក្រសួងផ្សេងៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធដើម្បីជួយដល់ការធ្វើគម្រោង
និងការបង្កើតគោលនយោបាយ។
ការទទួលបានព័ត៌មានទីផ្សារកសិកម្ម បានធ្វើឲ្យកសិករមានជម្រើសកាន់តែច្រើនឡើង
ក្នុងការធ្វើទីផ្សារផលិតផលរបស់ពួកគាត់ ជាមួយនឹងការចរចាតម្លៃមួយប្រសើរជាងមុននៅក្នុងសង្វាក់ទីផ្សារកសិកម្ម
ដូច្នេះសូមប្រជាពលរដ្ឋយកចិត្តទុកដាក់តាមដាននូវព័ត៌មានទីផ្សារកសិកម្ម
ដែលក្រសួងបានរៀបចំ ដើម្បីបំរើផលប្រយោជន៍របស់កសិករ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment