ប្រធានគណបក្សសង្រ្គោះជាតិ CNRP ឯកឧត្តម សម រង្ស៊ី និងជាប្រធានក្រុមសំឡេងភាគតិច
នៅក្នុងរដ្ឋសភា បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅថ្ងៃទី០៣ ខែឧសភា
ឆ្នាំ២០១៥ ថា ការចាប់ដៃគ្នា ដែលសំដៅដល់ការអនុវត្តវប្បធម៌សន្ទនា រវាងគណបក្ស
CNRP និង CPP នឹងធ្វើ ឲ្យប្រទេសកម្ពុជារីកចម្រើន
និងសម្បូរសប្បាយ។
នៅក្នុងពិធីជួបចុះសំណេះសំណាល ជាមួយបងប្អូនខ្មែរ-ឥស្លាម
នៅព្រះវិហារឥស្លាម ក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តម
សម រង្ស៊ី នៅចំពោះមុខប្រជាពលរដ្ឋ បានប្រកាសប្តេជ្ញាថា នឹងកសាងកម្ពុជាឲ្យសម្បូរសប្បាយ
ដូចប្រទេសម៉ាឡេស៊ី បង្កើនការងារជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ឲ្យធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសនោះទេ។
ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្មែរស្រឡាញ់ខ្មែរ កុំឈ្លោះគ្នា
ចាប់ដៃគ្នា យកប្រាជ្ញា ចំណេះដឹងរបស់ យើងទៅគិតរួមគ្នា រៀបចំប្រទេសយើងឲ្យបានសម្បូរសប្បាយ»។
ឯកឧត្តម សម រង្ស៊ី ក៏បានរំលឹកពីប្រសាសន៍ របស់សម្តេច តេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងឱកាសដែល ឯកឧត្តម នឹងសម្តេចទៅជួបបងប្អូនខ្មែរ
នៅម៉ាឡេស៊ី ប្រមាណជា ៣០០នាក់កាលពីពេលថ្មីៗនេះថា ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ
មិនអាចធ្វើឲ្យប្រទេសអភិវឌ្ឍន៍ បានទេបើមិនរួមសហការ ពីគណបក្សទាំងពីរ។
គួរបញ្ជាក់ថា ការបង្ហាញជំហររក្សាការសហការគ្នា រវាងគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិ រួមនឹងការរក្សាជំហររឹងមាំអនុវត្តវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ
ពីសំណាក់មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាល គឺឯកឧត្តម សម រង្ស៊ី បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ
ទទួលការប្រមានពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ថ្ងៃទី២៩
ខែមេសា ឆ្នាំ២០១៥ ក្នុងឱកាសដែលសម្តេច អញ្ជើញ ជាអធិបតីភាពក្នុង ពិធីសម្ពោធដាក់ឱ្យប្រើ
ប្រាស់រោងចក្រ ចម្រាញ់ប្រេងដូងទី២ របស់ ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ជិតជើងភ្នំបូកគោ
ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុដោយ សម្តេចតេជោ ជំរុញឲ្យ ឯកឧត្តម សម
រង្ស៊ី ធ្វើយ៉ាងណាគ្រប់គ្រងកូនចៅរបស់ខ្លូនឲ្យបានល្អនិយាយសំដៅអបរំផ្ទៃក្នុងរួមទាំងរំលឹកដល់
ឯកឧត្តម កឹម សុខា ផងដែលផ្គើនវប្បធម៌សន្ទនា ចៀសវាង ម្នាក់ដើរតួជាអ្នកចាប់ដៃ
និងម្នាក់ដើរតួជាអ្នកជាន់ជើង ដោយសំដៅលើ ឯកឧត្តម សម រង្ស៊ី ជាអ្នកចរចា
និងឯកឧត្តម កឹម សុខា ជាអ្នកជាន់ជើង។ សម្តេច ក៏បានប្រកាសជាសាធារណៈថា វប្បធម៌សន្ទនា
នឹងត្រូវលុបចោល បើសិនជាគណបក្សសង្គ្រោះជាតិមិនអាចគោរពតាមគោលការណ៍
នៃវប្បធម៌សន្ទនានេះបាន៕


No comments:
Post a Comment