តាមរយៈកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងសន្តិសុខ អាកាសចរណ៍ស៊ីវិលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី គឺបានបង្ហាញឲ្យឃើញពីការរីកចំរើន
និងភាពមមាញឹករបស់អាកាសចរណ៍ស៊ីវិលកម្ពុជា ដែលតម្រូវឲ្យមានការបង្កើននូវសមត្ថភាពក្នុងការការពារសន្តិសុខកាន់តែខ្លាំងឡើង
ដើម្បីទំនុកចិត្តអ្នកដំណើរ រួមជាមួយក្រុមហ៊ុនអាកាសចរណ៍បរទេសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាផងដែរ។
នៅក្នុងរបៀបរបៀបវារៈនៃកិច្ចប្រជុំនេះ គឺបានពិភាក្សាសំខាន់ទៅលើការអនុវត្ត
តាមអនុសញ្ញាស៊ីកាហ្គោ ឆ្នាំ១៩៤៤ ស្តីពីច្បាប់អាកាសចរណ៍ស៊ីវិលអន្តរជាតិ
ហើយនៅក្នុងនោះគឺយើងពិភាក្សាសំខាន់លើការងារសន្តិសុខ
ដែលរបៀបវារៈ ទី១ គឺការគ្រប់គ្រងសន្តិសុខ អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
និងទី២ ការគ្រប់គ្រងសន្តិសុខអាកាសយាន្តដ្ឋានអន្តរជាតិ។
តាមប្រសាសន៍ ឯកឧត្តម សយ សុខាន់ អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
បានឲ្យដឹងថា ផ្អែកលើរបៀបវារៈទាំងពីរនេះ គឺយើងបានត្រៀមលក្ខណៈរៀបចំក្នុងការដោះស្រាយបញ្ហាជាមួយ ការធ្វើសវនកម្មរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ
ដែលកន្លងមកគេបានធ្វើសវនកម្ម មកលើអាកាសចរណ៍ស៊ីវិលកម្ពុជាចំនួន២លើករួចមកហើយ
ទាក់ទងនិងការងារសន្តិសុខ គឺទី១នៅឆ្នាំ២០០៣ និងទី២នៅឆ្នាំ២០០៨ ហើយឥឡូវនេះគេនឹងធ្វើ
សវនកម្មជាមួយកម្ពុជាយើងនៅលើកទី៣ នៅចុងឆ្នាំ២០១៥នេះ។
ឯកឧត្តម សយ សុខាន់ បន្តថា «ពាក់ព័ន្ធនឹងការងារសន្តិសុខនេះទី១
គឺយើងបានរៀបចំបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងនិងប្រតិបត្តិការការងារសន្តិសុខនេះ។ ទី២ យើងមានរចនាសម្ព័ន្ធគ្រប់គ្រង តាំងពីថ្នាក់គណៈកម្មាការថ្នាក់ជាតិ
រហូតដល់គណៈកម្មាការថ្នាក់អាកាសយាន្តដ្ឋានអន្តរជាតិ និងអាកាសយាន្តដ្ឋានមូលដ្ឋាន
មានន័យថារចនាសម្ព័ន្ធគឺមានគ្រប់គ្រាន់។
ទី៣ យើងបានពង្រឹងការងាររៀបចំនូវប្រព័ន្ធការងារសន្តិសុខនៅតាមអាកាសយាន្តដ្ឋានអន្តរជាតិទាំងបី
គឺភ្នំពេញ, សៀមរាម និងក្រុងព្រះសីហនុ ដូចជាការរៀបចំពង្រឹងច្រកត្រួតពិនិត្យនៅតាមបណ្តាជុំវិញអាកាសយាន្តដ្ឋាន
រៀបចំនូវរបងស្របតាមស្តង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ហើយមកដល់ពេលនេះយើងធ្វើបាន៧០%
ហើយ នៅប្រមាណ៣០%ទៀត ដែលយើងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៥ នេះ។»
ឯកឧត្តម សយ សុខាន់ បន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទាក់ទងទៅនឹងឧបករណ៍
ត្រួតពិនិត្យសន្តិសុខនេះ ក៏យើងបានតម្រូវឲ្យក្រុមហ៊ុន សម្បទានអាកាសយាន្តដ្ឋានបំពាក់នូវម៉ាស៊ីន
X.Ray ម៉ាស៊ីន Scan ឧបករណ៍សំរាប់ត្រួតពិនិត្យដោយដៃ
និងមានប្រព័ន្ធ CCTV ដែល ជាប្រព័ន្ធ ត្រួតពិនិត្យដោយកាមេរ៉ា។
ឯកឧត្តម សយ សុខាន់ បានបន្ថែមទៀតថា «យើងបានពង្រឹងកិច្ចការទាក់ទងទៅនិងប្រព័ន្ធការពារ
ដូចជារបង ហើយនិងច្រកចេញចូល ពង្រឹងខ្លោងទ្វារសុវត្ថិភាព ហើយទាក់ទងនិងឧបករណ៍យើងបានពិភាក្សាជាមួយក្រុមហ៊ុន បារាំង SCA ដោយត្រូវ Upgrade បង្កើនសមត្ថភាព ទាក់ទងទៅនិងឧបករណ៍ដែលត្រូវបំពាក់
បង្កើនសមត្ថភាពទៅលើមជ្ឈមណ្ឌលត្រួតពិនិត្យកិច្ចប្រតិបត្តិការអាកាសយាន្តដ្ឋាន»។
ឯកឧត្តម សយ សុខាន់ បានសង្កត់ធ្ងន់ថា «ទន្ទឹមនឹងនេះយើងមានកំលាំងសន្តិសុខគ្រប់គ្រាន់
នៅក្នុងការគ្រប់គ្រងត្រួតពិនិត្យ ឆែកឆេរតាមច្រកនីមួយៗ រួមនិងការត្រួតពិនិត្យចេញចូលរបស់អ្នកដំណើរផងដែរ។ យើងមានកំលាំង
សន្តិសុខរបស់អាកាសចរណ៍ស៊ីវិល កំលាំងសន្តិសុខរបស់ប៉ូលីស
កំលាំងសន្តិសុខរបស់ក្រុមហ៊ុនឯកជន ដែលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យបញ្ហាទាំងអស់នេះ។»
ឯកឧត្តម បន្តឲ្យដឹងថា ជាលទ្ធផលកិច្ចប្រជុំថ្ងៃនេះយើងឃើញថាយើងទទួលបាននូវធាតុចូលច្រើនដែលជា
ធាតុចូលសំខាន់ៗសំរាប់យើង យកទៅរៀបចំការងារសន្តិសុខនេះថែមទៀត សំរាប់ធានាបាននូវសន្តិសុខ
និងសុវត្ថិភាពនូវអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ដែលរួមមានភ្នំពេញ, សៀមរាម និងក្រុងព្រះសីហនុ ក៏ដូចជាសន្តិសុខអាកាសចរណ៍ទូទាំងប្រទេស។
គួរបញ្ជាក់ថា
បច្ចុប្បន្នយើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៧
ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការដោយយន្តហោះស្លាបចំនួន៥
និង ឧទ្ធម្ភាគចក្រចំនួន២។ ក្រុមហ៊ុនប្រតិបត្តិការស្លាបក្នុងស្រុករបស់យើង
គឺហោះហើរទៅកាន់ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសចិន កូរ៉េ និងជប៉ុនដោយផ្ទាល់។
ទន្ទឹមនឹងនេះ យើងមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន២៦ ដែលបាននឹងកំពុងហោះហើរមកកាន់ព្រះរាជាណាចក្រកម្ពុជា
ក្នុងនោះមានក្រុមហ៊ុន អាកាសចរណ៍មកពីប្រទេសថៃ៣,
ប្រទេសម៉ាឡេស៊ី២, សាំងហ្គាពួរ ២, វៀតណាម ២, ឡាវ ១ ,កូរ៉េ ២, ហ្វីលីពីន១,
កាតា ១ និងចិន១២ ក្រុមហ៊ុន ដែលបានកំពុងហោះហើរធ្វើអាជីវកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជា។
សំរាប់សកម្មភាពការងារនៅក្នុងអាកាសយាន្តដ្ឋាន
នៃព្រះរាជាណាក្រកម្ពុជាយើង
គឺអ្នកដំណើរឆ្លងកាត់
មានការហោះហើរចេញចូលព្រះរាជាណាចក្រកម្ពុជានៅអាកាសយាន្តដ្ឋានអន្តរជាតិ
ភ្នំពេញចន្លោះពី៤០-៤៥
ជើងក្នុងមួយថ្ងៃ និងមានអ្នកដំណើរឆ្លងកាត់ប្រមាណជាង៧០០០នាក់
ក្នុង១ថ្ងៃ។
ដោយឡែកនៅអាកាសយាន្តដ្ឋានអន្តរជាតិមានការហោះហើរច្រើនជាងនៅភ្នំពេញ
គឺចន្លោះពី៤៥-៥០ ជើងក្នុង១ថ្ងៃ
និងមានអ្នកដំណើរឆ្លងកាត់ក្នុងប្រមាណជាង៨០០០នាក់។
សព្វថ្ងៃ មានយន្តហោះពី ១១៥-១២០គ្រឿង
ដែលហោះហើរឆ្លងកាត់ប្រទេសកម្ពុជា។
សកម្មភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាយើងមានការកើនឡើងយ៉ាងគំហុក
ដែលតម្រូវឲ្យអាកាសចរណ៍ស៊ីវិលត្រូវតែពង្រឹងនូវការងារសន្តិសុខ។
ឯកឧត្តម សយ សុខាន់ បានជម្រាបឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រឹងការងារសន្តិសុខនេះ
ដែលមានទីស្តីការគណៈរដ្ឋមន្រ្តីជាសេនាធិការ និងមានអាកាសចរណ៍ស៊ីវិលជាអង្គភាពបច្ចេកទេស
ក្នុងការធានានូវបញ្ហានេះ។
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment