នាយករដ្ឋមន្រ្តីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញជំហរនៅតែរក្សាជ្រើសតាំងលោក
ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ពោលមិនត្រូវការបេក្ខភាពដទៃនោះឡើយ។
សម្តេចបានបញ្ជាក់ថា ជំហរនេះ គឺរក្សាតាមការព្រមព្រៀងគ្នាតាមទូរស័ព្ទរវាងសម្តេច និង ឯកឧត្តម សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥។
នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន
មេគង្គស្ទឹងត្រែង និងផ្លូវជាតិលេខ៩ (ស្ទឹងត្រែង-ព្រះវិហារ) នៅខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ សម្តេចតេជោ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរជ្រើសយក
លោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប មិនត្រូវការ បេក្ខភាពដទៃនោះឡើយ បើមិនដូច្នោះសមាភាព
គ.ជ.ប នឹងរក្សាដដែល។
ពាក់ព័ន្ធនឹងការជ្រើសតាំងបេក្ខភាពលោក
ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប នេះ សម្តេចបានរំលឹកផងដែរថា សម្តេច និង ឯកឧត្តម សម រង្ស៊ី បានព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី២៩
ខែមីនា ឆ្នាំ២០១៥ តាមរយៈការសន្ទនាគ្នាតាម SMS គ្រាដែលលោក សម រង្ស៊ី កំពុងស្ថិតនៅប្រទេសបារាំង
ប៉ុន្តែពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោក សម រង្ស៊ី ចង់ផ្លាស់ប្តូរជំហរទៅវិញ។
សម្តេចបន្ថែមថា «ខ្ញុំបញ្ជាក់ច្បាស់ហើយ គឺអត់និយាយអីតទៀតទេ សុំទោសព្រមឬមិនព្រមបើមិនព្រមទេកុំបោះ ថ្ងៃទី១៣ មេសា ខាងមុខនេះ។ បើមិនអាចឯកភាពគ្នាបានទេ
ទុកឯកឧត្តម អ៊ឹម សួស្តី បន្តធ្វើជាប្រធាន គ.ជ.ប រហូតទៅកុំពិបាកពេក។អាថ្មីមិនចេញ អាចាស់បន្ត
កុំទារភាគហ៊ុនច្រើនពេក។ សង្ឃឹមថា ឯកឧត្តម សម រង្ស៊ី នឹង បន្តគ្រប់គ្រងបក្សនេះបន្តទៀត។
គាត់ឯកភាពជាមួយខ្ញុំនៅប៉ារីស ហេតុអីមកដល់កម្ពុជាគាត់អត់ព្រម? តើមានបញ្ហាផ្ទៃក្នុងអី? ហើយកុំថា គេបំបែកអាងអីអាងថា គេបំបែក នេះមិនមែន ឯកឧត្តមសម រង្ស៊ីជាអ្នកនិយាយទេ
គឺ អ្នកដទៃ»។
សម្តេចបានបន្ថែមថា
«លទ្ធភាពមានពីរ គឺមួយបោះឆ្នោតបាន ប៉ុន្តែបេក្ខភាពត្រូវតែជា លោក ហង្ស ពុទ្ធា។
មួយទៀតមិនចាំបាច់បោះឆ្នោតទេ គណៈកម្មការនេះ ដំណើរការទៅ ប៉ុន្តែយកច្បាប់ថ្មីមកអនុវត្ត»។
សម្តេចបានបញ្ជាក់ថា
តាមការឆ្លើយឆ្លងគ្នារវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី តាមសារទូរស័ព្ទ
ថ្ងៃទី២៩ មីនា កន្លងទៅនេះ ឯកឧត្តម សម រង្ស៊ី បានសរសេរថា សហការីទាំងអស់របស់ឯកឧត្តម
ក៏ពេញចិត្តទាំងអស់គ្នា ចំពោះការព្រមព្រៀងគ្នាជាគោលការណ៍ រវាងសម្តេច និង រូបខ្ញុំ ដែលបានឯកភាពជ្រើស រើសលោក ហង្ស ពុទ្ធា
ដែរ។ តែក្រោយមក ឯកឧត្តម សម រង្ស៊ី បានផ្លាស់ប្តូរចិត្ត
ដោយលើកហេតុផលថា លោក ហង្ស ពុទ្ធា ព្រមទាំងភរិយាគាត់ មានបញ្ហាសុខភាព ដែលគួរពិចារណាឡើងវិញ។
ក្រៅពីនោះ ឯកឧត្តម
សម រង្ស៊ី ក៏បានស្នើទៅសម្តេច នូវបេក្ខភាព៣រូបផ្សេងទៀត គឺមានលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី
និង យុត្តិធម៌នៅកម្ពុជា ហៅកាត់ថា
COMFREL, លោក នី
ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស របស់សមាគមសិទ្ធិមនុស្សអាដហុក ADHOC ហើយដែលជាមន្ត្រីរបស់
COMFREL និងលោក ហ៊ីង ធីឬទ្ធិ ជាព្រះរាជអាជ្ញាតុលាការកំពូល ហើយដែលជាអ្នកជំនាញច្បាប់។
សម្តេចតេជោ ហ៊ុន សែន
បានឆ្លើយតបសាររបស់ ឯកឧត្តម សម រង្ស៊ី វិញថា ខ្ញុំសុំអាធ្យាស្រ័យដែលមិនអាចទទួលយកនូវសំណើរឯកឧត្តម
បានដោយមូលហេតុដូចខាងក្រោម៖
១. យើងបានយល់ព្រមជាមួយគ្នាតាមរយ: SMS
លើបេក្ខភាពលោក ហង្ស ពុទ្ធា ដូចមានក្នុងលិខិតរបស់ខ្ញុំថ្ងៃ
២៩ មីនា ផ្ញើជូនឯកឧត្តម ថ្នាក់ដឹកនាំ CPP សុទ្ធតែបានដឹងរឿងនេះ។ សារព័ត៌មានមួយចំនួន
ក៏បានចុះផ្សាយហើយ ដែរ។ ការផ្លាស់ប្តូរគោលជំហរមិនមែនជាទម្លាប់នយោបាយរបស់ខ្ញុំនឹង
CPP នោះទេ លើកលែងតែសាមីខ្លួនមិនអាចបំពេញលក្ខខណ្ឌតាមផ្លូវច្បាប់បានដូចករណី
លោកស្រី ពុង ឈីវកេក លើបញ្ហាសញ្ជាតិខ្មែរតែ១។
២.តាមដឹងលោក ហង្ស ពុទ្ធា
គ្មានជំងឺទឹកនោមផ្អែមទេ។ បើទោះជាគាត់មានជំងឺនេះមែន ក៏ច្បាប់មិនបានហាម
ឃាត់មិនឲ្យឈរឈ្មោះនោះដែរមិនថា ជំងឺទឹកនោមផ្អែម សូម្បីជំងឺអេដស៍ ក៏នៅតែឈរឈ្មោះបានដែរ, CPP មិន យល់ព្រមយកបញ្ហាជំងឺនេះ ឬ ជំងឺនោះ ដើម្បីផ្លាស់ប្តូរបេក្ខភាពលោក ហង្ស
ពុទ្ធា តាមសំណើ ឯ.ឧបានទេ។ ពេលវេលា បានមកដល់ដំណាក់ការផ្តាច់ព្រ័ត្រ ហើយខ្ញុំសុំផ្តល់ជម្រើស
២ជូន ឯកឧត្តម គឺ៖ ១.
បន្តគាំទ្របេក្ខភាព លោក ហង្ស ពុទ្ធា តាមការព្រមព្រៀងថ្ងៃ២៩ មីនា រវាង ឯកឧត្តម និង ខ្ញុំ ហើយចុះហត្ថលេខាលើលិខិតផ្ញើជូនគណៈ
អចិន្ត្រៃយ៍រដ្ឋសភា ដែលខ្ញុំ បានចុះហត្ថលេខារួចហើយ។
២. មិនបាច់បោះឆ្នោតរើស
គ.ជ.ប ថ្មីថ្ងៃ ១៣ មេសា ទេ ដោយយកមូលហេតុគណៈបក្សទាំង២
មិនឯកភាពគ្នាលើការរើសបេក្ខភាពទី៩។ ក្នុងករណីបែបនេះ គ.ជ.ប បច្ចុប្បន្ននឹងបន្តការងាររហូត
គ.ជ.ប ថ្មី ត្រូវបានជ្រើសតាំងឡើង។
សម្តេច ហ៊ុន សែន បានប្រកាសបដិសេធថា ការលើកឡើងពីបញ្ហាសុខភាពរបស់លោក ហង្ស
ពុទ្ធា គឺជាការប្រមាថមួយដ៏ធ្ងន់ណាស់។ ពេលនេះ លោកហង្សពុទ្ធា
ទើបតែអាយុ ៥០ ឆ្នាំ ហើយតាមដំណឹងដែលសម្តេចទទួលបាន គឺលោក ហង្ស ពុទ្ធា មិនមានជំងឺអ្វីទេ។
បន្ទាប់ពីមានការឯកភាពរវាង
សម្តេចតេជោ និងឯកឧត្តម សម រង្ស៊ី ជុំវិញការជ្រើសតាំង លោក ហង្ស ពុទ្ធា
ជាសមាជិកទី៩ នៃ គ.ជ.ប ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិត្រូវបានគេទម្លាយឲ្យដឹងថាមានការឯកភាព
និងស្រុះស្រួលគ្នាហើយក្នុងការទទួលយក លោក ហង្ស ពុទ្ធា។
គួរបញ្ជាក់ថា លោកបណ្ឌិត
ហង្ស ពុទ្ធា បច្ចុប្បន្ន ជានាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
(និចហ្វិច) ហើយលោក ហង្ស ពុទ្ធា ក៏ត្រូវបានគេសង្កេតឃើញថា ជាញឹកញាប់លោកតែងបានចូលរួមក្នុងសកម្មភាពសង្គមជាបន្តបន្ទាប់ ពិសេសលោក ហង្ស ពុទ្ធា មានការសហការយ៉ាងល្អជាមួយនិងបណ្តាអង្គការសង្គមស៊ីវិល។
ការជ្រើសរើសរូប លោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប ដែលជាសមាជិកឯករាជ្យនោះ
ត្រូវបានគេមើលឃើញថា លោកពិតជាអាចបំពេញតួនាទីនេះបានយ៉ាងល្អប្រសើរ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment