យោងតាមសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៣១ ខែមីនា
ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់
ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារបានជ្រាបថា
យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ប្រសួងលេខ ២៤៨ កប/ប្រ.ក
ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ
២០១៥ សូមលោក លោកស្រី អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរ
ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី ១៤-១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹងដដែល
ក៏បានបញ្ជាក់ថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឲ្យមានការស្ម័គ្រចិត្ត
ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ
មានសិទ្ធិទទួលបាននូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្នើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
ក្នុងករណីមានលទ្ធភាព ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន គួរចាត់តាំងឲ្យមានការលេងល្បែងកំសាន្តនានា
នៅតាមសហគ្រាសគ្រឹះសា្ថនរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចួលឆ្នាំ
និងដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតដែលបានបំពេញការងារកន្លងមក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមជឿជាក់ថា លោក
លោកស្រី ដែលជាម្ចាស់ និងជានាយក សហគ្រាស គ្រឹះស្ថានទាំងអស់ ប្រាកដជាអនុវត្តតាមសេចក្តីជូនដំណឹងនេះ
បានល្អត្រឹមត្រូវជាពុំខាន។
គួរបញ្ជាក់ថា ពិធីបុណ្យចួលឆ្នាំថ្មីប្រពៃណីខ្មែរ
នឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គឺនៅថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦
ខែមេសា។ តាមទំនៀមទម្លាប់ប្រពៃជាតិ បងប្អូនប្រជាជនខ្មែរតែងតែរៀបចំផ្ទះសំបែង
បោសសម្អាត និងតុបតែងជាគ្រឿងលម្អផ្សេងៗ រួមជាមួយ និងការរៀបចំគ្រឿងសការៈបូជាមួយចំនួន
មានដូចជាទៀន ធូប ផ្កាផ្ញី ផ្លែឈើ និងនំចំណី ជាដើម ដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មី
និងបែរបន់សូមពរជ័យសេរីសួស្តី ពីទេវតាឆ្នាំថ្មីដល់គ្រប់ក្រុមគ្រួសារខ្មែរ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment