នៅព្រឹកថ្ងៃទី០១ ខែមេសា
ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គ និង
ផ្លូវជាតិលេខ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ។
ស្ពាន និងផ្លូវនេះ
ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង
ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែង ១.៧៣១ម៉ែត្រ ទទឹង ១៣,៥
ម៉ែត្រ។ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ជាស្ពានដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ៩
តភ្ជាប់ពីក្រុងស្ទឹងត្រែង ផ្លូវជាតិលេខ៧ ទៅកាន់ខេត្តព្រះវិហារ ដែលមានប្រវែង
១៤៤គីឡូម៉ែត្រ ដោយចំណាយ ទឹកប្រាក់ប្រមាណ ១១៦ លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន។
ក្រោយដាក់ឲ្យដំណើរការស្ពាន
និងផ្លូវ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែងតែម្តង។
ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែងនេះ បានចួលរួមចំណែកយ៉ាងសំខាន់
សម្រួលដល់ការដឹកកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលពីមុនមក កសិផលរបស់គាត់ត្រូវដឹកតាមទូក
ហើយប្រឈមនិងការលំបាកខ្លាំងនៅរដូវវស្សាដែលមានទឹកជំនន់។
គួរបញ្ជាក់ថា គម្រោងស្ថាបនាស្ពាន
និងផ្លូវនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០១១ ហើយគ្រោងនឹងបញ្ចប់គម្រោងនា ខែមករា
ឆ្នាំ២០១៦ ប៉ុន្តែស្ពាន និងផ្លូវ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកនេះ ត្រូវបានសាងសង់ចប់សព្វគ្រប់មុនការគ្រោងទុក
ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៥ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ដែលនឹងមកដល់ក្នុងពេលខាងមុខ៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment