ដើម្បីចូលរួមអបអរសារទរចូលឆ្នំាថ្មី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីចំរើនព្រះបរិត្ត
សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ដែលនឹងចូល
មកដល់ថ្ងៃខាងមុខនេះ ។
ពិធីនេះ
ប្រារព្ធនៅអគារមិត្តភាព នាព្រឹកថ្ងៃទី៩ ខែមេសានេះ ដោយមាននិមន្ត សម្ដេចព្រះ
អគ្គមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក គណៈមន្ត្រីសង្ឃ និងព្រះសង្ឃ ចំនួន៧អង្គ
ចំរើនព្រះបរិត្ត ប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ចំពោះលោកជំទាវអាយ អានី
សុខ អាន , ព្រមទាំង សមាជិកសមាជិការាជរដ្ឋាភិបាល ,
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការទាំងអស់
នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងការបំពេញភារៈកិច្ច នាឆ្នាំថ្មីខាងមុខ ។
គួរកត់សំគាល់ថា
ជារៀងរាល់ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌជាដើម
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី
តែងតែប្រារព្ធពិធី ព្រះពុទ្ធសាសនាបែបនេះ ម្យ៉ាង គឺដើម្បីសុំសេចក្តីសុខចំរុងចំរើន
ដល់មន្ត្រីរាជការ និងម្យ៉ាងទៀត ដើម្បីប្រោះព្រំ ឲ្យមានភាពសុខដុមរមនា
ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងស្ថាប័នកំពូលមួយរបស់រាជរដ្ឋាភិបាល
ជាក្បាលម៉ាស៊ីនប្រមូលផ្តុំ នូវកម្លាំងបញ្ញាញាណ គ្រប់ស្រទាប់ ដែលបម្រើឲ្យគ្រប់កិច្ចការនយោបាយរបស់រាជរដ្ឋាភិបាល
ទាំងលើការងារអភិបាលកិច្ច និងកំណែទំរង់នានា ។
ក្រោយពីបញ្ចប់កម្មវិធីចម្រើនព្រះបរិត្ត
លោកជំទាវ អាយ អាន្នី សុខ អាន ព្រមទាំងឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា
រាជរដ្ឋាភិបាល និង មន្ត្រីរាជការ ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី
បានបន្តទៅទស្សនារបាំត្រុដ និង របាំជូនពរ
ដែលសិល្បករ សិល្បការិនី សំដែងនៅខាងមុខ វិមានសន្តិភាព ដើម្បីអបអរសារទរ
ជូនពរ ជាពិសេស បណ្តេញឲ្យអស់នូវភាពឧបទ្រុបទាំងឡាយក្នុងឆ្នាំចាស់
និងផ្លាស់យកជោគជ័យ សិរីសួស្តី សម្រាប់ឆ្នាំថ្មី ៕



No comments:
Post a Comment