នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៥នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសភា
ដែលបានដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ថ្មី សម្តេចតេជោ
ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
បានបង្ហាញការសាទរ និងអរគុណ គណៈកម្មាធិការអចិន្ត្រៃយ៍សភា ដែលបានគាំទ្រសមាជិក
គ.ជ.ប.ថ្មី ទាំងសម្តេច និងឯកឧត្តម សម រង្ស៊ី បានបញ្ជាក់ដូចគ្នាថា លទ្ធផលដែលកើតចេញនៅថ្ងៃនេះ
សុទ្ធតែផ្តើមចេញពីវប្បធម៌សន្ទនា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្មារតីសន្ទនាបានរីកដុះដាលគ្រប់ទីកន្លែង
និងបន្តធ្វើដល់មូលដ្ឋាន។ “នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមាចស៊ីត្រី”
ត្រូវបានបញ្ចប់ហើយ។ សម្តេចបន្តថា ច្បាប់បោះឆ្នោតថ្មី ពិសេសណាស់់
គឺបង្កើននូវជំនឿទុកចិត្ត សម្រាប់ការបោះឆ្នោត សង្ឃឹមថានឹងមិនមានបញ្ហាជ្រាំដែលទៀតទេ។
ជាមួយគ្នានេះដែរ ឯកឧត្តម សម
រង្ស៊ី មានប្រសាសន៍បញ្ជាក់ដែរថា
សូមគាំទ្រនូវប្រសាសន៍ របស់សម្តេច ហ៊ុន សែន ពេញទំហឹង។
រាល់ពាក្សពេចន៍សម្តេចហ៊ុន
សែន ត្រូវចងចាំជាប្រវត្តិសាស្ត្រ ។ ឯកឧត្តម
អបអរសាទរចំពោះរដ្ឋសភាជាតិ ដែលបានជ្រើសរើសសមាជិក
គ.ជ.ប.ថ្មី។ ឯកឧត្តម បញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាជនមានជំនឿលើ
គ.ជ.ប. ហើយការបោះឆ្នោតទៅថ្ងៃមុខមិនមានបញ្ហាដូចមុនៗទេ។ ឯកឧត្តម ឲ្យដឹងទៀតថារាល់ការសម្រេចរបស់
គ.ជ.ប ថ្មី ត្រូវឈរលើមតិភាគច្រើនក្នុងចំណោមសមាជិកទាំង៩ ពោលគឺសំឡេងចំនួន៥។
តាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ
បានឲ្យដឹងថា សមាជិក គ.ជ.ប ទាំង៩នឹងលាលែងតំណែងពីគណបក្សនយោបាយដើម្បីធ្វើកិច្ចការនេះ។
សម្តេចបន្តថាសមាជិកទាំង៩នឹងជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប
ដោយខ្លួនឯង និងគ្មានការជ្រៀតជ្រែកពីគណបក្សទាំងពីរ ។
សម្តេចបន្តថា សមាជិកគ.ជ.បថ្មីនឹងស្បថចូលកាន់តំណែនៅថ្ងៃសៅរ៍
ចុងសប្ដាហ៍នេះ ក្រោមវត្តមានសម្ដេចចៅហ្វាវាំង គង់ សំអុល និងផ្ទេរមុខតំណែងពីសមាជិកគ.ជ.ប
ចាស់នៅថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០១៥ ពោលគឺមុន ពិធីបុណ្យចូលឆ្នាំខ្មែរមួយថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំសភាពេញអង្គ
នាព្រឹក ថ្ងៃទី០៩ ខែមេសា នេះថា សមាជិក គ.ជ.ប ទាំងអស់ ចាប់ពីថ្ងៃនេះតទៅ លែងស្ថិតនៅក្រោម
គណបក្សនយោបាយទៀតហើយ។ សម្តេច ក៏បានជំរុញឲ្យសមាជិក គ.ជ.ប ថ្មី ត្រូវលាលែងពីតួនាទីក្នុង
អង្គការសសង្គមស៊ីវិល ដែលខ្លួនបានបំពេញការងារនាពេលកន្លងទៅ។
គួរបញ្ជាក់ថា រដ្ឋសភានៅព្រឹកថ្ងៃទី ០៩ នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់
ឯកឧត្តម ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជាឲ្យក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត(គ.ជ.ប)ថ្មី និងឯកឧត្តម គួយ ប៊ុនរឿន មកពីគណបក្សសង្រ្គោះជាតិ
ជាអនុប្រធាន គ.ជ.ប តាមការរៀបចំរបស់គណបក្សទាំងពីរ និង៧រូបទៀតជាសមាជិក
គ.ជ.ប៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment