- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អានី សុខអាន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម អ៊ឹម ឈុនលីម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ និងខេត្មណ្ឌលគីរី
- ឯកឧត្តម ស ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី!
ជាបឋម តាងនាមឲ្យក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពសំដែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការ គណៈរដ្ឋ មន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យទន្លេ ដែលបាននិងកំពុងរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៥ខែមីនា ឆ្នាំ២០១៥ នៅលើទឹកដី ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ដ៏ទាក់ទាញនៅភូមិភាគឦសានរបស់កម្ពុជា។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋ ទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផ្នែកឯកជន និងបង ប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ ប្រកបដោយសេចក្តីសប្បាយរីករាយ។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ពិធីបុណ្យទន្លេត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្នុង គោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសដើម្បីរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផល ទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ានឆ្នាំ ២០១១‑២០១៥ និងឆ្ពោះទៅផែនការក្រោយឆ្នាំ២០១៥ (Post-ATSP 2016-2020) ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និងមេគង្គ- ជប៉ុន។
លើសពីនេះទៀត ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តជាប់ដងទន្លេ ហើយពិធីបុណ្យទន្លេនេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រនយោបាយរ បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោ-ជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និងវប្បធម៌។ ព្រមជាមួយនេះ ពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំការយល់ដឹងជាសាធារណៈដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃ ធនធានតាមដងទន្លេទាំងអស់ និងអំពីទស្សនាទាន “ស្អាត និងបៃតង”។ ជាក់ស្តែង ក្នុងពិធីបុណ្យទន្លេលើកទី១នេះ ក្រសួងទេសចរណ៍បានជ្រើសរើស និងផ្តល់នូវអាជីវកម្មល្អ និងបុគ្គលគំរូនៅខេត្តជាប់ទន្លេ សរុបចំនួន ៣៨ ទីតាំង ក្នុងនោះ ៣១ មូលដ្ឋានអាជីវកម្ម, ៣ រមណីយដ្ឋានទេសចរណ៍ ១ សហគមន៍ផលិតវត្ថុអនុស្សាវរីយ៍ និងបុគ្គលគំរូ ចំនួន ៣រូប។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
នៅក្នុងពិធីបុណ្យទន្លេលើកទី១ គណៈកម្មការអន្តរក្រសួង បានរៀបចំឲ្យមានជាសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោមៈ
១- ពិធីថ្វាយសក្ការៈ ដែលបានរៀបចំកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
២- សកម្មភាពកីឡា
ដែលមានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ ចំបាប់លើឆ្នេរខ្សាច់ ជិះកង់
រត់ប្រណាំង ការប្រណាំងម៉ូតូទឹក ការប្រណាំងទូកប្រពៃណី ប្រដាល់គុនបុរាណខ្មែរ
ឆ័ត្រយោងពីលើអាកាស…។
៣- មហោស្រពម្ហូបអាហារ
ស្រា និងភេសជ្ជៈ និងការតាំងពិព័រណ៍សមិទ្ធផលផលិតផល កសិទេសចរណ៍
និងផលិតផលខ្មែរ ក្រោមកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច
និងមធ្យមកម្ពុជា។
៤- ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរជាដើម។
៥- ការរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ”ទេសចរម្នាក់ ដើមឈើមួយដើម” ”គូរស្រករមួយគូរ ដើមឈើ២ដើម”នៅសហគមន៍កោះទ្រង់ជាដើម។
ប្រការគួរកត់សំគាល់
និងជាទីមោទនៈសំរាប់ពិធីបុណ្យទន្លេលើកទី១ គឺមានការចូលរួមជាច្រើនពីផ្នែកឯកជន
សាធារណជន និងប្រជាពលរដ្ឋមូលដ្ឋាន
ជាពិសេសកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា
ដែលមានលោកឧកញ៉ា តែ តាំងប៉ ជាប្រធាន ដែលនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏មានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងសហការីដែល បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ធ្វើការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗនៅខេត្តក្រចេះបានល្អប្រសើរ ព្រមទាំងបំផុសចលនាប្រជាជន និងយុវជនឲ្យចូលរួមយ៉ាងសកម្ម និងផុលផុសក្នុងការថែរក្សា ការពារបរិស្ថាន អនាម័យ សំរាម និងសណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ទីក្រុង និង តាមដងទន្លេខេត្តក្រចេះ ដែលធ្វើឲ្យខេត្តក្រចេះប្រែមុខមាត់ថ្មី និងសក្តិសមជាគោលដៅទេសចរណ៍សំរាកលំហែកំសាន្តប្រកបដោយភាពទាក់ទាញ និងស្រស់បំព្រង។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ពិធីបុណ្យទន្លេលើកទី១ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍសហគមន៍” ដែលឆ្លុះបញ្ចាំងឲ្យឃើញថាការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗតាមដងទន្លេ បានកំពុងក្លាយជាកាតាលីករជំរុញការអភិវឌ្ឍនៅតាមសហគមន៍ ដោយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមដល់ការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសាកល។
ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមតំបន់ជាប់ដងទន្លេ បានរួមចំណែកបង្កើតឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ សក្តា នុពលទាំងនេះបានធ្វើឲ្យកម្ពុជា កំពុងទទួលស្វាគមន៍កំណើននៃការមកដល់ទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែងនៅឆ្នាំ២០១៤ កន្លងទៅ ចំនួនទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួន ៤.៥០២.៧៧៥នាក់ កើនឡើង ៧% ធៀបនឹងឆ្នាំ២០១៣។ តាមព្យាករណ៍ នៅឆ្នាំ២០១៥ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ និងប្រមាណ ៧,៥ លាននាក់ នៅឆ្នាំ២០២០ ។ ការរីកចម្រើននៃវិស័យទេសចរណ៍ គឺពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋពិសេសចូលរួមដល់ការសម្រេចនូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បី “កំណើន ការងារ ប្រសិទ្ធភាព និងសមធម៌”។
- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី!
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចតេជោនាយក-រដ្ឋមន្ត្រី ដែលបានអនុញ្ញាត និងគាំទ្រដល់ការរៀបចំពិធីបុណ្យទន្លេនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញនៅតំបន់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំក៏សូមអរគុណចំពោះការអញ្ជើញចូលរួមទស្សនាយ៉ាងកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសូមអរគុណចំពោះគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ គ្រប់ភាគីពាក់ព័ន្ធទាំង រដ្ឋ និងឯកជន កីឡាករ-កីឡាការិនី សិល្បករ-សិល្បការិនី និងក្រុមហ៊ុន Sponsor នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំពិធីបុណ្យទន្លេ រួមចំណែកធ្វើឲ្យខេត្តក្រចេះរីកមុខមាត់ថ្មី និងបន្តភាពទាក់ទាញរបស់ខ្លួននាពេលអនាគត ទាំងលើផ្នែកសេដ្ឋកិច្ច-សង្គម វិនិយោគ និងទេសចរណ៍។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធ ផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ បណ្តាញសារព័ត៌មាន និងអ្នកនិពន្ធ និងសិល្បៈករ‑ការិនីទាំងអស់ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុង ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ពិសេសសក្តានុពលទេសចរណ៍តំបន់អេកូទេសចរណ៍ភូមិភាគឦសាន តាមរយៈការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ការតាក់តែង និងនិពន្ធបទចំរៀងទេសចរណ៍ ស្ប៉តអប់រំនានា ។
មុននឹងបញ្ចប់ ខ្ញុំសូមអនុញ្ញាតគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមជួបប្រទះ តែពុទ្ធពរ ទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

No comments:
Post a Comment