បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុន
ស៊ិនហ្ស៊ូ អាបេ ក្នុងកិច្ចប្រជុំ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៥ មីនា កន្លងទៅ
សម្តេចបានមានប្រសាសន៍ ប្រាប់លោកនាយករដ្ឋមន្ត្រីជប៉ុនថា នៅថ្ងៃទី១៩មីនាខាងមុខ
នឹងមានការជជែកដេញដោលគ្នាក្នុងសភា លើសេចក្តីព្រាងសេចក្តីស្នើច្បាប់បោះឆ្នោត
និងច្បាប់គជប។
គួរបញ្ជាក់ថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានធ្វើឡើងនៅពេលដែលសម្តេច កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងចូលរួមសន្និសីទពិភពលោកលើកទី៣
ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
តាមសេចក្តីរាយការណ៍ពី ប្រទេសជប៉ុន បង្ហាញថា ក្នុងជំនួបពិភាក្សារវាងសម្តេចហ៊ុនសែន
និងលោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ិនហ្ស៊ូ អាបេ គឺលោកនាយករដ្ឋមន្ត្រីជប៉ុន
បានមានប្រសាសន៍សំដែងនូវការរីករាយចំពោះការកែទម្រង់នានា ក្នុងប្រទេសកម្ពុជា
ពិសេសការកែទម្រង់លើការបោះឆ្នោត ដែលគឺផ្តើមចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ
នាយករដ្ឋមន្ត្រី។
ទាក់ទិនទៅនឹងការកែទម្រង់ការបោះឆ្នោតនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន មានជំនឿយ៉ាងមុតមាំថា គណបក្សទាំងពីរ នឹងបន្តការចរចារគ្នា
ដើម្បីឈានទៅសំរេចទាំងស្រុង នៅពេលឆាប់ៗខាងមុខ ហើយជប៉ុន នឹងជួយដល់កម្ពុជា
តាមរយៈការបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាការឆ្លើយតប សម្តេចតេជោ មានប្រសាសន៍ថា មកដល់ពេលនេះ គណបក្សទាំងពីរ បានធ្វើការរួមគ្នា
ដើម្បីឈានទៅសំរេច ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺនៅថ្ងៃទី១៩មីនាខាងមុខ នឹងមានការជជែកដេញដោលគ្នាក្នុងរដ្ឋសភាអំពីច្បាប់បោះឆ្នោតថ្មី។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា អ្វីៗកំពុងដំណើរការទៅមុខ ហើយនៅពេលដែលច្បាប់បោះឆ្នោតថ្មីដំណើរការហើយនោះ
ជប៉ុនអាចបញ្ជូនអ្នកឯកទេសបោះឆ្នោតមកកម្ពុជា បញ្ហាសំខាន់ គឺការជួយរៀបចំបញ្ជីបោះឆ្នោតដល់កម្ពុជា
ដោយសារនៅឆ្នាំ២០១៧ កម្ពុជាមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
និងនៅឆ្នាំ២០១៨ ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment