បើទោះបីជាអ្នកគ្រូ នាង ផល្លា ដែលជាគ្រូបង្រៀនសិស្ស គ ថ្លង់ និងពិការភ្នែក
នៅអង្គការគ្រួសារថ្មីនៃប្រទេសកម្ពុជា មិនបានក្លាយជាម្ចាស់ពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក
(Global
Teacher Prize) ក៏ដោយ ក៏ក្រសួងអប់រំនៃព្រះរាជាណាចក្រកម្ពុជា
នៅតែបន្តអំពាវនាវឲ្យសាធារណជន បោះឆ្នោតគាំទ្រអ្នកគ្រូ សម្រាប់រង្វាន់លើកទឹកចិត្តជាគ្រូបង្រៀនប្រជាប្រិយភាព។
បើយោងតាមលទ្ធផលផ្លូវការ ដែលត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យទី១៥ ខែមីនា
ពីទីក្រុងឌូបៃ ប្រទេសអេមីរ៉េត អារ៉ាប់រួម លោកស្រី Nancie Atwell មកពីសហរដ្ឋអាមេរិក ក្លាយជាម្ចាស់ពានជាមួយទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក។
បន្ទាប់ពីការប្រកាសលទ្ធផល ក្រសួងអប់រំបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា
«សូមអរគុណដល់អ្នកគ្រូ នាង ផល្លា ដែលតំណាងឲ្យគ្រូទូទាំងប្រទេសកម្ពុជា ដែលបានជាប់ជាបេក្ខជនទាំង១០រូបចុងក្រោយក្នុងកម្មវិធីគ្រូឆ្នើមពិភពលោក
ដោយបានលះបង់កម្លាំងចិត្ត និងកាយក្នុងការជួយបង្រៀនដល់កុមារពិការភ្នែក និងគថ្លង់នៅកម្ពុជា»។ ក្រសួងបញ្ជាក់បន្ថែមថា «នេះជាចំណែកមួយក្នុងការជួយពង្រឹង និងលើកកម្ពស់វិស័យអប់រំដល់កុមារគ្រប់ៗរូប។
ទោះបីជាអ្នកគ្រូ មិនបានទទួលបានជ័យលាភីក៏ដោយ យើងទាំងអស់គ្នាសូមកោតសរសើរនូវការលះបង់ដ៏ធំធេងរបស់អ្នកគ្រូ
ហើយនៅតែបន្តការលើកទឹកចិត្ត និងគាំទ្រដល់អ្នកគ្រូ ក្នុងការបំពេញការងារគ្រប់ភារកិច្ចឲ្យបានជោគជ័យ»។
ក្រសួងអប់រំអំពាវនាវដល់សាធារណជនបន្តបោះឆ្នោតគាំទ្រដល់អ្នកគ្រូ ដើម្បីអ្នកគ្រូអាចទទួលបាននូវជ័យលោភីគ្រូដែលមានប្រជាប្រិយភាពជាងគេ។
សាធារណជនអាចចូលទៅតាមរយៈតំណhttp://bit.ly/1GrhFHF រហូតដល់ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០១៥ ដើម្បីបោះឆ្នោត។
តាមរយៈជីវប្រវត្តិសង្ខេបរបស់ អ្នកគ្រូ នាង ផល្លា
ដែលត្រូវបាន បង្ហោះក្នុង គេហទំព័រ របស់ (Global Teacher Prize)
បានឲ្យដឹងថា អ្នកគ្រូបានចាប់ផ្ដើមធ្វើការជាមួយក្មេងពិការភ្នែកក្នុងឆ្នាំ១៩៨៦ជា
នាយកសាលារបស់អង្គការសហប្រជាជាតិនៅក្នុងជុំរំជនភៀសខ្លួនក្នុងប្រទេស ថៃ ហើយនៅពេលគាត់ត្រឡប់មកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣
គាត់បានក្លាយជាគ្រូបង្រៀនសិស្ស គ ថ្លង់ មុនគេបង្អស់ក្នុងប្រវត្តិសាស្ដ្រប្រទេសកម្ពុជា
។ គាត់បានបរិច្ចាគទ្រព្យសម្បត្ដិផ្ទាល់ខ្លួនដើម្បីបើកសាលា
គ ថ្លង់ ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្កើតអក្សរផុសខ្មែរ (Braille) សម្រាប់អ្នកពិការអានផងដែរ។
បច្ចុប្បន្ន អ្នកគ្រូ នាង ផល្លា ជាគ្រូបង្រៀនកុមារ គ ថ្លង់ កុមារពិការភ្នែក
ក្នុងអង្គការគ្រួសារថ្មី នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកគ្រូ
នាង ផល្លា មានតួនាទីជាគ្រូបង្រៀន ជានាយកសាលា និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំកុមារ
គ ថ្លង់ នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ ។
គួររំឮកថាមុនពេលត្រូវបានជ្រើសរើសឲ្យជាប់ក្នុងបេក្ខជនគ្រូឆ្នើមទាំង១០ចុងក្រោយ នេះ អ្នកគ្រូ នាង ផល្លា បានឆ្លងកាត់វគ្គជម្រុះពីរដងរួចមកហើយ គឺលើកទីមួយជាប់ក្នុងចំណោមគ្រូ៥០នាក់
នៃគ្រូបង្រៀនជុំវិញពិភពលោក ដែលមានចំនួន៥០០០នាក់ចូលរួម និងលើកទីពីរ គាត់ត្រូវបានជ្រើសរើសក្នុងចំណោមគ្រូ១០នាក់ចុងក្រោយ
ពីគ្រូបង្រៀន៥០នាក់។ តាមរយៈការជ្រើសរើសដ៏ស្វិតស្វាញនេះ គឺសបញ្ជាក់ពីភាពសំខាន់
និងគុណសម្បតិ្តដ៏ច្រើនដែលអ្នកគ្រូ នាង ផល្លា មាន បើទោះបីជាគាត់មិនបានទទួលពានរង្វាន់គ្រូឆ្នើមពិភពលោកក្តីក៏នេះជាមោទនភាពរបស់កម្ពុជា
ដែលអ្នកគ្រូបាននាំយកនូវទង់ជាតិកម្ពុជាទៅលើកបង្ហាញនូវលើឆាកអន្តរជាតិ
ក្នុងកម្មវិធីដ៏វិសេសវិសាលមួយនេះ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment