ឆ្លើយតបនិងការលើកឡើង របស់សហជីពសេរីកម្មករ
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមកនេះ ដែលបានបញ្ចេញរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមខ្លួនថា
នៅឆ្នាំ២០១៤កន្លងទៅនេះ មានកម្មករដួលសន្លប់ និងរងគ្រោះថ្នាក់ការងារប្រមាណ
១៤៣១នាក់ បានរងគ្រោះធ្ងន់ និងស្រាល ហើយចោទថា មកពីក្រសួងការងារមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងបញ្ហានេះ។
នៅក្នុងរបាយការណ៍ដដែលរបស់ សហជីពសេរីកម្មករ បានលើកឡើងថា
រោងចក្រដែលមានកម្មកររងរបួស ដួលសន្លប់ និងស្លាប់ កំឡុងពេលធ្វើការក្នុងរោងចក្រ
ដោយសារហូបមិនគ្រប់គ្រាន់ ធ្វើការលើសម៉ោង ពុលកាវ ធំក្លិនថ្នាំពីសំភារៈ
គ្មានសេវាសុខភាព និងដោយសារពុលជាតិគីមីជាដើម។ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ
នៃព្រះរាជាណាចក្រកម្ពុជាបានទំលាក់បញ្ហានេះថា មកពីក្រសួងការងារមិនបានបញ្ជូលមន្ត្រីអធិការកិច្ច
ដើម្បីតាមដាន និងពិនិត្យមើលតាមរោងចក្រទើបធ្វើឲ្យមានហានិភ័យខ្ពស់ដល់កម្មករក
ម្មការនី។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានច្រានចោលការចោទប្រកាន់នេះថា
មិនមានមូលដ្ឋានច្បាស់លាស់ ហើយចេះតែចោទក្រសួងដោយខ្វះការសាកសួរទៅអង្គការ
ILO ឬសួរសហការីរបស់ខ្លួនតាមរោងចក្រឡើយអំពីសម្មភាពរបស់ក្រសួង។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារបានចុះធ្វើអធិការកិច្ចនៅរោងចក្រទូទាំងប្រទេស មានដល់ប្រាំពីរពាន់ប្រាំបីរយលើក ក្នុងឆ្នាំ ២០១៤ ។ ឯកឧត្តមបន្តថា «ការវិនិច្ឆ័យរបស់សហជីពនីមួយៗនៅក្នុងការឲ្យពិន្ទុទៅលើអ្វីដែលជាការយល់ឃើញរបស់គាត់ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់គាត់ បើសិនជាមិនផ្អែកទៅលើភាពជាក់ស្តែងទេ នោះវានឹងធ្វើឲ្យសហជីពរបស់គាត់មិនមានសេចក្តីថ្លៃថ្នូរ និង គួរឲ្យគោរពនោះទេ»។
ឯកឧត្តម ហេង សួរ បានឲ្យដឹងបន្ថែមទៀតថា ក្រសួងការងារបានធ្វើសន្និបាត
ហើយ គ្រោងនឹងឲ្យថៅកែរោងចក្រ បញ្ឈប់ការបង្ខំកម្មករធ្វើការថែមម៉ោង
កែលម្អលក្ខខណ្ឌការងារ ផ្តល់សេវារាប់រងឲ្យទាន់ពេលដល់កម្មករពេលគ្រោះថ្នាក់ការងារ
កែលំអអាគារតាមស្តង់ដា ហើយផាកពិន័យដល់រោងចក្រណា ដែលមិនគោរពតាមបទដ្ឋានរបស់ក្រសួង។
ជាមួយគ្នានេះដែរ លោក
សោម អូន ប្រធានសហព័ន្ធសហជីពជាតិកម្ពុជា បានប្រាប់ GNN នៅថ្ងៃនេះថា តួលេខដែលខាងសហជីពសេរីកម្មករ
បានលើកឡើងនេះគឺមិនផ្លូវការទេ គឺតួលេខរបស់បេឡាជាតិសន្តិសុខសង្គម
(បសស) ទើបជាតួលេខផ្លូវការ ព្រោះជាយន្តការមួយដែលធ្វើការពាក់ព័ន្ធនិងរឿងនេះផ្ទាល់។
លោក សោម អូន បន្តថា ពាក់ព័ន្ធនឹងការលើកឡើងថា
ក្រសួងមិនមានការយកចិត្តទុកដាក់ចំពោះបញ្ហានេះ លោកយល់ថា រយៈពេល២-៣ឆ្នាំមុន
បញ្ហាដួលសន្លប់នេះគឺមានច្រើន ប៉ុន្តែក្រោយមក យើងឃើញថានៅក្នុងឆ្នាំ២០១៤ ខាងក្រសួងការងារក៏បង្កើតនូវគណៈកម្មការចំរុះ
ដែលមានសមាសភាពពីខាង សហជីព និយោជក និងខាងក្រសួងការងារ សំរាប់ត្រួតពិនិត្យទៅលើបរិស្ថាន
ត្រួតពិនិត្យទៅលើការធ្វើការរបស់កម្មករ
ដូចជាមិនអនុញ្ញាតឲ្យមាន ការធ្វើការថែមម៉ោងលើសពី២ម៉ោងក្នុងមួយថ្ងៃជាដើម និងមានការត្រួតពិនិត្យទៅលើស្តង់ដារបស់រោងចក្រនីមួយៗ
ជាពិសេសគឺពាក់ព័ន្ធទៅនឹងការរស់នៅរបស់កម្មករ ឬក៏ការប្រើប្រាស់ពាក់ព័ន្ធទៅនឹងអ្វីដែលក្រុមហ៊ុនគាត់បានប្រើដូចជាពាក់ព័ន្ធទៅនឹងជាតិពុល
ហើយយើងឃើញថានៅក្នុងឆ្នាំ២០១៤នេះ បើយើងប្រៀបធៀបទៅនឹងពេលមុន គឺមានការកាត់បន្ថយច្រើន៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment