ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានឃើញ កម្ពុជានៅពេលនេះមានការរីកចំរើនយ៉ាងខ្លាំង ហើយឯកឧត្តម ក៏បានសូមវាយតម្លៃខ្ពស់ និងសំដែងនូវការអបអរសាទរយ៉ាងខ្លាំងជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី សៀលថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអ្នកយកព័ត៌មានដឹងនៅក្រោយជំនួបនោះថា ឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការទាំងផ្លូវរដ្ឋ និងផ្លូវបក្ស មកកាន់ ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។
ឯកឧត្តម បញ្ជាក់ថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាកាលពី ឆ្នាំ២០០៧ ហើយនៅ ពេលនេះ ឯកឧត្តមបានសង្កេតឃើញថា កម្ពុជានៅពេលនេះមានការរីក ចំរើនយ៉ាងខ្លាំង ហើយ ឯកឧត្តម ក៏បានសូមវាយតម្លៃខ្ពស់ និងសំដែងនូវការអបអរសាទរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ។ ព្រមជាមួយនេះ ឯកឧត្តមក៏បានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះជោគជ័យដ៏ត្រចះ ត្រចង់ នៃលទ្ធផលមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានារយៈពេលកន្លង មក។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម ជុំម៉ាលី សាយ៉ាសន ដែលបានគាំទ្រ អបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលកម្ពុជាទទួលបាន។ សម្តេចមានប្រសាសន៍ថា សម្តេចមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា ឡាវ គឺមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងចំណោម ប្រទេស អាស៊ាននាបច្ចុប្បន្ន។ ក្នុងន័យនេះ សម្តេច បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធ ផលនេះ និងបានស្នើសុំឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹង មាំថែមទៀត៕




No comments:
Post a Comment