សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងកិច្ចជំនួបពិភាក្សាការងារនាវិមានសន្តិសភាព នាល្ងាចថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានសម្តែងគំនិតសុទិដ្ឋិនិយមរបស់ខ្លួនចំពោះទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ឯកឧត្តមជុំម៉ាលី សៃយ៉ាសន បានថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចទាំងលក្ខណៈផ្លូវរដ្ឋ និងផ្លូវបក្សរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ។
ឯកឧត្តមប្រធានរដ្ឋឡាវ បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តម បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០០៧ ហើយសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា នៅពេលនេះ ឯកឧត្តមបានសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំងតាមរយៈនេះ ឯកឧត្តមសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពិសេសចូលរួមអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សបំផុត ក្នុងរយៈពេលដ៏ខ្លីមកនេះ។
ឯកឧត្តម អ៊ាងសុផ្លែត បានមានប្រសាសន៍ឲ្យដឹងថា “ឯកឧត្តមប្រធានរដ្ឋឡាវក៏បានសំដែងនូវការចូលរួមអបអរសាទរផងដែរ ចំពោះលទ្ធផល ដែលមហាសន្និបាតវិសាមញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលកន្លងទៅថ្មីៗនេះសម្រេចបាន”។
សូមបញ្ជាក់ថា ឯកឧត្តម ជុំម៉ាលី សៃយ៉ាស៊ន និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ តបតាមការយាងអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានមកដល់កម្ពុជានាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន បានចូលបង្គំគាល់ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ឧត្តម ជុំម៉ាលី សៃយ៉ាស៊ន និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅដាកកម្រងផ្កាគោរពព្រះវិញាណខ័ន្ធសម្តេចព្រះបរមរតនកោដិ ព្រះនរោត្តម សីហនុ និងវិញាណខ័ន្ធវិរបុរសយុទ្ធជនខ្មែរនៅវិមានឯករាជ្យផងដែរ៕



No comments:
Post a Comment