Sunday, January 18, 2015

ទស្សនៈ ដោយ​សាស្ត្រាចារ្យ ប៉ែន ងឿន អ្នក​រាយការ​ណ៍​ពិសេស​ UN៖ Surya P. Subedi

ដំណើរ​បេសកកម្ម​ចុងក្រោយ​ជាពេលវេលាដែលគាត់លើកពីគុណសម្បត្តិរបស់គាត់ ចំរៀងច្រៀងលា​ចុងក្រោយ​របស់​គាត់​ផ្ញើ​ទៅ​ឲ្យ​ពល​រដ្ឋខ្មែរ

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះទេ សាស្ត្រាចារ្យ​ 
Surya Subedi នឹង​​លើកពី​គុណសម្បត្តិរបស់គាត់ ចំពោះការ​រីក​ចម្រើន​​ទៅមុខក្នុងការ​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ​មាន​ភាព​ឯករាជ​ ដោយ​សំដៅជា​ពិសេស​ទៅ​លើ​កំណែទម្រង់​​ច្បាប់​និង​តុលាការ​។ គាត់​នឹង​ពិត​ជា​ចង់​សំដែងថា បើគ្មាន​សម្លេង​របស់​គាត់​ទេ កម្ពុជា​នឹង​មិន​បាន​ស្វះ​ស្វែង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធច្បាប់​និង​​តុលាការ​នោះទេ។ តើ​គាត់​នឹង​បញ្ឈប់តែ​ត្រឹម​នោះ​ មែន​ទេ? គាត់នឹង​មិន​បញ្ឈប់​នៅ​ត្រឹម​នោះ​ទេ។ គាត់​នឹង​និយាយថា គេ​ត្រូវ​ធ្វើ​ការងារ​ច្រើន​ថែម​ទៀត។ ជា​ការ​ពិត​កំណែទម្រង់​នឹង​មិន​មាន​កា​របញ្ឈប់ទេ លើកលែងតែទស្សនៈនៃការ​ផ្លាស់ប្តូ​​រត្រូវបានក្លាយទៅជា របត់ថ្មីសំរាប់អនុវត្តការងាររបស់​ជាតិ។​

គាត់​នឹង​ផ្តល់​គុណ​សម្បត្តិដល់​ “បាតុករ​ផ្នែក​សិទ្ធិ​មនុស្ស​” របស់​កម្ពុជា ពោល​គឺ​បើគ្មាន​ពួក​គេ​នោះ​ទេ គាត់​ក៍​មិន​អាច​​ច្បាមយក​គុណ​សម្បត្តិ​​ផ្ទាល់​ខ្លួន​របស់​គាត់​ដែរ។ គាត់​នឹង​ផ្តល់​ការ​សសើរ​ដល់​រាជ រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្វីដែលគាត់ហៅថាការ​ទទួល​យក​ដំបូន្មាន​របស់​គាត់​ និង​ការ​ទទួលស្គាល់ភាព មិន​សប្បាយ​ចិត្ត​របស់​ប្រជាជន​កម្ពុជា ដែលទាំងនេះគឺ​ជា​ការ​លើកបង្ហាញ​ពីស្នាដៃរបស់​គាត់។ អ្នក​ការ​ទូត ចំណានមិន​ត្រូវ​បន្សល់​ទុក​ភាព​ល្អក់​កក​ ហើយក៏​មិន​​ធ្វើឲ្យចំរៀងច្រៀងលាចុងក្រោយប្រឡាក់ប្រឡូស ដោយការមិនសមរម្យនោះ​ដែរ។

វា​ជា​ការ​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​ចំរូងចំរះ តាមការ​ស្មូត​​រឿង​សិទ្ធិ​មនុស្ស​ ​និងតាមការ​ប្រកាន់​យក​នូវ​តម្លៃ​មនុស្ស​ ដែលនៅក្នុងការធ្វើដំណើរនោះ ដោយ​ខាងម្ខាងគឺ យើង​​មាន​​រដ្ឋាភិបាល​មួយ​ដែល​មាន​​មោទនភាព​ចំពោះស្នាដៃរបស់​ខ្លួន​ ជា​ពិសេស​​ចំពោះការ​រំដោះ​ប្រជាជន​កម្ពុជា​ចេញ​ពី​ក្រញ៉ាំ​​របស់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​​ដែល​ប្រជាជន​កម្ពុជា​ប្រមាណ​ ២,២ លាន​នាក់​ត្រូវ​បាន​សម្លាប់​ ស្លាប់​ដោយ​អត់​អាហារ​​ដោយ​ការ​បង្ខំ​ធ្វើ​ការងារ​  ហើយដោយខាងម្ខាងទៀតគឺ​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​ដែល​ទាមទារចង់​​បាន​យុត្តិធម៌​សង្គម​ យុត្តិធម៍ចំពោះមុខច្បាប់ និង​សមភាព។ នេះ​មិន​មែនជា​ការ​អាឡោះ​អាល័យ​សោះឡើយ នៅពេលដែល​ប្រជា​ជន​កម្ពុជា​ខ្លះ​ហ៊ាន​និយាយថា ស្ថិត​ក្រោម​របប​ខ្មែរក្រហម​ មនុស្ស​គ្រប់​រូប​គ្មានលើកលែងអ្នកណាម្នាក់សុទ្ធតែក្រី​ក្រ​ដូចគ្នាហើយ​ភិត​ភ័យ​នឹង​ការ​ស្លាប់​​នៅ​គ្រប់​វិនាទី គ្រប់​នាទី គ្រប់​ម៉ោង​ និង​រាល់​ថ្ងៃ ប៉ុន្តែ​ ឥឡូវនេះ​ មាន​មនុស្ស​មាន​ទ្រព្យសម្បត្តិ​សំបូរ ហូរហៀរខ្លាំង​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គួរ​សម អ្នក​មាន​ត្រឹម​តែ​មួយ​គ្រប់ អ្នក​ក្រ និង​អ្នក​ក្រតោក​យ៉ាក អ្នក​មាន​អំណាច​ខ្លាំង អ្នក​មាន​អំណាច​មធ្យម អ្នក​ងាយ​រងគ្រោះល្មម និង​អ្នក​ងាយ​រង​គ្រោះ​បំផុត។ តើ​ហេតុអ្វី? ពួកអ្នក​គិត​នៅ​សម័យ​ថ្មី​លើក​ឡើង​អំពី​ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​​របស់​មេដឹកនាំ។ មនុស្ស​ជឿ លើ​សាសនា​គិត​ថា​វា​ជា​វាសនា​និង​ការ​រៀបចំទុក​ពី​ជាតិ​មុន។ អ្នក​គាំទ្រ​នយោ​បាយ​លើក​ឡើង​អំពី ឱកាសនិង​ការ​បាត់​បង់​កាស​។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​បាន​និយាយថា “ប្រសិន​បើ​ខ្ញុំ​មិន​ស្រលាញ់​និង​ការ​ពារ​ទឹក​ដី​ទំហំ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ​របស់​យើង​ទេ ប៉ុន្តែ​ស្រលាញ់​ត្រឹម​តែ​ដី​ ៥ ឬ ២០ ពាន់​ហិចតា​នោះ ខ្ញុំ​នឹង​បាន​ក្លាយទៅ​ជា​សេដ្ឋី​និង​រស់​នៅ​ដូច​ស្តេច​ទៅហើយ។ ” គាត់​បាន​បន្ថែម​ថា កំហុស​របស់​ខ្ញុំ​នោះ​គឺ​ថា ខ្ញុំ​ស្រលាញ់​ពេក​ហើយ​ខ្ញុំ​ចង់​ការពារ​ផ្ទៃដី ១៨១.០៣៥ គឺឡូម៉ែត្រការ៉េ​នោះ។ គាត់​បាន​បាត់​បង់​កាស​ធ្វើជា​អ្នក​មាន​។ តាម​ពិត​ នៅ​ពេល​សព្វ​ថ្ងៃនេះ គាត់​ស្ទើ​តែ​មិន​អាច​ចិញ្ចឹម​ជីវិត​បាន​ផង។

សាស្ត្រាចារ្យ Subedi បាន​ដឹង​រួច​ទៅ​ហើយ​អំពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេស​អំពី​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ស្បែក​របស់​គាត់​ក្រាស់ឃ្មឹក​គ្រាន់​បើ​ក្នុង​ការ​ទ្រាំ​ទ្រ​នឹង​ការ​វាយ​ប្រហារ​​ពី​គ្រប់​ភាគី។ ការ​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះ មន្ត្រី​អង្គការ​សហប្រជាជាតិ​ជាច្រើន​ (នៅ​សាលាក្តី​ខ្មែរក្រហម ជា​ឧទាហរណ៍​) បាន​បោស​ដៃ​របស់​ពួក​គេ​ដើ​រ​ចេញ​ពី​ការ​ងារ ទោះបីជា​ខុស​ឬ​ត្រូវ​ក៏ដោយ​ គ្មាន​នរណា​ខ្វល់​នោះ​ទេ។ ប៉ុន្តែ​មិន​មែនដូចជា​សាស្ត្រាចារ្យ Subedi ​នោះទេ។

សាស្ត្រាចារ្យ​ Surya Subedi បាន​នៅ​កាន់​ដំណែង​នោះ​រហូត​ដល់​ប់​អាណត្តិ​ ៦ ឆ្នាំ​របស់​គាត់​។ យើង​នឹង​បានស្តាប់​ឮ​នូវ​​ចំរៀងច្រៀងលាចុង​ក្រោយ​របស់​​គាត់​នៅ​ថ្ងៃសុក្រទី ២៣ ខែ​ មករា ឆ្នាំ២០១៥ នៅ​ម៉ោង​ ៣ ល្ងាចក្នុងឧកាសធ្វើសន្និសិទ្ធសាពត៍មានរបស់គាត់។ យើង​នឹង​ដឹង​ច្រើន​ថែម​ទៀត​ថាតើ​គាត់ជា​មនុស្ស​ប្រភេទបែប​ណា៕

ថ្ងៃទី​​​ ១៦ ខែ មករា  ឆ្នាំ២០១៥
សាស្ត្រាចារ្យ ប៉ែន  ងឿន
ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធសាស្ត្រ  ភ្នំពេញ  កម្ពុជា

Pngoeun@puthisastra.edu.kh

No comments:

Post a Comment