កម្ពុជា‑រុស្សី បានកសាងទំនាក់ទំនងដ៏ល្អជាមួយគ្នាជាយូមកហើយ បច្ចុប្បន្នប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់ជំរុញឲ្យយុវជននៃប្រទេស ទាំងពីរបង្កើនបាននូវទំនាក់ទំនងល្អនិងជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត។
នៅក្នុងជំនួបពិភាក្សាការងារមួយនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ជាមួយលោក Pospelov Sergey Valerievichប្រធានទីភ្នាក់ងារសហពន្ធ័សម្រាប់ កិច្ចការយុវជនរុស្សី នាព្រឹកថ្ងៃទី២៩ មករានេះ ភាគីទាំងពីផ្តោតការយកចិត្តទុកដាក់ជំរុញលើការបង្កើនកិច្ចសហ ប្រតិបត្តិការបន្ថែមទៀតរវាងយុវជនប្រទេសទាំងពីរឲ្យបានកាន់តែល្អប្រសើរជា មួយគ្នាបន្ថែមទៀតលើការកសាងទំនាក់ទំនងលើគ្រប់វិស័យជាមួយគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះយុវជនដោយបានចាត់ទុកយុវជន គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិទៅអនាគត។ ឯកឧត្តមបាន លើកទឹកចិត្តឲ្យយុវជននៃប្រទេសទាំងពីរ បង្កើននូវទំនាក់ទំនងទ្វេភាគីឲ្យបានកាន់តែរឹងមាំថែមទៀតតាមរយៈការរៀបចំឲ្យមានកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងយុវជន ឬមន្ត្រីកម្ពុជាទៅកាន់ប្រទេសរុស្សីនិងពីរុស្សីមកកាន់កម្ពុជា។
ជាការឆ្លើតប លោកPospelov បានរំលឹកអំពីការរក្សាបាននូវទំនាក់ទំនងល្អរវាងកម្ពុជា‑ រុស្សី តាំងពីដើមរៀងមក ពិសេសទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរតាមរយៈកេរ្ត៏មរតកការទូតរវាងប្រទេសទាំងពីរ។
លោកPospelov បានជំរាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសុខ អាន ដែរថា នៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ប្រតិភូសហពន្ធ័យុវជនរុស្សីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពសហពន្ធ័យុវជនកម្ពុជា និងក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាផងដែរ ដើម្បីពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ថា រុស្សីចង់ឲ្យមានអាហារូបករណ៏សម្រាប់និស្សិតកម្ពុជាបានទៅសិក្សានៅរុស្សីបន្ថែមទៀត ដើម្បីឲ្យយុវជនកម្ពុជាទទួលបានចំណេះដឹង និងបទពិសោធន៏កាន់តែប្រសើរឡើងក្នុងការរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកប្រធានទីភ្នាក់ងារសហពន្ធ័សម្រាប់កិច្ចការយុវជនរុស្សី បានប្រាប់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន អំពីបំណងរបស់រុស្សី គឺចង់ឲ្យយុវជនស្ម័គចិត្តនៅលើពិភពលោកកាន់តែច្រើនថែមទៀត ដើម្បីចូលរួមធ្វើកិច្ចការជាមួយគ្នាដើម្បីបង្កើននូវទំនាក់ទំនងជាមួយយុវជន រុស្សីឲ្យបានជិតស្និទបន្ថែមទៀត។
លោកPospelov ក៏បាន ជំរាបប្រាប់ឯកឧត្តមសុខ អាន ដែរថា នៅពេលខាងមុខនេះប្រទេសរុស្សីនឹងមានប្រារព្ធខួបលើកទី៧០ នៃសង្គ្រាមលោកលើកទី២ តាមការគ្រោងទុករុស្សីនឹងអញ្ជើញយុវជននៅលើពិភពលោកឲ្យមកចូលរួមក្នុងពិធីនោះផងដែរ។ គួរបញ្ជាក់ថាសង្គ្រាមលោកលើកទី២បានចាប់ផ្តើមនៅឆ្នាំ១៩៣៦និងបានបញ្ចប់ទៅវិញនៅឆ្នាំ១៩៤៥ គិតមកដល់ឆ្នាំ២០១៥នេះ គឺមានរយៈពេល៧០ឆ្នាំមកហើយ៕



No comments:
Post a Comment