ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩
ខែមករា នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាប្រធានក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី
ប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច របស់គណបក្សសង្គ្រោះជាតិ ជួបពិភាក្សាគ្នាជាលើកដំបូងនៅវិមានរដ្ឋសភា។
លទ្ធផលនៃជំនួបពិភាក្សា រវាងគណបក្សទាំងពីរ គឺបានព្រមព្រៀងគ្នាលើការងារចំនួន៤
រួមមាន៖ ១.ការជួបគ្នាជាទៀងទាត់រាល់៣ខែម្តង ២.ពង្រឹងវប្បធម៌សន្ទនាទៅថ្នាក់មូលដ្ឋាន
៣.ពង្រឹងស្មារតី នៃការអនុវត្តកិច្ចព្រមព្រៀង២២ កក្កដា ឆ្នាំ២០១៤និងទី៤ ប្តេជ្ញាពន្លឿនការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត។
សមាសភាព ខាងគណបក្សប្រជាជនកម្ពុជា រួមមានដូចជាៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ស ខេង ជាប្រធាន ឯកឧត្តម គាត ឈន់ និងលោកជំទាវ ម៉ែន សំអន
ចំណែកថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃ គណបក្សសង្គ្រោះជាតិ រួមមាន ឯកឧត្តមសម រង្ស៊ី
ឯកឧត្តម កឹម សុខា និងឯកឧត្តម យឹម សុវណ្ណ។
នៅក្នុងជំនួបនេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍ថា ការជួបគ្នានេះ មិនមានអ្វីធំដុំទេ
គឺគ្រាន់តែជួបដើម្បីជារូបភាព បង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ នៅតែយកចិត្តទុកដាក់
ក្នុងការលើកកម្ពស់នូវវប្បធម៌សន្ទនា។ ឯកឧត្តមបានបញ្ជាក់ថា ទាក់ទងការសន្ទនា
គឺជំហររបស់គណបក្សប្រជាជនកម្ពុជា គឺមិនមានអ្វីផ្លាស់ប្តូរទេ
នៅតែរក្សាដដែល។ ឥឡូវនេះ រដ្ឋសភាបានទទួលស្គាល់ នូវការតែងតាំងក្រុមតំណាងរាស្ត្រ
នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រួចហើយ។
ឯកឧត្តម
សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា៖ "គណបក្ស
ទាំងពីរ ជួបជុំគ្នានៅថ្ងៃនេះ ជានិមិ្មតរូបនៃការអនុវត្តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
និង ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងនៅក្នុងរដ្ឋសភាជាតិ"។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍ថា៖
"នេះជាជំនួបដំបូង បន្ទាប់ពីឯកឧត្តម សមរង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសម្តេចប្រធានរដ្ឋសភា
ទទួលស្គាល់ជាប្រធានក្រុមសភាភាគតិច នៅរដ្ឋសភា
ហើយពុំមានការជាប់គាំងនយោបាយអីធំដុំទេ ហើយការជួបគ្នា ពេលនេះ ជាការជួបគ្នាលើកដំបូង
រវាងគណបក្សទាំងពីរ ដើម្បីបង្ហាញសាធារណៈមតិ ឲ្យបានឃើញថា គណបក្សយើងទាំងពីរ
បានខិតខំ ដើម្បីត្រួសត្រាយ ផ្លូវក្នុងកិច្ចសហប្រតិបត្តិការ ហើយស្វែងរកសុខសន្តិភាព
ស្ថិរភាពជូនប្រជាពលរដ្ឋ "។
គួរបញ្ជាក់ថា
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
បានចុះហត្ថលេខាលើប្រកាស ទទួលស្គាល់ថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃ គណបក្សប្រជាជនកម្ពុជា
និងថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃ គណបក្សសង្គ្រោះជាតិ។ ក្នុងនោះ រដ្ឋសភា ក៏បានទទួលស្គាល់ឯកឧត្តម
សម រង្ស៊ី ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ផងដែរ។ ថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃ
គណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាព ដូចតទៅ៖ ឯកឧត្តម ស ខេង ប្រធាន ឯកឧត្តម
គាត ឈន់ អនុប្រធាននិង លោកជំទាវ ម៉ែន សំអន អនុប្រធាន។ ចំណែកថ្នាក់ដឹកនាំ
តំណាងរាស្ត្រនៃ គណបក្សសង្គ្រោះជាតិ រួមមាន ឯកឧត្តម សម រង្ស៊ី ប្រធានឯកឧត្តម
កឹម សុខា អនុប្រធាន និងឯកឧត្តម យឹម សុវណ្ណ លេខាធិការ។ ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃ
គណបក្សនយោបាយ នីមួយៗខាងលើនេះ មានការិយាល័យមួយ និងមានលេខាធិការ
ចំនួនពី២រូប ទៅ៤ រូប ដើម្បីជួយបំពេញការងារ។ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា
អគ្គលេខាធិការរដ្ឋសភា ត្រូវទទួលដោះស្រាយនូវមធ្យោបាយសមស្រប ដើម្បីថ្នាក់ដឹកនាំតំណាងរាស្ត្រ
នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បំពេញតួនាទី
និងភារកិច្ចរបស់ខ្លួនបានល្អ៕
អត្ថបទដោយ៖
ច័ន្ទ ទេវី



No comments:
Post a Comment