ថ្លែងក្នុងពិធីអបអរសាទរខួបទី១៥ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
និងពិធីសម្ពោធសមិទ្ធផលនានា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី
រដ្ឋមន្រ្ដីទទួលនបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៍ ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ដោយទទួល បានលទ្ធផលល្អ
ទាំងផ្នែកបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវ
ព្រមទាំងការកសាង ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា ក៍ដូចជាការបង្កើត «ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា
តេជោសែន ឫស្សីត្រឹប» សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា
និងការការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់ប្រាសាទព្រះវិហារ
ជាពិសេសការសិក្សាស្រាវជ្រាវអំពីការស្លដែក របស់បុព្វបុរសខ្មែរ តាំងពីមុន សម័យអង្គរ។
កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ គឺពិតជាកូនសោរគន្លឹះ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាឆ្ពោះទៅរកជោគជ័យថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យស្ថាប័ននេះក្លាយជាគំរូសម្រាប់គ្រឹះស្ថានដទៃទៀតពាក់ព័ន្ធនឹងវិស័យអប់រំ និងការសិក្សាស្រាវជ្រាវ ឈានឆ្ពោះទៅដល់ការទទួលស្គាល់កម្រិតតំបន់ និងអន្ដរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានមានប្រសាសន៍បន្ដទៀតថា៖ ធនធានមនុស្ស គឺជាកត្ដាមូលដ្ឋានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ជាតិនីមួយៗនៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម ដែលមានការរីកចម្រើន ជាបន្តបន្ទាប់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ ដូចនេះ នាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិត ជាត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយភាពស្ទាត់ជំនាញ គំនិតច្នៃប្រឌិត កម្រិតបច្ចេកទេសខ្ពស់ និងរបកគំហើញថ្មីៗ ផ្នែកវិទ្យាសាស្ដ្រ ដើម្បីធានាបាននូវសក្ដានុពលភាពសម្រាប់
ការប្រកួតប្រជែង ជាអន្តរជាតិ និងនិរន្ដរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តមបានបន្តថា
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងបន្ទាន់ចំពោះមុខនេះ គោលនយោបាយ យុទ្ធសាស្ដ្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងរបស់រាជរដ្ឋាភិបាល មិនត្រឹមតែសំដៅទៅលើការអភិវឌ្ឍធនធានមនុស្សទាំងបរិមាណ និងគុណភាពប៉ុណ្ណោះទេ ប៉ុន្ដែ រាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ផងដែរ ដល់ការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រនានា សំដៅដោះស្រាយបញ្ហាការងារធ្វើរបស់ប្រជាពលរដ្ឋផងដែរជាអាទិ៍យុទ្ធសាស្ដ្រពង្រឹងសកម្មភាព បណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងបច្ចេកទេស រួមជាមួយនឹងការបង្កើតឱ្យមានទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលជាយុទ្ធសាស្ដ្រសំដៅធ្វើឱ្យការបណ្ដុះបណ្ដាលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការទីផ្សារពលកម្ម
នាពេលបច្ចុប្បន្ននិងអនាគត ៕
អត្ថបទ៖
សាវឿន







No comments:
Post a Comment