នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ទិត សុធា ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា តំណាងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារចុះជួយឃុំកុមាររាជា បានដឹកនាំឯកឧត្តម លោក លោកស្រី ជាក្រុមការងារ និងក្រុមការងារសម្របសម្រួលកម្មករខេត្តតាកែវ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ នៅក្នុងឃុំកុមាររាជា ស្រុកបាទីក្នុងឱកាសនៃការប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ។
ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនេះ គឺជាកាយវិការដ៏ប្រពៃដែលបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចុះជួយមូលដ្ឋាន ជាពិសេសនៅក្នុងឃុំកុមាររាជា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវទាំងមូល។
សកម្មភាពនេះ ក៏បានបង្ហាញឱ្យឃើញផងដែរ នូវស្មារតីរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរំលេចឱ្យឃើញនូវវប្បធម៌ចែករំលែក និងការជួយគ្នាទៅវិញទៅមក ជាពិសេសការចុះទៅជួយសម្រួលដោះស្រាយការងារជាក់ស្ដែង ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។
ក្នុងបរិយាកាសដ៏រីករាយនៃការប្រមូលផលស្រូវនេះ ដែលវត្តមានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកុមារាជា បានរួបរួមយ៉ាងសស្រាក់សស្រាំ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ គឺជាការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
អត្ថបទដោយ៖ ក្រុមការងារថ្នាក់ជាតិ (ឃុំកុមាររាជា)











No comments:
Post a Comment