Saturday, June 07, 2014

គណ​ប្រតិភូ​សារៈ​មន្ទីរ Christie’s អញ្ជើញ​ទស្សនា​ប្រាសាទ​ចិន​ដើម្បី​ចង់​ស្គាល់​ទីកន្លែង​ដើម​នៃរូ​ប​បដិមា​​ទុរយោធន៍

គណៈប្រតិភូសារៈមន្ទីរ (Christie’s) អន្តរជាតិនៃសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី ០៥ ខែមិថុនា​ ឆ្នាំ ២០១៤ បានអញ្ជើញ​អញ្ជើញទៅទស្សនាប្រា​សាទ​​​ចិន​ដើម្បី​ចង់​ឃើញ​ឲ្យបាន​ជាក់​ច្បាស់ ​នូវ​ទីតាំង ដើមកំណើតពិតប្រាកដរបស់បដិមា ទុរយោធន៍​ដែល (Christie’s) ​ទើប​បាន​ប្រគល់​​ត្រឡប់មក​ឲ្យ​កម្ពុជា​វិញ។

ឯកឧត្តម សួស  យ៉ារ៉ា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រះវិហារ ដែល​បាន​ដឹក​នាំគណៈ​ប្រតិ​​​​ភូ​​​​សារៈ​​មន្ទីរ​ Christie’s អន្តរ​​ជាតិ​​នៃ​សហរដ្ឋ​អា​មេរិក​ចុះ​ទៅ​ទស្សនា​ប្រាសាទ​ចិន​ស្ថិត​ក្នុង​ទី ​តាំង​​នៃ​រមណីយដ្ឋាន​​​ប្រា​សាទ​​កោះកេរ​បាន​ឲ្យ​ដឹងថា​​ ការអញ្ចើញ​មក​ទស្សនា​ដោយ​ផ្ទាល់​របស់​ក្រុម​​​ប្រតិ​ភូ​ សារៈមន្ទីរ​​ Christie’s នេះ​គឺមាន​សារៈ​សំខាន់​ចាំបាច់​ណាស់ ដើម្បី​គេបាន​មក​ឃើញ​ផ្ទាល់​​នូវ​ទី​កន្លែង​​ដើម​​ពិត​ប្រាក​ដ​​​របស់ បដិមា​ទុរយោធន៍ថា រូប​បដិមា​នេះពិត ជា​មាន​ប្រភព​ដើម​នៅ​​​ប្រាសាទ​ចិន​ប្រាកដមែន។ តាម​រយៈ​ការមក​ស្វែងយល់ដល់ទឹកដីកំណើត​នៃ​រូប​បដិមា​​នេះ​នឹង​​នាំ​ទៅដល់​ការ ​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​នូវ​ភាព​​ជា​​​ម្ចាស់​កម្ម​សិទ្ធិ​របស់​កម្ពុជា​ លើបដិមាទុរយោធន៍​។​

ឯកឧត្តម សួស​ យ៉ារ៉ា បញ្ជាក់ថា បន្ទាប់​ពី​បាន​ឃើញ​ផ្ទាល់​នូវ​ទីតាំង​រូបប​ដិមា  គណៈប្រតិ​​​ភូសា​រៈ​មន្ទីរ Christie’s អន្តរ​ជាតិសហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ក្តី​រំភើប​ និង​កោត​សរសើរ​ដល់​បុព្វបុរស់ ដូន​​តាខ្មែរ ដែលបា​ន​បន្សល់​ទុក​នូវ​ស្នា​ដៃ​ដ៏ល្អ​ឯក​គ្មាន​ពី​រនៅ​លើពិភព​លោក​ឲ្យ​ដល់​ ​​ប្រជា​ជាតិ​កម្ពុជា។ ​ជាមួយ​គ្នា​នេះ​គណៈប្រតិភូទាំងអស់ ក៏បានសន្យាថា នឹង​ខិត​ខំធ្វើ​កិច្ច​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា  ក្នុង​ការ​ស្រាវ​ជ្រាវ​រក​បដិមា​ដែល​បាត់​មួយ​ចំនួន​ទៀត​ដើម្បី​នាំ​​មក​ ឲ្យបាន​ជួប​ជុំគ្នា​វិញ​ក្នុង​មហា​គ្រួសារ​ភាតរៈ​តែមួយ​របស់​កម្ពុជា។

គួរបញ្ជាក់ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ​មហា​គ្រួសា​រភារតៈ​មាន​បដិមា​​ចំនួន៩ នៅក្នុង​ក្រុម​តែមួយ ប៉ុន្តែ​ដោយ​សា​រប្រទេស​កម្ពុជា​ជួប​បញ្ហា​​សង្គ្រា​ម មាន​ជន​ខិល​​​ខូច​​​​បាន​​លួច​​យក​​​បដិមា​​មួយ​​ចំនួន​ធ្វើ​ការជួញ​ដូរ​ បង្ករ​​នូវការ​បាត់់បង់​អស់។ ដោយសា​ការខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជា​​ ក្រោមការដឹកនាំប្រកប​ដោយគតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និងមាន​កិច្ច​សហការ​ល្អ​ជា​មួយ​រដ្ឋាភិបាលនៃ​សហ​រដ្ឋ​​អាមេរិក​ អង្គការយូណេស្កូ សាលា​បារាំង​ចុងបូព៌ា(EFEO) និង​អ្នក​ជំនាញ​ដទៃ​ទៀត បដិមា ចំនួន​​៥រូប ដែល​​ជា​បេតិ​​កភណ្ឌ​​វប្បធម៌​របស់​ខ្មែរ មានបដិមា​ដ៏ធំ​នៃ​ដៃ​គូប្រយុទ្ធ​គ្នា​គឺ ទុរយោធន៍  ភីម​ និង​ពលរាម  រួម​ជាមួយ​នឹង​​បដិមា​ពីរ​ទៀត នៅក្នុង​ក្រុមតែមួយនេះ​គឺ សហទេព និងនកុល ដែល​​ជាទេវរូប​ពី​​រ​អង្គ​​​ក្នុង​ចំណោម​បង​ប្អូន បណ្ឌវ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជា ឲ្យ​​​​​មក​ជួប​ម្ចាស់​​ដើម​​​ពិត​​ប្រាកដ​​របស់​ខ្លួន​វិញ។ ​គួបញ្ជាក់​ផង​​ដែរ​ថា បដិមាទាំង៥ រូប​នេះ រួម​នឹង​បដិមាទី​៦​​ ​មួយ​​​​ទៀត​នៅ​ក្នុង​ឈុត​ឆាក​​តែ​​មួយ​នេះ គឺស្ថិត នៅ​​ក្នុង​​ប្រទេស​កម្ពុជាស្រាប់។ ​ក្នុង​ចំណោម​បដិមា​នៅ​ក្នុង​ឈុតឆាក​តែមួយ ​ចំនួន៩ បាន​​ជួប​​ជុំគ្នាវិញ​ចំនួន៦​​ហើយ  គឺ​​នៅ​ចំនួន​បី​ទៀតដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ត​​យុទ្ធនា​ការ​ខិត​ខំ​ប្រឹ​ងប្រែង​​ទាម​​ទារ​​យក​ត្រឡប់​មក​វិញ ដើម្បី​​បង្គ្រប់​ឈុត​ឆាក​នេះ​ឡើង​វិញ។​ បន្ទាប់​ពីបញ្ចប់​ទស្សន​កិច្ចនៅប្រាសាទ​​​​ចិនរួចមក គណៈ​ប្រតិ​ភូសារៈ​មន្ទីរ​ Christie’s អន្តរ​ជាតិ​នៃ​សហ​រដ្ឋអា​មេរិក​ក៏​បាន​​បន្ត​ដំណើរ​​ទៅ​ទស្សនា​ប្រាសាទ​ ព្រះវិហារ ​ដែល​ជា​សម្បត្តិ​បេតិ​ក​ភណ្ឌ​​វប្បធម៌​មនុស្ស​ជាតិ​​របស់ ​​កម្ពុជា​។

ឯកឧត្តម ​​សួស យ៉ារ៉ា ក៏បានរំលឹកផងដែរថា ប្រាសាទ​ព្រះ​វិហារ​ដែល​បាន​ឈ្នះ​ក្តីនៅ​ឆ្នាំ១៩៦២​ ក៏ដោយ​សារការ​ជួយពីអតីតមេធាវីអាមេរិក និង​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ផង​ដែរ។ រហូត​ដល់​​ឆ្នាំ២០១៣នេះ​ ក៏មានមេធាវីអាមេរិក​បានជួយ​ឲ្យកម្ពុជា​បាន​ឈ្នះ​ក្តីជា​ថ្មីម្តង​ទៀត​ដែរ​ ទាំង​​អស់​នេះ គឺជា​ការ​ចូល​រួម​ធ្វើ​សកម្មភាពរបស់ជនជាតិអាមេរិក ដើម្បីភាពមនុស្សធម៌ មាន​​តម្លៃ​ជា​​​សកល​ឲ្យ​កម្ពុជា​ ​ឈ្នះ​ទាំងប្រាសាទ ទាំងទឹកដី និងក៏ជាការ​កាត់​​បន្ថយ​ជម្លោះ​រវាង​ប្រទេស​ជិត​ខាងផងដែរ ឯកឧត្តម​បានឲ្យដឹងថា ការអញ្ជើញ មកទស្សនារបស់​គណប្រតិ​ភូ​​សារៈ​មន្ទីរ​​Christie’s ​នៅតាម​ប្រាសាទ​នានានេះ គឺកម្ពុជាយើងទទួលបានផលចំណេញពីរ  ទី១ អាច​បញ្ជាក់​បានពីប្រភពដើម នៃ​​ទ្រព្យសម្បត្តិរបស់យើង ដែលបានបាត់បង់  ហើយទី២ យើង​បាន​បញ្ចាក់​អំពី​ឧត្តម​ភាព​នៃ​ប្រាសាទ​ព្រះ​វិហារ​គឺ​ពិតជា​ទ្រព្យ​ សម្បត្តិ​របស់​ខ្មែរ​ និង​មនុស្ស​ជាតិ​ទាំង​មូល​។

No comments:

Post a Comment