Saturday, June 07, 2014

ក្រុម​ប្រឹក្សា​​ខេត្ត​តាកែវ​​អាណត្តិ​ទី២ ចំនួន ១៩រូប​ត្រូវ​​បាន​​ធ្វើ​ពិធី​​ប្រកាស​​ចូល​​កាន់​​តំណែង

ក្រុមប្រឹក្សាខេត្តតាកែវ ចំនួន១៩រូប ក្នុងនោះ​គណបក្សប្រជាជន​កម្ពុជា ចំនួន​១៥រូប និង​គណ​បក្សសង្គ្រោះជាតិចំនួន​០៤រូប ត្រូវបានធ្វើពិធីប្រកាស​ចូលកាន់​​តំណែង សម្រាប់​​អាណត្តិទី២ ដែល​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ២០១៤ ក្នុង​ទីរួម​ខេត្ត​តាកែវ​ ក្រោម​អធិប​តី​ភាព​ដ៍ខ្ពង់​ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី និងជាប្រធានក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ។

អញ្ជើញចូលរួម​ក្នុងពិធីនោះផង​ដែរ​រួម​មាន សមាជិក​រាជរដ្ឋាភិបាល តំណាង​ក្រសួង​មហា​ផ្ទៃ​ ​តំណាង​មន្ទីរ​នានា អាជ្ញាធរដែនដី តំណាង​គណបក្ស​ប្រជាជនកម្ពុជា​ គណបក្សសង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល និងស្ថាប័ននានា នៅជុំវិញ ខេត្តតា​កែវ​ប្រមាណ ​២៩៥នាក់។ ​

យោងតាមរបាយការណ៍របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈ​អភិបាល​ខេត្តតា​កែវ​បានឲ្យដឹងថា លទ្ធផលនៃ​ការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងមកនេះ ខេត្តតាកែវ មានបីគណបក្សនយោបាយ​បាន​ដាក់​បញ្ចី​បេក្ខជន​​ឈរឈ្មោះ បោះឆ្នោត ក្នុងនោះមានគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ​ និង​គណបក្ស​សាធា​រណរដ្ឋប្រជា​ធិប្បតេយ្យ។
ជាលទ្ធផល គណបក្សនយោបាយដែល​ទទួល​បាន​​សម្លេង​គាំទ្រមានចំនួនពីរគណបក្សនយោបាយ​ គឺ​គណបក្សប្រ​ជាជនកម្ពុជា​ សម្លេងគាំទ្រ​សម្រាប់​​​ក្រុមប្រឹក្សា ក្រុង ស្រុក មានចំនួន ៥៦២សម្លេង ទទួលបាន​១៣៤ អាសនៈ និង​ក្រុម​ប្រឹក្សា ខេត្ត​សម្លេង​គាំទ្រមានចំនួន៥៥៩ សម្លេង ទទួលបាន ១៥ អាសនៈ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ សម្លេង​គាំទ្រ​សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក មានចំនួន១៧៣សម្លេង  ទទួលបាន​៣៨ អាសនៈ និង​ក្រុមប្រឹក្សា ខេត្ត សម្លេងគាំទ្រ ១៧៦សម្លេង ទទួលបាន៤ អាសនៈ។

ឯកឧត្តមបណ្ឌិសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី​ និងជាប្រធានក្រុម​ការងារ​ថ្នាក់​ជាតិចុះជួយខេត្តតាកែវ​បាន​មាន​ប្រសាសន៍ថា ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ចូល​កាន់​តំណែង​ទាំង​១៩​រូប ​គឺជាតំណាង​ប្រជាពលរដ្ឋ​ក្នុងខេត្ត​តាកែវ​ទាំង​មូល ដែលមានភារកិច្ច​ត្រូវ​បំរើ​ប្រជាពល​រដ្ឋ​ដោយ​ស្មើភាព​ និងបំពេញ​ការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការជាក់​ស្តែង ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នា​ការ​នយោបាយ​នោះឡើយ។

ឯកឧត្តម បានមាន​ប្រសាសន៍​បន្តថា ការបោះឆ្នោត​ក្រុមប្រឹក្សាកន្លងមកនេះ​ក៍ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និងអន្តរ​ជាតិ​ ​ទទួលស្គាល់​ និងវាយតម្លៃខ្ពស់​ថាបាន​ប្រព្រឹត្តិទៅ​ដោយ​សេរី ​ត្រឹមត្រូវ យុត្តិធម៌ និង​គ្មានអំពើហិង្សា ហើយ​លទ្ធផល​នៃការបោះឆ្នោត​ត្រូវបានទទួលស្គាល់ពីគណបក្ស​នយោបាយ​ប្រគួតប្រជែង។

ឯកឧត្តម​ក៏​បានបញ្ជាក់​ផងដែរថា កម្ពុជា​កំពុងតែពង្រឹង​ និងលើកកំពស់នីតិរដ្ឋ​ ដូច្នេះ​បុគ្គល​គ្រប់​រូប ទាំងថ្នាក់ដឹក​នាំ និងប្រជាពលរដ្ឋ​ត្រូវ​តែគោរព​ច្បាប់ និងអនុវត្ត​ច្បាប់​ឲ្យបានត្រឹម​ត្រូវ​។ ជា​មួយ​គ្នា​នេះ​ ​ដើម្បីពង្រឹងអភិ​បាល​កិច្ច​ល្អ ឯកឧត្តម​​បាន​ជម្រុញឲ្យក្រុមប្រឹក្សា​​គ្រប់​លំដាប់​ថ្នាក់ ដែលជារដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ ក្នុងការផ្តល់​សេវា​សង្គម កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​សមធម៌​ តម្លាភាព និងគណនេយ្យភាព តាមរយៈ​ការគ្រប់គ្រង​អំណាច​វិមជ្ឈកា និងវិសហមជ្ឈការ។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី ក៏បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​ក្រុមប្រឹក្សា​ខេត្តដែលបានជាប់ឆ្នោត​ក្នុងអាណត្តិទី២ ទាំងអស់​ត្រូវខិត​ខំស្រាវ​ជ្រាវ និង​សិក្សាឲ្យបាន​ស៊ីជម្រៅនូ​វ​ការ​ថ្នាំងថ្នាក់ តម្រូវការ និង​បញ្ហា​​ប្រឈម​​នានា របស់​ប្រជា​​ពលរដ្ឋ ដើម្បី​មាន​វិធាន​ការដោះ​ស្រាយ​ឲ្យបាន​សម​ស្រប និងទាន់ពេលវេលា។ ជា​ពិសេស​ត្រូវ​​បន្ត​ខិត​ខំ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​​កា​រ​​ផ្តល់​​សេវា​រដ្ឋបាល​ជូន​​ប្រជា​ពល​រដ្ឋ ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ទាន់​ពេល​វេលា​​ស្រប​តាម​ការ​កំណត់ និង​ត្រូវ​ផ្សព្វ​ផ្សាយ ឲ្យ​បាន​ទូលំ​ទូលា​យ​នូវ​តារាង​តម្លៃ​សេវា និង​រយៈ​ពេល​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល ដែល​ផ្តល់​ដោយ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​ជូន​សាធារ​ណជន​ជាប់​ជា​ប្រចាំ និង​លើកកម្ពស់​ការ​ចូល​រួម​ក្នុង​​ការ​លុប​បំបាត់ការទារកម្រៃសេវាក្រៅ ពីការកំណត់។

No comments:

Post a Comment