តាកែវ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤
- ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ ប្រធាន សមាជិក ក្រុមប្រឹក្សាខេត្ត
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាតាកែវ អាណត្តិទី២ ដ៏មានសារៈសំខាន់ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា ខេត្តតាកែវ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី២ ដើម្បីបន្តដឹកនាំខេត្តតាកែវឲ្យបន្តអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោត ឯកឧត្តម លោកជំទាវ ទោះជា មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សាគឺ ជាតំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល។ ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្តតាកែវ បានបង្ហាញឲ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី១ គណៈអភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវ បានរួមសាមគ្គីសហការគ្នាយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍខេត្តតាកែវឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
សមិទ្ធផល និងស្នាដៃដែលខេត្តតាកែវ សម្រេចបាននាពេលកន្លងមក ពិតជាបាន រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ជាហេតុធ្វើឲ្យកម្ពុជាយើង កាន់តែទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគនានា ដែលជាមូលដ្ឋានធ្វើឲ្យប្រជាជាតិ និងប្រជាជនយើងបោះជំហានទៅមុខជាបន្តទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ឆ្លៀតយកឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមធ្វើការគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលប្រជាជាតិ និង ប្រជាជនយើងសម្រេចបានកន្លងមក មានជាអាទិ៍៖
I.អំពីការបោះឆ្នោត
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរហូតមកទល់បច្ចុប្បន្ន ប្រទេសយើងបានឆ្លងកាត់ ការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងសកល និងអសកលយ៉ាងទៀងទាត់ចំនួន១២លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានវាយតម្លៃថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាបន្តបន្ទាប់។
ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។
ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ សរុបមានចំនួន ៣៣២៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៣៩៣រូបនិងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន២៩៣១រូប ។
II.អំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម
ក្នុងរយៈពេលជាង២ទស្យវត្សកន្លងមកនេះ កម្ពុជាបានបង្កើតឡើងនូវសមិទ្ធផលដ៏ធំធេងក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ច និងជាពិសេសនៅក្នុងការជំរុញឲ្យមានការកើនឡើងជាបន្តបន្ទាប់នូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំៗក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ដែលជាហេតុធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងជាលំដាប់។
ផ្អែកតាមរបាយការណ៍អង្កេតភាពក្រីក្រ បានរកឃើញថាក្នុងឆ្នាំ២០១២ អត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋក៏បានថយចុះមកត្រឹមកម្រិត ១៨,៦%។ លើមូលដ្ឋាននេះ អង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជានឹងសម្រេចបាននូវគោលដៅទីមួយនៃការអភិវឌ្ឍសហសវត្ស ដែលពាក់ព័ន្ធនឹងអត្រាកាត់បន្ថយភាពក្រីក្រ ត្រឹមឆ្នាំ២០១៥។
ជាមួយគ្នានេះដែរ យើងបាននឹងកំពុងខិតខំបន្តដោះស្រាយនូវក្តីកង្វល់ដែលពាក់ព័ន្ធនឹងការធានាឲ្យមានសមធម៌នៅក្នុងការបែងចែកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាទូទៅ ដោយបានខិតខំធ្វើឲ្យវិស័យនានា ផ្នែកសង្គមកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ អត្រាមរណភាពនៃការផ្តល់កំណើតក្នុងចំណោមទារក ១០០.០០០នាក់ បានថយចុះពីចំនួន ៤៧២នាក់ នាឆ្នាំ២០០៥ មកចំនួន ២០៦នាក់ នៅក្នុងឆ្នាំ២០១០។ ការចុះឈ្មោះចូលរៀនរបស់កុមារនៅថ្នាក់បឋមសិក្សាបានកើនឡើងពីអត្រា ៨១% នៅឆ្នាំ២០០១ ដល់អត្រា ៩៤,៣% នៅឆ្នាំ២០១២។
ជារួម សមិទ្ធផលដ៏ធំធេងដែលសម្រេចបាននៅក្នុងរយៈពេលជាង ២ទស្យវត្សរ៍កន្លងមកនេះ បានធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្តូរពីស្ថានភាពនៃសង្រ្គាមស៊ីវិលទៅកាន់សង្គមមួយ ដែលកំពុង បោះជំហានលើ មាគ៌ានៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាសង្គមដែលមានសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាព ទឹកដី និងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។
III.អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាដំណើរការ រៀបចំ ការដឹកនាំគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ នៅថ្នាក់មូលដ្ឋាន។ អភិបាលកិច្ចល្អនេះតម្រូវឲ្យក្រុមប្រឹក្សារាជធានី ខេត្ត កុ្រង ស្រុក ខណ្ឌ បំពេញ តួនាទីជាតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវក្នុងការ ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធានាឲ្យមានភាពរីកចម្រើនជាក់ស្តែងនៅក្នុងគុណភាពនៃជីវភាពរស់នៅ តាមរយៈការលើកកម្ពស់សេវាសង្គម ការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឲ្យកាន់តែប្រសើរឡើង កាន់តែមានការយកចិត្តទុកដាក់ និងកាន់តែមានការឆ្លើយតបជាមួយនឹងការ អភិវឌ្ឍនៅមូលដ្ឋានប្រកបដោយសមធម៌ និងចីរភាព ដើម្បីឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ។
កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកិច្ចដំណើរការកំណែទម្រង់ដ៏សាំញ៉ាំ និងស្មុគស្មាញដោយសារកំណែទម្រង់នេះពាក់ព័ន្ធទៅនឹងការប្តូរផ្នត់គំនិត និងបែបផែននៃការបំពេញមុខងាររបស់ មន្រ្តីសាធារណៈនៅគ្រប់លំដាប់ថ្នាក់។ ព្រមជាមួយនេះ កំណែទម្រង់នេះតម្រូវឲ្យធ្វើការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើមុខងារ និងធនធានសមស្របមួយចំនួនទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទោះជាមានការលំបាកស្មុគស្មាញយ៉ាងណាក្តី ដោយសារការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកិច្ចដំណើរការកំណែទម្រង់នេះបោះជំហានទៅមុខជាមួយសមិទ្ធផលជាច្រើនក្នុងអាណត្តិទី១ នៃក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលក្នុងនោះខ្ញុំសូមកត់សម្គាល់សមិទ្ធផលសំខាន់ៗ ជាអាទិ៍៖
–យើងបានកសាងច្បាប់ និងលិខិតបទដ្ឋានជាមូលដ្ឋានសម្រាប់អនុវត្តច្បាប់រៀបចំអង្គការ និងរៀបចំកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០០៩–២០១៩) សម្រាប់ជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។
–រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងវិញ និងបានធ្វើសមាហរណកម្មមន្រ្តីរាជការប្រមាណជិត១០.០០០នាក់នៅក្នុងរចនាសម្ព័ន្ធថ្មីនេះ។
–រាជរដ្ឋាភិបាលបានសម្រេចបង្កើតឲ្យមានមូលនិធិក្រុង ស្រុក ដើម្បីបង្កលក្ខណសម្បត្តិឲ្យរដ្ឋបាលក្រុង ស្រុកមានធនធានសម្រាប់ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយ តបតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ថវិកាជាតិដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនសរុប៖ ៣.៩៦៩.៤៣៦. ៨៣០.០០០រៀល (បីលានប្រាំបួនសែនប្រាំមួយម៉ឺនប្រាំបួនពាន់បួនរយសាមសិបប្រាំមួយពាន់លាន ប្រាំបីសែនបីម៉ឺនរៀល) ស្មើនឹងជិត១.០០០លានដុល្លារ។ ក្នុងនោះ៖
· រាជធានីខេត្ត ៖ ២.៧៧៩.៧៥១.០៥០.០០០រៀល (ពីរលានប្រាំពីរសែនប្រាំពីរម៉ឺនប្រាំបួនពាន់ប្រាំពីររយហាសិបមួយពាន់លានប្រាំម៉ឺនរៀល) ស្មើនឹង ៧០០លានដុល្លារ
· ក្រុង ស្រុក ៖ ១៤៤.៦៩៧.៧៨០.០០០រៀល (មួយសែនបួនម៉ឺនបួនពាន់ប្រាំមួយរយកៅសិបប្រាំពីរពាន់លានប្រាំពីរសែនប្រាំបីម៉ឺនរៀល) ស្មើនឹងជាង ៣៦លានដុល្លារ (គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤)
· ឃុំ សង្កាត់ ៖ ១.០៤៤.៩៨៨.០០០.០០០រៀល (មួយលានបួនម៉ឺនបួនពាន់ប្រាំបួនរយបែតសិបប្រាំបីពាន់លានរៀល) ស្មើនឹងជាង២៦១លានដុល្លារ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរថវិកាគាំទ្រពីដៃគូអភិវឌ្ឍន៍នានាសម្រាប់គាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានចំនួនជាង ២២៥លានដុល្លារ ថែមទៀត។
–ក្រៅពីនេះ នៅមានសមិទ្ធផលសំខាន់ៗជាច្រើនទៀត ជាអាទិ៍ ការបង្កើត និងពង្រឹងប្រព័ន្ធគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ការអនុម័តនូវគោលនយោបាយគ្រប់គ្រងធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅរៀបចំលក្ខន្តិកៈដោយឡែករបស់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ ការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស ការរៀបចំបញ្ជីវិភាគមុខងារ និងការពិនិត្យ មើលឡើងវិញនូវមុខងារ និងធនធាន ព្រមទាំងការរៀបចំឡើងវិញនូវសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជា ២ប្រភេទ គឺសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសមាគមជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
សរុបមកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី១ បានដំណើរការស្របតាមគោលការណ៍ នៃច្បាប់រៀបចំអង្គការដោយមិនមានក្រុមប្រឹក្សាណាមួយ ដែលអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់នោះឡើយ។
IV.ទិសដៅសំខាន់ៗសម្រាប់ក្រុមប្រឹក្សាអាណត្តិទី២
ផ្អែកលើសមិទ្ធផលដូចបានគូសបញ្ជាក់ជូនខាងលើ ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី២ ត្រូវខិតខំបន្តដឹកនាំរដ្ឋបាលរបស់ខ្លួន ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត។ កិច្ចការដែលក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់រួមមានដូចខាងក្រោម៖
ក.កិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងៈ រួមមាន៖
ទីមួយ. ក្រសួងមហាផ្ទៃបានធ្វើប្រតិភូកម្មជូនប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត តាមរយៈប្រកាស លេខ១៦២៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលស្ថិតក្នុងរាជធានី ខេត្តរបស់ខ្លួន។ ហេតុនេះ ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត ត្រូវពិគ្រោះពិភាក្សាអំពីការបែងចែកភារកិច្ច ក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលា គឺកិច្ចប្រជុំចូលកាន់តំណែងត្រូវធ្វើឡើងក្នុងរយៈពេលមិនឲ្យលើសពី១៤ថ្ងៃ បន្ទាប់ពីថ្ងៃដែល គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត (គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤)។
ទីពីរ. យោងមាត្រា៧០នៃច្បាប់រៀបចំអង្គការបានតម្រូវឲ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ១៦២៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បានកំណត់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហា ដូចខាងក្រោម៖
–ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ នាយករដ្ឋបាលសាលា ខេត្តតាកែវ ត្រូវចាត់ចែងថតចម្លងឯកសារទាំងនេះ ផ្តល់ជូនគ្រប់សមាជិកក្រុមប្រឹក្សាដោយភ្ជាប់ជាមួយលិខិតអញ្ជើញប្រជុំ។
–ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយៈពេលដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
–ខេត្តតាកែវ ត្រូវរាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុង អាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល០៣ខែដែលសម្រេច ដោយក្រុមប្រឹក្សាផុតអាណត្តិ ដើម្បីក្រុមប្រឹក្សាអាណត្តិទី២ត្រូវអនុវត្តបន្ត។ និង
–បញ្ហាផ្សេងៗ។
ក្រុមប្រឹក្សាមិនត្រូវអនុម័តបញ្ហាណាមួយក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះឡើយ។
ទីបី. បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាខេត្តតាកែវ ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២របស់ខ្លួន មិនឲ្យមុនម្ភៃប្រាំ(២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ(៣៥)ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឲ្យបាននូវឯកសារដូចខាងក្រោម៖
–កំណត់ហេតុកិច្ចប្រជុំលើកទី១
–ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
–ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរ(១២)ខែ រាប់ចាប់ពីកិច្ចប្រជុំលើកទី២នេះទៅ។
ផ្អែកលើគោលការណ៍ដែលកំណត់ដោយច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋាននានា ក្រុមប្រឹក្សាគួរធ្វើការកោះប្រជុំសាមញ្ញលើកទី១ ឲ្យបានឆាប់តាមដែលអាធ្វើទៅបាន ដើម្បីពន្លឿនកិច្ចប្រជុំសាមញ្ញលើកទី២ សំដៅធ្វើការពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា មុននឹងក្រុមប្រឹក្សាធ្វើការអនុម័តកិច្ចការជាអាទិភាពនានា សម្រាប់ការចាប់ផ្តើមបំពេញការងាររបស់ខ្លួន។
ដើម្បីធានាដល់ការចាប់ផ្តើមបំពេញការងាររបស់ក្រុមប្រឹក្សាបន្ទាប់ពីការប្រកាសចូលកាន់តំណែងអភិបាលខេត្តតាកែវ ត្រូវចាត់ឲ្យនាយករដ្ឋបាលដោយមានទីចាត់ការ ឬការិយាល័យពាក់ព័ន្ធជាសេនាធិការ រៀបចំកិច្ចការមួយចំនួនដូចដែលធ្លាប់បានអនុវត្តសម្រាប់ក្រុមប្រឹក្សាអាណត្តិទី១។
ទីបួន.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សារាជធានី ខេត្តទាំងអស់ មានកាតព្វកិច្ច ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ការងារនេះកន្លងមក ក្រសួងមហាផ្ទៃបានធ្វើការណែនាំរួចមកហើយ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាគ្រប់ៗរូបត្រូវម្ចាស់ការអនុវត្តការងារនេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមច្បាប់កំណត់។
ខ.កិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្តិទី២
ការចូលកាន់តំណែងរបស់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សានាឱកាសនេះ គឺស្របពេល ដែលរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា កំពុងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ដំណើរការកំណែទម្រង់នេះនឹងត្រូវធ្វើឡើងតាមរយៈការអនុវត្តផែនការអនុវត្ត០៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ កិច្ចការជាអាទិភាពក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ ដែលកំពុងរៀបចំ មានជាអាទិ៍៖ ទីមួយ.ការបន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័នអភិបាលកិច្ចដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន។ទីពីរ.បន្តជំរុញការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាដំណើរការស្នូល និងជាកត្តាកំណត់ជោគជ័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ទីបី.រាជរដ្ឋាភិបាលនឹងបន្តបង្កើនធនធានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការបង្កើនការផ្ទេរធនធានពីថ្នាក់ជាតិ និងការបង្កើតឲ្យមានប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរទន្ទឹមនឹងការពង្រឹងតួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ប្រើប្រាស់ធនធានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយតម្លាភាព និងសុចរឹតភាព។ ទីបួន.បន្តលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍសង្គមប្រកបដោយសមធម៌។ និងទីប្រាំ.បន្តលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកអនុវត្តដោយជោគជ័យនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីកិច្ចការខាងលើនេះ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សា និងគណៈអភិបាលត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ក្នុងនោះកិច្ចការជាអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ រួមមាន៖
១.អំពីការផ្តល់សេវាសាធារណៈ
–ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ត្រូវបន្តយកចិត្តទុកដាក់ទៅតាមសមត្ថកិច្ចជំនាញរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន លើមូលដ្ឋាននៃការចូលរួម តម្លាភាព និងគណនេយ្យភាពនៅតាម មូលដ្ឋាននីមួយៗ។
–ត្រូវខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅនូវការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា។
–ត្រូវបន្តខិតខំលើកកម្ពស់ការទទួលខុសត្រូវក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវទាន់ពេលវេលាស្របតាមការកំណត់។ សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវតារាងតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ ក្រោមជាតិជូនសាធារណជនជាប់ជាប្រចាំ និងលើកកម្ពស់ការចូលរួមក្នុងការលុបបំបាត់ការទារកម្រៃសេវាក្រៅ ពីការកំណត់។
២.ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា
បញ្ហាជាអាទិភាពគឺ៖
–ការបង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារធម្មជាតិនានា ដោយប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រឹត្យថ្មី និងគោលការណ៍របស់រាជរដ្ឋាភិបាល តាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៦០១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ដែលគោលការណ៍ និងវិធានការទាំងនេះត្រូវបានផ្សព្វផ្សាយដាក់ឲ្យអនុវត្តកាល ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ។
–ខិតខំបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានានៅមូលដ្ឋានតាមរយៈការបន្តជំរុញអនុវត្តនូវគោលនយោបាយឃុំ ភូមិមានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំគ្រប់មូលដ្ឋានទូទាំងរាជធានី ខេត្ត។
៣.អំពីក្រុមការងាររបស់រាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលរាជធានី ខេត្តត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមការងារដែលចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់អំពី កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ ឃុំ ភូមិមានសុវត្ថិភាព កម្មវិធីគោលនយោបាយតាមវិស័យ ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ និងកោតសរសើរជាថ្មីម្តងទៀត ចំពោះឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ ដែលទទួលបាន ការគាំទ្រ ដើម្បីបំពេញការងារក្នុងក្រុមប្រឹក្សាអាណត្តិទី២នេះ។ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៃ ខេត្តតាកែវ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ ខ្ញុំសូមប្រសិទ្ធពរជ័យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ។
សូមអរគុណ!
No comments:
Post a Comment