Wednesday, February 12, 2014

ទស្សនៈ ERA មាន​បំណង​លុប​សិទ្ធិ​របស់​ទាហាន និង​មន្ត្រីរាជ​ការ

អង្គការមិនមែនរដ្ឋាភិបាលភាគច្រើនដែលពាក់ព័ន្ធជាមួយអ្វីដែលហៅថា សម្ព័ន្ធកំណែ​ទម្រង់​ការបោះឆ្នោត (Electoral Reform Alliance) បានចាត់​ទុកខ្លួន​ថាជា​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស។ ដូច្នេះ វាអាចជាការភ្ញាក់ផ្អើលមួយចំពោះអ្នកអានមួយចំនួនដែលរកឃើញថា របាយការណ៍​របស់ ERA ដែលបានចេញផ្សាយកាលពីដើមខែធ្នូ ឆ្នាំ២០១៣ មាន​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា ដើម្បី​កាត់បន្ថយសិទ្ធិរបស់ប្រជាពលរដ្ឋ​ខ្មែរ​ដែលបំរើការងារនៅក្នុងជួរកងកំលាំងប្រដាប់អាវុធ ឬក្នុង ជួរមន្រ្តីរាជការ។

​របាយ​ការណ៍​នេះ ធ្វើ​ឡើង​តាម​វិធីសាស្រ្តពីរយ៉ាង​។ វិ​ធី​ទី​មួយ​ បាន​អះអាង​ថា​បាន​​ច្បាប់​ដក​ហូតរួច​ហើយ​ សិទ្ធិរបស់កងកំលាំងប្រដាប់អាវុធ និងមន្ត្រីរាជការ​មិនឲ្យ​ចូលរួម​ក្នុង​នយោបាយ​។ វិធី​ទីពីរ​ បាន​អះអាងថា “ការអនុវត្ត” ច្បាប់ត្រូវតែ​ពង្រឹងក្នុង​គោល​ដៅ​រិតត្បិត​យ៉ាងខ្លាំង​លើ​សិទ្ធិ​នយោបាយ​របស់កងកំលាំងប្រដាប់អាវុធ និងមន្ត្រីរាជការ។

​​របាយ​ការណ៍​នេះ បាន​ចាប់ផ្តើមដោយដកស្រង់ច្បាប់ស្តីពី​ការ​គ្រប់​គ្រង​មន្រ្តីរាជការដែល​ថា​៖​ “មន្តី្ររាជការគ្រប់រូបត្រូវតែអព្យាក្រិត នៅពេលអនុវត្តមុខងាររបស់ខ្លួន និងត្រូវហាមចំពោះ​ការ​ប្រើ​ប្រាស់មុខ​តំណែងរបស់ខ្លួន និង​សម្ភារៈរបស់រដ្ឋដើម្បីធ្វើសកម្មភាពនយោបាយ ដូចជា ធ្វើ​សកម្ម​ភាព​​គាំទ្រ ឬប្រឆាំងគណបក្សនយោបាយ​ណាមួយ និង​គាំទ្រ ឬក៏​ប្រឆាំងនឹង​បេក្ខជន​ណា​មួយ។ ការ​ ប្រព្រឹត្ត​ណាដែលផ្ទុយនឹងមាត្រានេះ គឺជាអំពើខុសឆ្គង ឬជាការរំលោភលើវិជ្ជាជីវៈ។” (ទំព័រ ១២)

ចំណុចនេះ គឺ​ជាការ​ចង្អុល​ចំៗ ដូច​គ្នា​នឹង​ច្បាប់​ស្ដី​ពី​យោធាដែរ ដែល​ចែងថា “មន្រ្តី​យោធា​ត្រូវ​ស្ថិត​នៅ​អព្យាក្រិត​ក្នុងមុខងារ និងសកម្មភាពការងាររបស់ខ្លួន ហើយ​ការ​ប្រើ​ប្រាស់​មុខ​នាទី និងសម្ភារៈរបស់រដ្ឋសំរាប់បំរើឲ្យសកម្មភាពនយោបាយណាមួយ ត្រូវបានហាម​ឃាត់។”

ច្បាប់ហាមឃាត់កងកំលាំងប្រដាប់អាវុធ ឬមន្ត្រីរាជការ មិនឲ្យប្រើប្រាស់សម្បត្តិរដ្ឋ ឬ បំពេញ មុខងាររបស់ខ្លួន​ក្នុង​គោល​ដៅ​គាំទ្រគណបក្សនយោបាយ។ ប៉ុន្តែ​ទាំង​មន្ត្រី​រាជការ និង​យោធា គ្មាន​នរណាម្នាក់បំពេញការងារ ២៤ ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ទេ។ ច្បាប់មិនហាម​ឃាត់​សកម្មភាព​នយោបាយក្នុងពេលមិនបំពេញភារកិច្ចផ្លូវការរបស់ពួក​គេ​ឡើយ។ ប៉ុន្តែអ្នក​សរសេរ​របាយការណ៍របស់ ERA ព្រងើយកន្តើយខ្លឹមសារងាយៗរបស់ច្បាប់នេះ ដែល​ពួកគេ​បាន​ដកស្រង់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ចោទ​ថា មន្រ្តីយោធា និងមន្រ្តីរាជការ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជនរំលោភច្បាប់ដោយ​ចោទ​ថា៖

“គណបក្ស​ប្រជាជនកម្ពុ​ជា មាន​រចនាសម្ព័ន្ធ​គណបក្ស​យ៉ាង​ទូលំទូលាយ​នៅក្នុង​រដ្ឋបាល​របស់​រដ្ឋ ប៉ូលិស និងយោធាដែលផ្ទុយទៅនឹងច្បាប់​ជាធរ​មាន... [អភិបាលខេត្ត ស្រុក ប្រធានមន្ទីរ ។ល។] គឺ​​​ជាមន្រ្តីរាជការ ហើយ​ដូច្នេះ​ត្រូវ​ហាមឃាត់​មិនឲ្យចូលរួម​ក្នុងសកម្មភាព​របស់​​គណបក្ស​នយោ​បាយ។ ប៉ុន្តែជាក់​ស្ដែង​ពួកគេ​កំពុង​ធ្វើជាប្រធាន និង​ជា​សមាជិកាគណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា នៅតាមបណ្តាខេត្ត និងស្រុកមួយចំនួន។”

“ហាមឃាត់មិនឲ្យចូលរួមក្នុងសកម្មភាពគណបក្សនយោបាយ”! នេះគឺជាការប្រឌិតសុទ្ធសាធ ដោយ ERA ហើយវាផ្ទុយទៅ​នឹង​ច្បាប់កម្ពុជា ក៏​ដូច​ជា​ច្បាប់អន្តរជាតិ។

មាត្រា ៧.៧ នៃបទ​ប្បញ្ញត្តិ និងនីតិវិធីសំរាប់ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នីតិ​កាល​ទី៥ ចែង​យ៉ាងច្បាស់ថា “បន្ទាប់ ឬក្រៅពីម៉ោងធ្វើការ មន្រ្តីរាជការ អាជ្ញាធរ​មូលដ្ឋាន​គ្រប់កម្រិត​កងយុទ្ធពលខេមរភូមិន្ទ មន្រ្តីប៉ូលិស និងតុលាការអាចចូលរួមក្នុងសកម្មភាពយុទ្ធនាការ​ដើម្បី​គាំ​ទ្រ​គណបក្សនយោបាយ ឬ​បេក្ខជនណាមួយ  ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋាន និងឬ មិនត្រូវកាន់អាវុធ។”

មាត្រា ២៥ នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងនយោបាយចែង​ថា៖

“ពលរដ្ឋគ្រប់រូប​មានសិទ្ធិ និងឱកាសដោយគ្មានការលើក​លែង​ដូច​មាន​ចែងក្នុងមាត្រា​២ និងដោយគ្មានការរិតត្បិតដែលគ្មានហេតុផល៖

(ក) ចូលរួមធ្វើកិច្ចការសាធារណៈដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើស ដោយសេរី។

(ខ) បោះឆ្នោត នឹងត្រូវបាន​ជ្រើស​តាំង​​ដោយការបោះឆ្នោត​យ៉ាង​ទៀងទាត់​តាមពេល​កំណត់​​ពិតប្រាកដមួយតាមរយៈការបោះឆ្នោតជាសកល និងស្មើភាព​តាម​ការ​បោះ​​ឆ្នោ​តជា​សម្ងាត់ ដោយ​ធានា​ការសម្តែងឆន្ទៈដោយសេរីរបស់អ្នកបោះឆ្នោត។

(គ) មានសិទ្ធិទទួលបានសេវាសាធារណនៅក្នុងប្រទេសរបស់ខ្លួនប្រកបដោយសមភាព។”

ផ្ទុយ​ទៅ​នឹង​អនុសញ្ញាអន្តរជាតិនេះ អង្គការ “សិទ្ធិមនុស្ស” មិនមែនរដ្ឋាភិបាលរបស់ ERA មិនចង់ឲ្យកងកំលាំងប្រដាប់អាវុធ និងមន្ត្រីរាជការ​ប្រើ​ប្រាស់​សិទ្ធិនយោបាយជា​​ធម្មតា​នេះ​ទេ​។ “អនុសាសន៍មួយក្នុងចំណោមអនុសាសន៍ដទៃទៀត” របស់ពួកគេគឺ៖ “ការអនុវត្តច្បាប់ដែល​ធានាអព្យាក្រិតភាពរបស់ចៅក្រម ប្រធានភូមិ អាជ្ញាធរ និង មន្រ្តីកងកំលាំងប្រដាប់អាវុធ (រួមទាំង ប៉ូលីស) ត្រូវពង្រឹងដើម្បីទប់ស្កាត់ពួកគេមិនឲ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបក្សនយោបាយ និងយុទ្ធនាការបោះឆ្នោត ក្នុងអំឡុងពេល ឬ ក្រោយម៉ោងធ្វើការ(ទំព័រ ១៤ ការសង្កត់​ធ្ងន់​របស់​ខ្ញុំ​)​។”

ហេតុអ្វីប្រជាពលរដ្ឋ​ខ្មែរដែល​ចូលរួមក្នុងកងកំលាំងប្រដាប់អាវុធ ឬទទួលការងារជាមន្ត្រី​រាជ​ការ ត្រូវតែបោះបង់សិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយឬ? ប្រសិនបើនរណា​ម្នាក់នៅ​ក្នុង​តំណែង​​​ បែប​នេះ​និយាយទៅកាន់សមាជិកគ្រួសាររបស់ខ្លួនថា “ខ្ញុំគិតថាខ្ញុំបោះឆ្នោតឲ្យគណបក្ស “ក” តើ​មនុស្ស​ម្នាក់នោះត្រូវបណ្តេញចេញពីមុខតំណែង ឬនៅក្រោម ”ការពង្រឹងច្បាប់” ដែល​ជា​ការ​​តស៊ូ​មតិ​របស់ ERA ដោយសារតែកំហុស​នៃ​ការ​ចូលរួមក្នុងយុទ្ធនាការបោះឆ្នោត? សិទ្ធិបោះ​ឆ្នោត​​ដែល​ មិន​រាប់​បញ្ចូលសិទ្ធិពិភាក្សាបញ្ហា​គណបក្ស និងបញ្ហានយោបាយ​នោះគ្មាន​ន័យ​ទាល់​តែ​សោះ។

ដូចខ្ញុំបានលើកឡើងនៅក្នុងអត្ថបទមុនរួច​ហើយ របាយការណ៍របស់ ERA គឺចា្រនចោល​ជា​ចំហរ​នូវអង្គ​ដែល​បាន​ជ្រើស​តាំង​ ដូចជា ក្រុមប្រឹក្សាឃុំ ព្រោះតែពួកគេ​ត្រូវ​បាន​ជ្រើស​តាំង​។ របាយ​ការណ៍​នេះ​បានអំពាវនាវឲ្យមាន “ស្ថាប័ន​ឯករាជ្យ” (មានន័យថា មាន​ការ​ពាក់​ព័ន្ធ​ពី​អង្គការ​មិនមែនរដ្ឋាភិបាល) ដើម្បី​មើល​ការ​ខុស​ត្រូវ​លើការ​បោះ​ឆ្នោត​នានា រួមទាំងការជ្រើសរើស គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោតផង​ដែរ។ ការចង់កម្រិតសិទ្ធិនយោបាយរបស់មន្ត្រី​រាជការ និង​មន្រ្តីយោធា គឺមានន័យ​ស្មើនឹងការ​មិន​ទុកចិត្តអ្នកបោះឆ្នោត។

ចំពោះការនិយាយទាំងអម្បាលម៉ានរបស់ពួកគេអំពី “លទ្ធិប្រជាធិបតេយ្យ” និង “​សិទ្ធិ​មនុស្ស​”​បណ្តាអង្គការ​ដែល​​ប្រើប្រាស់ឈ្មោះថា  “ERA” បាន​បង្ហាញ​ឥរិយាបថ​ប្រឆាំង​ប្រជាធិបតេយ្យ​យ៉ាង​ ច្បាស់​ក្រឡែត ដែល​ក្នុងនោះ​ពួក​គេ​បាន​ចាត់​តាំង​ខ្លួន​ឯង​ជា​ឥស្សរជន ដែល​ភាគ​ច្រើន​ទទួលបាន​ថវិកាពី​បរទេស​ ក្នុង​ការ​ធ្វើ​សេច​ក្តី​សំរេចចិត្តសំខាន់ៗ ប៉ុន្តែគ្មាន​ការទទួលខុសត្រូវ សូម្បីតែ​អនុសាសន៍​របស់​​ខ្លួន​ដែល​​បាន​ដកស្រង់ចេញពី “អ្នកសង្កេតការណ៍ឯករាជ្យ” នោះ ក៏​ចង់​សំដៅ​ថា ប្រជាជន​សាមញ្ញ​គ្មានសិទ្ធិដឹងថា​តើនរ​ណាជា​អ្នក​​ស្នើ​ច្បាប់ និងបញ្ញតិ្តច្បាប់​ក្នុងនាមពួកគេ​នោះ​៕

ដោយ  Allen Myers

No comments:

Post a Comment