Wednesday, February 12, 2014

កម្ពុជា​-​វៀត​ណាម​​សន្យា​នឹង​​ធ្វើ​​ឲ្យ​​ទំហំ​​ពាណិ​ជ្ជកម្ម​រវាង​​ប្រទេស​​ទាំង​ពីរកើន​ដល់ ៥,០០០ លានដុល្លារ នៅ ឆ្នាំ ២០១៥

សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន​ មាន​ប្រ​សាសន៍​កាល​ពីថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ ២០១៤​ ថា ការ​តភ្ជាប់​រយៈពេល​វែង​លើវិស័យ​ជាច្រើន​នឹង​ក្លាយ​ជាផ្នែក​ដ៏មាន​សារសំខាន់ ​ ក្នុង​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-វៀតណាម​ឲ្យឈាន​ដល់ ៥,០០០ លានដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០១៥ ​ខាងមុខនេះ ។

​ប្រសាសន៍​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ផាម​ ប៊ិញ ​មិញ​ (PHAM Binh Minh) ​ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​វិមាន​សន្តិភាព ដែល​ក្នុង​ឱកាស​នោះ​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ បាន​សំដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ ចម្រុះ​ កម្ពុជា-​វៀតណាម​លើកទី​១៣ ​ផង​ដែរ​។

ឯកឧត្តម អ៊ាង​ សុផល្លែត​ ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យដឹងថាសម្តេច​តេជោ​ថ្លែងថា ​តាមរយៈ​កិច្ច​ផ្តួចផ្តើម​របស់​ ឯកឧត្តម​នាយករដ្ឋ​មន្រ្តីវៀតណាម​ និងមាន​ការ​ឯកភាព​ពីរូប​សម្តេច​ផ្ទាល់នោះ​គឺការ​ជំរុញ​ការ​តភ្ជាប់​រយៈពេល​ វែង​លើ​វិស័យ​អគ្គិសនី​ ហេដ្ឋា​រចនា​សម័្ពន្ធ ​ផ្លូវដែក​ ផ្លូវ​អាកាស ​ទូរគមនា​គមន៍​ជាដើម​ ដែលមាន​ចរឹត​ជា​សេដ្ឋកិច្ច​ ក៏ជា​កត្តា​ដ៏​សំខាន់​ ​ដែលអាច​ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​និង​វិនិយោគ​​ ​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​​ទាំងពីរ​បាន​ឈានដល់​ ៥,០០០ លានដុល្លារ​នៅឆ្នាំ​២០១៥​។

​ឯកឧត្តម​ ផាម ប៊ិញ មិញ បានសំដែង​នូវការ​អប​អរ​សាទ​រជូន​ចំពោះ​ សម្តេច​តេជោ​ ដែល​ត្រូវ​បាន​តែងតាំង​ជានាយក​រដ្ឋមន្រ្តី​សារជាថ្មី​ និងបាន​រាយការណ៍​ជូនអំពីជោគជ័យនៃកិច្ច​ប្រជុំ​គណៈ​កម្ម​ការ​​ចម្រុះ​រវាង​រូប​ឯកឧត្តម​ជាមួយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ ហោ ​ណាំហុង​ រដ្ឋ​មន្រ្តី​ការ​បរទេស​ និង​សហ​ប្រតិបត្តិការណ៍​អន្តរជាតិ​ ​ ដែលកិច្ច​ប្រជុំនោះ​បាន​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ទៅលើ​ការងារ​របស់​ នាយករដ្ឋ​មន្រ្តី​ប្រទេស​ទាំងពីរ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ តេជោ​ទៅកាន់​ប្រទេស​វៀតណាម​ ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​ របស់​ ឯកឧត្តម​ ង្វៀន តាន់យុង មកកាន់​កម្ពុជា​ផងដែរ ​។

ឯកឧត្តម​ ផាម ប៊ិញ មិញ ​បានជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តីថា​ កិច្ចពិភាក្សា​នោះ​ផ្តោត​ការយក​ចិត្តទុកដាក់​ទៅលើការ​ធ្វើយ៉ាងណា​ដើម្បី​ ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-វៀតណាម​ឲ្យបាន​ឈានដល់​ ៥,០០០​លានដុល្លារ​អាម៉េរិក​នៅឆ្នាំ​២០១៥ ខាង​មុខ​នេះ។ តាមរយៈ​ការអនុវត្ត​ឲ្យបាន​នូវទំហំ​ពាណិជ្ជកម្ម​នេះ​វៀតណាម​នឹង​ជំរុញ​លើក​ ទឹកចិត្ត​ឲ្យវិនិ​យោគិន​វៀតណាម​ មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ឡើង និង​បានថ្លែង​អំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលបាន​គាំទ្រ​អ្នក​ វិនិយោគ​វៀតណាម​នៅ​កម្ពុជានោះ​៕

No comments:

Post a Comment