Wednesday, February 12, 2014

សម្តេច​តេ​ជោ​៖ បច្ចុប្បន្ន​​នេះ​ប្រទេស​​កម្ពុជា​​មាន​​ប្រក្រតី​​ជា​ធម្មតា​​លើ​​គ្រប់​​វិស័យ​​ទាំង​​អស់

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​អះអាងនាព្រឹក​​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​ប្រក្រតី​ជា​ធម្មតា​លើ​គ្រប់​វិស័យ​ទាំង​អស់។​​​ រាជ​រដ្ឋាភិ​បាល​នឹង​រក្សា​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ មិន​អាច​មាន​អ្នកណា​មកបង្ក​អស្ថិរ​ភាព​​ដល់​សង្គមជាតិ​បាន​នោះ​ឡើយ។

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ជា​ការ​ប្រគល់​សញ្ញាបត្រ​លើកដំបូង​សម្រាប់​រាជ​រដ្ឋា​ភិ​បាល​​​អាណត្តិ​ទី៥នៃរដ្ឋសភា នៅ​មជ្ឈមណ្ឌល​សន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍បញ្ជាក់​ថា ​ថ្ងៃនេះ​យើង​កំពុង​ចែកសញ្ញាបត្រ​ដល់​និស្សិត​ជាង ៤ ០០០ នាក់ ដែល​នេះ​ជា​រឿង​ពិត​នៃ​ប្រក្រតី​ភាព នៃ​ដំណើរការជា​ធម្មតា នៃ​ស្ថាប័នរដ្ឋ ទាំង​រដ្ឋសភា ទាំង​ព្រឹទ្ធសភា ទាំង​រាជរដ្ឋាភិបាល ទាំង​ស្ថាប័ន​ផ្សេងៗរបស់​រដ្ឋ រាប់​ទាំង​ដំណើរការ​ជា​ធម្មតា​នៃ​សេវា​អប់រំ សុខាភិបាល សេដ្ឋកិច្ច​ជា​ធម្មតា។

សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​ធ្វើដំណើរ​ធម្មតា​ដោយ​ប្រក្រតី​កម្ម​ជីវភាព​ប្រជាពលរដ្ឋ សេវា​សាធារណ​របស់​រដ្ឋ ក្បាលម៉ាស៊ីន​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រុម​ប្រឹក្សាធម្មនុញ្ញ ហើយ​នៅ​ខែឧសភា​មានការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា នៃ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត។ សម្តេចតេជោ​មាន​ប្រសាសន៍​​ថា ព្រះមហាក្សត្រ លោក​ទទួល​សារតាំង ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ទ​ទូល​ភ្ញៀវ​ប្រទេស​នានា ព្រះអង្គ​ចុះ​សាកសួរ​សុខទុក្ខ និង ប្រោស​​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជូន​ប្រជារាស្ត្រ​ក្រីក្រ នាយករដ្ឋមន្ត្រី​ធ្វើការ​ធម្មតា រដ្ឋមន្ត្រី ធ្វើការ​ធម្មតា សាលារៀន​បង្រៀន​ធម្មតា មន្ទីរពេទ្យ​ដំណើរការ​ធម្មតា ធម្មតា​ទាំងអស់​ហ្នឹង។  សម្តេច​តេជោក៏​បាន​រម្លឹក​ផងដែរ​ពីការទាមទាររបស់​បាតុករ ជាពិសេស​ការទាមទារ​ដំឡើង​ប្រាក់ខែ  ដែល​ក្នុងនោះ​ដែរ សម្ដេច​តេជោបាន​គូស​បញ្ជាក់​ថា រាល់​ការទាមទារ​ គឺ​ត្រូវ​ឱ្យ​សម​ហេតុ​សម​ផល។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និ្សតសាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ចំនួនជាង ៤ពាន់​នាក់ សម្តេច​តេជោ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះឱកាស​សម្រាប់​យុវជន ឱកាស​សម្រាប់​ទាក់​ទង​នឹង​ការបាត់​បង់​ឱកាសក្នុង​ការ​ចូល​រួមកសាង​​ និង​អភិវឌ្ឍជាតិដោយ​យុវជន និង​ប្រជា​ជន​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​យើង​បាត់បង់​ច្រើនណាស់ នៅក្នុង​ដំណាក់​កាល​​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ឱកាស​ពិតប្រាកដ ដែល​យើង​មាន​គឺ​នៅក្នុងចន្លោះ​ឆ្នាំ ១៩៥៣-១៩៧០ ក្រោយ​ឯករាជ្យ​ឆ្នាំ១៩៥៣ មកដល់​ឆ្នាំ១៩៧០ ក្រោម​ព្រះរាជកិច្ចដឹកនាំ​ប្រទេស​ដ៏​ខ្ពង់​ខ្ពង់​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះ​បរម​រតន​កោដ្ឋ ដែល​នោះ គឺជា​ឱកាស​មួយ​ដែល​យើង​មាន​បន្ទាប់ពី​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង។ ក្នុង​រយៈកាល​ទសវត្ស ៥០ និង​ពេញ​មួយ​ទសវត្ស ៦០ កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ដំណាក់កាល នោះ ប្រជាជន យុវជន និង​កុមារ​និយាយ​ដោយឡែក​ទទួល​បាន​ឱកាស​សម្រាប់​ការសិក្សា ដែល​នេះ​ជា​ឱកាស​មួយ ដែល​យើង​ត្រូវ​រំលឹក​ផង​ដែរ ព្រោះថា វា​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​របស់​យើង។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ប៉ុន្តែ​ឱកាស​នេះ​វា​ត្រូវ​បាត់​ចាប់តាំងពី​រដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ដែល​នោះ​ហើយ​ជា​ការ​ចាប់ផ្តើម​នៃ​ការ​បាត់​ឱកាស​របស់​យុវជន។ ខ្ញុំ​ជឿ​ថា អ្នក​ប្រវត្តិសាស្ត្រ​ពិតជា​នឹង​មិន​ភ្លេច ហើយ​មើល​រំលង​ទៅលើ​កត្តា​ប្រវត្តិសាស្ត្រ​ទេ ព្រោះ​មាន​អ្នក ខ្លះ​មិន​ចង់​រំលឹក​បញ្ហា​អតីតកាល ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង្អុល​ប្រាប់ បើសិន​អ្នក​មិន​ស្គាល់​នូវ​អតីត កាល​​របស់​ខ្លួន​ទេ អ្នក​ក៏​មិនអាច​ដឹង​ថា ខ្លួន​កំពុង​ឈរ​នៅ​លើ​ទីតាំង​ណា​ហើយ​ចេញពី​ប្រភព ណា​ដែរ។ ​តើអ្នកណា​ជា​អ្នកធ្វើ​ឲ្យ​បាត់បង់​ឱកាសនោះ? សម្តេចតេជោ​ មាន​ប្រសាស​ន៍​បញ្ជាក់​​ថា គឺ​ពួក លន់ នល់ សរី​មតៈ ចេង ហេង អ៊ិន តាំ ជាដើម​ធ្វើ​រដ្ឋប្រហារ ហើយ​រដ្ឋប្រហារ​ហ្នឹង​នាំ​ដល់​សង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស។

ជាមួយ​នឹង​ការ​ផ្តល់​សារ​ខាង​នយោបាយ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ចាត់ទុក​ធនធានមនុស្ស ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បានសម្រាប់ការអភិវឌ្ឍ​ប្រទេស​។ ជាមួយ​នឹងការថ្លែង​សរសើរ ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលបានខិតខំ​ក្នុង​ការកែទម្រង់ ផ្នែក​ឧត្តមសិក្សា​ឱ្យ​កាន់តែ​មាន​គុណភាព សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ការប្រឹងប្រែង ពិសេស​លើ​ការ​ពង្រឹងគុណភាពអប់រំ គុណភាព​នៃ​ការ​បណ្ដុះ​បណ្ដាល ហើយ​សម្ដេចនៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យវិស័យ​ឯកជន​ចូលរួមក្នុង​ការ​បណ្តុះ​បណ្តាលធនធានមនុស្សដល់​សិស្ស និស្សិត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។
​​​​
សម្តេច​តេជោបាន​លើកឡើង​ថា ការងារបណ្តុះបណ្តាល គឺ​នៅ​មាន​ការងារ​ជាច្រើនទៀត ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា ត្រូវ​ខិតខំ​ប្រឹងប្រែង​ជា​ពិសេស​អំពី​គុណភាពអប់រំ គុណភាព​នៃ​ការបណ្តុះបណ្តាល ហើយ​ការងារ​នេះ ក៏​មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​វិស័យ​ឯកជន​បាន​ផងដែរ​។ ក្នុងន័យនេះ សម្តេច​តេជោ នៅតែ​បន្ត​ការលើកទឹកចិត្ត ឱ្យ​វិស័យ​ឯកជន​ចូលរួម​ក្នុងការបណ្តុះបណ្តាល​ធនធាន​មនុស្សដល់សិស្ស និស្សិត​ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។
​​
សម្តេចតេ​ជោបាន​លើកឡើង​ថា សិស្ស និស្សិត យើង​សព្វថ្ងៃនេះ មាន​ឱកាស​ច្រើន​ក្នុង​ការ​សិក្សា​​រៀនសូត្រ បើ​ប្រៀបធៀប​ពី​អតីតកាល ជាពិសេស​នៅក្នុង​របប​ខ្មែរក្រហម​។ ទើបតែនៅ​ឆ្នាំ​១៩៩៨​បន្ទាប់​ពី​នយោបាយ ឈ្នះ ឈ្នះ ដែល​អង្គការ​ចាត់តាំង​នយោបាយ​យោធា​របស់ ប៉ុល ពត បាន​ដួលរលំ​ទាំងស្រុង ហើយ​ប្រទេស​ជាតិ​បាន ទទួល​សន្តិភាព​ពេញលេញ ទើប​យុវជន មានឱកាស​ពេញលេញ បាន​សិក្សា​រៀន សូត្រ​ដល់​សព្វថ្ងៃនេះ​។ បន្ថែម​លើ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​ផ្តាំផ្ញើ ដល់​យុវជន ឱ្យ​ខិតខំ​រៀនសូត្រ​ដើម្បី​តប ស្នង​ដល់​ឪពុកម្តាយ កុំ​យក​ឱកាស​រៀនសូត្រ ទៅ​ដើរលេង​ឥតប្រយោជន៍​។

ដោយ​ឡែក​ទាក់​ទង​នឹង​កម្ម​វិធី​កំណែទម្រង់​លើ​វិស័យ​អប់រំ​ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាលថ្មី​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លែង​​ចុះ​ហត្ថលេខា​លើ​សញ្ញា​បត្រចាប់​ពី​បរិញ្ញាបត្រ​ឡើង​ទៅ ជូន​ដល់​និស្សិត​ហើយ ដោយ​ទុក​ឲ្យ​សាកល​វិទ្យាធិការ​របស់​សាកល​វិទ្យាល័យនីមួយៗទាំង​រដ្ឋ​ និង​ឯកជន​ ទទួល​ខុស​ត្រូវ​ចុះ​ហត្ថលេខា​។

សម្តេច​តេជោនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កន្លងមក​សញ្ញាបត្ររ​បស់និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​រួច គឺមាន​ហត្ថលេខា​របស់​សាកលវិទ្យាធិការ​ផង ​និងរបស់​រដ្ឋមន្ត្រី​អម​​ជាមួយ​ផង ដែលជា​ការទម្លាក់​ការទទួលខុសត្រូវ​នេះ​​ ទៅលើ​រដ្ឋមន្ត្រីក្រសួង​អប់រំ និងរាជ​រដ្ឋាភិបាល​​ក្នុងការ​ទទួលខុសត្រូវ​លើគុណភាព​អប់រំ ​ដែល​បាន​បណ្តុះ​បណ្តា​ តែ​ចាប់​ពីពេ​ល​នេះ​​​​ទៅ​គឺ​លែង​ឲ្យ​មាន​ទៀតហើយ​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ឯកឧត្តម​ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឱ្យដឹងថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​គ្រឹះស្ថានឧត្តមសិក្សា​សរុប​ចំនួន​១០៤ ក្នុងនោះ​គ្រឹះ​ស្ថានឧត្តម​សិក្សារ​ដ្ឋ មានចំនួន​៣៩ និង​ឯកជន​ចំនួន​៦៥ និង​មាន និស្សិត​ថ្នាក់​បរិញ្ញាបត្ររង ដល់​បណ្ឌិត មាន​ចំនួន​២២២.១៦៤​នាក់​។ ជាមួយគ្នា នេះ ក៏​មាន​អន្តេវាសិកដ្ឋាន ចំនួន​៧​ខ្នង នៅ​រាជធានី​ភ្នំពេញ និង​មាន​និស្សិត​កំពុង​ស្នាក់នៅ​៨០៤​នាក់ ក្នុងនោះ​ស្រី ៥៧៣ នាក់ និង​មាន​និស្សិត​បរទេស​ចំនួន​១៤០ នាក់៕

No comments:

Post a Comment