
រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបកស្រាយបំភ្លឺ ចំពោះរបាយការណ៍រួមរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA ស្តីពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដោយបានហៅរបាយការណ៍រួមនោះថា បានធ្វើឡើង បំភ្លៃការពិត ភូតកុហក់សាធារណមតិជាតិ‑ អន្តរជាតិ និងដើម្បីតែគាប់ចិត្តអ្នកនយោបាយគណបក្សប្រឆាំងតែប៉ុណ្ណោះ។
នៅក្នុងឱកាសនេះ ក៏មានការផ្សព្វផ្សាយ សៀវភៅដែលផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាភាសាខ្មែរ និងអង់គ្លេស បកស្រាយបំភ្លឺ ចំពោះរបាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ជូនដល់អ្នកចូលរួមស្តាប់បទបឋកថា ហើយសៀវភៅនេះ ក៏មានបង្ហោះក្នុងគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលមានអសយដ្ឋាន www.pressocm.gov.kh ផងដែរ។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមស្តាប់ មកពីតំណាងគ្រប់ក្រសួង មន្ទីរ ស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា ក្រុមយុវជន និងតំណាងមកពីស្ថានីយ៍វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន សរុបប្រមាណ១៥០០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការបកស្រាយ ពន្យល់យ៉ាងពិស្តារជុំវិញស្ថានការណ៍នយោបាយពិតនៅកម្ពុជា និងអំពីដំណើរការរៀបចំការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពនាពេលកន្លងមក តបទៅនឹងរបាយការណ៍បំភ្លើសរបស់ ERA ដែលរួមមាន៖
១. របាយការណ៍រួម ស្តីពីការរៀបចំការបោះឆ្នោតឆ្នាំ២០១៣ នៅកម្ពុជា របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ហៅកាត់ថា របាយការណ៍រួមរបស់ ERA) បានចោទថា គ.ជ.ប ធ្វើការពុំមានតម្លាភាព ប៉ុន្តែតាមពិត គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតចំនួន១១លើករួចមកហើយ ដែលធ្លាប់បានទទួលការកោតសរសើរពីអ្នកសង្កេតការបោះឆ្នោតអន្តរជាតិ ថា «ការបោះឆ្នោតនៅកម្ពុជា ជាអច្ឆរិយៈនៅតាមដងទន្លេមេគង្គ»។
២. របាយការណ៍រួមរបស់ ERA នេះ លើកឡើងថា បណ្តាញផ្សព្វផ្សាយព័ត៌មានមិនមានតុល្យភាព។ ផ្ទុយទៅវិញ របាយការណ៍នេះពុំបានរំលេចឡើងអំពី Facebook ឬYouTube ដែលមានចរិតបំភ្លៃ បំផ្លើស ធ្វើវិទ្ធង្សនា និងបង្កចលាចលដល់សង្គមនោះទេ។ ដោយឡែក CNRP បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃតាមវិទ្យុសំបុកឃ្មុំ វិទ្យុមហានគរ វិទ្យុសំឡេងស្រ្ដី វិទ្យុសំឡេងប្រជាធិបតេយ្យ VOA និង RFA ព្រមទាំង ភ្នំពេញប៉ុស្ដិ៍ ខេមបូឌាដេលី មនសិការខ្មែរ និងនគរធំ ជាដើម។ សារព័ត៌មានទាំងនេះភាគច្រើនផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន មួលបង្កាច់រាជរដ្ឋាភិបាល និង CPP ។ ក្នុងអំឡុងពេល១ខែ នៃយុទ្ធនាការបោះឆ្នោត គ.ជ.ប បានបែងចែកពេលវេលាស្មើៗគ្នាដល់គណបក្សនយោបាយ តាមបណ្ដាញវិទ្យុនិងទូរទស្សន៍រដ្ឋ។
៣. របាយការណ៍រួមរបស់ ERA នេះបានទទួលស្គាល់ថា នៅកម្ពុជា មានលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ដើម្បីធានានូវតម្លាភាពនិងអព្យាក្រឹតភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងសកម្មភាពនយោបាយ ប៉ុន្តែមិនត្រូវបានអនុវត្ត ព្រោះពួកគេនៅតែចូលរួមក្នុងសកម្មភាពរបស់គណបក្សនយោបាយដដែល។ ការលើកឡើងនេះគឺផ្ទុយនឹងគោលការណ៍ច្បាប់ នីតិវិធីផ្ទៃក្នុងរបស់ គ.ជ.ប ក៏ដូចជាលិខិតូបករណ៍នានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយសូម្បីតែ លោក ស៊ូរីយា ស៊ូប៊ែរឌី ក៏យល់ឃើញថា មន្ត្រីមានសិទ្ធិសេរីភាព ក្នុងការចូលរួមសកម្មភាពនយោបាយក្រៅម៉ោងបំពេញការងារ។
៤. របាយការណ៍រួមរបស់ ERA នេះ បានបង្ហាញថា អង្គការ NDI បានធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោត ដោយចោទ គ.ជ.ប ថា បានធ្វើឱ្យបាត់ឈ្មោះ១,០៤លាននាក់ ចំណែកឯ COMFREL ថា បាត់ឈ្មោះ ១,២៥លាននាក់។ នៅខែតុលាឆ្នាំ២០១៣នេះ ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតទូទាំងប្រទេស អ្នកទៅចុះឈ្មោះបោះឆ្នោតពិតប្រាកដបានតែ ១៨៧.១១១នាក់ រួមទាំងលោក សម រង្ស៊ី និងយុវជនគ្រប់អាយុ១៨ឆ្នាំផង។ ប្រសិនបើពិតដូចការរកឃើញរបស់ NDI និង COMFREL និងដូច CNRP បានចោទថា មនុស្សជាង១លាននាក់ ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះ តើពួកគាត់នៅឯណា? ហេតុអ្វីបានជាអង្គការទាំងពីរ និង CNRP មិនប្រមូលមនុស្សទាំងអស់នោះ មកចុះឈ្មោះនៅខែតុលា ឆ្នាំ២០១៣នេះ?
៥. របាយការណ៍រួមរបស់ ERA នេះ ក៏បានចោទថា ប្រជាពលរដ្ឋចំនួនជាង ៥០% បានបាត់ឈ្មោះ ឬឈ្មោះគាត់ត្រូវបានអ្នកដទៃបោះឆ្នោតរួចហើយ នៅការិយាល័យមួយស្ថិតនៅសាលារៀនវត្តសន្សំកុសល សង្កាត់បឹងទំពន់។ តាមការអះអាងរបស់ប្រធាន CEC ថា នៅថ្ងៃបោះឆ្នោត មានសកម្មជនរបស់ CNRP មួយក្រុមជិត ១០០នាក់ ក្នុងនោះមានតែ៤-៥នាក់មានទីលំនៅក្នុងសង្កាត់នេះ បានបង្កភាពចលាចលថា បាត់ឈ្មោះ គ្មានឈ្មោះ ទឹកខ្មៅអាចលាងជ្រះ ស្រែកថា «លេខ៧ៗ»។ក្រុមនេះបានគំរាមមន្រ្តីការិយាល័យបោះឆ្នោតថា «ចេញពីការិយាល័យនឹងសម្លាប់ចោល» ជាដើម។ តាមការពិត នៅមណ្ឌលនេះពុំមានអ្វី កើត ឡើងទេ លើកលែងតែករណីលោកស្រីម្នាក់ដែលអះអាងថា ឈ្មោះគាត់ត្រូវបានគេបោះរួច។ ក្នុងខែតុលា កន្លងមកនេះ នៅសង្កាត់បឹងទំពន់ មានអ្នកចុះឈ្មោះថ្មី ត្រឹមតែប្រមាណ២០០នាក់ប៉ុណ្ណោះ។ ទិន្នន័យនេះ គឺជាភស្តុតាងបញ្ជាក់ថា របាយការណ៍រួមនេះបានប្រឌិតតួលេខ ដើម្បីភូតកុហក ដោយប្រើពាក្យស្រាវជ្រាវជាខែលប៉ុណ្ណោះ។
៦. របាយការណ៍រួមរបស់ ERA នេះ បានលើកអំពីឈ្មោះស្ទួន ដែលអាចលួចបន្លំសន្លឹកឆ្នោត ដូចជា៖ អ្នកមិនមានសិទ្ធិបោះឆ្នោតបានបោះឆ្នោត អ្នកមានឈ្មោះស្ទួនបោះឆ្នោតបានច្រើនជាងមួយដង និងមន្ត្រីការិយាល័យបោះឆ្នោតអាចញាត់សន្លឹកឆ្នោតចូលហិបឆ្នោត។ តាមនីតិវិធីនៃការលុបឈ្មោះ ទាល់តែមានការស្នើសុំពីសាមីខ្លួន ឬអ្នកទីបីដោយមានភស្តុតាងច្បាស់លាស់ ទើប គ.ជ.ប អាចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតបាន។ តាមច្បាប់បោះឆ្នោត គណបក្សនយោបាយមានសិទ្ធិប្ដឹងស្នើសុំបញ្ចូលឈ្មោះដែលបាត់ ឬលុបឈ្មោះស្ទួន ប៉ុន្តែនៅឆ្នាំ២០១២ ហេតុអ្វីបានជាគណបក្សប្រឆាំងមិនចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន?
តើអ្នកគ្មានសិទ្ធិបោះឆ្នោត អាចបោះឆ្នោតបានដោយប្រើប្រាស់ឈ្មោះអ្នកដទៃ និងអ្នកលួចញាត់សន្លឹកឆ្នោតក្នុងហិបឆ្នោត បានយ៉ាងដូចម្តេច បើមន្រ្តីការិយាល័យបោះឆ្នោតមានចំនួន៦នាក់ តំណាងគណបក្ស និងអ្នកសង្កេតការណ៍ COMFREL មាន៧នាក់ ក្នុងនោះមាន CPP តែ២នាក់ នៅការិយាល័យបោះឆ្នោត? ចំណែកមេដឹកនាំ CNRP តែងចោទ គ.ជ.ប ថា ជាចោរលួចសន្លឹកឆ្នោត ដូច្នេះមានន័យថា មេដឹកនាំទាំងនេះកំពុងតែចោទតំណាងរបស់ខ្លួន និង COMFREL ថា អ្នកទាំងអស់នោះសុទ្ធសឹងតែជាចោរ ទើបអាចលួចសន្លឹកឆ្នោតបាន។
៧. អំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោត (ប័ណ្ណខៀវ)៖ ប្រជាពលរដ្ឋតែងតែបាត់ឯកសារបញ្ជាក់អត្តសញ្ញាណ។ ការចេញប័ណ្ណខៀវនេះ គឺដើម្បីធានាដល់សិទ្ធិពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត។ ប័ណ្ណខៀវត្រូវបានចែកសម្រាប់បោះឆ្នោតឆ្នាំ២០១៣ ចំនួន ១.៨៦០.៤៩១សន្លឹក ក្នុងនោះចំនួន ២៧២.៤៤៧ សន្លឹក ចេញមុនពេលបោះឆ្នោត។ របាយការណ៍រួមរបស់ ERA លើកឡើងថា តួលេខប័ណ្ណខៀវចេញចុងក្រោយ មានប្រហែលនឹងសំឡេងឆ្នោតដែល CPP ឈ្នះ CNRP ដើម្បីធ្វើឱ្យអ្នកអានយល់ច្រឡំថា គ.ជ.ប ធ្វើប័ណ្ណខៀវមុនពេលបោះឆ្នោត ឱ្យអ្នកគាំទ្រ CPP ទើបបានជា CPP ឈ្នះប្រហែល២៨ម៉ឺនសម្លេង។ ដើម្បីទាញការសន្និដ្ឋានទៅរកការលួចបន្លំសន្លឹកឆ្នោតឱ្យកាន់តែមានទម្ងន់ របាយការណ៍នេះបានប្រឌិតករណីឈ្មោះ ចាន់ សាន់ ដែលផ្ទុយពីការពិតទាំងស្រុង។
៨. របាយការណ៍រួមនេះ ក៏បានលើកឡើងផងដែរអំពីចំនួនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតប្រហែល ៩.៤៤២.៨០២នាក់ ដែលតួលេខនេះ គ្រាន់តែជាការព្យាករណ៍នៅឆ្នាំ២០០៨ ធៀបនឹងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩.៦៧៥.៤៥៣នាក់។ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតធ្វើដោយដៃ ដែលអាចមិនបានត្រឹមត្រូវ ១០០% ទេ។ តួលេខខុសគ្នាអាចបណ្ដាលមកពីមូលហេតុ៖ ទីមួយ គឺប្រជាពលរដ្ឋផ្លាស់ទីលំនៅពីកន្លែងមួយទៅកន្លែងមួយទៀត ហើយភាគច្រើនពុំបានលុបឈ្មោះនៅកន្លែងចាស់ទេ។ ទីពីរ គឺឃុំ-សង្កាត់ភាគច្រើនពុំប្រើប្រាស់កុំព្យូទ័រឬពុំមានអ៊ីនធឺណិត ដែលពិបាកផ្ទៀងផ្ទាត់ ថាតើអ្នកស្នើសុំចុះឈ្មោះធ្លាប់បានចុះឈ្មោះរួចហើយឬនៅ។ អាជ្ញាធរឃុំ-សង្កាត់ពុំមានសំអាងផ្លូវច្បាប់ដើម្បីស្នើសុំ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតទេ បើគ្មានសំណើពីសាមីខ្លួន ឬអ្នកទីបីប្តឹងសុំលុប។
៩. របាយការណ៍រួមរបស់ ERA បានចោទថាមានការិយាល័យ ចំនួន៧៧ នៃការិយាល័យ ១៥.០៧៥ មានសន្លឹកឆ្នោតមិនបានការចន្លោះពី១០០ ទៅ ៥០០សន្លឹក។ តាមតួលេខពី គ.ជ.ប នៅទូទាំងប្រទេស ការិយាល័យដែលមានសន្លឹកឆ្នោតមិនបានការច្រើនជាងគេ គឺការិយាល័យលេខ០៣២៦ នៅខេត្តសៀមរាប ដែលមានសន្លឹកឆ្នោតមិនបានការចំនួន១៣៧សន្លឹក។
១០. របាយការណ៍រួមរបស់ ERA បានលើកឡើងដែរថា ក្នុងខេត្តសៀមរាបនិងបន្ទាយមានជ័យ នៅឆ្នាំ២០១២ មាន២៤ការិយាល័យ លុបឈ្មោះអ្នកបោះឆ្នោតពីបញ្ជីបោះឆ្នោតលើសពី ៥០%។ តាមពិត នៅការិយាល័យមួយចំនួនក្នុងខេត្តទាំងពីរ មានការលុបឈ្មោះមែនប៉ុន្តែអ្នកសរសេររបាយការណ៍រួមនេះពុំបានស្រាវជ្រាវទេ គ្រាន់តែចោទថាមានភាពមិនប្រក្រតីប៉ុណ្ណោះ។ តាមពិត កងកម្លាំងប្រដាប់អាវុធដែលត្រូវបានផ្លាស់ទីកន្លែងតាមព្រំដែន ត្រូវបានលុបឈ្មោះចេញពីការិយាល័យចាស់ រួចទៅចុះឈ្មោះនៅការិយាល័យថ្មីតែប៉ុណ្ណោះ។
១១. របាយការណ៍រួមរបស់ ERA បានយកការស្រាវជ្រាវពីអង្គការ ដែលដាក់ឈ្មោះថាជា «អង្គការឯករាជ្យ» និង «ភ្នាក់ងារឯករាជ្យ» ។ តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា ប្រធានអង្គការមួយដែលបានរួមចំណែកក្នុងការចងក្រងរបាយការណ៍រួមរបស់ ERA នេះ ក៏ធ្លាប់បានជួបប្រជុំនាពេលថ្មីៗនេះ ជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីផ្តល់យោបល់ថាធ្វើយ៉ាងដូចម្តេចដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបអំណាចប្រជាជន ឬបដិវត្តពណ៌។ តើសកម្មភាពបែបនេះ អាចចាត់ទុកថាជាអង្គការឯករាជ្យបានដែរឬទេ?
១២. រាជរដ្ឋាភិបាលទទួលស្គាល់ថា ទោះបីជាមានការប្រសើរឡើងនូវដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែការខ្វះចន្លោះនៅតែមាន ក្នុងពេលបោះឆ្នោតម្តងៗ។ ប៉ុន្តែការខ្វះខាតនេះ មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ នៅក្នុងសកលលោក គ្មានប្រព័ន្ធបោះឆ្នោតណាមួយដែលល្អឥតខ្ចោះ១០០%នោះទេ ហើយការកែទម្រង់ការបោះឆ្នោតក៏មិនមែនមានន័យថា ប្រព័ន្ធបោះឆ្នោតមានកំហុសឆ្គងនោះដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការបោះឆ្នោត និងបានស្នើរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភក្នុងការធ្វើកំណែទម្រង់នេះ។ ជាលទ្ធផល ប្រទេសជប៉ុនបានឯកភាពជួយកម្ពុជាក្នុងការធ្វើកំណែទម្រង់នៃដំណើរការរៀបចំការបោះឆ្នោតនេះ។
១៣. បទពិសោធន៍កាលពី៣៥ឆ្នាំមុន គឺជាមេរៀនដ៏ជូរចត់ដែលប្រទេសមួយចំនួនបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ។ បច្ចុប្បន្នដូចគ្នានេះដែរ សាធារណជននិងប្រទេសមួយចំនួន ដែលបានយល់ដឹងអំពីសភាពការណ៍ និងអំពីដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈ របាយការណ៍រួមនេះ បានគាំទ្រនិងជឿ CNRP ដើម្បីចោទប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា រាជរដ្ឋាភិបាល និងយន្តការសម្រាប់ការអនុវត្តការបោះឆ្នោត ថាគ្មានយុត្តិធម៌ និងតម្លាភាព។
១៤. នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧អាសនៈ និង CNRP ទទួលបាន៥៦អាសនៈ។ COMFREL លែងបន្តផ្សព្វផ្សាយតួលេខនេះទៀត ដើម្បីការពារការប្រឌិតលទ្ធផលបោះឆ្នោតរបស់សម្ព័ន្ធមិត្តខ្លួន។ ចំណែកឯលោក កឹម សុខា ម្តងបានប្រកាសថា CNRP ឈ្នះ ៧៦អាសនៈ ហើយម្តងទៀតថា ឈ្នះ ៦៣អាសនៈ។ លោក កឹម សុខា ម្តងថាអង្គការ និងម្តងថាស្ថានទូតបានប្រាប់លោក។ សំណួរសួរថា៖ តើអង្គការណា និងទូតណា សូមលោក កឹម សុខា លើកយកមកប្រាប់ជាសាធារណៈ។
១៥. នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា បានថ្លែងភូតកុហកបាតុករ ដោយប្រឌិតរឿងថា «ម្សិលមិញនេះគាត់ (សម្ដេចតេជោ ហ៊ុន សែន) ប្រុងចុះហើយ ប៉ុន្តែឥឡូវគេ (វៀតណាម) កោះហៅភ្លាមតែម្ដង...។ ខ្ញុំខ្លាចគេ (វៀតណាម) យកទៅដាក់ថ្នាំ ស្រាប់តែមកវិញលែងចុះ...។» ជាធម្មតា ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលទៅក្រៅប្រទេស ត្រូវរៀបចំយ៉ាងហោចណាស់ក៏ ២-៣ខែមុន មិនមែនដូចលោក កឹម សុខា និយាយនោះទេ។ នេះគឺជាសម្ដីភូតកុហកបាតុករដែលមិនយល់អំពីកិច្ចការរដ្ឋ។
១៦. នៅគ្រប់វេទិកាCNRP តែងញុះញង់ឱ្យផ្តួលរំលំរាជរដ្ឋាភិបាល និងទាមទារសម្តេចនាយករដ្ឋមន្រ្តីចុះចេញពីតំណែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា សម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តី តាមរដ្ឋធម្មនុញ្ញ ហើយចុះទៅវិញក៏តាមរដ្ឋធម្មនុញ្ញដែរ។ បញ្ហារបស់ CNRP គឺការសន្យាជាមួយនឹងក្រុមបាតុករនិងអ្នកគាំទ្ររបស់ខ្លួន ធំធេងពេក តាមរយៈការភូតភរ កុហក និងប្រឌិតរឿង ដូច្នេះឥឡូវពិបាកបែរក្រោយវិញ ហាក់បីដូចជាបានឡើងជណ្តើរខ្ពស់ពេក ហើយឥឡូវនេះ ពួកខ្លួនគ្មានជណ្តើរចុះមកវិញ។
១៧. យុទ្ធវិធីរបស់ CNRP គឺ៖
- បោកបញ្ឆោតប្រជាពលរដ្ឋឱ្យជឿថា គ.ជ.ប ពិតជាបានលួចបន្លំសន្លឹកឆ្នោតដើម្បីឱ្យCPPឈ្នះមែន។
- បន្តបញ្ឆេះកំហឹង និងពង្វក់ ដែលជាយុទ្ធវិធីក្នុងការរក្សាកម្លាំង ដោយប្រើប្រាស់សង្រ្គាម ចិត្តសាស្រ្តផ្សេងៗ។
- ទាក់ទាញប្រជាពលរដ្ឋដែលគាំទ្រ CPP ឱ្យងាកទៅគាំទ្រ CNRP វិញ។
- ព្យាយាមបញ្ចូលមនោគមវិជ្ជា ភូតកុហក បំភ្លៃ បំផ្លើស និងប្រឌិតរឿងអំពីការលួចបន្លំសន្លឹកឆ្នោត និងបញ្ហាផ្សេងៗទៀត ដើម្បីធ្វើឱ្យយុវជនភាន់ច្រឡំ និងធ្វើការសម្រេចចិត្តខុស។
១៨. នាខែកញ្ញា ក្នុងពេលចរចារវាងថ្នាក់ដឹកនាំកំពូលនៃ CPP និង CNRP លោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ឈប់ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទទួលស្គាល់លទ្ធផលថា CPP ៦៨អាសនៈ និង CNRP ៥៥អាសនៈ និងទទួលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប៉ុន្តែទាមទារយកតំណែងប្រធានរដ្ឋសភា និងតុល្យភាពនៃប្រធានគណៈកម្មការរដ្ឋសភា ។
លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវទទួលខុសត្រូវយ៉ាងធំធេង ចំពោះការដែលនាំឱ្យក្រុមបាតុករអនាធិបតេយ្យប្រព្រឹត្តនូវអំពើហិង្សាកន្លងមក តាមរយៈការទាមទារមិនសមស្របតាមស្មារតីនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបេតយ្យ ដែលទាមទារឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តីចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ ជាពិសេស ការទទួលខុសត្រូវទាំងស្រុងនិងមិនអាចប្រកែកបាននូវព្រឹត្តិការណ៍នៅថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤។ បន្ទាប់ពីក្បាលម៉ាស៊ីនបាតុកម្ម ជាពិសេសនៅទីលានប្រជាធិបតេយ្យ ត្រូវបានរំសាយមក រោងចក្រត្រូវបានបើកទ្វារវិញ ហើយកម្មករបានចូលធ្វើការជាធម្មតា។
ប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ មនុស្ស និងវប្បធម៌។ ដោយផ្អែកលើកត្តាទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតូបករណ៍គតិយុត្តគ្រប់ប្រភេទ ត្រូវបានត្រូវបានតាក់តែងឡើង ដើម្បីធានានូវដំណើរការដោយរលូននៃរដ្ឋាភិបាល។ លើសពីនេះទៀត ពលរដ្ឋគ្រប់រូបមានសិទ្ធិនិងការទទួលខុសត្រូវ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។ ម្នាក់ៗ ត្រូវតែគោរពនីតិរដ្ឋ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបែរជាប្រព្រឹត្តនូវទង្វើផ្ទុយពីនេះទៅវិញ តាមរយៈការបង្កឱ្យមានភាពអាណាធិបតេយ្យ និងអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជននិងសាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយសារការកៀរគរហ្វូងមនុស្សឱ្យចូលរួមធ្វើបាតុកម្មឥតឈប់ឈរនៅសួនប្រជាធិបតេយ្យ និងនៅតាមដងផ្លូវនានា។ សំណួរសួរថា ហេតុអ្វីបានជាប្រទេស និងអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយចំនួន គាំទ្រដល់ឥរិយាបថបែបនេះ និងបង្គាប់បញ្ជាឱ្យធ្វើការផ្លាស់ប្តូរទៅរកវិធីដែល «មិនស្របទៅនឹងនីតិរដ្ឋ» សម្រាប់ការដឹកនាំប្រទេសនៅកម្ពុជាទៅវិញ។ តើនេះដោយសារតែកម្ពុជាមិនមែនជាប្រទេសរបស់ពួកគេផ្ទាល់ឬ?
No comments:
Post a Comment