Wednesday, January 29, 2014

បទ​អត្ថា​ធិប្បាយ៖ ការ​ប្រើ​ប្រាស់សិទ្ធិ​របស់​អ្នក​ប្រឆាំង កំពុង​រំលោភ​សិទ្ធិ​អ្នក​ដទៃ

ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ មក គេ​សង្កេត​ឃើញ​ថា អ្នក​​ដែល​មាន​​និន្នា​ការ​នយោ​បាយ​ប្រឆាំង ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​យ៉ាង​លើស​លប់​និងធំ​ធេង​គ្មាន​ព្រំ​ដែន តាម​គ្រប់​រូប​ភាព និង គ្រប់​មធ្យោ​បាយ​របស់​ខ្លួន ដើម្បី​បង្ក​ឲ្យ​មាន​អស្ថេរ​ភាព​នយោ​បាយ បាត់​សណ្តាប់​ធ្នាប់​ក្នុង​សង្គម ដែល​ជា​ដើម​ហេតុ​គន្លឹះ​បង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋ​កិច្ច និង វិបត្តិ​សង្គម​ជាតិ​ទាំង​មូល​។

ជា​ការ​ពិត ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​ទទួល​ស្គាល់​គោល​ការណ៍​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ដទៃ​ទៀត ក្នុង​នាម​ជា​ប្រទេស​ហត្ថ​លេខី និង បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​កំពូល និង ច្បាប់​ពាក់​ព័ន្ធ​ដទៃ​ទៀត របស់​ខ្លួន ដែល​ទាម​ទារ​ឲ្យ​ប្រជា​ពល​រដ្ឋ​គ្រប់​រូប គ្រប់​និន្នា​ការ​នយោ​បាយ ត្រូវ​តែ​គោរព​ប្រតិ​បត្តិ ដោយ​គ្មាន​ការ​លើក​លែង និង ដោយ​គ្មាន​ការ​អនុ​គ្រោះ​ឡើយ។ នេះ​គឺ​ជា​ចរិត​លក្ខណៈ​របស់​ច្បាប់ មិន​មែន​គោរព​តែ​អាជ្ញា​ធរ ឬ​តែ​រដ្ឋា​ភិបាល ឬ​តែគណ​បក្ស​កាន់​អំណាច រីឯ​អ្នក​ប្រឆាំង ដើរ​ធ្វើ​សកម្ម​ភាព​ដោយ​សេរី ​បើ​ទោះ​បី​រំលោភ​លើ​សិទ្ធិ និង ផល​ប្រយោជន៍​អ្នក​ដទៃ​យ៉ាង​ណា​ក៏​ដោយ។

សកម្មភាព​របស់​ក្រុម​ប្រឆាំង ដែល​កំពុង​រំលោភ​លើ​សិទ្ធិ និង ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អ្នក​ដទៃ ​ដូច​ជា ការបង្ខាំង​​កម្មករ មិន​ឲ្យ​ចូល​ធ្វើ​ការ ការ​រំខាន​កម្មករ​មិន​ឲ្យ​ធ្វើការ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​-​ឯកជន ការ​បិទ​ផ្លូវ​សា​ធារណៈ ការ​យក​លេស​ផល​ប្រយោជន៍​បុគ្គល​មួយ​ចំនួន​តូច ​មក​ផ្សារ​ភ្ជាប់​នឹង​គោល​ដៅ​នយោ​បាយ​របស់​ខ្លួន គឺ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់ ដែល​រដ្ឋា​ភិបាល អាជ្ញាធរ​មាន​សមត្ថ​កិច្ច ត្រូវ​តែ​ចាត់​វិធាន​ការ ធ្វើ​អន្ត​រាគមន៍​ជា​បន្ទាន់ និង​ជា​ដាច់​ខាត ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត ក្នុង​គោល​ដៅ​បញ្ចៀស​គ្រោះ​មហន្ត​រាយ​ជាយ​ថាហេតុ (ដែល​ជា​គោល​បំណង​ពិត​ប្រាកដ​​របស់​ពួក​ប្រឆាំង) ដែល​នាំ​ទៅ​រក​អសន្តិសុខ អស្ថេរ​ភាពនយោ​បាយ វិបត្តិ​សេដ្ឋកិច្ច​សង្គម ដែល​​អាច​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ឆ្ពោះ​ទៅ​រក​​សន្តិភាព​ដ៏យូរអង្វែង​របស់​កម្ពុជា។

ការ​រំលោភ​បំពានប្រកប​ដោយចេតនា​បង្ក​ហេតុ ដោយមិនខ្វាយខ្វល់​ពី​ច្បាប់ ដែលនាំ​ឲ្យប៉ះ​ពាល់​​ដល់​​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ពល​រដ្ឋ​ដែល​មិន​និយម​​និន្នា​ការ​នយោ​បាយ និង​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​​ភាគ​ច្រើន​ដាច់​ខាត​ដែល​គាំ​ទ្រ​គណ​បក្ស​កាន់​អំណាច​ ក៏ដូច​ជា​អ្នក​គាំ​ទ្ររាជ​​រដ្ឋា​ភិ​បាល​នោះ​ ​បាន​​ធ្វើឲ្យ​ពួក​គេធ្វើ​ការ​ឆ្លើយ​តប​ត​​វិញ​​ ក្នុង​គោល​ដៅ​ការ​ពារ​ផល​ប្រ​យោ​ជន៍​និង​សិទ្ធិស្រប​ច្បាប់​របស់​ពួក​គេ​តែប៉ុណ្ណោះ ​។

ការ​ធ្វើ​អន្តរា​គមន៍​​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ទៅ​លើសកម្ម​ភាពរបស់​ក្រុម​អ​នា​ធិប​តេយ្យ​ គឺ​ជា​តួ​នាទី​ស្រប​ច្បាប់​របស់​រដ្ឋ ទាំង​នៅ​ក្នុង​បរិបទ​រដ្ឋ​បាល​សា​ធារណៈ​ ​បរិបទ​សេដ្ឋ​កិច្ច និង ក្នុង​បរិ​បទ​សង្គម ដែល​ប្រ​ទេស​ទាំង​អស់​នៅលើសកល​លោក​ ដែល​បាន​និង​កំពុង​អនុ​វត្ត​តួ​នា​ទី​នេះ រួមទាំង​ស​ហ​រដ្ឋ​អា​មេ​រិក និង​​ប្រទេស​មួយ​ចំនួន​នៅ​ស​ហ​គមន៍​អ៊ឺរ៉ុបផង​ដែរ​ ដែល​​កំ​ពុង​តាំង​ខ្លួនជា​ប្រ​ទេស​​បីតា​ប្រជា​ធិប​តេយ្យ​នោះ។ ដូច្នេះ ​រដ្ឋ​ អា​ជ្ញា​​ធរ​មានសមត្ថ​កិច្ចចាំ​បាច់​ត្រូ​វ​​តែធ្វើ​អន្ត​រាគមន៍​ជា​ដាច់ខាត់ ដើម្បីធា​នា​ការប្រ​ព្រឹត្ត​ទៅ​នៃ​ជីវភាព​សង្គម ក៏ដូច​ជាសកម្មភាព​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​ និង​ក្រុមសង្គម​ដទៃ​ទៀតបានរស់​នៅ​ក្នុង​បរិយា​កាស​សុខសន្តិភាព​ ស្ថេរភាព និង ការ​អភិ​វឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរភាព។

បើ​សិន​ក្រុម​ប្រ​ឆាំង នៅ​តែប្រើ​ប្រាស់សិទ្ធិ​សេរី​ភាពដោយ​រំលោភ​លើសិទ្ធិសេរីភាព​អ្នក​ដទៃ ដោយ​មិន​គោរពច្បាប់ជាតិ និង គោលការណ៍​ច្បាប់ជា​សកលទេ​នោះ​ នោះ​ប្រទេស​ជាតិ នឹងមិន​បានសេចក្តី​សុខ​សាន្តនោះ​ឡើយ ហើយ​បើ​សិន​ជា​ពួក​ប្រឆាំង​ធ្វើ​សកម្ម​ភាព​តវ៉ា តែ​នៅ​ក្នុង​រង្វង់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន ស្រប​តាម​ច្បាប់កំណត់​នោះ ដោយ​មិននាំ​ឲ្យ​ប៉ះ​ពាល់ ឬ​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរី​ភាព​របស់​អ្នក​ដទៃ​នោះ ក៏​គ្មាន​ការ​តបត​ពី​អ្នក​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​លើ​ពួក​គេ​នោះ​ឡើយ ហើយ​ក៏គ្មាន​ការធ្វើ​អន្តរាគមន៍​របស់រដ្ឋ​នោះ​ដែរ​។ ហើយ​អ្នក​ដែល​​រង​គ្រោះ​ គឺជាក្រុម​ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​លើស​លប់ ​នៅ​ក្នុង​សង្គម​ជាតិ។

ជា​រួម ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាពនោះ ត្រូវប្រ​កាន់យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ករណីយ​កិច្ច និង កាតព្វ​កិច្ច​របស់​ខ្លួន​ ក៏​ដូច​ជាសិទ្ធិ​សេរី​ភាព​របស់អ្នកដទៃ​ ដើម្បី​រួមចំណែក​ដល់​ការ​ពង្រឹង​គោល​ការ​ណ៍នីតិរដ្ឋ ដូច​មានចែង​នៅ​ក្នុងសេច​ក្តី​ប្រកាស​ជាសកល​ស្តី​ពីសិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ មាត្រា​២៩ និង រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា មាត្រា​៣១។

បើ​ទោះ​បី​រាជ​រដ្ឋា​ភិ​បាល បាន​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​និង​អនុវត្ត​ច្បាប់​យ៉ាងយក​ចិត្ត​ទុក​ដាក់​ប្រ​កប​ដោយ​​ការ​ប្តេ​ជ្ញាចិត្ត​ខ្ពស់ ស្រប​តាមរដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងគោលការ​ណ៍​ច្បាប់​ជា​សកល​យ៉ាង​ណា​ក៏​ដោយ ក៏​កម្ពុជា​​មិន​ដែលបាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​សង្គម​ស៊ី​វិល ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ជាតិ​និង​អន្តរ​ជាតិ ដែល​មាន​និន្នាការប្រ​ឆាំង​ឡើយ ជាក់​ស្តែងថ្មី​ៗ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គ​ការ Freedom House និង អង្គការ Human Rights Watch។
ដោយ រាជ្យ សុវណ្ណ​នគរ

No comments:

Post a Comment