កម្រងឯកសារ ស្តីពីព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្រ្ត របស់ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជាកិច្ចបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា
Thursday, October 29, 2015
កម្រងឯកសារ ស្តីពីព្រះរាជសកម្មភាព ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
កម្រងឯកសារ ស្តីពីព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្រ្ត របស់ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជាកិច្ចបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា
Wednesday, October 28, 2015
សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីស្ថានការណ៍នយោបាយនៅព្រះរាជាណាចក្រកម្ពុជា
សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីស្ថានការណ៍នយោបាយនៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងអំពើហិង្សាដែលបានកើតឡើង កាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចកែសម្រួលកម្រិតពិន័យក្នុងការប្រមូលពន្ធអាករលើរថយន្ត
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់លិខិតជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយជម្រាបជូនពីដំណើរការនៃការអនុវត្តផែនការសកម្ម ភាពស្តីពីការប្រមូលពន្ធអាករលើយានយន្តគ្មានពន្ធ។
នៅក្នុងលិខិតនោះបានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា (អគរ) បានធ្វើការតាមដានយ៉ាង យកចិត្តទុកដាក់នូវរាល់ប្រតិកម្មទាំងឡាយពីអ្នកបង់ពន្ធ និងវាយតម្លៃលទ្ធផលការអនុវត្តជាប្រចាំ ក្នុងគោលបំណងក្តាប់ឱ្យបាននូវបញ្ហានានា ដែលបង្កឱ្យមានការរាំងស្ទះ ព្រមទាំងដើម្បីលើកឡើងនូវជម្រើស ដំណោះស្រាយក្នុងការធានាឱ្យដំណើរការប្រមូលពន្ធអាករនេះប្រព្រឹត្តទៅបានរលូន។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានបញ្ជាក់ទៀតថា ក្នុងការអនុវត្តរយៈពេលជិតបីខែកន្លងមក មានម្ចាស់រថយន្តមួយ ចំនួនតូចប៉ុណ្ណោះដែលបានចូលមកបំពេញកាតព្វកិច្ចពន្ធអាករដោយស្ម័គ្រចិត្ត។ ផ្អែកលើបទពិសោធន៍ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកត់សម្គាល់ឃើញថា កម្រិតប្រាក់ពិន័យខ្ពស់ គឺជាមូលហេតុសំខាន់មួយក្នុងចំណោមហេតុផលនានាដែលធ្វើឱ្យម្ចាស់យានយន្តគ្មានពន្ធមានភាពស្ទាក់ស្ទើរក្នុងការចូលមកបង់ពន្ធអាករ។
ដោយមានចំណារឯកភាពពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងគោលបំណងជម្រុញឱ្យមានការចូលរួមមកបំពេញកាតព្វកិច្ចពន្ធអាករដោយស្ម័គ្រចិត្តឱ្យបានច្រើនជាអតិបរមា មុននឹងឈានដល់ការចាត់វិធានការបង្រ្កាបនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចធ្វើការបន្ថយកម្រិតពិន័យលើរថយន្ត និងគ្រឿងចក្រក្នុងដំណាក់កាល ទី១ដូចជារថយន្តនិងគ្រឿងចក្រ ឆ្នាំម៉ូដែល មុនឆ្នាំ២០០៦ ត្រូវបានកែសម្រួលពី១៥% មកនៅត្រឹម ១០% ពីឆ្នាំ២០០៦ដល់២០១៣ ត្រូវបានកែសម្រួលពី២០% មកនៅត្រឹម ១៥% និង ម៉ូដែលចាប់ ពីឆ្នាំ២០១៤ ឡើងទៅ ត្រូវបានកែសម្រួលពី២៥% មកនៅត្រឹម ២០%។
ទន្ទឹមនឹងនេះ ដើម្បីធានានូវសមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាសម្រេចបង្វិលសងវិញនូវកម្រិតប្រាក់ពិន័យដែលបានបង់លើសដោយអ្នកបង់ពន្ធអាករតាមរូបភាព ស្ម័គ្រចិត្តនាពេលកន្លងមកផងដែរ។


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំដើម្បីជំរុញឲ្យស្ថាប័នរដ្ឋទាំងអស់ បើកប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការសម្រាប់ខែវិច្ឆិកា ឲ្យទាន់ក្នុងសប្តាហ៍ទី៣
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងរួមមួយ ដោយបញ្ជាក់ពីដំណើរការរៀបចំ ការបើប្រាក់បៀវត្សរ៍សម្រាប់ខែវិច្ឆិកា ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ឲ្យបានទាន់ពេលវេលា និងយ៉ាងយូរបំផុតក្នុងសប្តាហ៍ទី៣ ស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការត្រួតពិនិត្យ នឹងរៀបចំបើកផ្តល់បៀវត្សដល់ក្រសួងស្ថាប័ន សាលារាជធានី ខេត្ត
មន្ទីរ និងអង្គភាពជំនាញឲ្យបានទាន់ក្នុងសប្តាហ៍ទី២ នៃខែវិច្ឆិកា បន្ទាប់ពីទទួលបានអាណត្តិបើកប្រាក់បៀវត្ស ពីក្រសួង
ស្ថាប័ន សាលារាជធានី ខេត្ត
មន្ទីរ និងអង្គភាព ជំនាញរាជធានី ខេត្ត។
ក្រសួងស្ថាប័ន សាលារាជធានី ខេត្ត មន្ទីរ
និងអង្គភាពជំនាញរាជធានី ខេត្ត ត្រូវធានាការបើក ផ្តល់បៀវត្សរ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥
ជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ យោធិន
ឲ្យបាន យ៉ាងយូរក្នុងសប្តាហ៍ទី៣ ខែវិច្ឆិកា
ឆ្នាំ២០១៥៕


បទវិភាគ ដោយ៖ ពង្ស សុក្រឹត្យ,យុទ្ធសាស្ត្របង្វែរព្រឹត្តិការណ៍ របស់អ្នកនយោបាយ
ក្រុមអ្នកវិភាគ កំពុងតាមដាន និងយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលនាំទៅដល់ការវាយដំតំណាងរាស្ត្របក្សប្រឆាំង២រូប កាលពីដើមសប្តាហ៍នេះ ព្រោះវាជាព័ត៌មានដែលពលរដ្ឋកំពុងមានការចាប់អារម្មណ៍។
ក្រោយពីបានឃើញសកម្មភាពវាយដំតំណាងរាស្ត្រ តាមរយៈវីដេអូឃ្លីប ដែលអ្នកថត បានបង្ហោះនៅលើបណ្តាញសង្គមហ្វ៊េសប៊ុកព្រោងព្រាតមក ទាំងក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋ មានការងឿងឆ្ងល់ជាខ្លាំង ដោយសារសាច់រឿងនៃការប្រើអំពើហិង្សានេះ ហាក់ដូចជាមិនស៊ីគ្នាទៅនឹងប្រធានបទ ដែលក្រុមបាតុករស្រែកតវ៉ាទាមទារ ទាល់តែសោះ។
គេនៅចាំបានថា ចាប់តាំងពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ មានក្រុមបាតុករចម្រុះជាង ៥ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខមរដ្ឋសភាជាតិ ដើម្បីស្នើសុំឲ្យប្រធានរដ្ឋសភា លោក ហេង សំរិន និងតំណាងរាស្ត្រទាំងអស់ ដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា។ ក្រោយពីមានការស្រែកទាមទារប្រមាណជាង៣ម៉ោង ទើបគេឃើញតំណាងរាស្ត្រ នៃគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាបានចេញមកទទួលញត្តិពីបាតុករទាំងនោះ។ បន្ទាប់មកក្រុមបាតុករ បានបំបែកហ្វូងចេញអស់ពីខាងមុខរដ្ឋសភា ឆ្ពោះទៅផ្ទះរៀងៗខ្លួនវិញ ប៉ុន្តែក្រុមបាតុករខ្លះ បាននាំគ្នាទៅប្រមូលផ្តុំជាបន្តនៅខាងមុខគេហដ្ឋានរបស់លោក កឹម សុខា ដែលស្ថិតនៅខណ្ឌទួលគោក។
ចំណុចដែលក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋ ដែលបានមើលវីដេអូឃ្លីបមានការងឿងឆ្ងល់នោះ គឺត្រង់ថាឈុតឆាកវាយដំតំណាងរាស្ត្រទាំងពីររូប គឺហាក់ដូចជាមានការរៀបចំ ដើម្បីបង្វែរសាច់រឿងនៃព្រឹត្តិការណ៍ ពីប្រធានបទពលរដ្ឋតវ៉ាស្នើសុំដកតំណែងលោក កឹម សុខា ទៅជាប្រធានបទអំពើហិង្សាទៅលើតំណាងរាស្ត្រទៅវិញ។ វាហាក់ដូចជាមានការណាត់ពេលគ្នាច្បាស់លាស់ក្នុងការធ្វើសកម្មភាព ពីព្រោះក្រុមអ្នកទៅវាយតំណាងរាស្ត្រទាំងនោះ ទើបតែជិះឡានកូរ៉េពណ៌ស (ព័ត៌មានតាមអ្នកឃើញហេតុការណ៍ផ្ទាល់) មកដល់ក្រោយពេលក្រុមបាតុករបំបែកហ្វូងអស់ទៅហើយ និងគាប់ជួនពេលគ្នាដែលតំណាងរាស្ត្របក្សប្រឆាំងចេញពីប្រជុំតាមទ្វារក្រោយមន្ទីររដ្ឋសភា។ ហេតុអ្វីបានជាមានមនុស្សមួយក្រុមលេចមុខមកពីណា? ជាទូទៅ គ្រប់រថយន្តទំនើប ដឹកអ្នកធំជាធម្មតាតែងតែមានចាក់សោរទ្វារដោយស្វ័យប្រវត្តិ ប៉ុន្តែសម្រាប់ហេតុការណ៍អំពើហិង្សានេះ រថយន្តរបស់លោកតំណាងរាស្ត្រ គង់ សភា និង ញ៉យ ចំរើន សុទ្ធតែអត់មានចាក់សោរ ហើយលោកទាំងពីរមិនបានស្រែកឲ្យគេជួយ ឬរត់បន្តិចណាឡើយនៅពេលដែលមានការចាប់ទាញចេញពីរថយន្ត គឺដេកសំងំឲ្យក្រុមជនល្មើសវាយដោយសេរី។ ចំណុចដែលរឹតតែសង្ស័យទៀតនោះ គឺក្រោយពីត្រូវបានវាយដំម្តងហើយ លោក គង់ សភា ត្រូវបានអ្នកបើកបរ លើកដាក់លើរថយន្តវិញ ហើយគ្មានការបើករថយន្តរត់នោះទេ គឺនៅរង់ចាំឲ្យក្រុមជនល្មើស បើកទ្វារទាញយកមកវាយដំម្តងទៀត។ ម៉្យាងទៀត ក្រុមបាតុករដែលតវ៉ាពីព្រឹក គឺទាមទារបណ្តេញលោក កឹម សុខា ចេញពីតំណែងឯណោះទេ ចុះហេតុអ្វីបានជាមានមនុស្សមួយក្រុមផ្សេង ចេញមកបង្កហិង្សាជាមួយតំណាងរាស្ត្រដែលនៅក្រៅសាច់រឿងទៅវិញ?
ក្រុមអ្នកវិភាគ តែងនិយាយជារើយៗថា «ជាតិជាអ្នកនយោបាយ អ្វីៗក៏ហ៊ានធ្វើដែរ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន» ជាពិសេស យុទ្ធសាស្ត្របង្វែរព្រឹត្តិការណ៍ គឺត្រូវបានក្រុមអ្នកនយោបាយយកមកប្រើប្រាស់ជាច្រើនជំនាន់ និងនៅតែមានប្រសិទ្ធភាពរហូតមកទល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ឆាកល្ខោនមួយរឿងដែលសម្តែងដោយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង កាលពីដើមសប្តាហ៍នេះ បើទោះបីជាប៉ះចំសាច់ឯងយ៉ាងណាក៏ដោយ ក៏ត្រូវតែហ៊ានចំណាយដែរ។ ដូច្នេះហើយ ទើបតំណាងរាស្ត្រដែលទ្រមខ្លួនទាំងពីរ ត្រូវបានទទួលការចំណាយព្យាបាលនៅបរទេសដោយថវិកាគណបក្សទាំងស្រុង។
ទោះជាយ៉ាងណា ការពិតនឹងត្រូវបង្ហាញនាពេលឆាប់ៗខាងមុខជាក់ជាមិនខាន ព្រោះរាជរដ្ឋាភិបាល បានប្រកាសថ្កោលទោសចំពោះជនល្មើសដែលបានបង្កអំពើហិង្សា និងបានបង្កើតគណៈកម្មការស៊ើបអង្កេតលើករណីនេះរួចហើយដែរ។ យើងសង្ឃឹមថាសមត្ថកិច្ច នឹងមានវិធានការច្បាប់ដ៏សមរម្យ និងម៉ឹងម៉ាត់ ចំពោះជនដៃដល់ និងមេក្លោងដែលបង្កើតឲ្យមានអំពើហិង្សានេះ៕
តំណាងក្រុមបាតុករអហិង្សា ចេញលិខិតបដិសេធ ចំពោះទង្វើហិង្សារបស់ជនមួយក្រុមតូច ដែលបានវាយលើអ្នកតំណាងរាស្ត្រ CNRP
នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥នេះ តំណាងប្រជាពលរដ្ឋ ដែលជាក្រុមបាតុករអហិង្សា ដែលបាន ធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ចេញពីដំណែង អនុប្រធានទី១ រដ្ឋសភា បានចេញលិខិតបដិសេធចំពោះទង្វើវាយទាត់ធាក់ របស់ជនមួយក្រុមតូច ដែលបានប្រព្រឹត្ត ទៅលើអ្នកតំណាងរាស្ត្រ CNRP គឺឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គង់ សភា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ។
ក្នុងលិខិតបដិសេធរបស់ ក្រុមបាតុករសន្តិវិធី បានរៀបរាប់ថា យើងខ្ញុំទាំងអស់គ្នា តំណាងប្រជា ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានជួបជុំគ្នាធ្វើ បាតុកម្មនៅមុខរដ្ឋសភា ដើម្បីទាមទារដោយ ទទូចដល់សម្តេចប្រធានរដ្ឋសភា និងអ្នកដំណាងរាស្ត្រទាំងអស់ មេត្តាដកតំណែងឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភាឲ្យ បានឆាប់បំផុត ព្រោះថារយៈពេលកន្លងមក បុគ្គល រូបនេះ បានធ្វើសកម្មភាពឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំង ធ្វើការអុកឡុក ដុតកំហឹងពូជសាសន៍ និងអាឈានទៅបង្កអោយមានសង្គ្រាម កើតឡើង ក្នុងផ្ទៃប្រទេស ដែលសកម្មភាពទាំងនេះ គឺពិតជាមិនស័ក្តិសមជាថ្នាក់ដឹកនាំនៃស្ថាប័នកំពូល របស់ជាតិទេ។
លិខិតដដែលបានបន្តថា ការធ្វើបាតុកម្មនេះបានចប់តាមគោលបំណងដើម ដោយមានអ្នក តំណាងរាស្ត្រមកជួបយើងទាំងអស់គ្នា ព្រមទាំងទទួលញត្តិស្នើសុំ ហើយពួកយើងខ្ញុំ បានរំសាយ នៅវេលាម៉ោង១០និង៣០នាទី តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែប្រការដែល គួរអោយសោកស្តាយនោះ គឺនៅពេលទទួលបានព័ត៌មានថា នៅវេលាម៉ោង ១២និង១៥នាទី មានហេតុការណ៍ បង្កដោយជនមួយក្តាប់តូចមិនស្គាល់អត្តសញ្ញាណ បានធ្វើឲ្យមានរបួសស្នាម ដល់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ០២រូប។
យើងខ្ញុំទាំងអស់គ្នាជាតំណាងប្រជាពលរដ្ឋ សូមធ្វើការបដិសេដយ៉ាងដាច់អហង្ការ និងច្រាន ចោល ទាំងស្រុងចំពោះទង្វើដែលកើតចេញពីជនមួយក្រុមតូច គឺមិនជាប់ពាក់ព័ន្ធ និងបាតុកររបស់ យើងខ្ញុំឡើយ ព្រមទាំងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធចាត់វិធានការ ស្រាវជ្រាវស្វែងរកជនបង្កមកផ្តន្ទាទោសតាមច្បាប់៕

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន ០៤នាក់ ពីប្រទេសម៉ាឡេស៊ី
បើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមម៉ាឡេស៊ី បានអន្តរគមន៍ ជួយពលការិនីខ្មែររងគ្រោះចំនួន ០៤នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈ មេខ្យល់ហើយជួបការលំបាកក្នុងការងារបានវិលមកកម្ពុជាវិញ។
ពលការិនីខ្មែររងគ្រោះទាំង៤នាក់នោះ មានឈ្មោះ អ៊ី តូច មានស្រុកកំណើតនៅឃុំព្រះធាតុ ស្រុកកំពង់ត្របែកខេត្តព្រៃវែង បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤នាងបានមកកាន់ស្ថានទូត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៥ ដើម្បីសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ពលការិនី អ៊ី តូច នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ វេលាម៉ោង១៦៖០០នាទី រសៀល តាមជើងយន្តហោះ AK534។ ពលការិនី៣រូបទៀត នឹងត្រូវបញ្ជូនមកកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៧៖៥០ នាទីព្រឹក តាមជើងយន្តហោះ AK៥៣៦។ ពលការិនីឈ្មោះនៅ ស្រីនាង អាយុ២២ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្ដាល បានមកស្ថានទូតនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះត្រូវបានបងស្រី បង្កើតនាំយកទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ធ្វើការនៅហាង បោកគក់សំលៀកបំពាក់។ ពលការិនី ឌីចាន់ស្រ៊ូ អាយុ២០ឆ្នាំ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមកស្ថានទូតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥សុំជួយឲ្យបានវិល ត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះ បានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ធ្វើការតាមផ្ទះ។ ពលការិនី សំ ស៊ីណា (ឈ្មោះពិត សំ ស៊ីណែត)អាយុ២០ឆ្នាំ នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានមកស្ថានទូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះបានទៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់កាលពីឆ្នាំ២០១២ធ្វើការនៅហាងលក់បាយ។
គួរបញ្ជាក់ថា កំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងហូបចុកជូនដល់ពលការិនីទំាង០៤ នាក់៕

Subscribe to:
Posts (Atom)