Thursday, July 26, 2018

ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង បានទទួល មុងជ្រលក់ថ្នាំ ព្រមទាំងការពិនិត្យដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចល័ត របស់មន្ទីរសុខាភិបាល

ស្ទឹងត្រែង៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ថា ជំនួយបន្ថែម ជាមុងជ្រលក់ថ្នាំចំនួន ៤០០០មុង និងថ្នាំពេទ្យ ក្រសួងបានដឹកទៅដល់​គោលដៅ និងចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង រួចរាល់ហើយ។
លោកបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចល័ត របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក អ៊ុង សូវៀត សហការជាមួយមណ្ឌលសុខភាពសៀមប៉ាង បានចុះទៅ ភូមិ ញាំងស៊ុធំ, ឡាកាយ និងទីទួលសុវត្ថិភាព កោះទន្សាយ ឃុំសន្តិភាព នឹងបានចែកមុងជ្រលក់ថ្នាំចំនូន​១៥០មុង​(មុងអង្រឹង​១០០,មុងគ្រែ៥០, ផ្តល់ថ្នាំបង្ការ ជំងឺកញ្ជ្រឹល និងគ្រុនស្វិតដៃជើងដល់កុមារ ចំនួន៥០នាក់ ចែកថ្នាំ chloramine ១៧,០០០ គ្រាប់,អប់រំសុខភាព បាន២០៨នាក់ និងពិនិត្យព្យាបាលជំងឺ បានចំនួន១២៣នាក់។
សូមជម្រាបថា បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកមិញនេះ លោក ម៉ម ប៊ុនហេង ក៏បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែក​មុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។

លោក ម៉ម ប៊ុនហេង ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាត ទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ គិមមកដល់វេលាយប់នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលិចលង់នេះ បង្ខំឲ្យអាជ្ញាធរត្រូវជម្រៀលប្រជាជនទៅរកកន្លែងសុវត្ថិភាពមួយចំនួនផងដែរ ៕






គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងការិយាល័យ នៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ស្អែកនេះ វេលាម៉ោង៤៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ។
គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធដែលចូលរួមក្នុងឱកាសនោះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JACA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖


លោក មាស សុភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន ១.០០០នាក់នៅស្រុកឆែប

ព្រះវិហារ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក មាស សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ មណ្ឌលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបង្ហាញបេក្ខជនតំណាងរាស្រ្តបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដល់សមាជិក សមាជិកាបក្ស នៅស្រុកឆែប ចំនួន ១.០០០នាក់នៅក្នុងបរិវេណវត្តសុវណ្ណគីរី ឃុំឆែបមួយ ស្រុកឆែប ។

ក្នុងពិធីនោះ សមាជិក សមាជិកាបក្សទាំងអស់បាន ប្តេជ្ញាចិត្តខ្ពស់ក្នុងការទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ៕







វីដេអូស្តីពី៖ ស្ថានភាពរស់នៅរបស់ ឆ្មាំ ពលករនៅប្រាសាទបេងមាលា មុននិងក្រោយចូលបំពេញការងារនៅអាជ្ញាធរជាតិអប្សរា

ថ្ងៃស្អែកប្រមុខបក្សកាន់អំណាច នឹងចេញដឹកនាំសមាជិក ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត

ប្រមុខគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចេញដឹកនាំសមាជិក សមាជិកាប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។
យោងតាមលិខិតលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើទៅកាន់ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា តាមរាជធានី-ខេត្តនាពេលកន្លងទៅបានឲ្យដឹងថា ការដឹកនាំក្បួនបិទយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនេះ នឹងធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បើតាមលិខិតដដែលនេះបានគូសបញ្ជាក់ថាថា មុននឹងចេញដង្ហែក្បួនលោកប្រមុខបក្សកាន់អំណាច នឹងមានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។
ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃស្អែកនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ កាលពីក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧កន្លងទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានចេញដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតបែបនេះផងដែរ។
ចាប់តាំងពីការបោះឆ្នោតឡើងដំបូងនាឆ្នាំ១៩៩៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មិនដែលចេញដឹកនាំ ក្បួនឃោសនារកសំឡេងឆ្នោតនោះឡើយ ពោលប្រមុខបក្សរូបនេះតែងធ្វើសកម្មភាពខ្លាំងនៅមុនយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតចូលមកដល់។ លុះដល់ថ្ងៃឃោសនារកសំឡេងឆ្នោត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងតែរក្សាភាពស្ងប់ស្ងាត់។
ដូច្នេះសម្រាប់ការចេញដឹកនាំក្បួនឃោសនាដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យ មហាជន មានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសតាមរយៈសកម្មភាពនេះ បានបង្ហាញថា ប្រមុខបក្សកាន់ អំណាចរូបនេះ បានផ្តល់តម្លៃខ្ពស់លើការប្រកួតប្រជែងជាលំអាន នៃលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានកម្លាំងរហូតដល់ទៅ ២៥ម៉ឺននាក់ចេញដង្ហែបិទក្បួនយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោតទៅ នៅក្នុងរាជធានីភ្នំពេញនេះ ក៏មានគណបក្សនយោបាយ៥ផ្សេងទៀត បានចេញដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតផងដែរ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។

របាយការណ៍បានឲ្យដឹងថា គណបក្សនយោបាយទាំង៥នោះរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងថា ការដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុបទាំងអស់ជាង ៣២ម៉ឺននាក់ និងមានរថយន្តចំនួន ៣,៦៧០គ្រឿង ម៉ូតូកង់បីជិត ១ពាន់គ្រឿង និងម៉ូតូជាង ៨ពាន់គ្រឿងផងដែរ ៕



រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ!

រយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារជាច្រើន ក្នុងគោលដៅជំរុញនិងលើកទឹក​ចិត្ត​វិនិយោគ បង្កើនផលិតភាព និងឱកាសការងារ សម្រួល និងលើកទឹកចិត្តដល់ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋតូចតាច និងជួយកាត់បន្ថយដល់បន្ទុកចំណាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារកន្លងមកក្នុងនោះរួមមាន៖
១- ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ឆ្នាំ២០០៣)តាមរយៈច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបាន៖
* លើកលែងពន្ធលើប្រាក់ចំណូល ដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរយៈពេលគន្លឹះបូកនឹងរយៈពេល៣ឆ្នាំ បូកនឹងរយៈពេលអាទិភាព ដែលអាចមានរយៈពេលអតិបរមាស្មើនឹង៩ឆ្នាំ
* លើកលែងពន្ធអប្បបរមា ស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ
* លើកលែងពន្ធគយ ចំពោះការនាំចូលគ្រឿងសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្ដាល សម្រេចបម្រើផលិតកម្ម។
២៖ ការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យមូលបត្រ (ឆ្នាំ២០១៥)
តាមរយៈអនុក្រឹត្យលេខ ០១. អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ដីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជាបាន៖
* លើកលែងពន្ធលើប្រាក់ចំណូលចំនួន៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល៣ឆ្នាំ
* អនុគ្រោះបំណុលពន្ធលើប្រាក់ចំណូលទាំងស្រុង រយៈពេល៥ឆ្នាំ
* លើកលែងពន្ធកាត់ទុកចំនួន៥០% លើការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់ និងទិញ-លក់មូលបត្រ រយៈពេល៣ឆ្នាំ។
៣- ការលុបរបបពន្ធម៉ៅការ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ ដោយបានលុបរបបពន្ធម៉ៅការ និងបានកំណត់កម្រិតផលរបរ ដែលត្រូវជាប់ពន្ធ ដែលក្នុងនោះ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផលរបរប្រចាំឆ្នាំក្រោម២៥០លានរៀល (ប្រមាណ ៦២,៥០០ដុល្លារសហរដ្ឋអាមេរិក) មិនត្រូវជាប់ពន្ធលើប្រាក់ចំណូលនោះទ្បើយ។
៤- ការលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះដែរ ដើម្បីសម្រួលដល់ជីវភាព និងកាត់បន្ថយបន្ទុកបង់ពន្ធរបស់ប្រជាពលរដ្ឋតូចតាច រាជរដ្ឋាភិបាលបានសម្រេចលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ចំពោះ ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្តគ្រប់ប្រភេទ, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល, ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។
៥- ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ប្រកាសលេខ ២៧៣ សហវប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិរវាងឳពុក-ម្ដាយបង្កើតនិងកូនបង្កើត, ប្ដីនិងប្រពន្ធ, យាយ-តាបង្កើតនិងចៅបង្កើត។
លើសពីនេះ ក៏បានលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជនយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។
៦- ការអនុគ្រោះចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ (ឆ្នាំ២០១៦)តាមរយៈប្រកាសលេខ ០៥៣៦ សហវប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយន្តការលើកទឹកចិត្ត និងអនុគ្រោះពន្ធចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ ដែលក្នុងនោះរួមមាន៖ ការអនុគ្រោះពន្ធអប្បបរមា១% នៃផលរបរប្រចាំឆ្នាំ, ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយពុំចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន, និងការមិនធ្វើសវនកម្មក្នុងរយៈពេលសុពលភាព នៃការលើកទឹកចិត្តដែលអ្នកជាប់ពន្ធ មានអនុលោមភាពសារពើពន្ធខ្ពស់ទទួលបាន។
៧- ការលើកលែងពន្ធក្នុងវិស័យអប់រំ អគ្គិសនី ទឹកស្អាត កសិកម្ម អនាម័យ និងម្ហូបអាហារ (ឆ្នាំ២០១៧-២០១៨)
តាមរយៈច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងអាករលើតម្លៃបន្ថែម ដោយចាត់ទុកជាការផ្គត់ផ្គង់ មិនជាប់អាករនូវការផ្គត់ផ្គង់មួយចំនួនដូចខាងក្រោម៖
* សេវាសិក្សាអប់រំ
* ថាមពលអគ្គិសនីនិងទឹកស្អាត
* ផលិតផលកសិកម្មមិនទាន់កែច្នៃ
* សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។
បន្ថែមពីនេះទៀត តាមរយៈប្រកាសលេខ ៣៦១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវការលើកទឹកចិត្តបន្ថែម ដោយដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមុខទំនិញចាំបាច់ទាំងនោះរួមមាន៖ ត្រី សាច់ ស៊ុតសត្វ ស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវគ្រប់ប្រភេទ។
៨- ការលើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត (ឆ្នាំ២០១៧)តាមរយៈអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងនូវពន្ធលើប្រាក់ចំណូល រយៈពេល ២ឆ្នាំ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត។
៩- ការលុបចោលពន្ធសត្តឃាត និងការដំឡើងកម្រិតពិដាន នៃប្រាក់បៀវត្សជាប់ពន្ធ (ឆ្នាំ២០១៨)បន្ថែមលើការអនុគ្រោះ និងលើកលែងពន្ធជាហូរហែកន្លងមក តាមរយៈការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញបន្ថែមទៀត នូវការអនុគ្រោះពន្ធដែល​ជាការជួយ​សម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ និងជាការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតនានា តាមយន្តការធំៗពីរគឺ៖ (១)- ការលុបចោល​ពន្ធសត្តឃាត និង (២)- ការដំឡើងកម្រិតពិដាននៃប្រាក់បៀវត្ស ដែលត្រូវជាប់ពន្ធរបស់កម្មករនិយោជិត រហូតដល់ ១,២០០,០០០រៀល ស្មើនឹងប្រមាណ ៣០០ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងន័យនេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលមានប្រាក់បៀវត្សត្រឹម ៣០០ដុល្លារ មិនជាប់ពន្ធលើប្រាក់បៀវត្សនោះទ្បើយ។

ទាំងអស់នេះហើយ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែគិតគូរ​ពីជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាឲ្យប្រទេសដ៏កម្សត់ ធ្លាប់ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម​រាប់សិប​ឆ្នាំនេះ បានរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឡើងថែមទៀត ៕