នៅក្នុងពិធីទទួលសញ្ញាបត្រ និងធ្វើបឋកថាស្តីពី «បទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅសាធារណរដ្ឋកូរ៉េថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណនៅឆ្នាំ១៩៩៨-២០០៣ និងយុទ្ធសាស្រ្តចតុកោណចំនួន ៤ ដំណាក់កាល ចន្លោះឆ្នាំ២០០៣-២០២៣។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបន្តថា យុទ្ធសាស្រ្តត្រីកោណដែលសង្កត់ធ្ងន់លើអាទិភាពចំនួន៣ រួមមាន៖
ទី១-ការធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស
ទី២-សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់និងសហគមន៍អន្តរជាតិ រួមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងការវិនិយោគ
ទី៣-ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ កំណែទម្រង់អភិបាលកិច្ចស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ចាប់ពីអណត្តិទី៣ឆ្នាំ ២០០៤-២០០៨ ដល់អណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនិងអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីប្រែក្លាយតួនាទីជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមបាវចនារាជរដ្ឋាភិបាលនៃកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ ពង្រឹងអភិបាលកិច្ច និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច៕
No comments:
Post a Comment