Thursday, September 12, 2024

តើការពង្រីកចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រវែង២៥៣ ម៉ែត្រមានគោលបំណងអ្វី?




នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតកំពង់ផែកុងតឺន័របន្ថែម ២៥៣ ម៉ែត្រនឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែដើម្បីឆ្លើយតបនូវកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំថ្ងៃមុននឹងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រថ្មី៣ជំហាននាពេលអនាគត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីពេលប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ រាជរដ្ឋាភិបាលមានមហិច្ឆិតា និងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហាន ២ បន្ថែមទៀតដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកន្លែងផ្ទេរ ផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅតំបន់ ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញចេញចូលផ្ទាល់ពីកម្ពុជាទៅកំពង់ផែនានាលើពិភពលោក៕





No comments:

Post a Comment