Friday, May 17, 2024

នាយករដ្ឋមន្រ្តីកូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់ព្រះរាជាណាចក្រកម្ពុជា

 



នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។


ក្នុងជំនួបនេះ ឯកឧត្តម ហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ និងបានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ បានបញ្ជាក់ជូនសម្តេចធិបតី ថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយឯកឧត្តម ក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA)  និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។ 


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចធិបតីបានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ទន្ទឹមនោះ សម្តេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការ ពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្តេចធិបតី ក៏នឹងចូលរួមជាអធិបតី និងថ្លែងសន្ទរកថា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េផងដែរ។  បន្ថែមលើនេះ សម្ដេចធិបតី ក៏បានជម្រាប ឯកឧត្តមនាយករដ្ឋមន្រ្តីអំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តមប្រធានាធិបតី យូន ស៊កយ៉ល កាលពីព្រឹក ជាពិសេសអំពីការរំលេចនូវគំនិតផ្តួចផ្តើមស្តីអំពីការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។ 


ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេចជូនឯកឧត្តមនាយករដ្ឋមន្រ្តី អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ។


មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់នូវជំហរ និងជំនឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមកម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្ត នឹងតែល្អរីកចម្រើន និងរឹងមាំបន្ថែមទៀត ៕





 

No comments:

Post a Comment