Friday, April 19, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់​នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ និងបិទវគ្គបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនឆ្នាំ ២០២៣ បើកវគ្គសិក្សាសម្រាប់ឆ្នាំ ២០២៤

 CMF:

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ!
. ឯកឧត្តម សមាជិក រដ្ឋសភា រាជរដ្ឋាភិបាល, សេនានុព័ន្ធ, អនុព័ន្ធយោធានានាប្រចាំកម្ពុជា
. គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ សាស្រ្តាចារ្យ យោធាចារ្យ និស្សិត សិក្ខាកាមទាំងអស់នៃសាកលវិទ្យាល័យការពារជាតិជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុងពិធីសម្ពោធអគារសហសិក្សា, អគារស្នាក់នៅ, អគារអាហារដ្ឋាន និង ពិធីបិទវគ្គសិក្សាឆ្នាំ ២០២៣, បន្តបើកវគ្គសិក្សាឆ្នាំ ២០២៤ នៅសកលវិទ្យាល័យការពារជាតិនាពេលនេះ ។ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះ កាន់តែឱឡារិក ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) អសន្តិសុខការលេងសប្បាយឆ្នាំថ្មីបានថយចុះ ៣០% ធៀបនឹងឆ្នាំមុន

ថ្ងៃនេះ ខ្ញុំមានឱកាសបានស្លៀកពាក់ឯកសណ្ឋាន(យោធា)នេះឡើងវិញ។ ល្ងាចមិញ ក៏ទៅឆែកមើល ត្បិតបារម្ភជាងគេថាខ្លាចបិទឡេវមិនជិត។ តែនៅពាក់បាន។ ថ្ងៃនេះ យើងរៀបចំកម្មវិធីនេះឡើង ក្រោយពីយើងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេស។ យើងមានការសប្បាយរីករាយនៅគ្រប់រាជធានីខេត្ត​ ស្រុក/ក្រុង សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ រៀបចំបានល្អ តុបតែង អនាម័យ សន្ដិសុខ សណ្ដាប់ធ្នាប់។ ឃើញមានប្រជាពលរដ្ឋរបស់យើងលេងល្បែងប្រជាប្រិយផុសផុលច្រើនសឹងគ្រប់កន្លែង។ តាមបងប្អូនប្រាប់ថា ឆ្នាំខ្លះឬមួយឆ្នាំមុន បងប្អូនខ្លះគាត់ត្រូវធ្វើដំណើរឆ្ងាយបន្ដិចដើម្បីទៅ(ចូលរួមលេង)សប្បាយ តែឥឡូវមិនបាច់ទៅ(ណា)ទេ (គឺលេងសប្បាយ)នៅស្រុកគាត់តែម្ដង។ (កត់សម្គាល់ថា)បាតុភាពអវិជ្ជមាន ដូចជាការឈ្លោះទាស់ទែង ការវាយគ្នាក៏មិនមានច្រើន បញ្ហាអសន្ដិសុខផ្សេងៗ ថយដូចជា ៣០% នៅឆ្នាំនេះប្រៀបធៀបនឹងឆ្នាំទៅ។ ការលេងមានការគោរពគ្នាច្រើន។ នេះគឺជាស្មារតីនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីយើង។

(២) យើងរួមគ្នាបានល្អក្នុងការប្រារព្ធពិធីឆ្នាំ ២០២៤ ឆ្នាំរោងនេះ

ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណដល់ស្ថាប័នជាតិ កងឯកភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធររាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ភូមិឃុំ ព្រះចៅអធិការវត្ត គណៈគ្រប់គ្រង ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មាន៖ នគរបាល អាវុធហត្ថ (និង)កងទ័ពរបស់យើង ក៏បានចូលរួមនៅក្នុងការចូលរួមថែរក្សាសន្ដិសុខសុវត្ថិភាព(កំឡុងពេលចូលឆ្នាំ)។ មានអ្នកប្រាប់ថាអាណិតកម្លាំងរបស់យើង ហត់ផងហើយត្រូវគេចាប់ប៉ាតម្សៅទៀត។ តែការ​ងារនេះ គឺជាកិច្ចការយកចិត្តទុកដាក់ធំរបស់រាជរដ្ឋាភិបាលគឺសន្ដិសុខសណ្ដាប់ធ្នាប់នេះឯង ដែលយើងឃើញថា ការប្រារព្ធពិធីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានប្រព្រឹត្តិទៅដោយល្អ។ អរគុណផងដល់ប្រជាការពារ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះជួយបណ្ដារាជធានីខេត្ត ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ហើយនៅក្រៅប្រទេសយើងក៏បានរៀបចំតាមស្ថានកុងស៊ុល និងឯកអគ្គរាជទូតរបស់យើងនៅតាមបណ្ដាប្រទេសផ្សេងៗ ដែលប្រជាជនចូលរួម។ អរគុណដល់សាលារាជធានីភ្នំពេញ ដែលរៀបចំរថយន្តក្រុងជិត ៤០០គ្រឿង។ ក្នុងរយៈពេល ៥ថ្ងៃនេះ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ដឹក(ប្រជាពលរដ្ឋ)បានជាង ៧ម៉ឺននាក់។ សំខាន់ គឺមានទឹកសុទ្ធ ថែមភេសជ្ជប៉ូវកម្លាំងបន្ថែមទៀតនៅឆ្នាំនេះ។ ជាទូទៅយើងរួមគ្នាបានល្អក្នុងការប្រារព្ធពិធីឆ្នាំនេះ …។

[ចប់សេចក្ដីអធិប្បាយ១]

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ដោក សុផា សកលវិទ្យាធិការ ខ្ញុំពិតជារីករាយចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់សាកលវិទ្យាល័យការពារជាតិ, ហើយខ្ញុំសូមកោតសរសើរចំពោះសមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និង សមិទ្ធផលធំៗជាច្រើន លើការងារអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន និង បំប៉ននាយទាហាន ក្នុងវិស័យការពារជាតិរបស់យើង ។

ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, យោធាចារ្យ, នាយទាហាន, នាយទាហានរង, ពលទាហាននៃសាកលវិទ្យាល័យការពារជាតិ ដែលបានអនុវត្តភារកិច្ច, ស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សា បានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍសមត្ថភាព​កងទ័ព ទាំងខាងចំណេះដឹង, ស្មារតី, ឆន្ទៈ មនសិការស្នេហាជាតិ ជំរុញដល់ការឈានចូល​ទទួលយក បរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿន​នៃបច្ចេក​វិទ្យា, វិទ្យាសាស្រ្តសម័យទំនើប នវានុវត្តន៍យោធា នៅក្នុងតំបន់ និង សកលលោក ដើម្បីធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពារជាតិ ។

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីធ្វើការអរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា​ រដ្ឋលេខាធិការក្រសួងការពារជាតិ, អតីតសាកលវិទ្យាធិការ ចំពោះការខិតខំដឹកនាំកសាង និងពង្រឹងអង្គភាព ដែលទទួលបាននូវសមិទ្ធផលជាច្រើននៅក្នុងដំណាក់កាលនៃការដឹកនាំរបស់ឯកឧត្តម នាពេលកន្លងមក។

ដោយទទួលបាននូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហា-សេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន តាមការស្នើរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា នៅក្នុងការកសាង ដែលយើងសម្ពោធនៅថ្ងៃនេះ កសាងអគារខ្នាតធំនៅទីនេះចំនួន៣ខ្នង អគារសាលសហសិក្សា ចំណុះ ៣ ៥០០នាក់ អគារ- ស្នាក់នៅនិស្សិតខ្នាតអន្តរជាតិ២ខ្នង ៥ជាន់មាន ១០០បន្ទប់ អគារអាហារដ្ឋាន ដែលយើងទើបនឹង កាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បន្ថែមពីលើអគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ ដែលរូបខ្ញុំផ្ទាល់បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលបើកវគ្គសិក្សាឆ្នាំ ២០២៣ កន្លងទៅ ។ ក្រៅពីនេះ សូមអបអរសាទរជាមួយសាកលវិទ្យាល័យការពារជាតិ​ ទទួលបាន អាគារសិក្សា២ខ្នងទៀត ដែលមួយខ្នង ជាការផ្តល់ពីក្រសួងការពារជាតិរបស់យើង រៀបចំជាមហាវិទ្យាល័យភស្តុភារ និងហិរញ្ញវត្ថុយោធា និងមួយខ្នងទៀតជាជំនួយកងទ័ពមិត្តវៀតណាមជាមហាវិទ្យាល័យព័ត៌មានវិទ្យា ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធរណបជាច្រើន ជាមួយនឹងសោភ័ណភាពបៃតង ដែលនេះជាទេពកោសល្យនៃការទំនាក់ទំនង របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ជាមួយថ្នាក់ដឹកនាំ ទាំងស្ថាប័នរដ្ឋ និងឯកជន បរិច្ចាគនូវធនធានជួយ ដល់សាកលវិទ្យាល័យការពារជាតិ ។ ទាំងនេះ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយ នៃផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះ បណ្តាលមូលធនមនុស្ស ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដីនៃមាតុភូមិរបស់យើង។

ជាការពិតណាស់ សាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាលនាយទាហានក្នុងវិស័យ ការពារជាតិ ផ្តោតសំខាន់លើវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រពិត និងភាសា។ ការសិក្សាផ្តោតជាពិសេសលើ វិទ្យាសាស្ត្រយោធា ដែលជាវិទ្យាសាស្ត្រ សិក្សាអំពីសឹកសង្គ្រាម ដែលស្រាវជ្រាវពីចរិតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្គ្រាម កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ ការកសាងខឿនការពារជាតិ ការប្រុងប្រៀបប្រទេសជាតិពេលមានសង្គ្រាម ទម្រង់ នៃរបៀបធ្វើសឹកពេលមាន សង្គ្រាម និងបណ្ដាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធដែល ជាប្រពៃណី និងមិនប្រពៃណី ។

ខ្ញុំសូមឆ្លៀតឱកាសថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវឌ្ឈនភាពការងាររបស់ក្រសួងការពារជាតិ, អគ្គបញ្ជាការ, បណ្តាប្រភេទទ័ព, ទ័ពជំនាញ និង គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ នាបច្ចុប្បន្ននេះ, ទោះស្ថិតក្នុងកាលៈទេសៈ ដែលសភាពការណ៍តំបន់ និងពិភពលោកមានការវិវត្តដ៏ស្មុគស្មាញ និង ប្រកបដោយភាពបត់បែនយ៉ាងណាក្តី ក៏សភាពការណ៍ទូទៅរបស់កម្ពុជា នៅតែមានភាពវិជ្ជមាន ដែលបង្កភាពអនុគ្រោះ សម្រាប់យើងបន្តឈានទៅសម្រេចសមិទ្ធផលថ្មីៗថែមទៀត ក្នុងការរក្សាសន្តិភាព និង ការអភិវឌ្ឍមាតុភូមិ, ជាក់ស្តែង ៖

­ យើងនៅតែរក្សាការពារបាននូវសន្តិភាពស្ថិរភាពនយោបាយ, សន្តិសុខសណ្តាប់ធ្នាប់សង្គម, ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច, បានធ្វើការពង្រឹងប្រព័ន្ធការពារ ព្រំដែនគោក, ទឹក និង អាកាស សំដៅការពារឲ្យបានបូរណភាពទឹកដីនៃមាតុភូមិរបស់យើង

­ កងយោធពលខេមរភូមិន្ទបានចូលរួមកសាងអភិវឌ្ឍនៅតំបន់ព្រំដែន, កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់តំបន់ព្រំដែនមកតំបន់ខាងក្នុង សម្រាប់បំរើឲ្យខឿនការពារជាតិ និង សេដ្ឋកិច្ចសង្គម, ​​ ម្ចាស់ការ និង សហការ ជាមួយអាជ្ញាធរកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់, ចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម និង មនុស្សធម៌, បង្ក្រាបបទល្មើសផ្សេងៗ ទាន់ពេលវេលា ដូចជា ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយនានា។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំកងយោធពលខេមរភូមិន្ទ ជាកម្លាំងស្នូលក្នុងការអនុវត្តដោយជោគជ័យនូវភារកិច្ចថែរក្សាសុខសន្ដិភាព ស្ថិរភាពសង្គម ក៏ដូចជាចូលរួមដោះស្រាយបញ្ហាប្រឈមនានា រួមមានកូវីដ១៩ គ្រោះមហន្តរាយ និងសម្រេចបាននូវសមិទ្ធផលធំៗទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិនាពេលកន្លងទៅ។

[ចប់សេចក្ដីអធិប្បាយ២]

ខ្ញុំកត់សំគាល់ឃើញថា ក្រសួងការពារជាតិ និង អគ្គបញ្ជាការបានយកចិត្តដាក់លើការកែទម្រង់កងយោធពលខេមរភូមិន្ទ, និយាយជារួម និង និយាយដោយឡែក, ការកែទម្រង់អប់រំហ្វឹកហ្វឺនរៀនសូត្រ, បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ បាន និងកំពុងពង្រឹង និង ពង្រីកបណ្តាសាលាពហុជំនាញ និង ជំនាញចំណុះកងទ័ពកងទ័ពជើងគោក, ការពង្រឹង និង អភិវឌ្ឍគុណភាពហ្វឹកហ្វឺន រៀនសូត្រ ក៏ដូចជា ការពង្រឹង និង អភិវឌ្ឍគ្រប់វិស័យរបស់សាលា ឱ្យស្របតាមបរិវត្តកម្មឌីជីថល, គិតគូរដល់ការបណ្តុះបណ្តាលសមត្ថភាពចំណេះដឹងអាជីព និង ជំនាញបច្ចេកទេសដល់កងទ័ព, ការគ្រប់គ្រងបង្កប្រភពលើមូលដ្ឋានសម្ភារៈសឹក, កសាងហេដ្ឋារចនាសម្ព័ន្ធបន្ទាយទ័ព, ការចិញ្ចឹមបីបាច់ ថែរក្សាសុខុមាលភាពកងទ័ព រួមទាំង ការបណ្តុះមនសិការល្អក្នុងជួរកងទ័ព ដើម្បីអភិវឌ្ឍចំណេះដឹង, សមត្ថភាពជំនាញវិជ្ជាជីវៈកងទ័ព ផ្សារភ្ជាប់ទៅនឹងសីលធម៌, គុណធម៌ និង វិន័យរបស់កងទ័ព ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) កិច្ចការពារជាតិត្រូវធ្វើជាប្រចាំ, យោធិនមាន ៣ កំរិត និងនាយទាហានមានតួនាទី២

ដូចខ្ញុំធ្លាប់បានលើកហើយ ដរាបណាប្រទេសយើងនៅតែជាប្រទេស​មួយហៅថា “កម្ពុជា” កិច្ចការពារជាតិ គឺជាកិច្ចការដែលត្រូវធ្វើជាប់ជាប្រចាំ ហើយជាកាតព្វកិច្ចសំខាន់របស់យើងគ្រប់ៗគ្នា ជាពិសេសរបស់កងកម្លាំងប្រ​ដាប់អា​វុធតែម្ដង។ ស្នូលនៃសមត្ថភាពការពារជាតិគឺគុណភាពធនធានមនុស្ស។ បើនិយាយនៅក្នុងវិស័យ​ការ​ពារជាតិ យើងមានយោធិន ៣កម្រិត គឺ នាយទាហាន នាយទាហានរង និងពលទាហាន។ ក្នុងនោះ​ នាយទាហាន ដើរតួនាទីគន្លឹះនៅក្នុងវិស័យការពារជាតិ។ នាយទាហានមានតួនាទី ២ ជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំ។ ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់មានការរៀបចំផែនការ ការបែងចែក ការប្រគល់ភារកិច្ចដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួល ដោះស្រាយបញ្ហាដើម្បីធានានូវបេសកកម្មរបស់អង្គភាពបានជោគជ័យ និងការធានាដល់បេសកកម្មរបស់យោធិនក្រោមបង្គាប់បានជោគជ័យ។ ហ្នឹងភារកិច្ច​ជាអ្នកគ្រប់គ្រង។ ភារកិច្ចជាអ្នកដឹកនាគឺដឹកនាំបញ្ជាកម្លាំង និងដឹកនាំអនុវត្តគ្រប់ភារកិច្ច។ តួនាទីរបស់នាយទាហានសំខាន់ណាស់ ក្នុងការធានាគុណភាពនិងសមត្ថភាពនាយទាហាន។ យើងត្រូវគិតគូរយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហាន ហើយគ្រប់កម្រិត ទាំងកម្រិតយុទ្ធវិធី យុទ្ធនាការ និងយុទ្ធសាស្រ្ត ឱ្យកាន់តែខ្ពស់កាន់តែទូលំទូលាយ។

(៤) តួនាទីសាកលវិទ្យាល័យការពារជាតិគឺបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់ធានាគុណភាពហ្វឹកហ្វឺនកងទ័ព

នាយទាហានបឋម ធ្វើការច្រើនផ្នែកយុទ្ធវិធីផ្ដោតទៅលើតែយោធាទេ។ នាយទាហានកម្រិតយុទ្ធសាស្រ្ត ត្រូវយល់ទាំងយុទ្ធវិធីទាំងនយោបាយ ហើយតួនាទីរបស់សាកលវិទ្យាល័យការពារជាតិគឺបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់ដើម្បីធានានូវគុណភាពហ្វឹកហ្វឺនកងទ័ព។ សំខាន់បំផុត គឺត្រូវយកចិត្តទុកដាក់លើអង្គភាពហ្វឹកហ្វឺន ជាពិសេសបណ្ដាសាលាហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងទ័ពទាំងអស់ និយាយជារួម ហើយនិយាយដោយឡែក ចំពោះនាយទាហាន សាលានាយទា​ហានគឺមាននាយទាហានទាំង ៣កម្រិត ដែលទទួលខុសត្រូវលើការបណ្ដុះបណ្ដាលនាយទាហានបឋម នាយទាហានមធ្យម និងនាយទាហានជាន់ខ្ពស់។ បច្ចុប្បន្ន យើងមាន​សាលានាយទាហានសកម្មថ្មាតពង, វិទ្យាស្ថានទ័ពជើងគោក ថ្លុកតាសេក ដែលធ្វើការបណ្ដុះបណ្ដាលនាយទាហនបឋម។ យើងមានសាកលវិទ្យាល័យការពារជាតិ ដែលធ្វើការបណ្ដុះបណ្ដាលពីរថ្នាក់៖ នាយទាហានមធ្យម និងនាយទាហានជាន់ខ្ពស់ គឺមានថ្នាក់បញ្ជាការសេនាធិការ រួមជាមួយនឹងថ្នាក់ការពារជាតិ។

(៥) ទៅថ្ងៃមុខ សាកលវិទ្យាល័យការពារជាតិអាចនឹងបណ្តុះបណ្តាលពីយុទ្ធសាស្រ្តការពារជាតិ សន្ដិសុខជាតិ និងសង្គម ដល់មន្រ្តីជាន់ខ្ពស់ទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធប្រភេទផ្សេងទៀត

នៅក្នុងអាណត្តិថ្មីនេះ ខ្ញុំបានផ្ដល់គោលការណ៍ធ្វើកំណែទម្រង់មួយជំហានទៀត ហើយទទួលអនុវត្តផ្ទាល់នៅទីនេះតែម្ដង គឺយើងបានបំបែកការទទួលខុសត្រូវនៅក្នុងការបណ្ដុះបណ្ដាលនាយទាហានមធ្យម និងនាយទាហានជាន់ខ្ពស់ជាពីរ។ ការរៀបចំបំបែកមហាវិទ្យាល័យបញ្ជាការសេនាធិការ រៀបចំទៅជាវិទ្យាស្ថានបញ្ជាការសេនាធិការ ជាគោលដៅរៀបចំរយៈពេលវែងដាក់ទិសដៅនៅក្នុងការពង្រឹងការបណ្ដុះបណ្ដាលនាយទាហាន ៣ថ្នាក់នេះ ឱ្យមានភាពឯករាជ្យ ម្ចាស់ការនិងប្រទាក់ក្រឡា។ នេះជាគោលដៅធំ។ សាកលវិទ្យាល័យការពារជាតិត្រូវផ្ដោតទៅលើកម្រិតយុទ្ធសាស្រ្តការពារជាតិ និងរៀបចំថ្មី ដែលថ្ងៃក្រោយអាចបណ្ដុះបណ្ដាល មិនត្រឹមតែយោធិននៃកងយោធពលខេមរភូមិន្ទទេ ប៉ុន្តែបើកទៅដល់មន្រ្តីជាន់ខ្ពស់ទាំងស៊ីវិលទាំងប្រភេទកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ក៏មករៀននៅទីនេះផ្ដោតលើកម្រិតយុទ្ធសាស្រ្តទាំងយុទ្ធសាស្រ្តការពារជាតិ យុទ្ធសាស្រ្តសន្ដិសុខជាតិ និងដើម្បីសង្គម។

(៦) សន្ដិសុខជាតិ ការពារជាតិ ជាស្នូលកម្រិតយុទ្ធសាស្រ្ត

យើងមានមហាវិទ្យាល័យភាសា មហាវិទ្យាល័យភស្តុភារ និងមហាវិទ្យាល័យផ្សេងៗ ប៉ុន្តែសន្ដិសុខជាតិ ការពារជាតិនៅតែជាស្នូលនៃកម្រិតយុទ្ធសាស្រ្ត ហើយកាន់តែសំខាន់ ដោយសារប្រទេសយើងមិនមែនប្រើប្រាស់ប្រ​តិ​បត្តិការតែជាក្របខណ្ឌក្នុងប្រទេសទេ គឺអ្វីៗទាំងអស់ឥឡូវពាក់ព័ន្ធទៅនឹងតំបន់ ពាក់ព័ន្ធទៅនឹងពិភពលោក។ គេវាយគ្នា ឈ្លោះគ្នានៅក្រៅប្រទេស ក៏អាចប៉ះពាល់ដល់យើងដែរ ទាំងសេដ្ឋកិច្ចពេលខ្លះទាំងសន្ដិសុខ។ ជួនកាល ភេរវករវាយគ្នានៅតំបន់មួយ តែហានិភ័យនៃការវាយនោះអាចមកដល់យើង។ កន្លងទៅ ការ​ព្យាករណ៍និងព្យា​យាមនឹងការវាយប្រហារជាក់ស្ដែងរបស់ភេរវករទៅលើប្រជាពលរដ្ឋនៃប្រទេសមួយ វាយនៅក្នុងប្រទេសនោះមិនបាន តាមមកវាយនៅតំបន់អាស៊ីអាគ្នេយ៍។ អញ្ចឹងការស្វែងយល់អំពីការការពារជាតិ និងយុទ្ធសាស្រ្តជាតិ ហ្នឹងដែលថាចាំបាច់។

(៧) សាកលវិទ្យាល័យការពារជាតិបណ្ដុះបណ្ដាលនាយទាហាន វិទ្យាស្ថានបញ្ជាការសេនាធិការបណ្ដុះបណ្ដាលនាយទាហានមធ្យម

ការបំបែក(ការបណ្ដុះបណ្ដាលនាយទាហានមធ្យម និងនាយទាហានជាន់ខ្ពស់ជាពីរ)នេះ គឺដើម្បីពង្រឹងការបណ្ដុះបណ្ដាលនាយទាហាន មិនមែនដើម្បីបំបាត់តួនាទី ឬមួយកាត់បន្ថយតួនាទីរបស់សាកលវិទ្យាល័យការពារជាតិ ក្នុងការបណ្ដុះបណ្ដាលនាយទាហាន(ទេ)។ គឺដើម្បីពង្រឹងនិងសម្រួចឱ្យចំគោលដៅទៅថ្ងៃមុខ និងការពិនិត្យរៀបចំរវាងសាលានាយទាហានសកម្ម ជាមួយនឹងវិទ្យាស្ថានទ័ពជើងគោក។ (យើង)ធ្លាប់សរសេរថាធ្វើឱ្យមានប្រសិទ្ធភាព ធានាទាំងធនធានមនុស្ស ធនធានសម្ភារ ធនធានហិរញ្ញវត្ថុ និងប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលនាយទាហានបឋម និងរៀបចំប្រគល់ភារកិច្ចឱ្យចំ។ វិទ្យាស្ថានបញ្ជាការសេនាធិការ ត្រូវដើរតួនាទីនៅក្នុងការបណ្ដុះបណ្ដាលនាយទាហានមធ្យម។ ការបំបែកសាលានេះ​ មិនមែនបំបែកមួយដើម្បីបន្ថយមួយទេ តែគឺបំ​បែកមួយដើម្បីពង្រឹងពីរ។ ហើយពីរនេះ ដើរតួនាទីសំខាន់ណាស់។ នាយទាហានបឋមដឹកនាំអនុវត្តផ្ទាល់ ប៉ុន្តែនាយទាហានសេនាធិការនេះដឹកនាំកម្រិតយុទ្ធវិធីថ្នាក់វរសេនាតូច និងកងពលតូច។

(៨) កំរិតបញ្ជាការ​វរសេនាតូច បញ្ជាការកងពលតូច ជាកំរិតធំ យុទ្ធវិធីកំរិតខ្ពស់ ក្នុងការដឹកនាំប្រយុទ្ធ

ជាកម្រិតយុទ្ធនាការ គឹនៅតែជាសាកលវិទ្យាល័យការពារជាតិដោយសារវាពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត … ការបំបែកមហាវិទ្យាល័យសេនាធិការជា​វិទ្យាស្ថានបញ្ជាការសេនាធិការ ឲ្យភ្ជាប់ជាមួយតួនាទីភារកិច្ច ដើម្បីពង្រឹងតួនាទី ឯករាជ្យភាពរបស់​វិទ្យាស្ថានបញ្ជាការ​សេនាធិការក្នុងការកំណត់ គ្រប់គ្រងដឹកនាំ រៀបចំផែនការហ្វឹកហ្វឺនរបស់ខ្លួន បង្កើនភាពបត់បែន បង្កើនទំងន់ ដើម្បីធ្វើការសហការផ្ទាល់ជាមួយដៃគូ … កំរិតមេបញ្ជាការ​វរសេនាតូច មេកងពលតូចនេះគឺកំរិតធំ យុទ្ធវិធីកំរិតខ្ពស់ក្នុងការដឹកនាំប្រយុទ្ធ។ អញ្ចឹងយើងប្រគល់ភារកិច្ចដើម្បីបំបែកមួយទៅជាពីរ។ ពង្រឹងពីរ។ ពេលជាមួយគ្នាសាកលវិទ្យាល័យការពារជាតិត្រូវទទួលយកចិត្តទុកដាក់ផ្តោតលើធន​ធាន ការគាំទ្រ និងសំរួចកម្មវិធីបណ្ដុះបណ្ដាលហ្វឹកហ្វឺន កំរិតយុទ្ធនាការ ហើយសំខាន់បំផុតការ​ពារជាតិរបស់យើង។

(៩) ពង្រឹងសាលាការពារជាតិដើម្បីពង្រឹងនាយទាហានដែលត្រូវដឹកនាំទ័ព​ការពារជាតិរាប់សិបឆ្នាំបន្ដទៀត

ខ្ញុំទទួលស្គាល់ថា គ្មានកំណែទំរង់ណាមួយស្រួលទេ ប៉ុន្ដែ(ត្រូវតែឃា)ការកែទំរង់ផ្អែកលើចក្ខុវិស័យវែងឆ្ងាយជា​មូលដ្ឋាន។ ចក្ខុវិស័យមិនមែនបំបែកដើម្បីបំបែកទេ គឺបំបែកដើម្បីពង្រឹង ហើយពង្រឹងសាលាដើម្បីអី? គឺដើម្បីពង្រឹងកងទ័ពនេះឯង។ ពង្រឹងកងទ័ពគឺពង្រឹងនាយទាហានដែលត្រូវដឹកនាំទ័ព​ការពារជាតិរាប់សិបឆ្នាំបន្ដទៀត។​ អញ្ចឹង ៣ ថ្នាក់រៀបចប់(ទីនេះ) … ត្រូវមានការប្រទាក់ក្រឡាសម្របសម្រួលដោយយន្ដការហ្វឹកហ្វឺនរបស់ក្រ​សួងការពារជាតិ និងអគ្គបញ្ជាការជាមួយគ្នា។ នេះជាគោលការណ៍សំខាន់ក្នុងការកែទំរង់។ ខ្ញុំសូមអរគុណណាស់ដល់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ ឯកឧត្តមនាយទាហានជាន់ខ្ពស់ នាយកសាលាទាំងអស់ដែលបានចូលរួមក្នុងការគិតគូរ។

ខ្ញុំគិតថាការងារនេះ (យើង)ធ្វើបាន ហើយ​ត្រូវធ្វើឲ្យ​ជោគជ័យ។ (យើងត្រូវពុះពារ)ការលំបាកក្នុងរយៈពេលខ្លី ដើម្បីរៀបចំមូលដ្ឋានក្នុងរយៈពេលវែង។ អ្វីដែលសំខាន់គឺការចូលរួមរបស់យោធាចារ្យ ថ្នាក់ដឹកនាំគ្រប់បណ្ដាសាលាដែលពាក់ព័ន្ធ។ ខ្ញុំសូមអរគុណជាពិសេសចំពោះការគាំទ្រពីក្រសួងការពារជាតិ អគ្គបញ្ជាការ ដើម្បីរួមគ្នាធ្វើកិច្ចការនេះ។ សង្ឃឹមថាការរៀបចំនេះនឹងបានដូចបំណងគឺការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលនាយទាហានមធ្យមនិងជាន់ខ្ពស់ទៅថ្ងៃអនាគត។ កិច្ចការនេះតម្រូវឲ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំផែនការ កម្មវិធីសិក្សា គ្រូ គុណភាពបណ្ដុះបណ្ដាលបន្ដទៀត ជាពិសសសាកលវិទ្យាល័យការពារជាតិ ដែលតួនាទីមិនថមថយទេ តែកាន់តែកើនឡើង។

(១០) នាយទាហានជាន់ខ្ពស់ត្រូវយល់ដឹងពីភូមិសាស្ដ្រនយោបាយ សកម្មភាពពាក់ព័ន្ធសន្ដិសុខ សេដ្ឋកិច្ចសង្គម និងការពាក់ព័ន្ធនានា

កិច្ចការធំនៃសាកលវិទ្យាល័យការពារជាតិគឺការបណ្ដុះបណ្ដាលកំរិតយុទ្ធសាស្ដ្រការពារជាតិ។ ​នៅប្រទេសច្រើនណាស់ដែលមានសាកលវិទ្យាល័យការពារជាតិ ដើរតួនាទីជាកន្លែងបណ្ដុះបណ្ដាល​យុទ្ធសាស្ដ្រយោធា យុទ្ធសាស្ដ្រសន្ដិសុខជាតិ (ដែលសូម្បីតែ)មន្ដ្រីស៊ីវិល(ក៏បាន)ទៅរៀនច្រើន។ នៅអាមេរិកគេមាន War College ដែលមន្ដ្រីស៊ីវិលទៅរៀន ដើម្បីយល់ដឹងពីសន្ដិសុខជាតិ ហើយប្រទេសយើងកាន់តែសំខាន់ដែល​នាយទាហានជាន់ខ្ពស់ត្រូវយល់ដឹងពីការងារនេះ។ យើងមិនអាចមើលតែរឿងយុទ្ធវិធីទេ។ នាយទាហានជាន់ខ្ពស់ត្រូវយល់ដឹងអំពីនយោបាយភូមិសាស្ដ្រ យល់ពីសកម្មភាពពាក់ព័ន្ធសន្ដិសុខសង្គម សេដ្ឋកិច្ចសង្គម និងការប្រទាក់ក្រឡាផ្សេងៗ។ អញ្ចឹងដែលថាសំរួចនេះ គឺប្រមូលផ្ដុំធនធាន យោធាចារ្យ ពេលវេលាទៅសំរួចលើជ្រុងនេះ។ ពិតណាស់សាកលវិទ្យាល័យការពារជាតិ ក៏នៅធ្វើការបណ្ដុះបណ្ដាលកំរិតយុទ្ធនាការ ហើយយុទ្ធនាការត្រូវភ្ជាប់ជាមួយកំរិតយុទ្ធសាស្ដ្រ។ នាយទាហានកំរិតយុទ្ធសាស្ដ្រ ជាអ្នករៀបចំផែនការរយៈពេលវែង និងមធ្យម។

(១១) នាយទាហានមាននាទីរៀបចំផែនការ បែងចែកនិងប្រគល់ភារកិច្ច និងដឹកនាំអនុវត្ត

ភារកិច្ច ៣ របស់នាយទាហានគឺ រៀបចំផែនការ បែងចែកប្រគល់ភារកិច្ច និងដឹកនាំ។ ការរៀបចំផែនការនេះគឺខុសគ្នា។ កំរិតយុទ្ធសាស្ដ្រត្រូវរៀបចំផែនការវែង ដែលយើងមិនអាចធ្វើមួយថ្ងៃ ហើយមិនដឹងថា​ត្រូវដើរផ្លូវណា ឬឆ្នាំក្រោយ(ត្រូវ)ដើរទៅណាទេ។ ត្រូវធ្វើការវិភាគឲ្យបានច្បាស់លាស់ អំពីស្ថានភាព​បច្ចុប្បន្ន និងទៅអនាគត ដើម្បីត្រៀមលក្ខណៈ។ ការដាក់ផែនការវែងនេះគឺដើម្បីឲ្យនាយទាហានយុទ្ធវិធីអនុវត្ដ ធ្វើផែនការរបស់ខ្លួនរយៈពេលខ្លី តាមទិសដៅដាក់ចេញជាយុទ្ធសាស្ដ្រការពារជាតិវែងឆ្ងាយ កំរិតយុទ្ធសាស្ដ្រខ្ពស់ដែលមានចរិកលក្ខណៈ(រយៈពេល)វែង។ ហេតុនេះហើយ នាយទាហានចាំបាច់ត្រូវយល់និងសម្រួច(ការយល់ដឹង)លើកិច្ចការនេះ នៅក្នុងដំណាក់កាលដែល​ពិភពលោកកំពុងប្រែប្រួលចូលទៅក្នុងយន្ដការតំបន់ជាច្រើន។ ជាពិសេស តំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តមលោកជំទាវ អាចតាមដានដឹងហើយថាស្ថានភាពវិវត្តលឿនណាស់ ពោលគឺស្ថានភាពយោធានេះតែម្ដង។ ស្ថានភាពយោធាអាចកើតមាន ហើយធ្វើឲ្យប៉ះពាល់ស្ថានភាពសេដ្ឋកិច្ចសង្គម។

(១២) អាវុធអាចបង្កើតសង្គ្រាម តែក៏អាចថែរក្សាសន្តិភាព

បញ្ហា(ដែលកើតមាន)នៅអឺរ៉ុប នៅអាហ្វ្រិក មិនមែនដោយសារជំលោះពាណិជ្ជកម្មទេ ប៉ុន្ដែដោយសារជំលោះប្រដាប់អាវុធនេះឯង។ នៅក្នុងតំបន់របស់យើង ការប្រកួតប្រជែងរវាងមហាអំណាចកាន់តែស្រួចស្រាវនិងលឿន។ នៅក្នុងនោះរឿងសេដ្ឋកិច្ចជារឿងមួយ ប៉ុន្ដែការវិវដ្ដយោធាជារឿងមួយទៀត។ ទំនាក់ទំនងយោធានេះមានមុខពីរ។ វាជាអាវុធដែលអាចបង្កើតសង្គ្រាម ប៉ុន្ដែវាក៏ជាកំលាំងដែល​អាចថែរក្សាសន្ដិភាពផងដែរ។ អញ្ចឹងការយល់និងការធ្វើការទូតយោធាគឺជាកិច្ចការសំខាន់។ ការទូតយោធា​មិនមែនធ្វើតែត្រឹមកំរិតរដ្ឋមន្ដ្រីក្រសួងការពារជាតិនោះទេគឺធ្វើគ្រប់កំរិតទាំងអស់។ កិច្ចសហប្រតិបត្ដិកា​នៅក្រៅប្រទេស នៅក្នុងក្របខណ្ឌ UN ក្ដី យើងមានសមយុទ្ធរួមគ្នាទ្វេភាគីក្ដី ពហុភាគីក្ដី គឺកងទ័ព​របស់យើងចូលរួមច្រើន ដើម្បីឲ្យយន្ដការពហុភាគី យន្ដការទ្វេភាគីដើរតួនាទីរក្សាមិត្តភាពរវាងប្រទេសយើង ទាំងទ្វេភាគីទាំងក្នុងតំបន់។

(១៣) កងទ័ពដើរតួនាទីការទូតល្អ ចូលរួមលំហាត់ទាំងកំរិតទ្វេភាគីនិងពហុភាគី ក្នុងនិងក្រៅប្រទេស

ជា​មួយប្រទេសជិតខាង យើងបានដើរតួនាទីសំខាន់​ ពិសេសទំនាក់ទំនងរវាងកងទ័ពនិងកងទ័ព បានដើរតួនាទីជាការទូតដ៏ល្អ។ ជាមួយនឹងថៃ យើងបានធ្វើទំនាក់ទំនងសម្របសម្រួលដោះស្រាយបញ្ហាបានច្រើនជាប្រចាំ។ មានការអីយើងនិយាយគ្នា ព្រោះមានសភាពការណ៍អី(កើតឡើង ការផ្សព្វផ្សាយ)តាមហ្វេសប៊ុក អាចដុតកម្លោច … ជា​មួយវៀតណាម ឡាវ យើងសហការគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ កងកំលាំងយើងដើរតួនាទីជាស្នូលក្នុងកិច្ចការងារនេះ។ យើងចូលរួមនៅក្នុងលំហាត់កំរិតពហុភាគីក្នុងប្រទេស មានកំរិតទ្វេភាគីនៅក្រៅប្រទេស។ យើងបាននិងបន្តចូលរួម(លំហាត់)កំរិតពហុភាគីមួយចំនួនក្នុងបរិបទដែលប្រទេសនិងពិភពលោកកំពុងវិវដ្ដ ជាពិសេសដែលជះឥទ្ធិពលមកដល់ប្រទេសយើង។ អញ្ចឹងការស្វែងយល់និងការបង្កើនសមត្ថភាពយល់ដឹង​របស់នាយទា​ហាន ជាពិសេសនាយទាហានកំរិតយុទ្ធសាស្ដ្រដែលទទួលបន្ទុកក្នុងការរៀបចំផែនការ មិនមែនតែផែនការប្រ​យុទ្ធទេ សូម្បីតែផែនការជំនាញទំនាក់ទំនងអន្តរជាតិ ផែនការភស្ដុភារនេះ និងទំនាក់ទំនងអីផ្សេងៗ​ នាយទាហានមួយចំនួនក៏ត្រូវធ្វើការប្រទាក់ក្រឡាគ្រប់ជំនាញផងដែរ។ ត្រូវការយល់អំពីអ្វីដែលត្រូវនិងដែលមិនត្រូវធ្វើ ព្រោះជួនកាលកិច្ចព្រមព្រៀងខ្លះយើងមិនច្បាស់នៅក្នុងក្របខណ្ឌនយោបាយ ប៉ុន្តែកងទ័ពយើងចូលរួម អាចវាជះឥទ្ធិពលទៅដល់នយោបាយ។

(១៤) ធ្វើឲ្យសាកលវិទ្យាល័យការពារជាតិក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុទ្ធសាស្រ្តយោធា នយោបាយការពារជាតិ សន្តិសុខជាតិ

ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដមសាកលវិទ្យាធិការ គណៈពង្រឹងសាកលវិទ្យាល័យការពារជាតិ ក៏ដូចជាយោធាចារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យការពារជាតិ ដែលបានយល់យោគ ហើយខិតខំប្រឹងប្រែងដើម្បីចូលរួមក្នុងការងារកំណែទម្រង់ពង្រឹងស្ថាប័ន។ ទិសដៅរបស់យើងគឺថាធ្វើឲ្យសាកលវិទ្យាល័យការពារជាតិ ទៅជាមជ្ឈមណ្ឌលនៅក្នុងការបណ្ដុះបណ្ដាលមិនត្រឹមតែកម្រិតយុទ្ធសាស្រ្តយោធានោះទេ ថែមទាំងទៅដល់នយោបាយការពារជាតិ សន្តិសុខជាតិ ដែលអាចបើកទៅដល់មន្រ្តីជាន់ខ្ពស់ពីបណ្ដាស្ថាប័នផ្សេងៗ ដើម្បីចូលរៀន។ ការកែទម្រង់ដោយបំបែក១ និងពង្រឹង២ គឺជាកិច្ចការសំខាន់។ វាមិនខុសពីការបំបែកជាពីរនៅឆ្នាំ ២០២៣ ជាមហាវិទ្យាល័យភស្ដុភារ និងមហាវិទ្យាល័យព័ត៌មានវិទ្យា ដើម្បីពង្រឹងនូវតួនាទីរបស់មហាវិទ្យាល័យ​នីមួយៗ ឱ្យឯករាជ្យ ប្រទាក់ក្រឡា និងម្ចាស់ការ។

(១៥) មហាវិទ្យាល័យព័ត៌មានវិទ្យាដើរតួនាទីសំខាន់ជួយក្នុងវិស័យស្រាវជ្រាវ

ដោយសារព័ត៌មានវិទ្យា ឌីជីថល គឺជាបច្ចុប្បន្ននិងអនាគត យើងមិនចាំបាច់ស៊ើបការថ្មើរជើងប្រដាប់អាវុធទៀតទេ។ បញ្ជូនមួយក្រុមស៊ើបការចូលទៅព្រៃជ្រៅពិបាក។ ហើរតែដ្រូនបន្តិច ឃើញ ៥-១០គីឡូម៉ែត្រចូលទៅក្នុង។ ការវិភាគ ការយក point ប្រយុទ្ធ ឥឡូវគេប្រើតែកុំព្យូទ័រ។ ៣ពាន់គីឡូម៉ែត្រពីចម្ងាយ ក៏អាចបាញ់ត្រូវដែរ។ អត់ខុសទេ។ ដ្រូនហោះមាននិយាមការស្រាប់នៅកន្លែងនេះ។ កាលពីយើងទិញបាន ១២០ មក … អត់មានតារាងបាញ់។ ដល់ខ្ញុំទៅចិន សួរថាទៅយក ១២០ លីមក តែគ្រាប់អត់មានតារាងបាញ់ គេថាអត់ទេគ្រាប់វាប្រើ GPS អស់ហើយ។ អញ្ចឹង ទំនើបកម្មនេះគឺសំខាន់។ ពិតណាស់ យើងមិនអាចចោលជំនាញនិងចំណេះដឹងមូលដ្ឋាន​ មិនអាចយកម៉ាស៊ីនគិតលេខមក ហើយឈប់រៀនបូកលេខនោះទេ។ ត្រូវរៀនគ្រឹះដដែល។ ប៉ុន្តែ យើងក៏មិនចោលនូវការប្រើប្រាស់បច្ចេកវិទ្យា។ អញ្ចឹងមហាវិទ្យាល័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើរតួនាទីសំខាន់បន្ថែមនៅលើជ្រុងបច្ចេកវិទ្យាដើម្បីជួយនៅក្នុងការស្រាវជ្រាវ។

(១៦) បណ្ដាប្រទេសប្រើសាលាការពារជាតិជាវិទ្យាស្ថានស្រាវ​ជ្រាវយុទ្ធវិធី និង/ឬវិធីសាស្រ្តប្រយុទ្ធ

សាកលវិទ្យាល័យការពារជាតិ ក៏មិនមែនដើរតួនាទីត្រឹមតែជាស្ថាប័នបង្រៀននោះដែរ ត្រូវពង្រឹងតួនាទីក្នុងការស្រាវជ្រាវ។ អញ្ចឹងបានន័យថាការងារបញ្ជាការ សេនាធិការ អាចបំបែកឲ្យទៅពង្រឹងខ្លួនចុះ តែត្រូវប្រមូលផ្ដុំទៅលើការពង្រឹងតួនាទីក្នុងការបណ្ដុះបណ្ដាលកម្រិតខ្ពស់ មិនមែនត្រឹមតែកងទ័ពទេ ទាំងមន្រ្តីពីស្ថាប័នផ្សេង បូកជាមួយស្ថាប័នស្រាវជ្រាវកងទ័ព។ នៅតាមបណ្ដាប្រទេសជាច្រើនប្រើប្រាស់សាលានេះជាមជ្ឈមណ្ឌលស្រាវ​ជ្រាវយុទ្ធវិធីថ្មី វិធីសាស្រ្តប្រយុទ្ធថ្មី។ សាលាស្រាវជ្រាវហើយចេញទៅ បានឆ្លងតាមយន្តការហ្វឹកហ្វឺន ឆ្លងទៅក្រសួង។ ចង់កែនិមិត្តរូបយោធាត្រូវចេញពីសាលា។ តួនាទីសាកលវិទ្យាល័យការពារជាតិ ជាវិទ្យាស្ថានស្រាវជ្រាវ។ ហើយឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ សូមពិនិត្យមើលតួនាទីរបស់សាលាដើម្បីបង្កើនការស្រាវជ្រាវនិងបង្កើតនូវបរិបទថ្មី។ គេប្រយុទ្ធគ្នានៅអ៊ុយក្រែន tactics ថ្មី (គប្បីសិក្សាពីការ)ប្រើប្រាស់ មិនត្រឹមតែការងារយោធាទេ ការងារសន្តិសុខប្រចាំថ្ងៃក៏ប្រើប្រាស់ …។

(១៧) ពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងលទ្ធភាពរបស់យោធាចារ្យសម្បូរបទពិសោធចូលរួមក្នុងការស្រាវជ្រាវ

អញ្ចឹងត្រូវពង្រឹងការស្រាវជ្រាវយុទ្ធសាស្រ្ត យុទ្ធវិធី។ ខ្ញុំគិតថា តួនាទីរបស់សាកលវិទ្យាល័យការពារជាតិ ថ្ងៃក្រោយអាចពង្រឹងគុណវុឌ្ឍិយោធាចារ្យ ដើម្បីអាចបណ្ដុះបណ្ដាល បង្កើនកម្រិតយោធាចារ្យថ្មី ដើម្បីមានយោធាចារ្យកាន់តែខ្ពស់ដាក់នៅសាកលវិទ្យាល័យការពារជាតិ។ កម្រិតបណ្ឌិតអីយើងមានច្រើន។ រៀបចំវិធីសាស្រ្តដើម្បីយើងអាច​ធានាបាននូវយោធាចារ្យ។ ហានិភ័យធំនៅតាមបណ្ដាសាលារបស់យើង គឺនិរន្តរភាពនៃយោធាចារ្យ។ ការងារនេះត្រូវគិតគូរ យកចិត្តទុកដាក់ទៅលើយោធាចារ្យ ការរៀបចំពង្រឹងសមត្ថភាព គុណវុឌ្ឍិ លទ្ធភាពរបស់យោធាចារ្យក្នុងការស្រាវជ្រាវ ជាពិសេសយោធាចារ្យដែលមានចំណេះដឹង និងបទពិសោធយូរឆ្នាំ គាត់ជាទ្រព្យមួយធំណាស់។ ក្នុងសាលាភាគច្រើន សម្រាប់យោធាចារ្យ បើគាត់ដល់អាយុចូលនិវត្តន៍ហើយក៏ដោយ បើគាត់នៅមានសុខភាពល្អ យើងបន្តឲ្យគាត់បំរើការ … យើងអាចបង្កើតប្រអប់/កុងត្រាឬយ៉ាងម៉េច ដើម្បីឲ្យគាត់មកជួយក្នុងការស្រាវជ្រាវវិញ។ តួនាទីស្រាវជ្រាវរបស់សាកលវិទ្យាល័យការពារជាតិនេះ ត្រូវគិតគូរឲ្យខ្លាំង ហើយកសាងឯកសារឲ្យច្រើន រៀបចំឲ្យច្រើន។ កុំឲ្យថាដល់លោកគ្រូប្រធានមុខវិជ្ជាមួយចប់ទៅ ឯកសារទៅបាត់ទៅ។ អត់មានអ្នកណា(ទុកដាក់)។

(១៨) ធ្វើនិរន្តរភាព ទំនើបកម្ម​ ឯកសារនិងយោធាចារ្យ ដោយស្រាវជ្រាវជាប់ជាប្រចាំដើម្បីមានបច្ចុប្បន្នភាព

ត្រូវរៀបចំនិរន្តរភាពនៃឯកសារនិងយោធាចារ្យរបស់យើង។ នេះគឺជាកិច្ចការសំខាន់។ ថ្ងៃនេះ ខ្ញុំនិយាយត្រឹមក្របខ័ណ្ឌសាកលវិទ្យាល័យការពារជាតិ ប៉ុន្តែនៅគ្រប់សាលាបណ្ដុះបណ្ដាលទាំងអស់ត្រូវគិតគូរ។ យើងធ្វើការសិក្សា ធ្វើការបណ្ដុះបណ្ដាល បើសិនជាអត់យោធាចារ្យ អត់ឯកសារ យើងពិបាក។ បើមានយោធាចារ្យជាគោល ឯកសារនៅក្នុងខួរក្បាលគាត់។ ឯកសារត្រូវការទំនើបកម្ម ត្រូវការស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីឲ្យទាន់សម័យ។ អញ្ចឹងការប្រើប្រាស់យុទ្ធវិធី ការស្រាវជ្រាវបន្ថែមនេះ ខ្ញុំគិតថា តួនាទីរបស់សាកលវិទ្យាល័យការពារជាតិត្រូវពង្រឹងទៅលើជ្រុងនេះ។ ការបណ្ដុះបណ្ដាលកម្រិតខ្ពស់ ពង្រីកវិសាលភាពក្នុងការបណ្ដុះបណ្ដាល និងតួនាទីក្នុងការស្រាវជ្រាវ​ … យើងមានមជ្ឈមណ្ឌលស្រាវជ្រាវអគ្គបញ្ជាការ យើងពិនិត្យភ្ជាប់គ្នាជាមួយសាកលវិទ្យាល័យយ៉ាងណា? នាយទាហានជំនាញនៅតាមបណ្ដាអង្គភាព ដែលមានកម្រិតខ្ពស់ ពេលដែលគាត់ចូលនិវត្តន៍អីហ្នឹង គិតគូទាញយកមកដាក់ក្នុងមជ្ឈមណ្ឌល។ យើងត្រូវការខួរក្បាល ត្រូវការការរៀបចំចងក្រងនេះ។ សូមឲ្យឯកឧត្ដមអគ្គមេបញ្ជាការ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ជាពិសេសសាលាចំណុះក្រសួង គិតគូរអំពីការប្រទាក់ក្រឡាក្នុងការស្រាវជ្រាវ និងជាមជ្ឈមណ្ឌលនៃការស្រាវជ្រាវ។

(១៩) នាយទាហានជាន់ខ្ពស់រំពឹងលើការគ្រប់គ្រងខ្លួនមានវិន័យ ឆន្ទៈ ការប្ដេជ្ញាចិត្ត ទទួលខុសត្រូវ និងភាពចាស់ទុំ

ថ្ងៃនេះ ខ្ញុំក៏សូមអបអរសាទរចំពោះនាយទាហានដែលបានបញ្ចប់វគ្គឆ្នាំសិក្សា២០២៣ និងសិក្ខាកាមដែលនឹងត្រៀមចូលវគ្គសិក្សាឆ្នាំ២០២៤ ឆ្នាំនេះ។ សូមអបអរសាទរដែលបានរៀនចប់។ ខ្ញុំសង្ឃឹមថា ជាមួយចំណេះដឹងដែលបងប្អូនបានទទួលយកក្នុងមួយឆ្នាំនៅទីនេះ បងប្អូននឹងបង្កើនបន្ថែមការយល់ដឹងរបស់ខ្លួនជាមូលដ្ឋានសម្រាប់ស្វែងយល់បន្ថែម។ ជូនពរសិក្ខាកាមឆ្នាំសិក្សា២០២៤ ដែលបានត្រៀមនិងបានចូលរៀន ដើម្បីត្រៀមចាប់យកចំណេះដឹងថ្មីៗបន្ថែមទៀ​ត។ សា​កលវិទ្យាល័យការពារជាតិបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់ ហើយនាយទាហានជានខ្ពស់ ដែលខុសពីនាយទាហានបឋម។ ការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ ការបណ្ដុះបណ្ដាល អត់ដូចនាយទាហានសកម្ម ឬថ្លុកតាសេកទេ។ នៅនោះគឺការហាត់ពត់យុវជនយើងពីស៊ីវិល ឬមួយពលទាហានដែលចូលរៀន ឲ្យទៅជានាយទាហាន។ អញ្ចឹងការដេក ដើរ អង្គុយ ហូបចុក ត្រូវត្រួតពិនិត្យ មានក្រឹត្យក្រម។ នាយទាហានជាន់ខ្ពស់ហើយ គឺពឹងទៅលើការគ្រប់គ្រងខ្លួនឯងច្រើនជាង។ នាយទាហានជាន់ខ្ពស់រំពឹងទៅគ្រប់គ្រងគេ។ អញ្ចឹងសន្មត់ថា ជានាយទាហានជាន់ខ្ពស់ប្រាកដជាអាចគ្រប់គ្រងខ្លួនឯងបានហើយ បានជាចូលមកអង្គុយនៅក្នុងសាលានេះ។ អង្គភាពបានចាត់បញ្ជូនមកអង្គុយនៅក្នុងនេះ គឺជានាយទាហានជាន់ខ្ពស់ បានន័យថាមិនចាំបាច់មាននរណាអង្គុយចាំមើលយើងទេគឺមានវិន័យ។ អញ្ចឹង វិន័យ ឆន្ទៈ និងការប្ដេជ្ញាចិត្ត ទទួលខុសត្រូវ និងភាពចាស់ទុំ គឺប្រាកដណាស់។ នេះគឺជាកត្ដាដែលអាចឲ្យនាយទាហានច្បាមយកនូវចំណេះដឹង និងសមត្ថភាពពិតប្រាកដ មានគោលដៅច្បាស់លាស់។

(២០) រៀននៅសាលានាយទាហានដើម្បីខ្លួនឯង ដើម្បីអង្គភាព និងដើម្បីការពារជាតិយើងខ្លាំង

រាល់ដង យើងទៅសាលតូចនោះ។ បានចូលក្នុងខ្លះ ខ្លះនៅខាងក្រៅ។ ថ្ងៃនេះ បានសាលធំ ជាង ៣ពាន់នាក់ ដែលយើងអាចអង្គុយជុំគ្នាតែម្ដង។ យើងអាចនិយាយរួមគ្នាតែម្ដង។ ខ្ញុំសុំធ្វើយ៉ាងណាឲ្យនាយទាហាន សិក្ខាកាមយល់ពីមូលហេតុអីបានជាយើងនៅទីនេះ ហើយនៅទីនេះជាស្អី? … តួនាទីរបស់សាកលវិទ្យាល័យការពារជាតិ មហាវិទ្យាល័យនីមួយៗមានតួនាទីសំខាន់។ យើងជានាយទាហានជាន់ខ្ពស់ តើមានតួនាទី ភារកិច្ចអី? មិនចាំបាច់អ្នកណាមកអង្គុយកត់វត្តមានទេ។ ខ្ញុំគិតថា គួរតែ ១០០% ជាប្រចាំហើយ។ មិនបាច់ចាំអ្នកណាមកប្រាប់យើងថាឲ្យខំប្រឹងរៀនដើម្បីយល់ទេ ព្រោះយើងដឹងថាចប់ ១ឆ្នាំទេ ថ្ងៃក្រោយយើងបានសញ្ញាបត្រ។ គេអាចហៅយើងទៅសួរឬទៅធ្វើការជាមួយភាគីមិត្ត។ យើងត្រូវបញ្ចេញសមត្ថភាព។ មិនអាចថា ឲ្យដឹកនាំកម្លាំងទៅធ្វើសមយុទ្ធជា​មួយភាគីនៅក្រៅប្រទេស ធ្វើផែនការមិនចេញ គូសវាសផែនទីមិនកើត អត់ស្គាល់និមិត្តសញ្ញាយោធា។ អញ្ចឹង រៀនដើម្បីខ្លួនឯង រៀនដើម្បីឲ្យអង្គភាព ឲ្យការពារជាតិរបស់យើងខ្លាំង។

នាយទាហាន គឺជាបង្អែកដែលនាយទាហានរង ពលទាហាន ត្រូវផ្អែក ហើយដើម្បីរកការគាំទ្រ។ មួយទៀត គឺជាអ្នកដែលដើរមុខ ដើម្បីនាយទាហានរង និងពលទាហានតាម ជាពិសេស នាយទាហានជាន់ខ្ពស់ គឺនាយទាហានថ្នាក់មធ្យម និងថ្នាក់បឋម នឹងតាមដាន។ ខ្ញុំគិតថា កិច្ចការរៀនសូត្រនៅក្នុងវគ្គឆ្នាំសិក្សា២០២៤ និងការរៀនសូត្របន្តៗទៀតរបស់សាកលវិទ្យាល័យការពារជាតិរបស់យើង គឺនឹងបង្កើននូវវិសាលភាព និងសមត្ថភាពរបស់កងទ័ពរបស់យើង របស់នាយទាហានជាន់ខ្ពស់របស់យើង។ ជូនពរបងប្អូនទាំងអស់​ ទាំងអ្នកដែលចប់វគ្គឆ្នាំ២០២៣ និងកំពុងរៀន ២០២៤ ឲ្យទទួលភាពជោគជ័យបន្ថែមទៀត ទាំងការសិក្សា និងការងាររបស់ខ្លួនផង។

[ចប់សេចក្ដីអធិប្បាយ៣]

នៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈម និងកាលានុវត្តភាព នៃបរិការណ៍ទូទៅ លើសាកលលោក ក្នុងតំបន់ ក៏ដូចជា ក្នុងប្រទេស ទន្ទឹមនឹងការអនុវត្តភារកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ!ឈ្នះ! នៃ អគ្គមគ្គុទេសក៏ឯក តេជោសែន ឲ្យបានគង់វង្ស រួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រឹងនីតិរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយត្រៀមលក្ខណៈគ្រប់កាលៈទេសៈបំពេញរាល់ប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ដើម្បីធានាបាននូវការសម្រេចភារកិច្ចខាងលើ ប្រកបដោយជោគជ័យ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់អនុវត្ត៖

១. ត្រូវបន្តកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទ ចាប់ពីស្ថាប័ន ថ្នាក់ដឹកនាំបញ្ជា រហូតដល់កងឯកភាព ឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវខ្ពស់។

២. លើវិស័យកសាងពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំងក្លា សមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ សំដៅធ្វើឲ្យបរាជ័យរាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិយើង ទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយត្រូវចូលរួមទប់ស្កាត់បង្រ្កាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា។

៣. ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាព ត្រូវអនុវត្តតាមគោលការណ៍ “វិសមិត មុខងារ តួនាទី ភារកិច្ច” របស់ស្ថាប័នកងឯកភាព ដើម្បីលុបបំបាត់ភាព ”ត្រួតគ្នា” ឲ្យបានសម្រេច តាមដំណាក់កាលនីមួយៗយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ជាការដ្ឋាន កងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។ ជាមួយគ្នានេះ សមាមាត្រនៃបរិមាណរវាងនាយទាហាននិងពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេស ខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន “ទ័ពលើសតែខ្វះ” និង “ខ្វះតែលើស” ក្នុងនោះ៖

ក. ត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យបានហ្មត់ចត់នូវច្បាប់កាតព្វកិច្ចយោធា និងបញ្ហាឯកសារគតិយុត្តពាក់ព័ន្ធ ដែលមានរួចមកហើយ ពិចារណាកែសម្រួលបំពេញបន្ថែមឲ្យបានពេញលេញ ដើម្បីស្នើសុំធ្វើវិសោធនកម្ម និងកសាងបន្ថែមនូវឯកសារគតិយុត្តពាក់ព័ន្ធចាំបាច់ ឆ្ពោះទៅអនុវត្តច្បាប់កាតព្វកិច្ចយោធាឲ្យបានជាជំហានៗ ស្របតាមសភាពការណ៍ និងភារកិច្ចការពារជាតិ នៅបណ្តាឆ្នាំខាងមុខ។

ខ. ក្នុងការងារជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ “គុណាធិបតេយ្យ” ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័នកងឯកភាពតាមឋានានុក្រម។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(២១) ត្រូវគិតគូរពីសមាមាត្រនៃការរើសចូលកងទ័ព និងបណ្ដុះបណ្ដាលនាយទាហាន

ទាក់ទងនឹងការងារនេះ ខ្ញុំបានប្រគល់ភារកិច្ច ហើយយើងបានធ្វើពីដើមឆ្នាំទៅ និងបន្តធ្វើទៀត ដើម្បីគិតគូរអំពីសមាមាត្រនៃការរើសចូលកងទ័ពក្នុងមួយឆ្នាំៗ និងការបណ្ដុះបណ្ដាលនាយទាហាន។ ពាក់ព័ន្ធនឹងសាលានាយទា​ហានទាំង ៣ កម្រិត បូកនឹងការបណ្ដុះបណ្ដាលក្រៅប្រទេស តើក្នុងមួយឆ្នាំយើងត្រូវរើសទាហានសរុបប៉ុន្មាន? ក្នុងនោះពលទាហានប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ? នាយទាហានបណ្ដុះបណ្ដាលហើយ ៤ឆ្នាំ មិនអាចថយមកពលទាហានវិញបានទេ។ អញ្ចឹង ក្នុង ១៥-២០ឆ្នាំ យើងធ្វើឲ្យមានតុល្យភាពនូវសមាមាត្រនាយទា​ហាន ពលទាហាន និងនាយទាហានរង។ គេសួរថា ហេតុអីបានជា(កម្ពុជាមាន)នាយទាហានច្រើន? ខ្ញុំថា បើមើលប្រវត្តិកម្ពុជា ប្រហែលជាអស់លោកបានយល់។ នាយទាហានរបស់កម្ពុជាបច្ចុប្បន្នភាគច្រើនសុទ្ធតែអ្នកដែលចូលរួមក្នុងកាលៈទេសៈដែលយើងមានសង្រ្គាម។ ដើម្បីបញ្ចប់សង្រ្គាមយើងមានការចូលសមាហរណកម្ម រៀបចំបង្កើត និងថែរក្សាកម្លាំង។ ប៉ុន្តែវាមិនបានធ្វើឲ្យកម្ពុជាបាត់បង់នូវសមត្ថភាពការពារជាតិនោះទេ …។

(២២) បង្កើនសមាមាត្រនាយទាហានរង ពលទាហាន និងនាយទាហាន ជាពិសេសទ័ពប្រយុទ្ធ ឲ្យពលទាហានច្រើនជាងនាយទាហាន

ទៅថ្ងៃមុខ (ដើម្បីប្រសិទ្ធភាព)ការដឹកនាំបញ្ជា យើងត្រូវធ្វើឲ្យមានតុល្យភាព … ឯកឧត្ដមដែលកាន់យោធភូមិភាគ កងពល អាចយល់ហើយថាហេតុអីបានជាកន្លែងខ្លះ នៅថ្នាក់ “គ” យើងអត់សូវមាន តែនៅទីបញ្ជាការ នៅខាងលើ មានច្រើន។ គឺដោយសារស័ក្ដិយើងរៀបមិនត្រូវ។ យើងមានច្រើន ប៉ុន្តែបើយើងរុញឲ្យនាយទាហានទៅ(បំពេញនាទី)ជាយុទ្ធជន គឺអត់កើត។ ត្រូវបង្កើនយុទ្ធជនឲ្យបានច្រើន បង្កើនសមាមាត្រនាយទាហានរង ពលទាហាន និងនាយទាហាន ជាពិសេសទ័ពប្រយុទ្ធ អង្គភាពប្រយុទ្ធនៅខាងមុខ គឺត្រូវធ្វើយ៉ាងណាបំពេញឲ្យពលទាហានច្រើនជាងនាយទាហាន … ធ្វើតាមក្រឹត្យក្រមទៅ។ បើសិនជាយើងលឿនពេក ចូលពលទាហានមួយឆ្នាំ ៥ឆ្នាំក្រោយទៅជានាយទាហានដដែល វាស្មើនឹងចូលសាលានាយទាហានសកម្មតែម្តង ឬមួយក៏ ៤ ឬ៥ឆ្នាំក្រោយ។ ដូច្នេះ យើងធ្វើផែនការ។ ត្រូវពិនិត្យមើលដើម្បីយើងធានាតុល្យភាពការដឹកនាំបញ្ជា ព្រោះនៅស្ថាប័នខាងលើមិនជាបញ្ហា ប៉ុន្តែស្ថាប័នក្រោម(ត្រូវមានការគិតគូរ)។ ខ្ញុំដឹងព្រោះខ្ញុំធ្លាប់កាន់ជើងគោក។

(២៣) កាត់បន្ថយចំនួននាយទាហានសកម្មនិងនាយទាហានទ័ពជើងគោកតាមការប្រឡងជ្រើសរើស

ចូលទៅផ្នែកសឹករង ចូលទៅវរសេនាតូច ចូលទៅកងអនុសេនាតូច កងអនុសេនាធំ យើងពិបាករៀប … នាយទាហានជំនាន់១ អត់មានបញ្ហាទេ … យើងមានសង្គ្រាមរាប់សិបឆ្នាំ។ នាយទាហានគាត់នៅយូរ គាត់ត្រូវតែឡើងអញ្ចឹងហើយ។ ប៉ុន្តែការរៀបចំរើសថ្មីត្រូវធ្វើយ៉ាងម៉េច ឱ្យ ១៥ទៅ២០ឆ្នាំទៀត យើងធានានូវតុល្យភាព។ យើងត្រូវមានព្យាករណ៍។ ប៉ុន្តែត្រូវចាប់ផ្តើមពីឥឡូវ ដើម្បី ១៥ឆ្នាំ តុល្យភាពនៃការរៀបចំនេះ ធានាបាននូវអង្គភាពដឹក​នាំបញ្ជា អង្គភាពជួរមុខ ជាពិសេសថ្នាក់កងតូចកងធំ ហើយការដឹកនាំរៀបចំឱ្យបានល្អ។ អញ្ចឹងតុល្យភាពនៃការរៀបចំនេះត្រូវរើស។ ប៉ុន្មានឆ្នាំនេះ យើងមានការកាត់បន្ថយចំនួននាយទាហានសកម្ម និងនាយទាហានទ័ពជើងគោកដែលយើងប្រឡងជ្រើសរើស។ កាលមុនយើងធ្លាប់ប្រឡងនាយទាហានសកម្ម នាយទាហានទ័ពជើងគោក តាមចាំដូចជា ៦០០នាក់ជាង បូកជាមួយទៅបណ្តុះបណ្តាលក្រៅទៀត ក្នុងមួយឆ្នាំយើងមានរាប់ពាន់នាក់ជានាយទាហាន។ ប៉ុន្តែពេលនោះ ការបញ្ចូលពលទាហានតិច។ អញ្ចឹងបើសិនជាមានតុល្យភាពបែបនេះទៅថ្ងៃក្រោយនៅតែមានបញ្ហា។ អញ្ចឹងត្រូវគិតគូរ។

(២៤) គិតគូរពីបទដ្ឋានគតិយុត្តិរើសយោធិនកាតព្វកិច្ច គឺមួយភាគធំចូលតាមច្រកកាតព្វកិច្ច លើកលែងជំនាញចាំបាច់ចំនួន

ការបញ្ចូលពលទាហាននេះ យើងបានគិតគូរហើយ ប៉ុន្តែការអនុវត្តនៅមិនទាន់បានគិតគូរពីបទដ្ឋានគតិយុត្តិឱ្យបានគ្រប់ជ្រុងជ្រោយពីការរើសយោធិនកាតព្វកិច្ចដើម្បីធ្វើការផ្សាំ។ ទៅថ្ងៃក្រោយ ប្រហែលជាមួយភាគធំត្រូវចូលតាមច្រកកាតព្វកិច្ចសម្រាប់ពលទាហាន លើកលែងតែជំនាញមួយចំនួន ឧទាហរណ៍ជំនាញវិស្វកម្មជំនាញអីដែលខ្ពស់ ដែលអាចយើងអាចពិនិត្យមើលបញ្ចូលក្របខណ្ឌពិសេស។ ក្រៅពីហ្នឹងឱ្យចូលជាពលទាហាននៅតាមបណ្តាអង្គភាព ឬមួយច្រកនាយទាហានប្រឡងចូល បូកក្របខ​ណ្ឌពិសេស។ ប៉ុន្តែក៏កុំឱ្យច្រើនពេក។ កុំឱ្យរើសធម្មតា ១០% ពិសេស ៩០% ។ យើងឱ្យគាត់ចូលមកពលទាហានក្នុងរយៈពេលប៉ុន្មាននេះជាការផ្សាំ។ យើងដឹងហើយថាការរើសទាហាន ហើយការចាកចេញនេះមិនងាយស្រួលទេ។ អញ្ចឹងការផ្សាំនៅក្នុងនេះ ដើម្បីឱ្យអង្គភាពអាចវាយតម្លៃយោធិន យោធិនអាចវាយតម្លៃជីវិតកងទ័ព មុននឹងគាត់សម្រេចចិត្តចូលជាទាហានអាជីព។

(២៥) កាតព្វកិច្ចយោធា ជួយឱ្យយោធិនមានជំរើស និងមេបញ្ជាការអង្គភាពមានឱកាសវាយតម្លៃ

សូមឱ្យគណៈកម្មាធិការរៀបចំច្បាប់កាតព្វកិច្ច ពិនិត្យមើលដើម្បីយើងជំរុញបន្តទៅទៀតនៅថ្ងៃមុខ។ អញ្ចឹងត្រូវធ្វើការបំពេញទ័ពយោធិន បំពេញពលទាហានឱ្យច្រើនជាងនាយទាហានក្នុងមួយឆ្នាំៗ​ ដោយការបំពេញពលទា​ហាននេះត្រូវប្រើរូបមន្តដែលអាចធ្វើទៅបាន តាមរូបភាពកាតព្វកិច្ចឱ្យច្រើនដើម្បីជាការផ្សាំ។ សម្រាប់យុវជនយើងក៏ល្អដែរ ព្រោះឥឡូវបើគាត់ចូលទៅក្នុងហ្នឹង បានន័យថាមួយជីវិតនៅហ្នឹង។ អញ្ចឹង ជម្រើសដែលថាចេញភ្លាម មិនមានទេ។ មិនមានច្រកចេញទេ វារលែងតែឈប់តែម្តង។ ហើយការឈប់ក៏មិនងាយមានអ្នកជូនដំណឹងទេ។ ត្រូវឈប់ក៏ឈប់តែម្តង។ អញ្ចឹងបើសិនជាកាតព្វកិច្ច ១៨ខែ ឬប៉ុន្មានដែលយើងគិត គឺគាត់មានច្រក។ គាត់ដឹងថា ១៨ខែ ខ្ញុំនឹងមានជម្រើស ក្នុងហ្នឹងគាត់នឹងពិនិត្យមើលជាក់ស្តែង។​ នាយទាហាន មេបញ្ជាការអង្គភាពក៏មានឱកាសវាយតម្លៃ។ ពេលដែលចប់ ១៨ខែ មានអ្នកដែលចង់នៅហ្នឹង ក៏ដាក់ពាក្យ។ ពេលហ្នឹងនឹងមានមេបញ្ជាការអង្គភាពផ្ទាល់ពិចារណាថាគួររក្សាឬមិនគួរ ដើម្បីយើងកាត់បន្ថយអត្រានៃការចេញពីជួរទ័ព ហើយសំរាប់រយៈពេលវែង។

(២៦) ពិចារណាបើកច្រកឱ្យសាកលវិទ្យាល័យការពារជាតិបញ្ចូលសាស្ត្រាចារ្យស៊ីវិលកិច្ចសន្យា តែមិនឱ្យក្របខណ្ឌជាទាហាន

នៅក្នុងមន្ត្រីរាជការស៊ីវិល យើងឱ្យបង្កើតប្រអប់មួយ​គឺប្រអប់កុងត្រា ១ឆ្នាំ ទៅ៥ឆ្នាំ រហូតទៅដល់ចូលនិវត្តន៍។ តែក្នុងកងទ័ព កងកម្លាំងប្រដាប់អាវុធ អាចសិក្សាមើលសិន។ ប្រហែលជាពិបាកក្នុងការអនុវត្ត ក្នុងកងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែអាចសិក្សាមើលសម្រាប់នាយទាហានជំនាញ សម្រាប់ថ្មើរជើង ឬមួយអី។​ សម្រាប់នាយទាហានជំនាញ ឧទាហរណ៍ ជាសាស្រ្តាចារ្យអាចកុងត្រាចូលមកក្នុងហ្នឹងដើម្បីមកបង្រៀនសាកលវិទ្យាល័យការពារជាតិ។ ប៉ុន្តែការផ្គូរផ្គងស័ក្តិនេះ (នៅជាការពិចារណា)។ ជួនកាលយើងអត់ចាំបាច់។ មកនេះព្រោះក្របខណ្ឌក្រសួងមានទាំងស៊ីវិល​។ អញ្ចឹងកុងត្រា បើកច្រកឱ្យសាកលវិទ្យាល័យការពារជាតិ មានសិទ្ធកុងត្រាសាស្ត្រាចារ្យជំនាញខាងភូមិសាស្ត្រនយោបាយ ជាជាងជាសាស្ត្រាចារ្យដែលយើងអញ្ជើញម្តងម្តាល។ កុងត្រាគាត់ ៥ឆ្នាំ​ តែមិនឱ្យក្របខណ្ឌគាត់ជាទាហានទេ។ ជាកុងត្រាស៊ីវិល។ គាត់មកធ្វើការបង្រៀន​សម្រាប់ជំនាញតែម្តង។

(២៧) កំណត់ថាមន្ត្រីរាជការស៊ីវិលកម្រិតណាត្រូវយល់ពីការងារសន្តិសុខ នយោបាយ សន្តិសុខ ការពារជាតិ

នៅក្នុងស្ថាប័នបណ្តុះបណ្តាលរបស់យើង ទាំងសាលាថ្នាក់ជើងគោក ថ្នាក់បឋម ថ្នាក់មធ្យម … កន្លងទៅយើងមានគ្រូមកពីសាកលវិទ្យាល័យមកបង្រៀនតាមម៉ោង។ តែថ្ងៃក្រោយ បើសិនជា ធ្វើកិច្ចសន្យាពេញម៉ោងនៅទីនេះតែម្តង មិនបាច់អញ្ជើញគាត់មកបង់តាមម៉ោង គឺកុងត្រាគាត់ ៥ឆ្នាំ​ចប់ ឬ៤ឆ្នាំចប់។ គាត់អាចជួយកសាងមេរៀនឱ្យផងដើម្បីធានាការបណ្តុះបណ្តាល បំពេញចំនួនយោធាចារ្យដែល(យើង)ខ្វះខាត … គាត់ចូលនិវត្តន៍ហើយ តែមានជំនាញយោធា យើងធ្វើកិច្ចសន្យាឱ្យគាត់អញ្ជើញមកវិញ។ បើយើងបើកច្រកកន្លែងនេះ សម្រាប់ការបណ្តុះបណ្តាលសាកលវិទ្យាល័យការពារជាតិ គឺបើកសំរាប់មុខជំនាញទាំងមន្ត្រីរាជការស៊ីវិល។ តែមិនបើកឱ្យឯកជនទេ។ គឺរៀបសម្រាប់តែក្របខណ្ឌមន្ត្រីរាជការ​។ អាចមន្ត្រីរាជការស៊ីវិលនិងស្ថាប័នផ្សេង តែមិនបើកទៅដល់អ្នកណាក៏ចូលរៀនបានទេ ព្រោះនៅតែជារឿងសន្តិសុខជាតិ រឿងការពារជាតិ។ ជំហានមួយនេះ មិនមែនបើកទៅ ស្រាប់តែនិស្សិតក៏ចូលរៀនបានដូចសាលាឯកជនទេ។ សូមឯកឧត្តម សាកលវិទ្យាធិការ កំណត់ព្រំឱ្យច្បាស់។ អត់បើកឱ្យអ្នកដែលអត់មានសិទ្ធិចូលរៀនទេ។ ត្រូវមានសិទ្ធិចូលរៀនទៀត។ មន្ត្រីរាជការស៊ីវិលត្រឹមកម្រិតណាដែលយើងកំណត់ថាចាំបាច់ត្រូវយល់ពីការងារសន្តិសុខ នយោបាយ ពាក់ព័ន្ធសន្តិសុខការពារជាតិ …។

​(២៨) រៀបចំផែនការដើម្បី ១៥ ទៅ ២០ឆ្នាំទៀត មានតុល្យភាពសមស្របរវាងពលទាហាននិងនាយទាហាន

អញ្ចឹងសូមឱ្យពិនិត្យមើល បើទាក់ទងស៊ីវិលនេះ អាចទាក់ទងរឿងមុខងារសាធារណៈអីដែរ ដើម្បីចែកគ្នាមើល ថាតើយើងបើកច្រកកម្រិតណា? បើយើងយកតែច្រកមួយដើម្បីបណ្តុះបណ្តាលខ្លួនឯង បញ្ជូនទៅរៀនយូរណាស់ ហើយជួនកាលមិនប្រាកដថាបានគុណភាពល្អផង។ យើងបើកច្រកដើម្បីទាញយកអ្នកជំនាញស្រាប់មក ជាការល្អ ដើម្បីបង្កើនចំណេះឱ្យនាយទាហានសិក្ខាកាមនៅទីនេះ។ អញ្ចឹង ធ្វើម៉េចឆ្នាំ ២០២៤ និង ២០២៥ ធ្វើការរៀបចំផែនការឱ្យចេញ ដើម្បីដឹងថា ១៥​-២០ឆ្នាំទៀត តុល្យភាពរវាងពលទាហាន នាយទាហានសមស្រប … ក្នុងមួយឆ្នាំៗ យើងយកនាយទាហានប៉ុន្មាន បណ្តុះបណ្តាលក្នុងស្រុកប៉ុន្មាន ក្រៅស្រុកប៉ុន្មាន ហើយពលទាហានប៉ុន្មានភាគរយ។ យកជាអត្រាតែម្តង … ហើយដាក់ទិសដៅថា​ការពង្រឹងនេះឱ្យសាជីផ្កាប់ (ត្រូវការពេល) ១០ឆ្នាំ… សូមពន្លឿន​នូវក្នុងការគិតគូរអំពីក្របខណ្ឌយោធិនកាតព្វកិច្ចនេះ ព្រោះយើងមិនមែនរើសចូលតែមួយទេ កា​តព្វកិច្ចនេះយើងគិតទាំងការថែទាំ។ គាត់១៨ខែចប់ ត្រូវថែទាំគាត់ប៉ុណ្ណា។ អ្នកដែលរើសចូលអាជីព ឬមួយអ្នកដែលនៅត្រូវថែទាំ … ឧទាហរណ៍អាយុ ៣៦ឆ្នាំ, អាយុ៤៥ឆ្នាំ អីអញ្ចឹង ត្រូវមានផែនការក្នុងការថែទាំគាត់មួយឆ្នាំប្រមូលម្ដង ឬមួយក៏យ៉ាងណា គិតគូរទាំងអស់ ពាក់ព័ន្ធនឹងការធានា និងក្របខ័ណ្ឌថវិកាជាតិរបស់យើង។

[ចប់សេចក្ដីអធិប្បាយ៤]

គ. ត្រូវខិតខំផ្ដល់អាទិភាពចំពោះបណ្តុះបណ្តាលក្នុងស្រុក លើកលែងតែការបណ្តុះបណ្តាល ជំនាញ ឯកទេសបច្ចេកទេសជាន់ខ្ពស់ ដែលត្រូវពឹងផ្អែកលើការបណ្តុះបណ្តាលនៅក្រៅប្រទេស ដើម្បីបណ្តុះបណ្តាល នាយទាហានដឹកនាំបញ្ជា, នាយទាហានគ្រប់គ្រងវ័យក្មេង សម្រាប់បន្តវេនដឹកនាំ គ្រប់គ្រង តាមបណ្តាស្ថាប័នកងឯកភាព ។ ការចាត់បញ្ជូនយោធិនចូលរៀនតាមគ្រឹះស្ថានសិក្សា ត្រូវគោរពតាមគោលការណ៍នៃការជ្រើសលក្ខណៈសម្បត្តិយោធិនតាមវគ្គនីមួយៗទៅតាមគោលការណ៍នៃក្រសួងការពារជាតិ។

៤. ចំពោះ ការងារហ្វឹកហ្វឺន និង បណ្តាសាលា ​លើការងារបណ្តុះបណ្តាល កសាងធនធានមនុស្ស, ពោល គឺជាថ្នាលបណ្តុះពូជនាយទាហានវ័យក្មេង ដែលនឹងក្លាយជានាយទាហានថ្នាក់ដឹកនាំបញ្ជា និង គ្រប់គ្រងតាមស្ថាប័នកងឯកភាព គ្រប់លំដាប់ថ្នាក់ ៖

ក. ត្រូវបន្តកសាងពង្រឹងជួរយោធាចារ្យ ក៏ដូចជា ឯកសារបង្រៀនគ្រប់ជំនាញ គ្រប់មុខវិជ្ជា ឲ្យមានគុណភាព និង សមត្ថភាពពេញលេញ គ្រប់លក្ខណៈសម្បត្តិ ស្របតាមការវិវត្តន៍រីកចំរើននៃវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រទំនើប ជាពិសេស ក្នុងវិស័យយោធា។ ចំពោះយោធាចារ្យ៖ ក្រសួងការពារជាតិ និង ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព ដោយធ្វើការបំពាក់បំប៉នគរុកោសល្យ និង ការគិតគូរគោលនយោបាយឲ្យបានច្បាស់លាស់ ដូចជា ការជំរុញអនុវត្តទៅតាមគោលការណ៍ដែលមានស្រាប់, អំពីប្រាក់កម្រៃម៉ោងបង្រៀន, ប្រាក់សម្រាប់ការស្រាវជ្រាវ ឲ្យបានទាន់ពេលវេលា, មានតម្លាភាព និង ផ្តល់កិត្តិយសគិតគូរពីឋានន្តរសក្តិ, គ្រឿងឥស្សរិយយស, ប័ណ្ណសរសើរ ព្រមទាំងការគិតគូរជាអាទិភាពកសាងយោធាចារ្យថ្មីបន្តវេន ដោយជ្រើសរើសពីនិស្សិតដែលរៀនបានពិន្ទុខ្ពស់ និង ពីយោធិនដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រង កងឯកភាព មកបណ្តុះបណ្តាលជាយោធាចារ្យវិលជុំ។

ខ. ទន្ទឹមនឹងការអនុវត្តភារកិច្ចស្នូល ត្រូវសហការគ្នាស្អិតល្មួតប្រែក្លាយសាលាទៅជាមជ្ឈ-

មណ្ឌលប្រមូលផ្តុំសិក្សាស្រាវជ្រាវ, កសាងរាល់ឯកសារយោធា គ្រប់ជំនាញឲ្យឯកភាពគ្នា រួមទាំងឯកសារបច្ចេកវិទ្យាវិទ្យាសាស្ត្រយោធា, សេដ្ឋកិច្ច-នយោបាយយោធា និង អប់រំចិត្តសាស្ត្រ ។ល។

គ. ត្រូវបង្កលក្ខណៈឲ្យគ្នាទៅវិញទៅមក និង សហការគ្នាដកស្រង់ពីការបំពេញភារកិច្ច របស់ខ្លួន, កសាងឲ្យបាននូវសូចនាករសំខាន់ៗ ចាំបាច់នានា សម្រាប់បម្រើការក្នុងវិស័យការពារជាតិ ហើយផ្លាស់ប្តូរព័ត៌មានមានចាំបាច់ទៅវិញទៅមកសម្រាប់ការសិក្សាស្រាវជ្រាវ និង ដកពិសោធ ដែលជាមូលដ្ឋាន ក្នុងការធ្វើផែនការយុទ្ធសាស្ត្រនានា។

ឃ. ត្រូវសិក្សាស្រាវជ្រាវដកបទពិសោធន៍ ពីសង្គ្រាមនៅតាមបណ្តាប្រទេសទាំងអតីតកាលនិងបច្ចុប្បន្នកាលជាមួយនឹងការក្ដាប់បានការបំពាក់ តាមលទ្ធភាពជាក់ស្តែង ឲ្យស្របតាមការវិវត្តរីកចម្រើនចុងក្រោយនៃវិស័យបច្ចេកវិទ្យាយោធា ។

ង. ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាល និង គ្រប់គ្រងធនធានមនុស្ស, ព្យាយាមសិក្សាស្រាវជ្រាវបន្តអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនមិនឈប់ឈរ ដើម្បីពង្រឹង និង ពង្រីក ចំណេះដឹង ចំណេះធ្វើ ឲ្យបានទាន់ការវិវត្តន៍រីកចម្រើននៃវិស័យបច្ចេកវិទ្យាយោធាក្នុងបរិការណ៍នៃបដិវត្តន៍ បច្ចេកវិទ្យាឌីជីថល (Digital) សកលលោក ។

ច. យកចិត្តទុកដាក់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តាសាលា មជ្ឈមណ្ឌលហ្វឹកហ្វឺនដែលមានស្រាប់ និង កំពុងតែបង្កើតថ្មីឲ្យស្របតាមនិយាម និង គោលដៅ នៃជំនាញនីមួយៗ ព្រមទាំងបំពាក់សម្ភារ:ហ្វឹកហ្វឺនទំនើបស្របទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

ឆ. ក្រៅពីការពង្រឹងប្រព័ន្ធហ្វឹកហ្វឺននៅតាមបណ្តាសាលា ក្រសួងការពារជាតិ កងយោធ-ពលខេមរ ភូមិន្ទ នាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមនូវការហ្វឹកហាត់លើ ទីលានតាម កងឯកភាពទៅតាមជំនាញឯកទេសនីមួយៗ ដើម្បីជាការគ្រប់គ្រងកម្លាំងទ័ព, គ្រឿងបំពាក់, បង្កើនសមត្ថភាពផ្ទាល់ ។

៥. ត្រូវបន្តធ្វើទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយដៃគូបរទេស ក៏ដូចជា បណ្តាប្រទេស ជាមិត្ត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រួមទាំងការជួយឧបត្ថម្ភទាំងស្មារតីនិងសម្ភារៈដល់វិស័យ ហ្វឹកហ្វឺនរៀនសូត្ររបស់យើង ដោយឈរលើស្មារតីការពារឧត្តមប្រយោជន៍របស់កងយោធពលខេមរភូមិន្ទ ស្របតាមអភិក្រម “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ។

៦. ការងារអប់រំចិត្តសាស្ត្រព័ត៌មានមាន និង គោលនយោបាយ ជាកិច្ចការមួយមិនអាចខ្វះបាន ក្នុងការកសាងឆន្ទៈ, មនសិការស្នេហាជាតិមាតុភូមិ សំដៅសម្រេចភារកិច្ចការពារជាតិ ដែលជាគុណសម្បត្តិចម្បងរបស់នាយទាហាន ពលទាហានគ្រប់រូប ។

៧. ចំពោះការកែទម្រង់គ្រឿងបំពាក់គ្រប់ប្រភេទ សម្រាប់គ្រប់ប្រភេទទ័ព, ទ័ពជំនាញ ទន្ទឹមនឹងការបំពេញបរិមាណតាមក្របខ័ណ្ឌបំពាក់ត្រូវយក “គុណភាពជាអាទិភាព” ។ កន្លងមក,រាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ បានខិតខំស្វែងរក និង បង្កប្រភព ដោយបានបំពាក់បន្ថែម នូវអាវុធយុទ្ធោបករណ៍ទំនើបៗជាច្រើន ដើម្បីឆ្លើយតបចំពោះសំណូមពរភារកិច្ចការពារជាតិ ហើយនិង បន្តខិតខំបំពាក់ជាជំហានៗ តទៅទៀត។

សូមយកចិត្តទុកដាក់ក្នុងការថែទាំបច្ចេកទេសឱ្យបានត្រឹមត្រូវ ធានាប្រសិទ្ធភាពនៃការប្រើប្រាស់បានយូរអង្វែង។

៨. ចំពោះការងារធានាភស្តុភារហិរញ្ញវត្ថុ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង, ការងារធានាផ្គត់ផ្គង់ បើកចែកតាមគោលរបបកំណត់, ធានាគ្រប់, ទាន់ពេលវេលា, ធានាបានគុណភាពដល់យោធិន គ្រប់រូប គួបផ្សំនឹងការខិតខំកែច្នៃជីវភាព, សុខុមាលភាពយោធិន ដោយការបង្កបង្កើនផលបន្ថែម លើកកំពស់ការរស់នៅរបស់យោធិន និង ក្រុមគ្រួសារឲ្យបានល្អប្រសើរ ។ ត្រូវយកចិត្តទុកដាក់លើការងារសម្ព័ន្ធមេត្រីភាព រវាងកងទ័ព ជាមួយស្ថាប័នស៊ីវិល និង ឯកជន ដោយតាមដាន, គ្រប់គ្រង, ត្រួតពិនិត្យការប្រើប្រាស់ជំនួយឧបត្ថម្ភរបស់ដៃគូឲ្យចំគោលដៅ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

ខ្ញុំសូមយកឱកាសនេះ អរគុណដល់អង្គភាពសម្ពន្ធមេត្រីទាំងអស់ ទាំងស្ថាប័នរដ្ឋ ស្ថាប័នស៊ិវិល និងវិស័យឯកជនដែលបានជួយដល់ក្រសួងការពារជាតិ ដល់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេសដៃគូ បណ្ដាកងឯកភាពចំណុះតែម្ដង។ សូមបន្តជួយបន្ថែម។

[ចប់សេចក្ដីអធិប្បាយ៥]

៩. ត្រូវត្រៀមលក្ខណៈជានិច្ច ក្នុងការបំពេញភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋា- ភិបាលនៅគ្រប់កាលៈទេសៈ, យកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយសម្ភារ:គ្រប់បែបយ៉ាង ដើម្បី ចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតី បុរេសកម្ម​ ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និង ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ។

ខ្ញុំសង្ឃឹមជឿជាក់ថា យោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្រពៃណី សាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ក្រោមការដឹកនាំបញ្ជាប្រកបដោយទេពកោសល្យ និង ឆន្ទៈមោះមុត ព្រមទាំងមានស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ។

ជាថ្មីម្ដងទៀត, ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និង ការលះបង់នូវស្មារតី កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ, យោធាចារ្យ, និស្សិត-សិក្ខាកាមទាំងអស់ ដែលបានពុះពាររាល់ការលំបាក រហូតសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ នាពេលកន្លងមក។ ខ្ញុំសូមចូលរួមអបអរ-សាទរជាថ្មីម្ដងទៀតនិស្សិត និង សិក្ខាកាម បញ្ចប់វគ្គសិក្សាឆ្នាំនេះ និង សូមជូនពរដល់នាយទាហាន និង នាយ- ទាហានរង, ពលទាហានទាំងអស់ ក៏ដូចជា សមាជិក-សមាជិកា នៃអង្គពិធីទាំងមូល, សូមប្រកបដោយសុខភាពល្អបរិបូរណ៍, មានសុភមង្គលក្នុងក្រុមគ្រួសារ និង សម្រេចបានជោគជ័យ ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលសហសិក្សា, អគារស្នាក់នៅ, អគារអាហារដ្ឋាន និង សមិទ្ធផលនានា នៅសាកលវិទ្យាល័យការពារជាតិនិង សូមប្រកាសបិទវគ្គសិក្សាឆ្នាំ ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ ២០២៤ ចាប់ពីពេលនេះតទៅ។

[ផ្ដើមសេចក្ដីអធិប្បាយ៦]

(២៩) ឯកភាពតាមគោលការណ៍ដែលបានស្នើសុំ

ថ្ងៃនេះ សូម(ជូន)ដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រព្រឹកនេះ និងនិស្សិតកំពុងសិក្សាសរុប ២ ០៣៣នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល។ បើបានមុនចូលឆ្នាំល្អ។ ឥឡូវជប់លៀងបិទវគ្គនិងចំហាយចូលឆ្នាំ។ ជូនសាស្រ្តាចារ្យ បុគ្គ​លិក ៥៧៥នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល, ជូនសាកលវិទ្យាល័យការពារជាតិថវិកា ១០០លានរៀល, កងកិត្តិយសត្រែទ័ព ថវិកា៥លានរៀល, ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធិថវិកា ៣លានរៀល​។ សំណូមពររបស់អង្គភាពមាន សំណើត្រង់ស្វូបន្ទប់អគ្គិសនីកម្លាំង ១ ២៥០។ បច្ចុប្បន្នមានត្រឹម ២៥០ KVA ដែលប្រើប្រាស់។ សូមបង្កើន ៥ដងតែម្ដង។ សាលប្រជុំបង្កើន ៥ដងដែរ។ សូមផ្ដល់ជូន។ សូមឱ្យឯកឧត្តម កែវ រតនៈ មកទេថ្ងៃនេះ? អត់មកទេ។ សូមឱ្ពិនិត្យមើលជាមួយ EDC ដើម្បីជួយដោះស្រាយជូន។

ទី២ ស្នើសុំរដ្ឋាករទឹកជួយតម្លើងបំពង់មេមុខកាត់ ៨០មីលីម៉ែត្រ បច្ចុប្បន្នមានត្រឹមតែ ៤០មីលីម៉ែត្រ។ សូមឱ្យរដ្ឋាករទឹកដើម្បីចាត់ចែងដោះស្រាយជូន។ សុំចាក់បេតុងលើផ្ទៃដីចំនួន ៤ ០៨១ម៉ែត្រការ៉េ។ នៅសាលាអស់ដីហើយសុទ្ធតែបេតុងទាំងអស់ ត្រូវដាំដើមឈើឱ្យច្រើន។ ខ្ញុំចាំ កាលខ្ញុំមក(ជំនាន់) ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា កាលនោះនៅសល់ដីខ្លះ។ ឥឡូវចុះមកមិនមានសល់ដីទេ, អគារមិនមានតូចទេ អគារធំៗ(ទាំងអស់)។ ថ្ងៃនេះ ៣ពាន់នាក់ ចូលមកអម្បាញ់មិញស្មានតែនៅ ៨៥។ សង្ស័យយកគម្រូពីហ្នឹងទេ? ថ្ងៃនេះមានក្រុមហ៊ុនជីបម៉ុង ទទួលជូនតែម្ដង មិនមែនជូនតែបេតុងនិងដែកទេ ជូនជាងមកទៀត សាលាចាំយកតែសមិទ្ធផលទៅ …។

សុំបង្កើនប្រាក់កម្រៃម៉ោងបង្រៀន និងប្រាក់កម្រៃរបស់យោធាចារ្យឱ្យបានទៀតទាត់ តាមគោលការណ៍។ សូមអោយក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលើកិច្ចការនេះថាតើយើងអាចមានគោលការណ៍អ្វីសម្រាប់យោធាចារ្យរបស់យើង។ នៅជើងគោក ខ្ញុំបានសាកអនុវត្តកម្មវិធីបន្ថែមមួយចំនួនទៅលើរឿងហ្នឹង … វិនិយោគលើគ្រូសំខាន់ណាស់។ វិនិយោគទៅលើគ្រូមិនប្រគល់តែភារកិច្ច ប្រគល់តែការទទួលខុសត្រូវទេ តែត្រូវគិតគូរអំពីជីវភាពរស់នៅ ជាពិសេសម៉ោងបង្រៀន។ អ្វីដែលមានគឺដោះឱ្យចេញ ហើយពិនិត្យមើលលទ្ធភាពបន្ថែមផ្ទាល់សម្រាប់អ្នកដែលបង្រៀនពិតប្រាកដ។

មានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកទេថ្ងៃនេះ? បើមានសុំឱ្យពិនិត្យមើល ហើយរៀបចំកិច្ចការនេះឱ្យបានដោយប្រសិទ្ធភាព។ ម៉ោងស្រាវជ្រាវត្រូវគិត ព្រោះកន្លែងនេះជាពិសេសគឺកន្លែងដែលត្រូវស្រាវជ្រាវបន្ថែម ត្រូវគិតមានរូបមន្តច្បាស់លាស់ដើម្បីអនុវត្តងាយស្រួល។ ឯកភាពជាគោលការណ៍។

សុំកៅអីគណៈអធិបតីលើវេទិកា២០០។ ថ្ងៃនេះកៅអីជួលគេទេឬ? សូមផ្ដល់ជូនតែម្ដង។ ធ្វើកៅអីឈើពូក ដូច៥១ ធ្វើ។ ចាំឱ្យរៀបចំប្រភេទហ្នឹង។ បានល្អហើយយូរផង។ សូមអរគុណចំពោះកម្មវិធីព្រឹកនេះ។ សូមអរគុណសារជាថ្មីជូនដល់ឯកឧត្តម លោកជំទាវ គណៈធិបតីទាំងអស់ នាយទាហានដែលបានចូលរួមថ្ងៃនេះ សូមជូនពរ និងប្រសិទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

[បញ្ចប់សេចក្ដីអធិប្បាយ៦]




Selected Comments Samdech Moha Bovor Thipadei Hun Manet,
at the inauguration of the multi-purpose study building, residence building and canteen building at the National Defense University, the graduation of the 2023 training course and the new welcoming the intake for 2024
[Unofficial and translations]

*********

CMF:

[1]

(1) Insecurity from New Year celebrations decreased by 30% compared to last year

[…] We organized this (inauguration) event after we celebrated the New Year all over the country […] (that has been noted that) negative phenomena such as quarrels and fights had not been many, and other insecurity problems decreased by 30% this year compared to last year. People were out observing the Khmer New Year in a respectful manner. This is the spirit of celebrating the New Year […] in general, together, we have celebrated this year a good event […]

[3]

(2) National defense is a constant task; three levels of soldiers; officers have 2 roles

I have said times and again, as long as we have a country that is called “Cambodia”, national defense is a constant task and an important duty of all of us, especially the armed forces. At the heart of national defense is the quality of human resources. In the field of defense, we have three levels of soldiers – officers, deputies and soldiers. The officers play a key role in the defense sector. They carry out the two roles as manager and leader. As the manager, their main tasks are planning, job division and assignment of duties to subordinates, and responsibility on related matters to ensure the success of the unit’s mission and the mission of subordinates […]

(3) The National Defense University ensures the training quality senior officers

The role of the National Defense University is to train senior officers who will ensure the quality of army training […] in every military training schools for the army in general, and for the training of all three-level officers in particular. We currently have the Thmath Pong Active Officers’ School, the Thlok Ta Sek Infantry Institute, which provides basic officer training. We have a National Defense University that provides training for two levels of officers – medium and senior – for the general staff and national defense […] for the near future, we can offer such strategic training not only to the soldiers of the Royal Cambodian Armed Forces, but also to civilian senior officials and other types of armed forces on defense strategy, national and social security strategy […]

(4) National security and defense are the core strategies

We have the faculties of foreign languages, logistics, and other others, but national security and defense are still at the core of the strategic level, and more importantly, when our country does not operate only at a domestic level as every hustle is now relating to the region and the world. Fighting eruption elsewhere may also affect us, sometimes economically and sometimes security […] in this context, why are we strengthening the military training facilities? It is to strengthen the army. Strengthening the army is to strengthen the officers who will lead the defense forces for decades to come […] In many countries, the National Defense University acts as a training ground for military strategy, national security strategy (and even) civil servants are go to learn […] to understand national security, whereas it is even more important that senior officers of the country need to understand this work. We cannot just look at tactical issues. Senior officers need to know about politics, geography, and understand activities that are relating to social security, economy, society […]

(5) Weapons can make war, but can also keep the peace

Officers need to understand and sharpen (understand regarding) this task. At a time when the world is evolving into a multi-regional mechanism, particularly, the Asia-Pacific region, where the military situation is evolving rapidly […] affecting the socio-economic situation […] along with striving and rapid competition of great powers in the region […] the military relation has two faces – it is a weapon that can make war, but it is also a force that can keep the peace. In this context, understanding and doing military diplomacy is important. Military diplomacy is not limited to the level of the Minister of Defense, but at all levels. Overseas cooperation, either within the framework of the UN or bilateral and multilateral exercises that our troops are more involved, plays a role in maintaining friendship between countries and in the region […]

(6) Conduct regular research to sustain and modernize military training documents and update military/army trainers

[…] The National Defense University can strengthen the qualifications of the military instructors/trainers and increase involvement of military officers in training at the National Defense University […] so that we can ensure the quality and in-keeping of military instructors/trainers. The biggest risk in the military schools is the sustainability of the military instructors/trainers. Actions must be taken in consideration of military instructors, capacity building, qualifications of the military in the research, especially military officers with many years of knowledge and experience […]

We need to conduct regular research to sustain and modernize military documents and trainers […] today, I am talking about the framework of the National Defense University, but it is also the consideration of all universities. In training, if there are no trainers and no documents/teaching materials, we certainly have a hard time. The military instructors/trainers can serve as a base, and the teaching materials are in their brains. Documents need to be updated, and regular research need to be carried out to make them up to date […] in advanced training, we need to expand the scope of training and research […] professional officers in the units […] upon their retiring ages could be brought in to continue their service in some way at the center. We need brains, we need this teaching materials compilation […]

[4]

(7) Working out the proportion of military recruitment and training of officers

I have given the task, and we have been fulfilling it from the beginning of the year, about the proportion of recruits per year and the training of officers. We need to look into issue regarding the three levels of cadets, plus overseas training, how many soldiers we have to recruit per year? What percentage of the soldiers are in the army? […] why (Cambodia has) more officers? […] Cambodia’s current military officers are mostly those who participated in the circumstances in which we were at war. To end the war, we have to integrate, organize, build and maintain forces […] in the future (for efficiency) of command leadership […] we need to increase the number of fighters, increase the proportion of the deputies and soldiers, especially combat troops, the frontline combat units, making sure they have more soldiers than officers […] over the years, we have reduced the number of active and infantry officers recruited through taking exams […]

(8) Recruitment of conscripts largely through the port of duty, except for the necessary skills

The recruitment of conscripts has not yet taken into account all the legal standards. In the future, probably a large part will have to go through the gate of conscription for the soldiers, except for some exceptional skills […] which we can inspect and recruit in a special framework […] but also not too many. Do not pick 10% from the normal compulsion, and 90% through the special case […] for our youth, in this regard, it is a good thing, because judging from the present condition, if s/he goes into the military, it means a lifetime career […] with the 18 months military conscription or so, for instance, s/he has a choice (whether to leave or to stay) and the unit commanders also have the opportunity to evaluate at the end of the conscription […]

(9) To realize the pyramid reinforcement style within ten years

We open the door for the National Defense University to have the right to contract professors specializing in geopolitics, for example, rather than inviting the professors from time to time. They may have a contract for five years, but they may not be a soldier. They have a civil contract. They just come to teach skills […] we prepare this facility for the training of both military officers and civil servants, but not for the private sector […] because it is still a matter of national security, national defense […] in this regard, the rector may determine the necessary level of civil servants as to who need to understand the work of politics and security in relating to national security […] between 2024 and 2025, let us come up with a plan that provides us the knowledge that what would be the appropriate composition of soldiers and officers […] and set a goal that we will realize this pyramid style reinforcement, perhaps within ten years […]./.

No comments:

Post a Comment