Monday, February 19, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យឯកឧត្តម ឃួង ស្រេង ពិនិត្យលទ្ធភាពបើកផ្លូវថ្មីពីចំណុចស្ពានចាក់អង្រែក្រោម-ព្រែកប្រា ភ្ជាប់ទៅផ្លូវជាតិលេខ១



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជន និងប្រជាពលរដ្ឋ ពិនិត្យលទ្ធភាព ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១ តែម្ដង ដើម្បីផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា ប្រសិនបើមានផ្លូវថ្មីចេញពីចំណុចស្ពានចាក់អង្រែក្រោម-ព្រែកប្រា ទៅដល់ផ្លូវជាតិលេខ១ គឺជាប្រជាពលរដ្ឋនៅតាមដងផ្លូវនេះ ទទួលបានផលប្រយោជន៍ច្រើនទាំងការធ្វើដំណើរ ពិសេសការឡើងថ្លៃដីធ្លី។ ត្រង់ចំណុចនេះ សម្តេចធិបតីបញ្ជាឲ្យឯកឧត្តម ឃួង ស្រេង ចុះសិក្សា និងពិភាក្សាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលរងផលប៉ះពាល់ក្នុងករណីកសាងផ្លូវថ្មីនេះ។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្ថាបនាផ្លូវ ស្ពានថ្មីៗ ជាច្រើននាពេលនេះ និងតទៅថ្ងៃខាងមុខ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរឡើង៕



No comments:

Post a Comment