ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែស្ពានធំៗឆ្លងកាត់ទន្លេមានចំនួន២៥ ក្នុងនោះ ១៩សាងសង់រួច ៣កំពុងធ្វើ និង៣ទៀតកំពុងសិក្សា ដែលកាលពីជំនាន់ឆ្នាំ១៩៧៩ យើងមានស្ពានតែ១កន្លះទេ គឺស្ពានព្រះមុនីវង្ស និងស្ពានជ្រោយចង្វារមួយកំណាត់ ដែលបានដាច់ដោយសារសង្រ្គាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងតែសិក្សាធ្វើស្ពានដែលវែងជាងគេនៅខេត្តកំពង់ឆ្នាំង ស្ថិតនៅផ្លូវ50C ដែលមានប្រវែងជាង៣គីឡូម៉ែត្រ សម្រាប់ឆ្លងកាត់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងកសាងស្ពាន មិនទាន់បញ្ចប់នៅឡើយទេ ក្រៅពីធ្វើស្ពានលើទឹក យើងក៏ធ្វើស្ពាននៅលើដី ពោលគឺស្ពានអាកាសជាច្រើនកន្លែងទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនផងដែរ៕
No comments:
Post a Comment