សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកិច្ចការងារជាច្រើនដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន ត្រូវតែមានការផ្សព្វផ្សាយ ប្រសិនបើធ្វើហើយមិនបានផ្សាយនោះទេ នោះប្រជាពលរដ្ឋមិនបានដឹងពីសកម្មភាព និងលទ្ធផលការងាររបស់យើងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារព័ត៌មាននេះសំខាន់ណាស់ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដាខេត្ត គួរតែមានក្រុមការងារព័ត៌មានមួយក្រុមទៀត ក្រៅពីមន្ទីរព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសលើការផ្សព្វផ្សាយការអនុវត្តការងាររបស់ថ្នាក់ខេត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តនីមួយៗគួរ តែមានការប្រឡងប្រណាំងលើកិច្ចការងាររបស់ខេត្ត រួមទាំងកិច្ចការងារព័ត៌មាននេះផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ការងារព័ត៌មាននេះ ដូចជាការធ្វើទីផ្សារសម្រាប់ខេត្តនីមួយៗដូច្នោះដែរ បើធ្វើច្រើនផ្សព្វផ្សាយចេញច្រើន គឺរឹតតែប្រសើរ ជាជាងធ្វើច្រើនហើយគ្មានការផ្សព្វផ្សាយ ស្មើនឹងមិនបានធ្វើសោះ៕
No comments:
Post a Comment