សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈអាជីពក្នុងការចុះយកព័ត៌មាន ការបែងចែករំលែកព័ត៌មាន និងបានផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ រហ័សទាន់សភាពការណ៍ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋារគាររ៉េស៊ីដង សុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រប្រព័ន្ធដំណើរការកំណែរទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយយកចិត្តទុកដាក់ធានាគុណភាព ប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដោយផ្អែកលើអភិក្រម “ ថ្មី ពិត លឿន និងទូលំទូលាយ” ប្រកបដោយជំនឿទុកចិត្ត វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន៕
No comments:
Post a Comment