Thursday, December 21, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដែលមានដូចជា គ្រោះទឹកជំនន់ជាញឹកញាប់ និងគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតសត្វនិងជីវភាពប្រជាជន និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហានេះ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិទាំងកម្រិតតំបន់ និងទូទាំងពិភពលោក។


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីឆ្ពោះទៅទទួលបានអព្យាក្រិតកាបូន និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបចីរភាព ដែលជាការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សា និងបង្កើនភាពបៃតងនៃភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕






No comments:

Post a Comment