ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
គណអធិបតី ភ្ញៀវកិត្តយស លោកគ្រូអ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល បងប្អូនជនរួមជាតិជាទីស្រលាញ់រាប់អាន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ថ្ងៃនេះខ្ញុំមានកិត្តិយសនៅក្នុងការចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅបាត់ដំបង ដែលមានប្រវែង ២៤៦ គីឡូម៉ែត្រ និងពិធីបើកការដ្ឋានកសាងផ្លូវជាតិលេខ ៥ ពីសិរីសោភណ្ឌទៅប៉ោយប៉ែត ដែលមានប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសមទានពីរដ្ឋាភិបាលជប៉ុន។ ក្តីសប្បាយរីករាយទី១ គឺ បានជិះសាកលើផ្លូវ(ក្នុងដំណើរ)មក។ កាលដែលខ្ញុំប្រើផ្លូវនេះចុងក្រោយ គឺមុននឹងការបញ្ចប់ការកសាង។ នៅមានកំណាត់ខ្លះមិនទាន់(ធ្វើ)ទេ។ អញ្ចឹងបានជាក្នុងដំណើរព្រឹកមិញ គេបាន calculate ខុស មកដល់មុនម៉ោង។ លឿនពេក។ ដំបូងគ្រោងថាម៉ោង ៦ និង ៣០នាទី ចេញមក ហើយនឹងមកដល់នេះ ក្នុងរយៈពេលចរ ១ ម៉ោង ៥នាទី។ អញ្ចឹង delay បន្តិច។ ម៉ោង ៦និង ៤០នាទី បានចេញ ក៏មកដល់ ៧និង ៣០នាទី មិនគឺដល់ ១ម៉ោងផង។ សួរថាផ្លូវលឿន ឬឡានលឿន? … ឡានលឿនយ៉ាងម៉េចក៏ដោយ បើផ្លូវមិនអំណោយផលទៅមិនរួចទេ … តែផ្លូវគ្រលុក រត់ខ្ទេចឡាន ទៅលែងរួច …។
(១) ផ្លូវជាតិលេខ៥ ជាសរសៃឈាមជីវភាពសេដ្ឋកិច្ចខេត្តកណ្ដាល ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ស្ពឺ
នៅក្នុងឱកាសនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន អ្នកកំពង់ឆ្នាំង និងនៅទីនេះមានអ្នកកំពង់ត្រឡាច និងអ្នកសាមគ្គីមានជ័យ។ តាមដឹងដូចមានបងប្អូនលោកតា លោកយាយពីខេត្តកណ្តាលមកចូលរួមដែរ … ផ្លូវជាតិលេខ ៥ ជាសរសៃឈាមធំមួយដែលថ្ពក់បណ្តាញផ្លូវតូចៗជាច្រើន ភ្ជាប់ទីប្រជុំជនជាច្រើននៅក្នុងខេត្តកណ្តាល ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ស្ពឺ។ គឺជាសរសៃឈាមធំមួយដែលភ្ជាប់មិនត្រឹមតែតំបន់និងភូមិសាស្រ្តទេ ប៉ុន្តែជាសរសៃឈាមដែលចិញ្ចឹមជីវភាពសេដ្ឋកិច្ចនៅតាមបណ្តាផ្លូវទាំងអស់នោះ។
(២) សន្លឹកឆ្នោតគាំទ្ររបស់អ្នកកំពង់ឆ្នាំង រួមចំណែកអោយមានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តបម្រើប្រជាពលរដ្ឋ
សូមពាំនាំនូវការផ្តាំផ្ញើថ្លែងអំណរគុណរបស់សម្តេចតេជោ ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់ដល់លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ជាពិសេសនៅក្នុងការជ្រើសរើសរាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងការជ្រើសរើសនូវអ្នកដឹកនាំរដ្ឋាភិបាល ដើម្បីបម្រើប្រជាពលរដ្ឋ ពីខែកក្កដាកន្លងទៅនេះ ប្រជាពលរដ្ឋអ្នកខេត្តកំពង់ឆ្នាំង រួមជាមួយនឹងប្រជាពលរដ្ឋទូទាំងប្រទេសច្រើនកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧ កន្លងទៅនេះ។ ខេត្តកំពង់ឆ្នាំងមាន(អត្រាបោះឆ្នោត)រហូតដល់ ៨៧,៣១ ភាគរយ ដែលជាកត្តាសំខាន់(រួមចំណែក)ធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី ៧ អាចបន្តបម្រើប្រជាពលរដ្ឋតទៅទៀត … យើងទាំងអស់គ្នាបានដឹងហើយថា កាលដើមឡើយ កម្មវិធីថ្ងៃនេះត្រូវបានសម្ដេចតេជោឯកភាពអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាលពីចុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ ប៉ុន្តែដោយសម្ដេចតេជោ ពេលនោះមានភាពមមាញឹកខ្លាំង រហូតមកពេលនេះអាណត្តិទី៧ ដែលរូបខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលថ្មី ទើបមានឱកាសមកប្រកាសដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះ ។
(៣) សម្ពោធនិងបើកការដ្ឋាននៅទិវា ៩០ថ្ងៃនៃកំណើតជាផ្លូវការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧
ថ្ងៃនេះ គឺថ្ងៃពិសេសមួយសម្រាប់រាជរដ្ឋាភិបាលថ្មី។ ថ្ងៃនេះគម្រប់ ៣ខែគត់នៃការចាប់កំណើតជាផ្លូវការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី ២២ខែសីហា កន្លងទៅ ដែលរដ្ឋសភាបានអនុម័តគាំទ្រជាផ្លូវការឲ្យរាជរដ្ឋាភិបាលលេចរូបរាងជាផ្លូវការ។ ការជួបនិងការសម្ពោធ(សមិទ្ធផលផ្លូវជាតិលេខ៥)នៅទីនេះ ចំថ្ងៃពិសេសហើយជានិមិត្តរូបនៃការបន្តការអភិវឌ្ឍ(មាតូភូមិ) នៅលើគន្លងដែលមានស្រាប់។ ផ្លូវជាតិលេខ៥ ជាផ្លូវដែលបន្សល់តាំងពីជំនាន់មុន ប៉ុន្តែរងផលប៉ះពាល់ដោយសារសង្រ្គាម … ឯកឧត្តម អភិបាលខេត្តបានបង្ហាញខ្ញុំពីប្រសិទ្ធភាពផ្លូវនេះពីមុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងធារណការ និងដឹកជញ្ជូន រៀបរាប់ថាផ្លូវនេះពីមុនប៉ុន្មានគន្លង។ ខ្ញុំប្រាប់គាត់វិញថា “ខ្ញុំស្គាល់ផ្លូវនេះច្បាស់ណាស់ ព្រោះខ្ញុំទៅមកតាំងពីផ្លូវចាប់ផ្តើមធ្វើមាន២ គន្លង” … ភាគច្រើនខ្ញុំធ្វើដំណើរតាមផ្លូវនេះតែពេលយប់ទេ ព្រោះការធ្វើដំណើរទៅតាមខេត្តម្តងៗ ភាគច្រើនក្រោយការប្រជុំនៅភ្នំពេញ ដែលទម្រាំតែចប់បានចេញគឺម៉ោង ៦ឬ ៧យប់ទៅហើយ។ ទោះជាយប់ក៏ដោយ ផ្លូវលំបាកក៏ដោយ តែផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដឹកជញ្ជូនមួយយ៉ាងសំខាន់។ ឡានពីប៉ោយប៉ែត ដឹកជញ្ជូនមកផ្លូវនេះ ហើយក៏សំខាន់សំរាប់ប្រជាពលរដ្ឋនៅទីនេះ។
(៤) ពី២គន្លងទៅជា៤គន្លង ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ បើកការដ្ឋានសង់ភាគចុងក្រោយសិរីសោភណ្ឌប៉ោយប៉ែត
អញ្ចឹងការកសាងផ្លូវនេះពង្រីកផ្លូវនេះ (ធ្វើឡើង)លើគន្លងចាស់សល់ពីមុនមក ២គន្លង ហើយឥឡូវមានដល់ ៤ គន្លង (ដែលមានពីរគន្លង)សងខាង បានន័យថាជានិមិត្តរូបនៃការបន្តពង្រឹងស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ (បន្តការ)រីកចម្រើនដែលកសាងបានពីអាណត្តិមុនៗក្នុងពេល ៤០ ឆ្នាំជាងនេះ និងទី២ យើងមានការបើកការដ្ឋានកសាងពង្រីកបន្ថែមនូវកំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភណ្ឌទៅ(ប៉ោយប៉ែត នៃខេត្ត)បន្ទាយមានជ័យ។ អញ្ចឹង សមិទ្ធផលនេះជានិមិត្តរូបនៃការពង្រឹងនិងការពង្រីកអ្វីដែលមានស្រាប់ និងការបើកពង្រីកបន្ថែមទៀតនូវសមិទ្ធផលថ្មី។ ជាមួយគ្នាថ្ងៃនេះ គឺការសម្ពោធ(នេះ ក៏មានវត្តមានចូល)រួមពីតំណាងរបស់រដ្ឋាភិបាលជប៉ុន ដែលមានឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ូអិណុ អាត់ស៊ូស៊ី និងសូមអរគុណឯកឧត្តម ក៏ដូចជាអ្នកវិនិយោគជប៉ុនជាច្រើនដែលបានចូលរួមនៅថ្ងៃនេះ ប្រជាពលរដ្ឋជប៉ុនដែលបានចូលរួមនៅថ្ងៃនេះ ក៏ជានិមិត្តរូបនៃការបន្តទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តរបស់យើង។
(៥) បន្តគោលនយោបាយការបរទេស រក្សានិងបង្កើនទំនាក់ទំនងផ្អែកលើច្បាប់អន្តរជាតិ ឯករាជ្យ និងគោរពគ្នាទៅវិញទៅមក
គ្រាដែលខ្ញុំទៅចូលរួមប្រជុំអាស៊ានក្រោយពីរដ្ឋាភិបាលថ្មីបង្កើតបានប៉ុន្មានថ្ងៃ ប្រទេសទាំងឡាយចង់ដឹងពីគោលជំហរការទូតរបស់រាជរដ្ឋាភិបាលថ្មី។ (តើរាជរដ្ឋាភិបាលមានជំហរ)ការបរទេសយ៉ាងម៉េច? ខ្ញុំបានប្រាប់ថា (ជំហរនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល)គឺផ្អែកទៅលើមូលដ្ឋាននៃនិរន្តរភាពនិងចីរភាព ដែលនិរន្តរភាពគឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៦ បានធ្វើ ជាពិសេសការបង្កើននិងថែរក្សាទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់ផ្អែកទៅលើគោលការណ៍ឯករាជ្យ គោរពគ្នាទៅវិញទៅមក ផ្អែកលើច្បាប់អន្តរជាតិ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដែលឆ្នាំនេះជាឆ្នាំពិសេស ខួបទី៧០ នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន។ ពីម្សិលខ្ញុំបានជួបជាមួយអតីតឯកអគ្គរដ្ឋទូត(ជប៉ុនដែលបំពេញការងារ)កាលពីឆ្នាំ ២០១៦ គឺកាលពី ១០ឆ្នាំជាងមុន រួមជាមួយអ្នកវិនិយោគជាច្រើន។ ឥឡូវគាត់ជាប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន។ គាត់បានចូលរួម(រៀបចំ)ឲ្យមានការរៀបចំបាញ់កាំជ្រួចកាលពីថ្ងៃ ១៩ (វិច្ឆិកា) ដើម្បីអបអរសាទរ(ខួបទំនាក់ទំនងនោះ) …។
(៦) ការសម្ពោធផ្លូវជាតិលេខ៥ ជានិមិត្តរូបនៃទំនាក់ទំនងរឹងមាំរវាងកម្ពុជានិងជប៉ុន
ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងមុនគេជាមួយកម្ពុជា ព្រោះកម្ពុជាក៏បានឯករាជ្យ ៧០ ឆ្នាំ ហើយទំនាក់ទំនងការទូតជាមួយជប៉ុនក៏ ៧០ឆ្នាំដែរ … ការសម្ពោធសមិទ្ធផលថ្មីរួមគ្នាដែលកើតពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុនចំពោះប្រជាជនកម្ពុជា តាមរយៈការផ្តល់ឥណទានអនុគ្រោះ ជានិមិត្តរូបនៃការជួយនៅក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងនូវទំនាក់ទំនង។ សមិទ្ធផលដែលយើងសម្ពោធនៅទីនេះ គឺទី១ ក្នុងរយៈពេល ៣ខែនៃកំណើតរាជរដ្ឋាភិបាលថ្មីជានិមិត្តរូបនៃសមិទ្ធផលមួយបន្ថែមទៀតនៃបណ្តាសមិទ្ធផល សម្រាប់ប្រជាជាតិនិងប្រជាជន។ ផ្លូវនេះធ្វើហើយមិនមែនសម្រាប់អ្នកណាប្រើ ក្រៅតែពីប្រជាពលរដ្ឋប្រើនោះទេ គឺអ្នកខេត្តកណ្តាល ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ រួមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវការប្រើប្រាស់ដឹកទំនិញក៏ដូចជាធ្វើដំណើរផ្សេងៗ។ នេះជានិមិត្តរូបទំនាក់ទំនងរវាងដៃគូច្រើនប្រទេស ជាពិសេសថ្ងៃនេះគឺនិមិត្តរូបនៃការបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ …។
ជាមួយនឹងការទទួលបានសមិទ្ធផលថ្ងៃនេះ ខ្ញុំសូមចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលប្រទាក់ក្រឡាគ្នាទាំងប៉ុន្មាន … ខ្ញុំសូមអធ្យាស្រ័យនិងការយោគយល់ផងដែរចំពោះការរំខានកន្លងទៅ ពេលដែលយើងធ្វើនិងពង្រីកផ្លូវ ដែលមានការហុយធូលី។ យើងមិនអាចជប់ផ្លូវបានក្នុងពេលមួយយប់ទេ … យើងត្រូវធ្វើជាសន្សឹមៗ … បើមិនមានការចូលរួម គ្មានការយោគយល់របស់ប្រជាពលរដ្ឋក៏យើងមិនអាចធ្វើបានដែរ។ ការពង្រីកផ្លូវគឺត្រូវការការយោគយល់ និងការដោះស្រាយផលប៉ះពាល់ជាច្រើន ការទទួលប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរដោយសារការហុយ គ្រឿងចក្រច្រើន ដែលទាមទារការយោគយល់របស់អ៊ំពូមីង បងប្អូន។ ថ្ងៃនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ដែលកន្លងទៅនេះ មានការយោគយល់ និងគាំទ្រដល់ការអភិវឌ្ឍនិងកសាងផ្លូវដើម្បីយើងបានផលទាំងអស់គ្នា …។ស
[បញ្ចប់សេចក្ដីអធិប្បាយ១]
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តារដ្ឋបាលខេត្ត-ក្រុង-ស្រុកដែលនៅតាមបណ្តោយផ្លូវ ក៏ដូចជាបណ្តាក្រុមហ៊ុនអ្នកសាងសង់ពាក់ព័ន្ធទាំងអស់ ដែលរួមគ្នាសម្រេចបាននូវការកែលម្អផ្លូវជាតិដ៏មានគុណភាពខ្ពស់នេះ ។ ទន្ទឹមនេះ ខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សាជាថ្មីម្ដងទៀត ដែលបានផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងជាធនធានមនុស្ស ចំណេះដឹងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ដែលនាំឱ្យយើងអាចសម្រេចបាននូវគម្រោងខ្នាតធំដូចនេះ ។ ការគាំទ្រទាំងនេះ សបញ្ជាក់ថា ជប៉ុនគឺពិតជាមិត្តដ៏ល្អមួយរបស់កម្ពុជា ហើយគម្រោងអភិវឌ្ឍជាច្រើននឹងមិនអាចសម្រេចបានឡើយ ប្រសិនគ្មានការចូលរួមពីភាគីជប៉ុននោះ ។
ខ្ញុំក៏សូមយកឱកាសនេះ រម្លឹកជូនអង្គពិធីយើងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ហើយក្នុងនោះ យើងបានបែងចែកជា ៣ កំណាត់ រួមមាន៖ ទី១ កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», ទី២ កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង ទី៣ កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់សរុបប្រមាណ ៧ ឆ្នាំ និង ប្រើថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក, ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៧) ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ សិរីសោភណ្ឌ/ប៉ោយប៉ែត នឹងចំណាយប្រមាណជា ៥៣ លានដុល្លារ
កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើងពី បាត់ដំបង-សិរីសោភ័ណ្ឌ ធា្លប់បានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយកាលពីខែមករា ឆ្នាំ២០២២។ ថ្ងៃនេះយើងសម្ពោធចំណែកផ្លូវពីព្រែកក្តាមទៅបាត់ដំបង ហើយយើង(បើកការដ្ឋា)បន្តធ្វើបន្ថែមនូវកំណាត់(ផ្លូវ)ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ដែលមានប្រវែង ៣៥ គីឡូម៉ែត្រ។ យើងត្រូវចំណាយ ថវិកាប្រហែលប្រហែលខ្ទង់ ៥៣លានដុល្លារសម្រាប់ការសាងសង់បន្ថែមនេះ។ ក្នុងនោះ មានថវិកាឥណទានពីជប៉ុន រួមជាមួយបដិភាគរបស់រាជរដ្ឋាភិបាល។ មានការចោទសួរច្រើន។ ខ្ញុំឃើញការលើក(មតិ)វាយប្រហាររដ្ឋាភិបាលថា “រាជរដ្ឋាភិបាលខ្មែរ ក្នុង ៩០ថ្ងៃនេះ ដេករហូត ហើយដើរតែខ្ចីលុយគេ”។ ការទាញយកឥណទានអភិវឌ្ឍផ្លូវ មិនខុសពីក្រុមហ៊ុនមួយធ្វើការវិនិយោគទេ … មិនថាប្រទេសណាទេ (តែងតែប្រើ)ធនធានរបស់ខ្លួនក្នុងការវិនិយោគបន្ថែម ព្រោះត្រូវការពង្រីកលទ្ធភាព(ដឹកជញ្ជូន/សេដ្ឋកិច្ច) …។
(៨) ឬមួយខ្ចីពីស្ថាប័នឥណទានឬបណ្តាប្រទេសនានា ឬមួយខ្ចីពីប្រជាពលរដ្ឋក្នុងប្រទេស ដើម្បីវិនិយោគ
យើងមានជម្រើសពីរ ដែលទី១ ត្រូវសន្សំថវិកាជាតិ មួយឆ្នាំបន្តិចៗ ដើម្បីបាន ៦០០លានដុល្លារមកធ្វើផ្លូវនេះ។ តើពេលណាដែលយើងអាចសង់ផ្លូវនេះបាន? ក្នុងពេលដែលយើងត្រូវគិតគូរចំណាយរាប់ពាន់លានទៀត លើការដោះស្រាយបៀវត្សរ៍ ការចេញគោលនយោបាយគាំពារសង្គម និងខណៈដែលចំណូលរបស់យើងមានកំណត់ … មូលដ្ឋាននៃការប្រមូលថវិកានៅគ្រប់ប្រទេសមាន ទី១ គឺរដ្ឋាភិបាលស្វែងរកកម្ចីពីស្ថាប័នឬពីបណ្តាប្រទេសនានា ឧទាហរណ៍ ក្រោយសង្គ្រាមលោកលើកទី២ ធនាគារពិភពលោកបង្កើតមកគឺដើម្បីផ្តល់កម្ចី ទម្លាក់ទុនទៅដល់ប្រទេសគ្មានលទ្ធភាព ដើម្បីកសាង។ គ្រប់ប្រទេសទាំងអស់ត្រូវការមូលធនខាងក្រៅ ដើម្បីជួយនៅក្នុងការវិនិយោគ … ទុនវិនិយោគទី២ គឺរដ្ឋាភិបាលក៏ខ្ចីពីប្រជាពលរដ្ឋ។ នៅប្រទេសច្រើនដែលរដ្ឋាភិបាលខ្ចីប្រជាពលរដ្ឋ តាមរយៈការចេញ Bond ឬមួយក៏ផ្តល់នូវកម្ចីតាមរូបភាពផ្សេងៗ …។
(៩) ខ្ចីដោយទទួលខុសត្រូវ និងវិនិយោគដោយត្រឹមត្រូវ បានផលដល់ប្រជាពលរដ្ឋ
អ្វីដែលសំខាន់ កម្ចីនិងការប្រើប្រាស់វិនិយោគនោះ សំដៅលើអ្វី? ការប្រើប្រាស់កម្ចីសំរាប់ការវិនិយោគនោះត្រូវមានការទទួលខុសត្រូវខ្ពស់ ហើយយើងមានលទ្ធភាពគ្រប់គ្រងនៅក្នុងកម្រិតណាមួយ ដែលយើងអាចសងត្រឡប់ទៅវិញបាន ហើយអាចទាញយកផល … ទី១ ការខ្ចីដោយទទួលខុសត្រូវ មិនថាកម្ចីពីជប៉ុន ពីចិន ពីធនាគារពិភពលោក ពីបណ្តាប្រទេសផ្សេងៗដើម្បីធ្វើការវិនិយោគ គឺដើម្បីសំដៅបង្កើនលទ្ធភាពដោះស្រាយបញ្ហាឱ្យបានលឿន។ យើងមិនធ្វើតែផ្លូវជាតិលេខ៥ ទេ យើងធ្វើនិងពង្រីកផ្លូវជាតិលេខ ៦, ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ ២, ផ្លូវជាតិលេខ ៣ និយាយរួមសរសៃឈាមទាំងអស់ត្រូវដើរទន្ទឹមគ្នា។ ព្រលានយន្តហោះ (កំពង់)ផែទឹកជ្រៅ។ល។ ប៉ុន្តែអ្វីដែលចាំបាច់គឺការគ្រប់គ្រងបំណុលសាធារណៈនេះ … មិនឱ្យធ្ងន់ពេក រហូតដល់អ្វីដែលថាបាត់ម្ចាស់ការ។ ទី២ ការខ្ចីបំណុលនេះ មកធ្វើវិនិយោគបានត្រឹមត្រូវ គឺវិនិយោគដើម្បីបង្កើតចរន្តសេដ្ឋកិច្ចចែកចាយផលទៅដល់ប្រជាពលរដ្ឋ …។
ផ្លូវជាតិលេខ ៥ មិនមែនផ្លូវដែលគ្រាន់តែសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវទេធ្វើដំណើរស្រួល ពីនេះទៅភ្នំពេញនោះទេ ប៉ុន្តែវាជួយផ្តល់ ទី១ អោយមានការតភ្ជាប់ មិនមែនតែតាមបណ្តោយផ្លូវជាតិលេខ៥ នេះទេ ប៉ុន្តែតភ្ជាប់ប្រទាក់ក្រឡាគ្នាជាមួយផ្លូវផ្សេងៗទៀត នៅខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង។ល។ ពីតំបន់ដែលដាច់ស្រយាលមកផ្លូវមេនេះ ដែល(នឹងមានប្រតិសកម្ម)ធ្វើឱ្យរីកនូវសកម្មភាពសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មិនទុកឱ្យប្រជាពលរដ្ឋនៅទីឯកោ នៅមួយកន្លែង … បើសិនជាអត់មានផ្លូវ(ដើម្បីនឹងធ្វើដំណើរ) ឬពិបាកធ្វើដំណើរ មានអារម្មណ៍ឯកោ។ ផលិតផលទំនិញកសិកម្មមិនដឹងយកទៅណា? ការវិនិយោគទាំងអស់នេះត្រូវតែច្បាស់ថាតើគម្រោងណាដែលយើងត្រូវធ្វើដើម្បីអភិវឌ្ឍប្រទេសនិងផ្តល់ផលដល់ប្រជាពលរដ្ឋ។
(១០) ទាក់ទាញវិនិយោគបរទេស/ឯកជនក្នុងស្រុក និងភ្ជាប់ទំនាក់ទំនងរវាងប្រទេស ប្រជាជន និងទេសចរ
កាលមុនជេរសម្តេចតេជោថា “រដ្ឋាភិបាលស្មូម” ឥឡូវជេររដ្ឋាភិបាលថ្មីថា ៣ខែនេះដើរតែខ្ចីលុយគេ។ ខ្ញុំសូមបញ្ជាក់ថា ៣ខែនេះ យើងដើរទាក់ទាញ(ការវិនិយោគ ដែល)ក្នុងនោះមានគម្រោងកម្ចីមួយផ្នែក ក្រៅពីនោះ យើងបានទាក់ទាញទាំងការវិនិយោគបរទេសទាំងលើកស្ទួយវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់ធនធានពីវិស័យឯកជន។ រដ្ឋាភិបាលមិនចាំបាច់ខ្ចីទេ។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រើប្រាស់ធនធានឯកជនតាមរយៈ BOT … ខ្ញុំសម្ពោធព្រលានយន្តហោះនៅសៀមរាប តម្លៃជាង ១០០០លានដុល្លារ គឺការវិនិយោគបែប BOT។ ការទាញវិនិយោគមកកម្ពុជាតាមរយៈក្រុមហ៊ុនវិនិយោគផ្សេងៗ គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច។ ម្សិលមិញខ្ញុំជួបជាមួយអ្នកវិនិយោគជប៉ុនជាច្រើនរូប ដែលមានគម្រោងពង្រីកវិនិយោគទៅលើវិស័យបណ្តុះបណ្តាលផ្នែក IT … គឺប្រើប្រាស់ធនធានវិនិយោគរបស់ឯកជនដើម្បីបញ្ចូលឈាមឱ្យយើង។ មួយទៀត គឺការភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេស ទំនាក់ទំនងប្រជាជននិងប្រជាជន និងវិស័យទេសចរណ៍។ ក្នុងរយៈពេល ៣ខែនេះ រដ្ឋាភិបាលមិនបានដេក ហើយក៏មិនបានចេះតែដើរខ្ចីលុយគេនោះទេ ប៉ុន្តែប្រើប្រាស់ផលិតផលគ្រប់រូបភាពដើម្បី(ទទួលបានលទ្ធភាព)បម្រើប្រជាពលរដ្ឋ។ វិស័យឯកជនគឺជាដង្ហើមធំណាស់។ (ទោះបី)ផ្លូវនេះយើងធ្វើនៅក្នុង(ទំរង់ជា)ឥណទានក៏ដោយ ប៉ុន្តែវាបម្រើឱ្យការរីកចម្រើននៅក្នុងវិស័យឯកជនដែរ ដូចជាប្រព័ន្ធដឹកជញ្ជូន logistics វិស័យកសិកម្ម វិស័យឧស្សាហកម្ម អាចដំណើរការបាន … គឺធ្វើដើម្បីចែករំលែកឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនៅក្នុងខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ។ល។ អញ្ចឹងយើងបានប្រើប្រាស់និងធ្វើវិនិយោគទាំងរូបភាពកម្ចីនិងរូបភាពផ្សេងៗ ដើម្បីបានផលប្រយោជន៍ជូនប្រជាពលរដ្ឋ …។
(១១) គោលដៅ៥ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ស្តីពីការវិនិយោគ
ក្នុងន័យនេះ ខ្ញុំសូមមានចំណាប់អារម្មណ៍បន្ថែមទៅលើការវិនិយោគ ដែលនៅក្នុងនោះ រដ្ឋាភិបាលអាណត្តិទី៧ ដាក់ទិសដៅគោលដៅសំខាន់ ទី១ ជំរុញកំណើនសេដ្ឋកិច្ច និងទី២ បង្កើតការងារឱ្យច្រើនជូនប្រជាពលរដ្ឋ ជាការងារដែលមានគុណភាព មានបៀវត្សរ៍ និងអត្ថប្រយោជន៍ និង(បណ្តុះបណ្តាល)ជំនាញឱ្យប្រជាពលរដ្ឋ។ ការងារដែលផ្តល់នូវការគាំពារសិទ្ធិ ការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ។ ទី៣ ការចែករំលែកដោយសមធម៌នូវផ្លែផ្កា កុំឱ្យប្រមូលផ្តុំនៅក្រុមណាមួយ កន្លែងណាមួយ (ដូចជា)កុំឱ្យធ្វើទៅរីកតែភ្នំពេញ ខេត្តផ្សេងៗអត់រីកចម្រើន កាន់តែលំបាក។ ទី៤ បង្កើនប្រសិទ្ធភាព(សេវាសាធារណៈ) ធ្វើយ៉ាងណារដ្ឋបាលថ្នាក់ជាតិក្រោមជាតិបម្រើសេវាជូនប្រជាពលរដ្ឋ លើកទឹកចិត្ត និងជំរុញការវិនិយោគនៅតាមបណ្តារាជធានី-ខេត្ត និង ទី៥ រក្សាចីរភាព។ ធ្វើអីត្រូវមាននិរន្តរភាព និងចីរភាព កុំឱ្យធ្វើតែមួយភ្លែតបាត់។ ផ្លូវដែលបានកសាងហើយនេះ បើសម្រាប់តែលម្អ មិនឱ្យឡានបើក ក៏អត់បម្រើសេដ្ឋកិច្ច ត្បិតវាមិនបានផលច្រើន។ តែផ្លូវនេះ ធ្វើឱ្យឈាមយើងរត់កាន់តែល្អ បានន័យថា សុខភាពតាមបណ្តោយផ្លូវសេដ្ឋកិច្ចកាន់តែល្អ ហ្នឹងហើយមានផលទៅដល់ប្រជាពលរដ្ឋជានិរន្តរ …។
ផ្លូវឌីជីថលជាផ្លូវដែលលឿនជាងគេ
ការធ្វើផ្លូវជាអាទិភាពគន្លឹះធំមួយក្នុងចំណោមអាទិភាព ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងឥឡូវមានបច្ចេកវិទ្យា។ ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់។ បើយើងនិយាយពីផ្លូវ យើងមិនមែននិយាយតែផ្លូវគោកតែមួយទេ ឬផ្លូវថ្នល់តែមួយទេ។ យើងនិយាយផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក។ ឥឡូវមានផ្លូវឌីជីថលមួយទៀត។ ទីនេះ ខ្ញុំឃើញប្រជាពលរដ្ឋកាន់ទូរស័ព្ទឆ្លាត ចុចមួយប៉ាប់ជាប់ជាមួយគេនៅលើពិភពលោក។ នេះហើយផ្លូវឌីជីថល។ ផ្លូវហ្នឹងលឿនជាងគេ។ គេថា ភ្នែកទិព្វត្រចៀកទិព្វ។ កាលមុនមានត្រចៀកទិព្វស្តាប់វិទ្យុ ភ្នែកទិព្វមើលទូរទស្សន៍។ ឥឡូវនៅក្នុងដៃមានឧបករណ៍ដែលធ្វើឱ្យយើងមានភ្នែកទិព្វត្រចៀកទិព្វ ចង់និយាយជាមួយអ្នកនៅម្ខាងទៀតពិភពលោក នៅអាមេរិក គ្រាន់តែលើកប៉ាប់គេលឺនិងនិយាយគ្នាបាន។ ឥឡូវមាន Technology 4G ឬ3G បន្តិចទៀតមាន 5G មើលឃើញមុខអ្នកនៅអាមេរិកទៅហើយ។ ឥឡូវយុវជនយើងខ្លះភ្ជាប់និស្ស័យតាមហ្វេកប៊ុកហ្នឹង។ អ្នកខ្លះអត់ដែលជួបមុខគ្នាទេ រហូតទាល់តែថ្ងៃការ។ បើនៅក្រៅប្រទេស មានរឿងថាអ្នកខ្លះខំជិះយន្តហោះរាប់គីឡូ មកដល់ព្រលានយន្តហោះរកគ្នាមិនឃើញ។ គេដាក់ Profile ខុស។ គេយក Profile តួកុនទៅដាក់ ហើយម្ខាងទៀតឃើញគេស្អាត ចុះមករកមិនឃើញ។
ខ្ញុំឃើញដូចអ្នកពោធិ៍សាត់ ឬអ្នកអីថ្ងៃមុន? ខូចចិត្តតាមអនឡាញ។ អត់ដែលជួបគ្នាផ្ទាល់។ ភ្ជាប់និស្ស័យតែតាមអនឡាញ។ ដល់បែកបាក់គ្នា ក៏តាមអនឡាញ។ កូនស្រីចូលម្លប់ បើអត់ដកទូរស័ព្ទ (ដូច)អត់ចូលម្លប់ទេ … កន្លែងសមាធិគេឱ្យដកទូរស័ព្ទ។ តែហ៊ានអត់ដកទូរស័ព្ទគឺនៅតែហ្នឹង បើទៅដល់កោះណាឆ្ងាយរាប់ពាន់គីឡូក៏ដោយ បើនៅជាប់ជិតបង្កើយ ព្រោះផ្លូវហ្នឹងកៀកមនុស្សជិតគ្នា។ ថ្ងៃមុន ខ្ញុំបានសាងផ្នួសពេលដែលលោកយាយខូច។ បួសមុខភ្លើង។ ខ្ញុំដកទូរស័ព្ទចេញអត់ប្រើ។ នាយទាហានខ្ញុំម្នាក់ទៅថ្វាយបង្គំសុំយកឯកសារទៅឆ្លង ថាទាក់ទងព្រះតេជព្រះគុណ អត់បានតាមទូរស័ព្ទ។ ថាទេអាត្មាសាងផ្នួសហើយឱ្យគេធ្វើទៅ។
(១២) សារៈប្រយោជន៍មួយចំនួននៃផ្លូវជាតិលេខ៥
ត្រឡប់មកវិញ ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវស្ពាន)គឺការតភ្ជាប់នេះសំខាន់ណាស់។ ៤ ផ្លូវដែលយើងធ្វើថ្ងៃនេះ ហើយក្នុង ៣ខែនេះ ខ្ញុំបានចូលរួមសម្ពោធសមិទ្ធផលតភ្ជាប់ធំៗច្រើន។ ថ្ងៃនេះ តភ្ជាប់ផ្លូវជាតិលេខ ៥ ក្នុងខួប ១ឆ្នាំ នៃផ្លូវហាយវេ។ ថ្ងៃមុនខ្ញុំទៅសម្ពោធព្រលានយន្តហោះដើម្បីយើងភ្ជាប់ផ្លូវអាកាស។ សម្ពោធស្ពានកោះនរា ដើម្បីភ្ជាប់ពីកន្លែងដែលលិចលង់ទៅជាកន្លែងមួយដែលអភិវឌ្ឍ។ កោះនរាឆ្នាំ ២០០៥ ទឹកវាយអស់រលីង … យើងជប់អោយមានដង្ហើមជីវិតឡើងវិញ។ ការសម្ពោធនូវផ្លូវជាតិលេខ៥ ដែលជាផ្លូវដង្ហើមមេធំតែមួយហើយជាប់ខ្វាត់ខ្វែង … ជាសរសៃឈាមមេដែលភ្ជាប់ពីតំបន់/ខេត្ត … ដែលពាក្យខ្មែរថា “មានផ្លូវមានសង្ឃឹម”។ មានផ្លូវកាន់តែច្រើន មានជម្រើសកាន់តែច្រើន តភ្ជាប់គ្រប់កន្លែងទាំងអស់។ ឥឡូវកន្លែងខ្លះ ទាល់តែមើលផែនទី។ ថ្ងៃមុន ខ្ញុំធ្វើដំណើរពីខេត្តស្ទឹងត្រែងទៅព្រះវិហារ ម៉ោង១០ ទៅ១១យប់ … មិនស្គាល់ផ្លូវ។ យើងក៏ហៅប៉ូលីសព្រំដែនម្នាក់ដឹកនាំយើង។ បើកខុសផ្លូវ(ដដែល)។ ដល់សួរចុះឡើងថាម៉េចប៉ូលីសព្រំដែនមិនស្គាល់ផ្លូវ? គេបន្ទោសថាផ្លូវច្រើន។ គេថាកាលមុនមានផ្លូវកៅស៊ូតែមួយខ្សែទេ។ ទៅតាមតែផ្លូវកៅស៊ូទៅ ផ្លូវដីផ្សេងៗកុំទៅ នឹងត្រូវហើយ។ ឥឡូវមានផ្លូវកៅស៊ូច្រើនខ្សែធ្វើអោយវង្វេង។
បងប្អូនអ្នកកំពង់ឆ្នាំង អ្នកពោធិសាត់ មកពីអាមេរិក បើខានមកយូរពីក្រៅប្រទេស ឬមួយពីខេត្តផ្សេង មិនស្រួលវង្វេងផ្លូវ។ កាលមុនទៅឱរ៉ាល់មានតែផ្លូវមួយទេ ឥឡូវមានផ្លូវ ៤៤ផង ផ្លូវ៥១ផង ហើយមានផ្លូវតូចៗ ភ្ជាប់ទៀត។ ផ្លូវលេខ៥ … បានជួយចិញ្ចឹមសរសៃឈាម មិនមែនភ្ជាប់តែពីបេះដូងមកចិញ្ចឹមតែបាតដៃនោះទេ តែតាមផ្លូវនេះគឺអវៈយវៈយើងរស់ទាំងអស់ … ខ្ញុំធ្លាប់បាននិយាយថា ពោធិសាត់និងកំពង់ឆ្នាំងជាខេត្តដែលគេទៅហួសមកហួស។ បើជ្រុលជាទៅ ហួសទៅដល់បាត់ដំបងតែម្ដងទៅ។ មានអីនៅពោធិសាត់ មានអីនៅកំពង់ឆ្នាំង។ បើមកវិញ កាត់កំពង់ឆ្នាំង (ហួស)ទៅភ្នំពេញតែម្ដងទៅ … ឥឡូវ(កំពង់ឆ្នាំង)មានរោងចក្រ មានតំបន់សេដ្ឋកិច្ចពិសេសពីរ។ ផ្លូវនេះដើរហើយ យើងនឹងជំរុញបន្ថែម។ មានការងារនៅនេះ បងប្អូនមិនបាច់ទៅណាទេ។ បង្កើតតំបន់សេដ្ឋកិច្ច។ នៅពោធិសាត់ដូចគ្នា នៅក្រគរឥឡូវទៅជាតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុន Ford ដំឡើងរថយន្ត ឥឡូវក្រុមហ៊ុន Minebea ទៅដំឡើងនៅនោះទៀត។ អ្នកក្រគរ អ្នកពោធិសាត់មិនបាច់ទៅណា។ ហ្នឹងហើយសារសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរបស់យើង ផ្លូវជាតិលេខ៥ ដែលចិញ្ចឹមសរសៃឈាមនេះ។
(១៣) មិនប្រមូលផ្តុំការរីកចំរើននៅតែភ្នំពេញ ធ្វើអោយគ្រប់មូលដ្ឋានមានផ្លូវ ទឹក និងអគ្គិសនី
គោលដៅរបស់យើងគឺសមធម៌។ មិនមែនឲ្យការរីកចម្រើនប្រមូលផ្ដុំនៅតែភ្នំពេញនោះទេ។ យើងធ្វើយ៉ាងណាឲ្យផ្លូវ ទឹក ភ្លើងដល់ទៅមូលដ្ឋាន។ ឥឡូវ យើងមានភ្លើងសឹងតែគ្រប់ឃុំ។ នៅសល់តិចណាស់។ យើងដាក់គោលដៅតភ្ជាប់។ ទឹករបស់យើងស្អាតបានច្រើន។ យើងធ្វើប្រព័ន្ធធារាសាស្រ្ត … ពិតណាស់មិនទាន់ស្រោចស្រពទូទាំងប្រទេស តែយើងនឹងខិតខំ។ ផ្លូវយើងខ្វាត់ខ្វែង។ នៅតាមឃុំ លោកអ៊ំ ពូមីង បងប្អូនមិនដែលសុំផ្លូវកៅស៊ូទេ។ គាត់សុំបេតុងតែម្ដង។ ផ្លូវតាមឃុំ តាមសង្កាត់ គឺបេតុង ព្រោះធានាគុណភាពរយៈពេលយូរ។ ផ្លូវកៅស៊ូក៏យើងធ្វើ។ ស្ពានតភ្ជាប់។ នេះជាអ្វីដែលពាក្យខ្មែរថា “មានផ្លូវ មានសង្ឃឹម” នោះ។ ទៅដណ្ដឹងកូនគេ តែថាអត់ផ្លូវ គឺចប់ហើយ … ភាសាអង់គ្លេសក៏អញ្ចឹងដែរ។ តែថា No way គឺចប់ហើយ។ ខ្ញុំមិនដឹងថាភាសាជប៉ុនថាម៉េចទេ។ អ្នកបកប្រែមិនដឹងបកទាន់ឬទេ ព្រោះខ្ញុំនិយាយក្រៅសុន្ទរកថាបន្តិច … ផ្លូវពីមុនធ្វើពីកៅស៊ូ BDST ឥឡូវយើងឡើងដល់ AC។ មកដល់នេះ យើងកសាងបានច្រើន។ សម្រាប់ទៅមុខ ចំពោះហេដ្ឋារចនាសម្ព័ន្ធនេះ យើងក៏មិននៅហ្នឹងថ្កល់ត្រឹមហ្នឹងដែរ។
(១៤) ថែរក្សារបស់មានស្រាប់ ពង្រីកបន្ថែមរបស់មិនទាន់គ្រប់ស្តង់ដា សាងសង់ផ្លូវថ្មី ជំរុញប្រព័ន្ធ Highway
យើងខិតខំថែទាំថែរក្សាប្រើប្រាស់ឲ្យបានយូរអ្វីដែលមានស្រាប់។ អ្វីដែលមានមិនទាន់គ្រប់ស្តង់ដារយើងខិតខំពង្រីកបន្ថែម។ ឥឡូវផ្លូវជាតិលេខ៥ យើងពង្រីក។ គម្រោងផ្លូវជាតិលេខ៧ ពីស្គន់ទៅដល់កំពង់ចាម ក៏យើងគ្រោងពង្រីក។ ផ្លូវពីកំពង់សោមទៅកំពត កន្លែងដែលលំបាកយើងក៏កំពុងតែពង្រីកបន្ថែម។ ពិនិត្យមើលផ្លូវណាថ្មីទៀត ដែលត្រូវធ្វើបន្ថែម។ សម្រាប់អាណត្តិទី៧នេះ យើងគ្រោងជំរុញហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ Highway … កាលខ្ញុំរៀននៅក្រៅប្រទេស ខ្ញុំទៅប្រទេសជាច្រើន ទៅជប៉ុន ទៅកូរ៉េ។ ប្រព័ន្ធ Highway នេះសំខាន់ណាស់។ ឥឡូវគេនិយាយពីប្រព័ន្ធ Highway Digital ប៉ុន្តែ Highway Digital ម៉េចក៏ដោយ ក៏ត្រូវតាមប្រព័ន្ធផ្លូវជាក់ស្ដែងដែរ។ យើងអាចបញ្ជាកុម្ម៉ង់ម្ហូបតាមអនឡាញ ប៉ុន្តែគេមិនអាចបញ្ជូនម្ហូបមកយើងតាមអនឡាញទេ។ ព្រះតេជគុណអាចបិណ្ណបាត្រតាមអនឡាញ។ ខ្ញុំព្រះករុណាខ្ញុំក៏ធ្លាប់ឆ្លើយតបប្រគេនតាមអនឡាញដែរ។ តែដឹកជញ្ជូនគឺយកទៅប្រគេនផ្ទាល់តាមផ្លូវ។ ជំនាន់កូវីដ ព្រះអង្គមានបានទៅណារួច ចាំញោមមកវត្តអាត្មាមិនដឹងថ្ងៃណា។ ឥឡូវបិណ្ណបាត្រស៊ីម៉ង់ត៍ ៥តោនតាមអនឡាញ។ អញ្ចឹងបានប្រគេនព្រះអង្គតាមហ្វេសប៊ុកទៅ។ តែដឹកជញ្ជូនទៅផ្ទាល់។ អញ្ចឹងប្រព័ន្ធផ្លូវលើដីចាំបាច់ត្រូវតែបន្តបន្ថែម មិនអាចអត់បានទេ។ យើងមិនអាចធានា ឬមួយការផ្គត់ផ្គង់បានដោយប្រើប្រាស់តាមរលកធាតុអាកាសទាំងអស់ទេ …។
(១៥) នឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងផ្លូវល្បឿនលឿភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ផ្លូវ ៥០Cនិងផ្លូវដែកជើងត្បូង
យើងគ្រោងថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ យើងបានចរចាហើយ។ កំពុងតែរៀបចំធ្វើ។ យើងមានស្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម។ ហ្នឹងខាងផ្លូវគោក។ យើងគ្រោងធ្វើផ្លូវ(ល្បឿនលឿន)ភ្នំពេញ-សៀមរាប-ប៉ោយប៉ែតមួយខ្សែទៀតខាងកើតទន្លេសាប។ ផ្លូវ ៥០C នឹងតភ្ជាប់រវាងខេត្តកំពង់ឆ្នាំងនៅផ្លូវជាតិលេខ៥ និងខេត្តកំពង់ធំនៅផ្លូវជាតិលេខ៦។ (បច្ចុប្បន្ន) ចង់ទៅកំពង់ធំពីកំពង់ឆ្នាំង ត្រូវទៅតាមព្រែកក្ដាម … ខ្ញុំសួរពេលមុនបោះឆ្នោតថា អ្នកកំពង់ឆ្នាំងចង់បានទេផ្លូវនិងស្ពានឆ្លងទន្លេទៅកំពង់ធំ?(ប្រជាជនឆ្លើយថាចង់)។ ខ្ញុំសួរពេលទៅកំពង់ធំ ក៏ថាចង់បាន។ ពិតហើយ អ្នករត់សាឡាង រត់ទូកដ ប្រហែលជាបាត់អាជីពទៀតហើយ … យើងភ្ជាប់គម្រោងផ្លូវគោក។ ផ្លូវ(លេខ៥)នេះមានស្ពាន ៦ខ្សែ ហើយមានស្ពានមួយធ្វើវែងជាងគេប្រហែលជាង ៣គីឡូម៉ែត្រ។
ក្រៅពីផ្លូវថ្នល់យើងក៏ពង្រឹងផ្លូវដែកទៀត។ ឥឡូវអាទិភាពសំខាន់បំផុតគឺពង្រឹងផ្លូវដែកជើង-ត្បូង។ យើងមានផ្លូវដែកពីរខ្សែ គឺខ្សែខាងជើងពីប៉ោយប៉ែតទៅភ្នំពេញ កាត់តាមពោធិសាត់ បាត់ដឹង តាំងពីឆ្នាំ ១៩៦០ជាងនិងខ្សែខាងត្បូង ភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ។ ជំហានទីមួយ ពិនិត្យមើលដើម្បីពង្រឹងអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាអាចទ្រទ្រង់ការដឹកជញ្ជូនបានធ្ងន់ ហើយបានលឿនដើម្បីបន្ថយចំណាយ។ បើយើងធ្វើផ្លូវល្បឿនលឿននេះហើយ ផ្លូវជាតិលេខ៥នេះ (រួមនឹង)ធ្វើផ្លូវដែកមួយទៀត ជួយសម្រាលការដឹកជញ្ជូនបានច្រើន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន។ ទៅថ្ងៃក្រោយ យើងអាចភ្ជាប់(ផ្លូវល្បឿនលឿន)មួយទៀត ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ … រទេះភ្លើងល្បឿនលឿនចាំក្រោយ។ អ្វីដែលមានស្រាប់ពង្រឹង។ ហ្នឹងវាលឿន វាមិនសូវអស់ច្រើន។ វាបម្រើដល់ការដឹកជញ្ជូន ជាពិសេសកាត់បន្ថយថ្លៃដឹកទំនិញ …។
(១៦) កំពុងចរចាស្ថាបនាព្រែកជីកហ៊្វូណន(តេជោ) និងបុកគ្រឹះពង្រីកជំរៅទឹកកំពង់ផែព្រះសីហនុជំហានទីមួយ
(សំរាប់)ផ្លូវទឹក មានគម្រោងមួយតភ្ជាប់ទន្លេនិងសមុទ្រ ដែលយើងកំពុងចរចា។ ព្រែកជីកហ្វ៊ូណន(តេជោ) ដែលនឹងជួយសំរួលការដឹកទំនិញដល់អ្នកនៅជុំវិញទន្លេសាប និងតាមបណ្ដោយទន្លេមេគង្គថ្ងៃក្រោយទៅតាមហ្នឹង។ កំពង់ផែយើងមាន ៤ នៅកំពត កោះកុង និងកំពង់ផែខេត្តព្រះសីហនុ។ ខ្ញុំនិយាយជាមួយឯកឧត្ដម ឯកអគ្គរដ្ឋទូតអម្បាញ់មិញ គឺថាកំពង់ផែព្រះសីហនុគឺជាផែប្រវត្តិសាស្រ្ត ហើយលក្ខណៈភូមិសាស្រ្តកម្ពុជាគឺនៅកណ្ដាល រវាង Laem Chabang នៅថៃ និងកំពង់ផែនៅវៀតណាម។ អញ្ចឹងនេះជាកន្លែងសំខាន់។ កន្លងទៅ និងបច្ចុប្បន្នយើងមានបញ្ហាប្រឈមមួយគឺជម្រៅទឹក និង capacity។ ជម្រៅទឹកឥឡូវនេះមានជាង ៨ម៉ែត្រទេ។ កប៉ាល់ដឹកទំនិញចូលមកយើងបានតែ ១៨% ទេ។ ក្រៅពីហ្នឹង ៨២% ទៀតគឺយកកប៉ាល់ទៅសាងបន្តិចៗ។ អញ្ចឹងវាអស់ថ្លៃច្រើន។ ដឹកចេញចូល … សូមអរគុណរដ្ឋាភិបាលជប៉ុនដែលបានយកចិត្តទុកក្នុងការជួយពង្រឹងកំពង់ផែយុទ្ធសាស្រ្តនេះ (ទាំង)ផ្លូវជាតិលេខ៥ ទាំងកំពង់ផែយុទ្ធសាស្រ្ត(នៅក្រុងព្រះសីហនុ)។ ថ្ងៃទី២២ ខែ១២ (នឹងសម្ពោធបុកគ្រឹះពង្រីកជម្រៅទឹកជំហានទី១)។ អរគុណណាស់ឯកឧត្ដម ស៊ុន ចាន់ថុល និងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងក្រុមការងារ Logistic និងខាងជប៉ុន ជាពិសេស ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន ដែលខិតខំជំរុញការចរចា។ កាលពី ៣ សប្ដាហ៍មុន ខ្ញុំទទួលរបាយការណ៍ពីឯកឧត្ដម លូ គឹមឈន់ មកថា (អតីតនាយករដ្ឋមន្ត្រី)សម្ដេចតេជោបានមានការឯកភាព តែការចរចានៅក្នុងការបង្កើតដំណាក់កាលទី១ និងការពង្រីកនោះមិនទាន់ចេញ នៅខ្ទាស់ជាប់គន្លឹះមួយចំនួន … ខ្ញុំសុំឲ្យឯកឧត្ដម ស៊ុន ចាន់ថុល ថាធ្វើម៉េចឲ្យបានមុនដំណាច់ឆ្នាំ ២០២៣ឲ្យខ្ញុំ ដើម្បីយើងធ្វើការសម្ពោធបុកគ្រឹះ ព្រោះ ២០២៣ គឺខួប៧០ឆ្នាំនៃទំនាក់ទំនង(កម្ពុជា-ជប៉ុន)។
យើងសម្ពោធផ្លូវនេះ ហើយយើងនឹងសម្ពោធ(បើកការដ្ឋាន)ផែទៀត។ ថ្ងៃមុន ជប៉ុនក៏បានជួយនូវឥណទានឥតសំណងនូវការផ្ដល់ប្រព័ន្ធលើកដាក់របស់យើង។ បន្តិចទៀត ពេលដែលយើងពង្រីកជម្រៅផែជំហានទី១ នេះ កប៉ាល់ជាង ៩៣% នឹងចូលបាន (ព្រោះ)យើងពង្រីក(បានជំរៅទឹក) ១០ម៉ែត្រជាង។ អញ្ចឹងជាជាងចតនៅក្រៅ ហើយបានយក(កប៉ាល់តូចៗ)ទៅសាង យើងនឹងបាននបាវាទំនិញដឹកចូលដល់ក្នុងតែម្ដង។ អញ្ចឹងបានច្រើន។ នឹងពង្រីក(ជំហាន)ទី២ (ជំហាន)ទី៣ ទៅទៀត។ ពេលផែយើងទឹកជ្រៅ គឺកប៉ាល់ទាំងអស់អាចចូលបាន។ អញ្ចឹងផែខេត្តព្រះសីហនុនឹងក្លាយជាផែមួយដែលមានសក្ដានុពលធំដើម្បីបម្រើសេដ្ឋកិច្ចជាតិ មិនត្រឹមតែអ្នកខេត្តព្រះសីហនុ តែបម្រើទូទាំងប្រទេសតែម្ដង …។
(១៧) ឆ្នាំ ២០២៥ ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់អោយដំណើរការ បង្កើនសមត្ថភាពព្រលានយន្តហោះខេត្តព្រះសីហនុ កសាងព្រលានយន្តហោះមណ្ឌលគិរី
យើងបានសម្ពោធព្រលានថ្មីអន្តរជាតិសៀមរាបអង្គរ។ ឆ្នាំ ២០២៥ ព្រលានយន្តហោះភ្នំពេញដែលយើងធ្វើ(នឹងដាក់អោយប្រតិបត្តិការ)បន្ថែមទៀត។ នៅខេត្តព្រះសីហនុ យើងកំពុងតែពិនិត្យមើលការប្រើប្រាស់ ឬមួយក៏ upgrade ព្រលានយន្តហោះយើងដែលមានស្រាប់។ នេះយើងនិយាយ(គំរោង)ធំៗ។ ក្រៅពីហ្នឹងមានព្រលានយន្តហោះ ដូចនៅមណ្ឌលគីរីតូចៗទៀត ដើម្បីយើងភ្ជាប់ទំនាក់ទំនងគ្រប់វិស័យ។ អញ្ចឹងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះនឹងបន្តជំរុញនូវគម្រោងវិនិយោគធំៗ ទាំងរូបភាព BOT ដែលប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ទាំងឥណទានមួយចំនួន ដើម្បីយកមកបំរើទៅដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់សរសៃឈាមដែលកាន់តែរីកធំធាត់ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស … ដែលគេចោទថារដ្ឋាភិបាលដើរខ្ចីនេះខ្ចីនោះ យើងធ្វើការដោយទទួលខុសត្រូវ។ យើងមានលទ្ធភាពដើម្បីបង្វែរបង្វិល តែសំខាន់បំផុតគឺពេលវេលាមិនរង់ចាំយើងទេ អ៊ំ ពូ មីង បងប្អូន។ តើលោកតា លោកយាយ ប្រជាពលរដ្ឋអ្នកកំពង់ឆ្នាំង អ្នកពោធិ៍សាត់ អ្នកកណ្តាល អ្នកបន្ទាយមានជ័យ អ្នកភ្នំពេញ អ្នកតាកែវ អ្នកកំពត អ្នកខេត្តព្រះសីហនុ យើងចង់ឃើញផ្លូវដែក ផ្លូវថ្នល់ ផ្លូវអាកាស ព្រលានយន្តហោះ កើតមានក្នុងដីយើងក្នុងពេលឆាប់ៗ ឬមួយក៏ចាំទាល់តែចៅយើងបានឃើញ? … ពេលវេលាសំខាន់ណាស់។ ចង់បានជីវភាពរស់នៅ នៅក្នុងខេត្តកំពង់ឆ្នាំងរីកលឿននៅក្នុងឆ្នាំហ្នឹងឬឆ្នាំក្រោយ ឬមួយចាំ ១០ឆ្នាំទៀត ទម្រាំយើងរកថវិកាសន្សំលុយធ្វើផ្លូវ ៥០C បង្កើតតំបន់សេដ្ឋកិច្ច។ ប្រហែលជាចង់បានឆាប់ៗមែនទេ? … យើងត្រូវធ្វើយ៉ាងណាឲ្យប្រទេសយើងរីកលូតលាស់ … អញ្ចឹងការខិតខំប្រមូលធនធានកៀរគរពីគ្រប់មជ្ឈដ្ឋាន គ្រប់រូបភាពដោយការទទួលខុសត្រូវ … រីកចំរើន កុំចាំជំនាន់ក្រោយ ជំនាន់នេះតែម្តង …។
(១៨) បន្តអនុវត្តគំរោងវិនិយោគថ្នាក់ជាតិនិងក្រោមជាតិ សិក្សាផលប៉ះពាល់ពីការសាងសង់ផ្លូវ ៥០សេនិងស្ពាន
អ្វីដែលខ្ញុំនិយាយគឺវិនិយោគធំៗ។ ក្រៅពីនោះរដ្ឋាភិបាលមានគម្រោងវិនិយោគថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ពង្រីកផ្លូវ ពង្រីកប្រឡាយទឹក ពង្រីកប្រព័ន្ធភ្លើង ដើម្បីតភ្ជាប់ប្រជាពលរដ្ឋតាមស្រុក ភូមិ ឃុំតទៅទៀត។ អ៊ំ ពូ មីង ចង់បានភ្លាម។ មិនចង់បាន ២០ ឆ្នាំទៀតមែនទេ? សូមជឿចុះថាជាការតបស្នងសងគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកកំពង់ឆ្នាំងនៅទីនេះ ដែលបានផ្តល់ការទុកចិត្តគាំទ្រគណបក្សប្រជាជន ឱ្យដឹកនាំនិងចេញគោលនយោបាយបំរើប្រជាពលរដ្ឋ យើងនឹងខិតខំដើម្បីបំរើប្រជាពលរដ្ឋឲ្យបានសមិទ្ធផលកាន់តែច្រើននៅក្នុងអាណត្តិនេះបន្តថែមទៀត។ ថ្ងៃនេះ ខ្ញុំនិយាយតែផ្លូវទេ។ តែមានផ្លូវមានសង្ឃឹម។ ទៅភ្នំពេញឥឡូវមិនបាច់ចំណាយពេលយូរទេ។ ទៅពោធិ៍សាត់ក៏មិនចាំបាច់យូរដែរ … ផ្លូវ ៥០C នេះបង្កើតហើយ។ យើងគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកំពង់លែង។ អ្នកកំពង់លែងក៏បានច្រើន។ មុនឆ្នាំ ២០១៣ខ្ញុំបានទៅកំពង់លែងម្តងជាមួយឯកឧត្តម អ៊ឹង ប៊ុនហូវ។ កាលនោះខ្ញុំត្រូវដូរទូកដូចជា ២ ដង …។
ផ្លូវនេះបានសិក្សាយូរឆ្នាំ។ ខ្ញុំសូមបញ្ជាក់ ធ្វើអ្វីនីមួយៗយើងគិតណាស់។ រឿងផលប៉ះពាល់ពីផ្លូវ ៥០C នេះយើងសិក្សាយូរ ដោយសារយើងសិក្សាពីការប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងប្រព័ន្ធអេកូឡូជី។ បើផ្លូវនេះស្ពាននេះ ធ្វើទៅវាប៉ះពាល់ទៅដល់បរិស្ថាន វាធ្វើឲ្យខូចអ្វី។ បើបំផ្លាញបរិស្ថានយើងមិនធ្វើទេ។ បើធ្វើទៅប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ប៉ះពាល់ដល់រឿងមច្ឆាជាតិ ក៏យើងមិនធ្វើទេ។ បើធ្វើបានតែផ្លូវ តែធ្វើឲ្យខ្ទេចខ្ទាំដល់ផលផ្សេងៗ យើងមិនធ្វើទេ។ យើងសិក្សាដោយការទទួលខុសត្រូវ។ យើងរង់ចាំគ្រប់ក្រសួងស្ថាប័ន ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ក្រសួងដែលពាក់ព័ន្ធទាំងអស់ ធ្វើការវិនិច្ឆ័យជាមួយដៃគូបច្ចេកទេសពីក្រៅគ្រប់ជ្រុងជ្រោយ ទើបយើងសម្រេច។ យូរព្រោះយើងធ្វើដោយការទទួលខុសត្រូវ។ បរិស្ថាន ជីវភាពរស់នៅ ធនធានធម្មជាតិ មច្ឆាជាតិ យើងគិតគូរ។ យើងចង់បានឈ្នះឈ្នះ។ កុំឲ្យធ្វើមួយបំផ្លាញមួយ។ យើងធ្វើឲ្យរីកទាំងពីរ …។
(១៩) ផ្លូវជាតិលេខ៥ រួមជាមួយផែទឹកជ្រៅ ធ្វើឲ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែខ្លាំងនិងរឹងមាំ
ឥឡូវផ្លូវជាតិលេខ ៥ នេះនឹងជាសរសៃឈាមដែលនឹងភ្ជាប់ទៅលើផ្លូវជាតិផ្សេងៗទៀត។ អញ្ចឹងផ្លូវជាតិលេខ៥ រួមជាមួយនឹងប្រព័ន្ធផ្សេងៗទៀត ដូចជាប្រព័ន្ធផែទឹកជ្រៅជាដើម ធ្វើឲ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែខ្លាំង កាន់តែរឹងមាំ ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះកាន់តែល្អប្រសើរ។ គេសួរថាផ្លូវនេះ បានផលតែប្រជាពលរដ្ឋ(ដែលរស់)នៅ(តាមបណ្តាយផ្លូវ)ទេឬ? អ្នកដែលប្រើផ្លូវនេះដឹកជញ្ជូន ទាំងការភ្ជាប់សេដ្ឋកិច្ច ទំនិញនាំចូលតាមច្រកប៉ោយប៉ែតមកដល់ទៅក្រោម ហើយឆ្លងទៅណាទៀត គឺកាត់បន្ថយ(ថ្លៃដឹកជញ្ជូននិងរយៈពេល) … ការអនុវត្តគោលការណ៍សមធម៌ … គឺធ្វើយ៉ាងណាឲ្យគ្រប់តំបន់មានលទ្ធភាពស្រូបយកផលចំណេញ បង្រួមគម្លាតរវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្តផ្សេងៗ … ក្លាយទៅជាខេត្តមួយនៅជិតភ្នំពេញ។ អញ្ចឹងវាគួរតែជាខេត្តមួយដែលបំរើគាំទ្រទៅដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្ម។ តែបើគ្មានផ្លូវ គ្មានប្រព័ន្ធដឹកជញ្ជូន គ្មានភ្លើង គ្មានអីទេ ពិបាកមក មិនមានអ្នកមក ត្បិតវាអស់ថ្លៃពេក។ គេទៅដាក់នៅតែកំពង់សោមទេ។ ឥឡូវបានរីកហើយ។ ប្រជាពលរដ្ឋដែលនៅទីនេះក៏មិនចាំបាច់ទៅណាឆ្ងាយ។ ថ្ងៃមុនខ្ញុំទៅសម្ពោធក្រុមហ៊ុនតម្លើងរថយន្តនៅក្រគរ។ អ្នកធ្វើការនៅហ្នឹងមានអ្នកកំពង់ឆ្នាំង អ្នកពោធិ៍សាត់ អ្នកបាត់ដំបង។ គាត់ចូលរៀននៅហ្នឹង ធ្វើការនៅហ្នឹង។ គាត់ចូលរួមកសាងជីវភាពសេដ្ឋកិច្ចរបស់ភូម ឃុំ ស្រុក របស់គាត់ ..។។
ជាមួយនឹងការអបអរសាទរនូវសមិទ្ធផលដែលបានកើតចេញពីការសហការជាមួយកម្ពុជាជប៉ុន ក្នុងពេលគម្រប់ខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរបស់យើង ក្នុងការភ្ជាប់សមិទ្ធផលបន្តពីរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីបន្តនិរន្តភាព ឲ្យជីវភាពរស់នៅកាន់តែល្អ (ខ្ញុំក៏បានចែករំលែក)ក៏ដូចជាការដាក់ចេញនូវគោលគម្រោងផែនការជាក់លាក់នៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ស្ពាន ថ្នល់នេះ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ដើម្បីប្រជាពលរដ្ឋបានដឹងថា តើរដ្ឋាភិបាលដេកអេះពោះអត់ធ្វើអី ដើរតែខ្ចីលុយ ៣ខែនេះមែនទេ? (ដូចបានជំរាបមកខាងលើ) គឺយើងបានចេញគោលការណ៍ សម្ពោធសមិទ្ធផលច្រើន និងដាក់គោលនយោបាយជាច្រើនបន្តទៀតគ្រប់វិស័យ …។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ជាមួយនឹងការអបអរសាទរ និងសមិទ្ធផលដ៏សំខាន់នៅថ្ងៃនេះ ឯកឧត្តម លោកជំទាវ គណៈអធិបតី អ៊ំ ពូ មីង ខ្ញុំក៏សូមដាក់ចេញនូវអនុសាសន៍ សម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្ត ដូចខាងក្រោម៖
ទី១– ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃបណ្តាខេត្តនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នេះ កំណត់យន្តការ និងសូមចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ក្នុងការថែរក្សាផ្លូវជាតិនេះ ឱ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរជានិច្ច ។ ក្នុងករណីដែលមានការខូចខាតណាមួយ សូមជួសជុលឱ្យបានឆាប់រហ័ស និងចៀសវាងការបណ្តោយឱ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ ។ អនុសាសន៍នេះក៏មិនមែនសម្រាប់តែផ្លូវជាតិលេខ៥ នោះទេ គឺ សូមអនុវត្តនៅគ្រប់បណ្តាផ្លូវ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតយន្តការរួម ដើម្បីឃ្លាំមើល និងជួសជុលជាប្រចាំនូវគុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យបានល្អប្រសើរជានិច្ច ។
ទី២– ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពនៅតាមដងថ្នល់ ជាពិសេស ត្រូវពង្រឹងលើផ្លាកសញ្ញាចរាចរណ៍ និងការសម្រួលរំហូរចរាចរណ៍ជាដើម ដើម្បីចៀសវាង ឬ យ៉ាងហោចណាស់ កាត់បន្ថយឱ្យបាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ។
ទី៣– ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវពង្រឹងការបន្ស៊ីគ្នារវាងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេស ការធ្វើផ្លូវ, ស្ពាន បណ្តាញលូ ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គិសនី ឱ្យស្របទៅតាមប្លង់គោលណាមួយ ដើម្បីចៀសវាងការធ្វើរៀងៗខ្លួន ដែលនាំឱ្យខាតបង់ដល់ថវិកាជាតិ ឬ ថវិកាជំនួយ ថែមទាំងបង្កផលលំបាកដែលមិនចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋ ។
ទី៤– ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ កុំបើកបរលើសល្បឿនកំណត់ ត្រូវប្រុងប្រយ័ត្នជានិច្ចនូវចំណុចដែលមានផ្លូវឆ្លងកាត់ ត្រូវចូលរួមទប់ស្កាត់ឱ្យបានដាច់ខាតនូវការដឹកជញ្ជូនលើសកំណត់ទម្ងន់ និងត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ជាការបាត់បង់ធនធាន
ដូចខ្ញុំនិយាយពីដើមថា តើឡានលឿន ឬអ្នកបើកលឿន? ថាឡានលឿន។ ផ្លូវអំណោយផល ប៉ុន្តែឡានលឿនគឺអាស្រ័យទៅលើអ្នកកាន់ចង្កូត និងអ្នកជាន់ហ្គ៊ែរ។ យើងអត់ទាន់មានឡានបើកដោយ robot ទេ។ សុវត្ថិភាពចរាចរណ៍សំខាន់។ ក្នុងមួយឆ្នាំៗ ការគ្រោះថ្នាក់ដោយសារមីន ដោយសារសង្គ្រាម ការស្លាប់បាត់បង់ជីវិតដោយសារជំងឺរាតត្បាតផ្សេង ហើយជាពិសេសសង្គ្រាម បានលែងមានហើយ។ ប៉ុន្តែការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើន ជាការបាត់បង់ធនធានសំខាន់ណាស់។ សូមបន្តគោរព(ច្បាប់)ចរាចរណ៍ ជាពិសេសគោរពគន្លងឲ្យបានត្រឹមត្រូវ។ កុំជិះបញ្ច្រាស។ ឥឡូវគេដាក់ផ្លូវកៅស៊ូកណ្តាល។ កាលមុនឆ្លងកាត់បាន។ ឥឡូវកុំឲ្យមានហានិភ័យគេបាំង។ សូមបងប្អូនកុំជិះបញ្ច្រាសមករបាំងនេះ។ កាលមុនបញ្ច្រាស មានការគេចចូល។ ឥឡូវគេចអត់ចូល មកចំតែម្តង … ពិសេសផ្លូវល្បឿនលឿនភ្នំពេញ-កំពង់សោម ពេលខ្លះលេងមកបញ្ច្រាស អត់មកផ្លូវចំហៀងទៀត មកពីមុខតែម្តង។ គ្រោះថ្នាក់ណាស់ … មិនតែអ្នកបើកទេ តែបង្កដល់អ្នកដទៃ។ ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ល្បឿន …។
ចូលរួមអនុវត្តវិធានដឹកជញ្ជូនកុំឲ្យលើសទំងន់កំណត់
សូមចូលរួមទប់ស្កាត់និងចាត់ចែងការដឹកជញ្ជូនលើសទំងន់កំណត់។ ការប្រជុំរបស់រាជរដ្ឋាភិបាលវិស័យឯកជន ខ្ញុំបានសម្រេចឲ្យលើកការអនុញ្ញាតទំងន់នៃការដឹកជញ្ជូនពី ៤០ ទៅ ៤៥ តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនអាចមានលទ្ធភាពដឹកបានលើសបន្តិច កាត់បន្ថយចំណាយ។ ក្នុងការដឹកមួយជើង គាត់បានសន្សំថែមបាន ៥ តោន។ ៥ តោន បើគិតពីមុន ៤០ តោន ១០ភាគរយជាងហើយ។ តម្លើង ១២,៥ភាគរយឲ្យហើយដើម្បីជួយកាត់បន្ថយ(ចំណាយ)។ ប៉ុន្តែសូមចូលរួម(គោរពបំរាមដឹកលើសទំងនប់)។ ក្រសួង ស្ថាប័ន សូមពិនិត្យមើលឲ្យបានច្បាស់ ធ្វើយ៉ាងណាចូលរួមឲ្យបានយូរអង្វែង កំណត់ការប្រើប្រាស់ ថែរក្សាសម្បត្តិរួម … ខ្ញុំបានឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគិតគូរពីវិធានការផ្សេងៗ អំពីការយោគយល់។ សំខាន់បងប្អូនប្រជាពលរដ្ឋដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តបិតតាមកញ្ចក់នោះខ្លាំងពេក។ យ័ន្តហ្នឹងតែអនុវត្តតឹងក៏មិនអាចជួយដែរ។ រួមទាំងអស់គ្នា ព្រោះពេលដែលហៅឡានដឹកជញ្ជូនមក គាត់ថាគាត់ក៏ចង់ដឹកត្រឹមត្រូវដែរ ប៉ុន្តែក៏សូមឱ្យដឹកបានដូចគ្នា គោរពទាំងអស់គ្នា។ បើគោរពទាំងអស់គ្នា ទាល់តែយើងទាំងអស់គ្នាចូលរួម … រដ្ឋមិនចង់ដើរតួជាប៉ូលីសរហូតដែរ។ វិស័យដឹកជញ្ជូន ឯកជនហ្នឹង ជួយធ្វើជាប៉ូលីសខ្លួនឯង។ យើងនឹងធ្វើការដើម្បីឱ្យវិស័យឯកជនដើរតួនាទីជាប៉ូលីសខ្លួនឯង គ្រប់គ្រងសមាជិកដឹកជញ្ជូនខ្លួនឯង។ កុំប្រើយ័ន្តច្រើនពេក។ ត្រូវមានការភ្ញាក់រលឹក ការចូលរួម។ បើមិនអញ្ចឹងទេ យើងថែ(ទាំផ្លូវ)ដើម្បីផលប្រយោជន៍ទាំងអស់គ្នាមិនកើតទេ។
យន្តការរដ្ឋ ប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមថែរក្សាផ្លូវជាសរសៃឈាម
រដ្ឋបានធ្វើ(ផ្លូវ)ហើយ។ ភាគីជប៉ុនបានជួយផ្ដល់ឥណទានហើយ។ តែយើងមានកាតព្វកិច្ចក្នុងការជួសជុល ថែទាំ។ ការប្រើប្រាស់ក៏ត្រូវតែមានការទទួលខុសត្រូវគោរពច្បាប់ចរាចរណ៍ និងការជួយថែទាំ ការដឹកជញ្ជូនឱ្យត្រូវតាមទំងន់កំណត់ … ខ្ញុំសូមក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើការជាមួយនឹងវិស័យឯកជន រកដំណោះស្រាយ ដែលមានការចូលរួមពីវិស័យឯកជនពាក់ព័ន្ធ ទាំងបុគ្គលមានរថយន្តដឹកជញ្ជូន ទាំងក្រុមហ៊ុនដឹកជញ្ជូន។ ខ្ញុំតែងតែលើកនៅក្នុងគ្រប់វេទិកាថា រដ្ឋជាអ្នកធានានូវហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ចរាចរណ៍ឱ្យដើរ ប៉ុន្តែសូមឱ្យវិស័យឯកជន និងប្រជាពលរដ្ឋដែលប្រើប្រាស់ ជួយគ្រប់គ្រង(ទាំងអស់)គ្នា។ សង្ឃឹមថា ទាំងយន្តការរដ្ឋ ទាំងប្រជាពលរដ្ឋ ទាំងវិស័យឯកជន រួមគ្នាដើម្បីថែរក្សាផ្លូវឈាមដែលជួយយើងទាំងអស់គ្នា។ បើដឹកធ្ងន់ បានមួយឆ្នាំ ផ្លូវនេះខូច នោះនឹងត្រូវដឹកយឺតឡើងវិញ។ ខាតអ្នកណា ខាតអ្នកដឹកជញ្ជូនខ្លួនឯងហ្នឹងឯង។ ធ្លាប់តែដឹកដោយប្រើពេល ៥ម៉ោង ឥឡូវត្រូវត្រឡប់ទៅដឹក ៦-៧ ម៉ោងវិញ ឡានរត់តែ ២-៣ ជើង(ខូចឡាន)។
ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿន សូមកុំប្រើល្បឿនលឿនពេក។ ផ្លូវអនុគ្រោះកុំបើកលឿន ព្រោះគ្រោះថ្នាក់។ ពីដើម កាលពីផ្លូវមិនទាន់លឿន មានអ្នកបើកលឿន។ កាលហ្នឹងមានឡានផ្ដាច់ព្រលឹង។ ខ្ញុំចាំបាន។ សួរថាម៉េចបានបើកលឿន គេថាដោយសារផ្លូវហ្នឹងគ្រលុក បើកលឿនទៅវាហោះលើគ្រលុក។ ខ្ញុំថាគ្រលុកតូចៗ(មិនអីទេ តែដល់)គ្រលុកធំប្រយ័ត្នបាក់សាក់ស៊ី ហើយគ្រោះថ្នាក់។ ឥឡូវផ្លូវរលោងហើយ។ កុំឱ្យថាធ្វើផ្លូវហើយ ជិះបុកជ្រូក ទៅប្ដឹងអ្នកធ្វើផ្លូវ។ គ្រោះថា្នក់ដល់ជីវិតរបស់ប្រជាពលរដ្ឋនៅតាមផ្លូវ(មានច្រើន ដោយសារបើកលឿន)។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ជប៉ុនជាមិត្តដ៏សំខាន់មួយរបស់កម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ តាមរយៈការផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងជំនួយបច្ចេកទេសជាច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា ។ ការជួយគាំទ្រពីមិត្តជប៉ុននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពាន គឺពិតជាបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ហើយក៏ជាយុទ្ធសាស្រ្តនៃការបែងចែកផលលាភនៃកំណើនសេដ្ឋកិច្ច ឱ្យមានសមធម៌ និងបរិយាប័ន្នផងដែរ ។
ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ការគាំទ្រជាបន្តបន្ទាប់ទៀត ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយខ្ញុំក៏សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងមានកម្មវិធីផ្លាស់ប្ដូរចំណេះដឹង ជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែច្រើន ដើម្បីឱ្យកម្ពុជាអាចរៀនសូត្រពីជប៉ុន ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានគុណភាពប្រសើរឡើង ។
នៅក្នុងឆ្នាំ ២០២៣ នេះ ក៏ត្រូវនឹងខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនផងដែរ ដែលកម្ពុជាយើង និងប្រទេសជប៉ុន បានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការនេះចាប់តាំងពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ១៩៥៣ ហើយទំនាក់ទំនងបានល្អប្រសើរ រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ ។ ជាមួយនឹងខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នានីតិកាលមុន សម្ដេចតេជា និង ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ធ្លាប់បានពិភាក្សា និង សម្រេចកំណត់យកឆ្នាំ ២០២៣ នេះ ជាឆ្នាំពិសេស ដើម្បីការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន កើនឡើងមួយកម្រិតទៀត ពោល គឺទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រួចទៅហើយ ។
ក្នុងន័យនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ខ្ញុំសង្ឃឹមថា យើងនឹងមានជំនួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែជោគជ័យផងដែរ ។
ខ្ញុំសូមយកឱកាសនេះគូសបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក៏ដូចជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន យើងបានសម្រេចឯកភាពប្រើប្រាស់កាំជ្រួចជប៉ុន ដើម្បីបាញ់ជូនបងប្អូនប្រជាពលរដ្ឋទស្សនា ។ អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ ជាពិសេសលោកយាយលោកតា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញមកចូលរួមសប្បាយរីករាយឱ្យបានច្រើនកុះករ។ ពីនេះកំពង់ឆ្នាំង ទៅភ្នំពេញ អាចវិលល្ងាចបាន។ មកទស្សនាការប្រណាំងទូក ការបាញ់កាំជ្រួច និងការបណ្ដែតប្រទីបនៅក្នុងរាជធានីភ្នំពេញឱ្យបានច្រើន។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រដ្ឋបាលខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និង បន្ទាយមានជ័យ, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្ម ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ ។ ខ្ញុំក៏សូមថ្លែងនូវអំណរគុណ និង ការកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរាជទូត និង សហការីទាំងអស់នៃស្ថានទូតប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់ការស្តារ សាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយយើងសង្ឃឹមថា មិត្តជប៉ុននឹងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្ដាម ទៅបាត់ដំបង និង ការប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ពីសិរីសោភ័ណទៅប៉ោយប៉ែត ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ សូមមានសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងទទួលបាននូវពរ និង ពុទ្ធពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត។
ជាមួយគ្នានេះផងដែរ ក៏មានរៀបចំជូនលោកគ្រូ អ្នកគ្រូស្រុកសាមគ្គីមានជ័យ ៦៣៦នាក់ ស្រុកកំពង់ត្រឡាច ៦៥៥នាក់ សរុប ១២៩១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ១១៤៥នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិចមួយដើម ថវិកា ១ម៉ឺនរៀល។ ក្រុមយុវជនកាយរិទ្ធ កាកបាទក្រហម ៤០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ថវិកា ២លានរៀល។ ជូនសាលាស្រុកសាមគ្គីមានជ័យ ថវិកា ២លានរៀល។ សាលាស្រុកកំពង់ត្រឡាច ថវិកា ២លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំកម្មវិធី ថវិកា ៣លានរៀល៕
***********
Selected Comments Samdech Moha Bovor Thipadei Hun Manet, at the inauguration of the national road 5 segment between Prek Kdam (Phnom Penh) and Battambang and groundbreaking ceremony for the national road 5 segment between Serey Sophorn and Poipet (Banteay Meanchey)
[Unofficial translation]
(1) NR 5 is the lifeblood of Kandal, Pursat, Kampong Chhnang, Battambang, Banteay Meanchey and Kampong Speu
[…] National Road No. 5 is a major artery connecting many small roads networks and many towns in the provinces of Kandal, Pursat, Kampong Chhnang, Battambang, Banteay Meanchey and Kampong Speu. It is a large artery that connects not only the geographical region, but also the artery that feeds the economic life along further roads […] in this regard, I would like to send a message of thanks from Samdech Techo as well as on my own behalf to all the people in Kampong Chhnang who have fulfilled their duties as citizens, especially in the election of the Royal Government through democratic means […] the people of Kampong Chhnang province, together with the people all over the country, fulfilled their duties in the election of the 7th legislative National Assembly. The rate of voters’ turnout for Kampong Chhnang province was 87.31%, which is an important factor (contributing) for the Royal Government of the 7th legislative term to come into existence and continue to serve the people […]
(2) Inauguration and groundbreaking ceremony on the 90th day of the official birth of the Royal Government of the 7th legislative term
Today marks the full three months of the official establishment of the Royal Government of the 7th legislative term on last August 22, when the National Assembly formally approved the formal formation of the Royal Government. The fact that we are meeting and inaugurating (this achievement of NR5) today falls on the special day and symbolizes the continuation of development of the country) on the existing trajectory. NR5 is one of the roads we have left from the previous generation but badly affected by the war […] the construction has widened the NR5, which formerly there was only two lanes, now to four lanes (with two lanes) on both sides. It is a symbol of continued strengthening the national economic situation and progress built from the previous term in the last 40 years, and secondly, we have opened the construction site to expand the stretch of NR5 from Serey Sophorn to Poipet of the province of Banteay Meanchey […]
(3) Continuing foreign policy that maintains and enhances relations based on international law, independence and mutual respect
Every country wants to know the diplomatic position of the new government (of Cambodia). (What is the position of the Royal Government as far as) Foreign Affairs (is concerned)? I told them that (the foreign policy position of the Royal Government) is based on the principle of sustainability and sustainability (of the previous government’s policy), which is to continue the Royal Government of the sixth term’s policies, especially to increase and maintain relations with all countries based on the principles of independence, mutual respect, respect of international law, and this year is special as we are celebrating the 70th anniversary of Cambodia-Japan diplomatic relations […]
Japan is one of the first countries to have relations with Cambodia […] the achievements that we inaugurate here are the first in the three months existence of the new Royal Government – a symbol of one more achievement for the nation and the people. This road is not built for a particular kind of person but the people of Kandal, Pursat, Kampong Chhnang, Battambang, Banteay Meanchey, etc. […] including those who need to transport goods as well as travel. This is a symbol of the relationship between many partners, especially today the symbol of stronger relation between Cambodia and Japan […]
(4) The last section of NR5 between Serey Sophorn and Poipet costs about US$ 53 million
The northern section of NR5 from Battambang to Serey Sophorn was inaugurated in January 2022. Today, we are inaugurating the road segment from Prek Kdam (of Phnom Penh) to Battambang, and we are (launching the construction) to extend the segment between Serey Sophorn and Poipet, which is 35 kilometers in length. We need to spend about US$ 53 million for this additional length, which there will be a loan from Japan along with a contribution from the Royal Government […]
[…] We may have two options. One is we have to save from the national budget bit by bit a year until we get US$ 600 million to build this road? […] while we had to take into account billions in salaries, social protection policies, and while income is limited […] the basis of fundraising is firstly seeking loans from institutions or countries […] and secondly borrowing from people […] the most important thing is using loans for investment […] firstly, by borrowing responsibly […] and secondly, by making the right investment, creating an economic flow, and distributing fruits to the people […]
(5) Five goals of the 7th legislative term Royal Government regarding investments
In this regard, I would have your attention to issue relating to investment, in which the government of the seventh legislative term sets as its main goals – firstly, to promote economic growth; secondly, to create more jobs and quality jobs, with high salaries and benefits, and skills (development) for people. They have to be jobs that provide protection of rights and welfare to the people. Thirdly, the equitable sharing of fruits, which means they should not be concentrated in any group and/or anywhere in particular. That being said, development and expansion should not be only for Phnom Penh but also other provinces to grow and benefit too. Fourthly, increase efficiency (of public services), making sure that the sub-national administrations serve the people, while encouraging and promoting investment in the capitals and provinces, and fifthly, maintain sustainability. Whatever we are doing, there has to have sustainability, not to disappear soon after it is introduced […]
(6) Do not concentrate growth in Phnom Penh, all localities have water and electricity
Our goal is to achieve equity. We do not aim for growth to be concentrated in Phnom Penh. We make sure that every locality has access to water, electricity, and roads. Now we have electricity in almost every commune. Only a small number of them have not had access yet. We have them in our goal anyway. We have been able to provide access to clean water and we have been working to provide irrigation system […] of course we have not yet had irrigated system in the whole country, but we are working hard to realize this goal. We have many roads connectivity these days. Our people in the village and/or commune these days never ask for asphalted but concrete roads […]
We strive to maintain what we already have. What is not up to standard, we strive to either upgrade or expand it. We have now expanded the NR5 and also the NR7 from Skun to Kampong Cham city […] the road segment from Kampong Som to Kampot, where it is in hard to build condition, is also being rebuilt and expanded. We are also checking out to see if there are new routes to be built. And for the seventh legislative term, (the Royal Government is) planning to boost the highway system infrastructure […]
(7) Expressway, North-South Rail, Waterway, Airports are underway
We plan to build the Phnom Penh-Bavet (Svay Rieng) Expressway. We have already conducted negotiation and work is under preparation. We already have the Phnom Penh-Kampong Som Expressway. This is about the land infrastructure. We are planing to build another Phnom Penh-Siem Reap-Poipet Expressway – on the east side of the Tonle Sap. We are working to get to building the NR 50C that will connect Kampong Chhnang on NR5 to Kampong Thom on NR6 […]
In addition to roads, we are working to strengthen our railways too. Now the most important priority is to strengthen the north-south railway. We have two railways, the northern line from Poipet to Phnom Penh through Pursat and Bat Doeng since 1960, and the southern line of Phnom Penh-Takeo-Kampot-Sihanoukville. The first step is to look at strengthening the existing lines so that they can sustain heavy and fast transport to reduce costs. If we build this expressway and NR5 (along with) the upgrade of our railway, it will facilitate more transportation […]
(On) water, there is a canal project that will run between the river and the sea. We are in the process of negotiation. The manmade canal of Funan (Techo) will help facilitate the transportation of goods from/to those around the Tonle Sap and along the Mekong River in the future. We have four seaports in Kampot, Koh Kong and Sihanoukville […] where on December 22, (the groundbreaking of the first phase of water depth expansion) will commence. I thank the Deputy Prime Ministers – His Excellency Sun Chanthol and His Excellency Dr. Aun Porn Moniroth, as well as the logistic and Japanese teams, especially HE the Ambassador of Japan, for their efforts to expedite the negotiations […]
We have inaugurated the new Siem Reap Angkor International Airport. By 2025, we will put into operation the Phnom Penh International Airport. In Sihanoukville, we are reviewing the use or upgrading of our existing airport. Here we are talking about big projects. Apart from that, there are small airports project such as the one in Mondulkiri […]
(8) RGC plans continued investments at the national and sub-national levels
All I am talking are big investments. In addition, the government plans to invest at the national and sub-national levels in widening roads, canals, and expanding people’s access to electricity in districts, communes, and villages. I am sure our people wanted them now. They don’t want to wait for another 20 years. Please believe me that we are doing everything we can to return the favor to the people all over the country, including the people of Kampong Chhnang here, who have given their trust and support to the CPP to lead and issue policies to serve the people […]
We have been studying for a long time of what would-be the impacts if we build the NR50C. We have studied the impacts on the environment and the lives of the people, including the ecosystem. If we were to build this road and bridge, what would the impacts be and how would they affect the environment. How damaging are they. If it causes destruction to the environment, we will not do it. If it affects the livelihood of the people, the fish stocks, we will not do it. We cannot afford to have good road, but it destroys our crops and other things […]
(9) NR5 and deep-water port make Cambodia’s competition stronger
As for the NR5, which will be the artery connecting to other national roads, along with other systems such as the deep-sea port, will make Cambodia’s competitiveness stronger […] while the implementation of the principle of equity […] is to make every corner of the country accessible to draw in profits and narrow the gap between Phnom Penh and other provinces […] and become a province nearby Phnom Penh. They all should be provinces that support the development of industry. However, where there is no road, no transportation system, no electricity, there would not be investment. They will just look to Kampong Som […]
(10) Loss of life in a traffic accident is a loss of resources Traffic safety is important. Each year, landmines, wars, and other epidemics, and especially war, are gone down. But deaths from road accidents are (remarkably high and) often a significant loss of resources. Please respect (the traffic law), especially drive in the correct lane. Do not ride in the opposite traffic direction […] please participate in preventing and managing overloaded transport. At the meeting of the Royal Government and the private sector, I decided to allow the increase of weight transport from 40 to 45 tons so that the transport company can reduce costs […] the state is the one to provide infrastructure and to enact the traffic law, but the private sector and the people who use them must help in managing (them) together. Hope that the state mechanism, the people and the private sector together maintain the bloodstream that in return is helping us all […]./.
No comments:
Post a Comment