សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩លាននាក់ ដែលស្មើ ៨៥,៣០ ភាគរយ បានចេញទៅបោះឆ្នោត បើទោះបីជាមានការអំពាវនាវពីក្រុមប្រឆាំងមិនឲ្យចេញទៅបោះឆ្នោតក្តី។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ចំនួន ១៨,១០៨នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា មានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋចំនួនជាង ៨លាននាក់ដែលចេញទៅបោះឆ្នោត មានជាង ៩០ភាគរយ បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឲ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំងឡើយ។ សម្តេចថា ការបោះឆ្នោតត្រឹមត្រូវ ពីព្រោះប្រជាពលរដ្ឋយល់ថា ការបោះឆ្នោតគឺជាវិធីតែមួយគត់ក្នុងរបបលទ្ធិប្រជាធិបតេយ្យដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដោយមិនធ្វើឲ្យប្រទេសជាតិក្រឡាប់ចាក់ឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងការបោះឆ្នោតឆ្នាំ២០២៣ ប្រជាពលរដ្ឋបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ព្រោះបានឃើញពីស្នាដៃដែលគណបក្សប្រជាជនផ្តល់ជូន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារាប់សិបឆ្នាំកន្លងមកនេះ បានផ្តល់ជូនប្រជាពលរដ្ឋ។ សម្តេចថា បើទោះជាមានការអំពាវនាវឲ្យមានការបំផ្លាញការបោះឆ្នោតយ៉ាងណាក្តី តែប្រជាពលរដ្ឋកម្ពុជា បានសម្រេចចិត្តនិងបញ្ជាក់ទៅក្រុមប្រឆាំងវិញថា “ខ្ញុំមានសិទ្ធិ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យដោយខ្លួនឯង និងយល់ថា អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ”។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋបានសម្រេចចិត្ត និងផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅទៀត៕
No comments:
Post a Comment