Wednesday, October 11, 2023

អាជ្ញាធរជាតិអប្សរាសហការជាមួយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ដាំកូនឈើ១៩០០ដើមនៅតំបន់អង្គរ

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បានដាំកូនឈើសរុប ១៩០០ដើមនៅខាងត្បូងកសិន្ធុអង្គរវត្ត។

មានប្រសាសន៍នាពិធីនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់វិស័យបេតិកភណ្ឌ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកជំទាវបន្ថែមថា កាយវិការរបស់វិស័យឯកជនក្នុងការចូលរួមជាមួយរដ្ឋនៅពេលនេះ ជាកាយវិការដ៏ល្អ ឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញ ជាផ្នែកមួយដ៏សំខាន់សម្រាប់កិច្ច ការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។ 


លោកជំទាវ ក៏បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការងារមួយនេះ ធ្វើយ៉ាងណាដើម្បីបរិស្ថានតំបន់រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។


លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានលើកឡើងថា ធនាគារ CIMB ជាធនាគារដែលលេចធ្លោលើសកម្មភាពសង្គម ពិសេសលើវិស័យបរិស្ថាន។ លោកបន្ថែមថា ក្រៅពីដើម្បីទទួលបានប្រាក់ចំណេញ ក្នុងនោះធនាគារក៏មានគោលការណ៍រួមចំណែកជួយបញ្ហាបរិស្ថាន និងសង្គមផងដែរ ហើយកន្លងមកស្ថាប័ននេះធ្លាប់បានជួយសង្គមទាំងការងារបរិស្ថាន អប់រំ កីឡា និងសុខាភិបាល។


សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលធនាគារ CIMB បានចូលរួមដាំដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ ដែលលើកទី១ធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណខាងមុខប្រាសាទ បន្ទាយក្តី ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ហើយលើកទី២នេះមានអ្នកចូលរួមជាង ២០០នាក់។ ការដាំដើមឈើនៅពេលនេះ គឺស្របពេលដែលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) រៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៅខេត្តសៀមរាបផងដែរ៕























អត្ថបទ៖ នាង សំណាង 

រូបភាព៖ ហាប់ គឹមអាន, ភោគ ជា

No comments:

Post a Comment